អេសេ‌គាល 35

ព្រះ‌បន្ទូលប្រឆាំងនឹងស្រុកអេដុម

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖

2 «កូនមនុស្សអើយ ចូរបែរមុខទៅរកភ្នំសៀរ ហើយថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងភ្នំនោះទៅ!

3 ចូរពោលទៅគេថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: ភ្នំសៀរអើយ យើងប្រឆាំងនឹងអ្នកហើយ យើងដាក់ទោសអ្នក ធ្វើឲ្យអ្នកក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ។

4 យើងនឹងកម្ទេចក្រុងទាំង‌ឡាយរបស់អ្នក អ្នកនឹងក្លាយទៅជាទីស្មសាន។ ពេលនោះ អ្នកនឹងទទួលស្គាល់ថា យើងពិតជាព្រះ‌អម្ចាស់មែន។

5 ដោយអ្នកចេះតែចាត់ទុកអ៊ីស្រា‌អែលថាជាសត្រូវសួរពូជ ហើយបង្ហូរឈាមពួកគេដោយមុខដាវ ក្នុងពេលពួកគេត្រូវអន្តរាយ និងពេលដែលអំពើបាបរបស់ពួកគេកើនដល់កម្រិតនោះ

6 យើងជាព្រះដ៏មានជីវិតគង់នៅ! យើងនឹងបង្ហូរឈាមអ្នក ហើយឈាមនឹងតាមអ្នកជាប់ជា‌និច្ច។ ដោយអ្នកចូលចិត្តបង្ហូរឈាម ឈាមនឹងតាមអ្នកជាប់ជា‌និច្ច – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

7 យើងនឹងធ្វើឲ្យភ្នំសៀរក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ លែងឲ្យមាននរណាធ្វើដំណើរទៅមកកាត់តាមនោះទៀតហើយ។

8 យើងនឹងរាយសាក‌សពពាស‌ពេញភ្នំ។ អស់អ្នកដែលស្លាប់ដោយមុខដាវនឹងស្ថិតនៅពាស‌ពេញភ្នំ តាមជ្រលងភ្នំ និងតាមជ្រោះទាំងប៉ុន្មាន។

9 យើងនឹងធ្វើឲ្យអ្នកក្លាយទៅជាទីស្ងាត់ជ្រងំរហូតតទៅ គ្មាននរណារស់នៅក្នុងក្រុងរបស់អ្នកទៀតទេ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះ‌អម្ចាស់មែន។

10 អ្នកបានពោលថា “ប្រជា‌ជាតិទាំងពីរ និងស្រុកទាំងពីរនេះនឹងទៅជាកម្មសិទ្ធិរបស់ខ្ញុំ ដូច្នេះ ពួកយើងត្រូវទៅចាប់យក!”។ ប៉ុន្តែព្រះ‌អម្ចាស់គង់នៅក្នុងស្រុកនោះ។

11 យើងជាព្រះដ៏មានជីវិតគង់នៅ! យើងដាក់ទោសអ្នកតាមកំហឹង ចិត្តច្រណែន និងចិត្តស្អប់ ដែលអ្នកសម្តែងចំពោះពួកគេ។ នៅពេលយើងវិនិច្ឆ័យទោសអ្នក យើងនឹងសម្តែងឲ្យពួកគេស្គាល់យើង – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

12 អ្នកនឹងទទួលស្គាល់ថា យើងជាព្រះ‌អម្ចាស់យើងឮពាក្យទាំងប៉ុន្មានដែលអ្នកជេរប្រមាថអ៊ីស្រា‌អែល គឺអ្នកពោលថា “ពួកវាវិនាសអន្តរាយអស់ហើយ! ពួកយើងចាប់យកស្រុករបស់ពួកវាបាន!”។

13 អ្នករាល់គ្នាអួតបំប៉ោងពោលពាក្យព្រហើនកោង‌កាចដាក់យើង គឺយើងបានឮផ្ទាល់នឹងត្រចៀក។

14 ហេតុនេះ យើងដែលជាព្រះ‌ជា‌អម្ចាស់យើងប្រាប់អ្នកថា នៅពេលនគរទាំងប៉ុន្មានសប្បាយរីក‌រាយ យើងនឹងធ្វើឲ្យអ្នកសោកសង្រេង។

15 ដោយអ្នកសប្បាយរីក‌រាយនៅពេលឃើញពូជ‌ពង្សអ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់យើង សោកសង្រេង យើងក៏នឹងធ្វើឲ្យអ្នកធ្លាក់ខ្លួនវេទនាយ៉ាងនោះដែរ។ ភ្នំសៀរអើយ អ្នក និងស្រុកអេដុមទាំងមូលមុខជាត្រូវវិនាស។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាព្រះ‌អម្ចាស់។