អេសេ‌គាល 29

ព្រះ‌បន្ទូលប្រឆាំងនឹងស្រុកអេស៊ីប

1 នៅឆ្នាំទីដប់ ថ្ងៃទីដប់‌ពីរ ខែទីដប់ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖

2 «កូនមនុស្សអើយ ចូរបែរមុខទៅរកផារ៉ោន ស្ដេចស្រុកអេស៊ីប ហើយថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងស្ដេចនោះ ព្រមទាំងប្រជា‌ជនអេស៊ីបទាំងមូលទៅ!

3 ចូរប្រកាសថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: ផារ៉ោនជាស្ដេចស្រុកអេស៊ីបអើយ យើងប្រឆាំងនឹងអ្នកហើយ! អ្នកជាក្រពើដ៏ធំសំបើម ដេកនៅតាមដៃទន្លេ ហើយពោលថា ទន្លេនីលជារបស់អ្នក អ្នកបានបង្កើតទន្លេនេះ។

4 យើងនឹងឃ្លុំមាត់អ្នក យើងយកត្រីនៅតាមទន្លេមកដាក់ជាប់នឹងស្រការបស់អ្នក យើងនឹងអូសអ្នកចេញពីទន្លេ ដោយមានត្រីនៅជាប់នឹងស្រកាអ្នកផង។

5 យើងនឹងបោះអ្នកជាមួយត្រីទាំងប៉ុន្មាននៅទន្លេនីល ទៅវាលរហោ‌ស្ថាន។ អ្នកនឹងធ្លាក់ទៅលើដីនៅទីវាល គ្មាននរណារវី‌រវល់នឹងសាក‌សពអ្នកឡើយ។ យើងនឹងប្រគល់អ្នកទៅឲ្យសត្វព្រៃ និងត្មាតធ្វើជាអាហារ។

6 ប្រជា‌ជនទាំងអស់នៅស្រុកអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះ‌អម្ចាស់ដ្បិតពួកគេប្រៀបដូចជាដើមត្រែង ដែលកូនចៅអ៊ីស្រា‌អែលយកធ្វើជាបង្អែក។

7 នៅពេលពួកគេតោងអ្នក ស្រាប់តែអ្នកបាក់ ហើយធ្វើឲ្យពួកគេមុតដៃ ដាច់រហូតដល់ស្មា។ នៅពេលពួកគេផ្អែកលើអ្នក ស្រាប់តែអ្នករលំ ហើយធ្វើឲ្យពួកគេថ្លោះចង្កេះ»។

8 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលទៀតថា៖ «មើល៍យើងនឹងធ្វើឲ្យស្រុកអ្នកកើតសង្គ្រាម យើងនឹងដកជីវិតទាំងមនុស្ស ទាំងសត្វ នៅក្នុងស្រុកអ្នក។

9 ស្រុកអេស៊ីបនឹងត្រូវហិន‌ហោច ក្លាយជាគំនរបាក់បែក ហើយគេនឹងទទួលស្គាល់ថា យើងជាព្រះ‌អម្ចាស់។ ដោយអ្នកពោលថា ទន្លេនីលជារបស់អ្នក អ្នកបានបង្កើតទន្លេនេះ

10 យើងនឹងដាក់ទោសអ្នក ព្រមទាំងទន្លេរបស់អ្នក។ យើងនឹងបំផ្លាញស្រុកអេស៊ីប ឲ្យក្លាយទៅជាគំនរបាក់បែក និងជាទីស្មសាន ចាប់តាំងពីក្រុងមីគដូល រហូតដល់ក្រុងស៊ីយេន និងព្រំ‌ប្រទល់ស្រុកអេត្យូ‌ពី។

11 គ្មានដានជើងមនុស្ស ឬដានជើងសត្វណាមួយដើរកាត់ស្រុកនោះទៀតឡើយ ហើយទឹកដីនោះនឹងគ្មាននរណារស់នៅក្នុងអំឡុងពេលសែ‌សិបឆ្នាំ។

12 ក្នុងរយៈពេលសែ‌សិបឆ្នាំ យើងនឹងធ្វើឲ្យស្រុកអេស៊ីបក្លាយទៅជាទីស្មសាន ស្ងាត់ជាងវាលរហោ‌ស្ថានទៅទៀត។ ក្រុងរបស់គេក៏ត្រូវហិន‌ហោចលើសក្រុងឯទៀតៗ។ យើងនឹងរំលាយជន‌ជាតិអេស៊ីបក្នុងចំណោមប្រជា‌ជាតិនានា យើងនឹងកំចាត់‌កំចាយពួកគេឲ្យទៅប្រទេសនានា»។

13 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «លុះអំឡុងពេលសែ‌សិបឆ្នាំនោះកន្លងផុតទៅ យើងនឹងប្រមូលជន‌ជាតិអេស៊ីបពីក្នុងចំណោមជាតិសាសន៍នានា ដែលយើងបណ្ដេញពួកគេទៅនោះ ឲ្យត្រឡប់មកវិញ។

14 យើងនឹងស្ដារស្រុកអេស៊ីបឡើងវិញ យើងនឹងនាំពួកគេមកនៅស្រុកប៉ាត្រុស ជាស្រុកកំណើតរបស់ខ្លួន ហើយពួកគេនឹងប្រមូលផ្ដុំគ្នាជានគរមួយដ៏ទន់ខ្សោយ។

15 ស្រុកអេស៊ីបនឹងក្លាយទៅជានគរមួយទន់ខ្សោយជាងនគរឯទៀតៗ គេនឹងលែងត្រួត‌ត្រាលើប្រជា‌ជាតិនានា គឺយើងនឹងធ្វើឲ្យគេចុះអន់‌ថយ ដើម្បីកុំឲ្យគេត្រួត‌ត្រាលើប្រជា‌ជាតិនានាទៀត។

16 ដូច្នេះ ជន‌ជាតិអ៊ីស្រា‌អែលនឹងលែងមានបង្អែក ដែលទាក់‌ទាញពួកគេឲ្យប្រព្រឹត្តអំពើបាប ដោយបែរទៅរកស្រុកអេស៊ីបមកជួយ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះ‌ជា‌អម្ចាស់»។

ស្ដេចនេប៊ូ‌ក្នេសាមកវាយលុកស្រុកអេស៊ីប

17 នៅឆ្នាំទីម្ភៃប្រាំ‌ពីរ ថ្ងៃទីមួយ ក្នុងខែទីមួយព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖

18 «កូនមនុស្សអើយ នេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន បានប្រើកង‌ទ័ពរបស់ខ្លួនឲ្យប្រឹង‌ប្រែងវាយយកក្រុងទីរ៉ុស។ ទាហានបាប៊ី‌ឡូនទាំងអស់ខំប្រឹងរហូតដល់ជ្រុះសក់ និងមានស្នាមរបួសពេញស្មា តែស្ដេចស្រុកបាប៊ី‌ឡូន និងកង‌ទ័ព ពុំបានទទួលជ័យ‌ជំនះ ពីការវាយលុកក្រុងទីរ៉ុសឡើយ។

19 ហេតុនេះ យើងប្រកាសក្នុងនាមយើងជាព្រះ‌ជា‌អម្ចាស់ថា យើងប្រគល់ស្រុកអេស៊ីបឲ្យនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន។ នេប៊ូ‌ក្នេសានឹងនាំយកទ្រព្យសម្បត្តិស្រុកអេស៊ីបទៅស្រុករបស់ខ្លួន ស្ដេចនេះនឹងរឹបអូសយកទាំងអស់ ឥតទុកឲ្យនៅសល់អ្វីឡើយ។ ស្ដេចនឹងយកជយ‌ភ័ណ្ឌធ្វើជាបៀវត្សរ៍ចែកឲ្យកង‌ទ័ពរបស់ខ្លួន។

20 យើងប្រគល់ស្រុកអេស៊ីបឲ្យនេប៊ូ‌ក្នេសា ទុកជាកំរៃចំពោះកិច្ចការដែលគេបានធ្វើ ដ្បិតពួកទាហានរបស់ស្ដេចនេះបានធ្វើការឲ្យយើង -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

21 នៅថ្ងៃនោះយើងនឹងពង្រឹងកម្លាំងជន‌ជាតិអ៊ីស្រា‌អែល។ រីឯអ្នកវិញ កូនមនុស្សអើយ យើងនឹងឲ្យអ្នកនិយាយបាន ពួកគេនឹងឮពាក្យអ្នក ហើយទទួលស្គាល់ថា យើងពិតជាព្រះ‌អម្ចាស់មែន»។