អេសេ‌គាល 36

អ៊ីស្រា‌អែលនឹងកាន់កាប់ស្រុករបស់ខ្លួនវិញ

1 កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងស្ដីអំពីភ្នំទាំង‌ឡាយ នៅស្រុកអ៊ីស្រា‌អែលដូចតទៅ:

ភ្នំទាំង‌ឡាយនៅស្រុកអ៊ីស្រា‌អែលអើយ ចូរស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់!

2 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: ខ្មាំងសត្រូវបានចំអកឲ្យអ្នក គេពោលថា “ភ្នំដ៏ស្ថិត‌ស្ថេរអស់‌កល្បជា‌និច្ចនេះបានមកជាកម្មសិទ្ធិរបស់យើងហើយ!”។

3 ហេតុនេះ ចូរថ្លែងពាក្យក្នុងនាមយើងចុះ! ចូរពោលថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: ខ្មាំងសត្រូវបានបំផ្លាញ និងត្របាក់លេបអ្នករាល់គ្នាពីគ្រប់ទិស‌ទី អ្នករាល់គ្នាក្លាយទៅជាកម្មសិទ្ធិរបស់ប្រជា‌ជាតិនានា ពួកគេយករឿងអ្នកទៅនិយាយលេងសើចជាមួយគ្នា។

4 ហេតុនេះ ភ្នំទាំង‌ឡាយនៅស្រុកអ៊ីស្រា‌អែលអើយ ចូរស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់!ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា: ភ្នំតូចភ្នំធំ ជ្រលងដងអូរ ហើយក្រុងដែលនៅសល់តែគំនរបាក់បែក និងក្រុងដែលគេបោះបង់ចោលអើយ ប្រជា‌ជាតិនានានៅជុំ‌វិញនាំគ្នាប្លន់កម្ទេច និងចំអកឡក‌ឡឺយឲ្យអ្នក។

5 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា: ដោយយើងស្រឡាញ់អ្នករាល់គ្នាយ៉ាងខ្លាំងបំផុតនោះ យើងនិយាយប្រឆាំងនឹងប្រជា‌ជាតិឯទៀតៗ ជាពិសេសប្រឆាំងនឹងស្រុកអេដុមទាំងមូល ព្រោះពួកគេបានចាប់យកទឹកដីយើងទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ពួកគេសប្បាយចិត្តរឹបអូស និងបំផ្លាញស្រុកនេះឥតត្រាប្រណីឡើយ។

6 ហេតុនេះ ចូរថ្លែងពាក្យក្នុងនាមយើងស្ដីអំពីទឹកដីអ៊ីស្រា‌អែល! ចូរប្រាប់ភ្នំតូច ភ្នំធំ និងជ្រលងដងអូរថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: យើងនិយាយដោយចិត្តស្រឡាញ់ដ៏លើស‌លប់ចំពោះអ្នក ហើយដោយកំហឹងដ៏ខ្លាំងដែរ ព្រោះប្រជា‌ជាតិនានាបានធ្វើឲ្យអ្នករាល់គ្នាអាម៉ាស់។

7 ហេតុនេះ យើងជាព្រះ‌ជា‌អម្ចាស់យើងលើកដៃសន្យាយ៉ាងឱឡា‌រិកថា ប្រជា‌ជាតិដែលនៅជុំ‌វិញអ្នករាល់គ្នា មុខជាទទួលយកការអាម៉ាស់នោះមិនខាន!

8 រីឯភ្នំទាំង‌ឡាយនៅស្រុកអ៊ីស្រា‌អែលអើយ ដើមឈើរបស់អ្នករាល់គ្នានឹងបែកមែកសាខា បង្កើតផលផ្លែសម្រាប់អ៊ីស្រា‌អែលជាប្រជា‌រាស្ត្ររបស់យើង ដ្បិតពួកគេជិតត្រឡប់មកវិញហើយ។

9 យើងបែរមករកអ្នករាល់គ្នា យើងកាន់ខាងអ្នករាល់គ្នា។ មានគេភ្ជួររាស់អ្នក និងសាបព្រោះឡើងវិញ។

10 យើងនឹងធ្វើឲ្យចំនួនមនុស្សនៅលើភ្នំនេះកើនឡើង គឺកូនចៅអ៊ីស្រា‌អែលទាំងមូល។ ក្រុងទាំង‌ឡាយនឹងមានមនុស្សរស់នៅ ហើយកន្លែងបាក់បែកទាំង‌ឡាយ ក៏នឹងត្រូវសង់ឡើងវិញដែរ។

11 យើងនឹងធ្វើឲ្យចំនួនមនុស្ស និងហ្វូងសត្វនៅលើភ្នំនេះកើនឡើង ហើយបង្កើតកូនពូនជាចៅ។ យើងនឹងធ្វើឲ្យប្រជា‌ជនមានចំនួនច្រើន ដូចកាលពីមុន យើងនឹងឲ្យអ្នករាល់គ្នាបានចម្រុង‌ចម្រើនលើសពីមុនទៅទៀត។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះ‌ជា‌អម្ចាស់មែន។

12 អ៊ីស្រា‌អែលជាប្រជា‌រាស្ត្ររបស់យើងអើយ យើងនឹងនាំអ្នករាល់គ្នាឲ្យដើរនៅលើភ្នំនេះវិញ។ អ្នករាល់គ្នានឹងយកទឹកដីនេះធ្វើជាកម្មសិទ្ធិ និងជាកេរ‌មត៌ក ទឹកដីនេះនឹងលែងធ្វើឲ្យអ្នករាល់គ្នាបាត់បង់កូនចៅទៀតហើយ»។

13 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ៖ «គេតែងពោលថា “ស្រុកនេះបំផ្លាញជីវិតមនុស្សស្រុកនេះធ្វើឲ្យប្រជា‌ជាតិរបស់ខ្លួនបាត់បង់កូនចៅ”។

14 ប៉ុន្តែ ពីពេលនេះទៅមុខ អ្នកលែងបំផ្លាញជីវិតមនុស្ស អ្នកលែងធ្វើឲ្យប្រជា‌ជាតិរបស់អ្នកបាត់បង់កូនចៅទៀតហើយ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

15 យើងនឹងលែងឲ្យប្រជា‌ជាតិនានាប្រមាថមាក់‌ងាយអ្នក ជាតិសាសន៍ដទៃនឹងលែងធ្វើឲ្យអ្នកអាម៉ាស់មុខ អ្នកនឹងលែងធ្វើឲ្យប្រជា‌ជាតិរបស់អ្នកវិនាសទៀតដែរ»។

16 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖

17 «កូនមនុស្សអើយ ពេលកូនចៅអ៊ីស្រា‌អែលរស់នៅលើទឹកដីរបស់ខ្លួននៅឡើយ ពួកគេធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង ដោយ‌សារអំពើអាក្រក់ និងមារយាទថោកទាបរបស់ពួកគេ។ យើងចាត់ទុកមារយាទរបស់ពួកគេថា មិនបរិសុទ្ធ ដូចស្ត្រីក្នុងគ្រាមានសៅហ្មងដែរ។

18 ពួកគេធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង ដោយការបង្ហូរឈាម និងការថ្វាយ‌បង្គំព្រះក្លែង‌ក្លាយ ហេតុនេះហើយបានជាយើងជះកំហឹងរបស់យើងទៅលើពួកគេ។

19 យើងបានកំចាត់‌កំចាយពួកគេឲ្យទៅនៅក្នុងចំណោមប្រជា‌ជាតិទាំង‌ឡាយ យើងបំបែកពួកគេឲ្យទៅរស់នៅតាមស្រុកនានា។ យើងដាក់ទោសពួកគេតាមអំពើអាក្រក់ និងតាមមារយាទថោកទាបរបស់ខ្លួន។

20 ពេលទៅដល់ស្រុករបស់ប្រជា‌ជាតិទាំង‌ឡាយ ពួកគេបានបង្អាប់‌បង្អោននាមដ៏‌វិសុទ្ធរបស់យើង ហើយម្ចាស់ស្រុកនិយាយអំពីពួកគេថា “ពួកនេះជាប្រជា‌រាស្ត្ររបស់ព្រះ‌អម្ចាស់ពួកគេចាកចេញពីស្រុករបស់ព្រះ‌អង្គមក”។

21 យើងចង់រក្សានាមដ៏‌វិសុទ្ធរបស់យើងដែលកូនចៅអ៊ីស្រា‌អែលបានបង្អាប់‌បង្អោននៅក្នុងចំណោមប្រជា‌ជាតិទាំង‌ឡាយ ដែលពួកគេស្នាក់អាស្រ័យនៅជាមួយ។

22 ហេតុនេះ ចូរប្រាប់ពូជ‌ពង្សអ៊ីស្រា‌អែលថា:ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ “ពូជ‌ពង្សអ៊ីស្រា‌អែលអើយ! យើងធ្វើដូច្នេះមិនមែនដោយយល់ដល់អ្នករាល់គ្នា គឺយល់ដល់នាមដ៏‌វិសុទ្ធរបស់យើង ដែលអ្នករាល់គ្នាបានបង្អាប់‌បង្អោន ក្នុងចំណោមប្រជា‌ជាតិទាំង‌ឡាយ ដែលអ្នករាល់គ្នាអាស្រ័យនៅជាមួយ។

23 យើងនឹងសម្តែងបារមីឲ្យប្រជា‌ជាតិនានាស្គាល់នាមដ៏‌វិសុទ្ធ*របស់យើង គឺនាមដែលអ្នករាល់គ្នាបានបង្អាប់‌បង្អោនក្នុងចំណោមប្រជា‌ជាតិទាំងនោះ។ ពេលណាយើងសម្តែងភាពវិសុទ្ធរបស់យើងក្នុងចំណោមអ្នករាល់គ្នាឲ្យប្រជា‌ជាតិទាំងនោះឃើញ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះ‌អម្ចាស់- នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

24 យើងនឹងយកអ្នករាល់គ្នាចេញពីចំណោមប្រជា‌ជាតិទាំង‌ឡាយ យើងនឹងប្រមូលអ្នករាល់គ្នាពីគ្រប់ស្រុកនាំត្រឡប់មកមាតុ‌ភូមិវិញ។

25 យើងនឹងប្រោះទឹកដ៏បរិសុទ្ធលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ។ យើងនឹងជម្រះអ្នករាល់គ្នាឲ្យបានស្អាតបរិសុទ្ធ* ផុតពីអំពើសៅហ្មងទាំង‌ឡាយ លែងឲ្យអ្នករាល់គ្នាជាប់ចិត្តនឹងព្រះក្លែង‌ក្លាយទាំងប៉ុន្មាន។

26 យើងនឹងប្រគល់ចិត្តគំនិតថ្មីឲ្យអ្នករាល់គ្នា ហើយដាក់វិញ្ញាណថ្មីក្នុងអ្នករាល់គ្នា។ យើងនឹងដកចិត្តរឹងដូចថ្មចេញពីអ្នករាល់គ្នា រួចឲ្យអ្នករាល់គ្នាមានចិត្តអាណិត‌អាសូរវិញ។

27 យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចធ្វើតាមច្បាប់ ហើយកាន់តាមវិន័យរបស់យើង។

28 អ្នករាល់គ្នានឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យដូនតាអ្នករាល់គ្នា អ្នករាល់គ្នានឹងធ្វើជាប្រជា‌រាស្ត្ររបស់យើង ហើយយើងជាព្រះរបស់អ្នករាល់គ្នា។

29 យើងនឹងសង្គ្រោះអ្នករាល់គ្នាឲ្យរួចផុតពីអំពើសៅហ្មងគ្រប់យ៉ាង យើងនឹងឲ្យអ្នករាល់គ្នាមានស្រូវយ៉ាងច្រើនបរិបូណ៌ គឺមិនឲ្យមានទុរ្ភិក្សទៀតទេ។

30 យើងនឹងធ្វើឲ្យដើមឈើ និងស្រែចម្ការបង្កើតផលផ្លែជាច្រើន ដើម្បីកុំឲ្យអ្នករាល់គ្នារងគ្រោះដោយទុរ្ភិក្ស និងត្រូវអាម៉ាស់នៅចំពោះមុខប្រជា‌ជាតិនានា។

31 ពេលនោះ អ្នករាល់គ្នានឹងនឹកឃើញអំពីកិរិយា‌មារយាទអាក្រក់ និងអំពើមិនគួរគប្បី ដែលអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តកាលពីមុន ហើយអ្នករាល់គ្នានឹងនឹកខ្មាសខ្លួនឯង ព្រោះតែអំពើបាប និងអំពើគួរស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។

32 តោងដឹងថា យើងធ្វើដូច្នេះមិនមែនមកពីយល់ដល់អ្នករាល់គ្នាទេ! ពូជ‌ពង្សអ៊ីស្រា‌អែលអើយ ចូរនឹកខ្មាស និងអៀនខ្លួនចំពោះកិរិយា‌មារយាទរបស់ខ្លួនទៅ!” – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់»។

33 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «នៅថ្ងៃដែលយើងជម្រះអ្នករាល់គ្នាឲ្យបានបរិសុទ្ធ រួចផុតពីអំពើបាបទាំងប៉ុន្មានរបស់ខ្លួនហើយ យើងនឹងឲ្យមានប្រជា‌ជនរស់នៅសាជាថ្មីក្នុងក្រុងនានា ហើយគេនឹងសង់ផ្ទះនៅត្រង់កន្លែងបាក់បែកនោះឡើងវិញ។

34 ដីដែលគេបោះបង់ចោលនឹងមានដំណាំដុះសាជាថ្មី អស់អ្នកដើរកាត់តាមនោះនឹងលែងឃើញដីដែលគេបោះបង់ចោលទៀតហើយ។

35 ពួកគេនឹងពោលថា ស្រុកដែលគេបោះបង់ចោលនេះ ត្រឡប់ជាមានសោភណ‌ភាពដូចសួនឧទ្យានអេដែន ក្រុងដែលបាក់បែក ហើយស្ងាត់ជ្រងំនេះនឹងត្រូវសង់ឡើងវិញ ដោយមានកំពែងរឹង‌មាំ ព្រមទាំងមានប្រជា‌ជនរស់នៅផង។

36 ប្រជា‌ជាតិនានាដែលនៅជុំ‌វិញអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះ‌អម្ចាស់អ្វីៗដែលបាក់បែក យើងនឹងសង់ឡើងវិញ ហើយយើងក៏ដាំដំណាំសាជាថ្មី នៅលើដីដែលគេបោះបង់ដែរ»។ យើងជាព្រះ‌អម្ចាស់យើងនិយាយយ៉ាងណា យើងនឹងធ្វើយ៉ាងនោះ។

37 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងនឹងទុកឲ្យពូជ‌ពង្សអ៊ីស្រា‌អែលហៅរកយើងតទៅទៀត យើងនឹងជួយពួកគេ ដោយធ្វើឲ្យពួកគេកើនចំនួនច្រើនឡើង។

38 ក្រុងនានាដែលនៅសល់តែគំនរបាក់បែក នឹងមានមនុស្សរស់នៅយ៉ាងច្រើន ដូចចំនួនសត្វដែលគេនាំយកទៅធ្វើយញ្ញ‌បូជានៅក្រុងយេរូ‌សាឡឹម ក្នុងពិធីបុណ្យដ៏សំខាន់ៗកាលពីដើម។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាព្រះ‌អម្ចាស់មែន»។