អេសេ‌គាល 44

ការថ្វាយ‌បង្គំព្រះ‌អម្ចាស់នៅក្នុងព្រះ‌វិហារថ្មី

1 បន្ទាប់មក លោកនាំខ្ញុំត្រឡប់ទៅខ្លោងទ្វារខាងក្រៅទី‌សក្ការៈវិញ គឺទ្វារដែលបែរមុខទៅទិសខាងកើត។ ទ្វារនោះនៅបិទ។

2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ «ទ្វារនេះនឹងនៅបិទជិត គឺមិនត្រូវបើកឡើយ ហើយក៏គ្មាននរណាចេញចូលតាមនេះដែរ ដ្បិតយើងជាព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល យើងបានចូលមកតាមទ្វារនេះ ដូច្នេះ ទ្វារនេះត្រូវបិទរហូត!

3 ចំណែកឯមេដឹកនាំវិញ ក្នុងឋានៈជាអ្នកគ្រប់‌គ្រង គេអាចអង្គុយបរិភោគពិធីជប់‌លៀងនៅចំពោះមុខយើងបាន។ គេចូលមកតាមបន្ទប់ល្វែងនៃខ្លោងទ្វារ ហើយចេញទៅវិញតាមច្រកដដែល»។

4 បន្ទាប់មក លោកនាំខ្ញុំទៅខ្លោងទ្វារខាងជើង គឺខាងមុខព្រះ‌ដំណាក់។ ខ្ញុំក្រឡេកមើលទៅឃើញសិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់នៅពាស‌ពេញក្នុងព្រះ‌ដំណាក់របស់ព្រះ‌អង្គ ខ្ញុំក៏ក្រាបចុះ អោនមុខដល់ដី។

5 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរយកចិត្តទុកដាក់មើល និងផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលយើងប្រាប់អ្នកស្ដីអំពីច្បាប់ និងក្បួនតម្រាទាំងប៉ុន្មាន ដែលត្រូវអនុវត្តនៅក្នុងព្រះ‌ដំណាក់នេះ។ ចូរពិនិត្យមើលច្រកចូលទៅក្នុងព្រះ‌ដំណាក់ និងទ្វារទាំងប៉ុន្មានរបស់ទី‌សក្ការៈ។

6 បន្ទាប់មក ចូរប្រាប់កូនចៅអ៊ីស្រា‌អែល ជាអ្នកបះ‌បោរថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: កូនចៅអ៊ីស្រា‌អែលអើយ អ្នករាល់គ្នាប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមច្រើនពេកហើយ!

7 ពេលអ្នករាល់គ្នាយកអាហារ គឺខ្លាញ់ និងឈាម មកថ្វាយយើង អ្នករាល់គ្នានាំជនបរទេសដែលជាសាសន៍មិនកាត់ស្បែក និងជាសាសន៍មិនគោរពយើងចូលមក ធ្វើឲ្យដំណាក់របស់យើងទៅជាសៅហ្មង។ អ្នករាល់គ្នាផ្ដាច់សម្ពន្ធ‌មេត្រីជាមួយយើង ដោយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមគ្រប់យ៉ាង។

8 អ្នករាល់គ្នាពុំបានយកចិត្តទុកដាក់បំពេញការ‌ងារបម្រើយើង ដោយខ្លួនឯងផ្ទាល់ទេ គឺអ្នករាល់គ្នាបានឲ្យសាសន៍ដទៃមកបំពេញការ‌ងារក្នុងទី‌សក្ការៈ ជំនួសអ្នករាល់គ្នាទៅវិញ»។

9 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលទៀតថា៖ «មិនត្រូវឲ្យជនបរទេស ដែលជាសាសន៍មិនកាត់ស្បែក និងជាសាសន៍មិនគោរពយើង ចូលមកក្នុងទី‌សក្ការៈរបស់យើងឡើយ ទោះបីអ្នកនោះរស់នៅក្នុងចំណោមជន‌ជាតិអ៊ីស្រា‌អែលក៏ដោយ។

មុខ‌ងាររបស់ក្រុមលេវី

10 ក្នុងគ្រាដែលជន‌ជាតិអ៊ីស្រា‌អែលវង្វេងចេញឆ្ងាយពីយើង ទៅតាមព្រះក្លែង‌ក្លាយ ពួកលេវីក៏បានបោះបង់ចោលយើងដែរ ហេតុនេះ ពួកគេនឹងទទួលផលវិបាក ព្រោះតែកំហុសរបស់ខ្លួន។

11 ដូច្នេះ ពួកគេគ្រាន់តែមានមុខ‌ងារជាអ្នកជំនួយការក្នុងព្រះ‌ដំណាក់ គឺត្រូវប្រើគេឲ្យយាមខ្លោងទ្វារបម្រើប្រជា‌ជន ដោយសម្លាប់សត្វដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញ‌បូជាផ្សេងៗ។

12 ដោយពួកគេបានជួយជ្រោម‌ជ្រែងប្រជា‌ជន ក្នុងការគោរពបម្រើព្រះក្លែង‌ក្លាយ និងនាំប្រជា‌ជនឲ្យប្រព្រឹត្តអំពើបាប យើងសុំប្រកាសយ៉ាងម៉ឺង‌ម៉ាត់ថា ពួកគេនឹងទទួលផលវិបាក ព្រោះតែកំហុសរបស់ខ្លួនមិនខាន – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

13 ពួកគេពុំអាចចូលមកជិតយើង ដើម្បីបំពេញមុខ‌ងារជាបូជា‌ចារ្យបានទេ ពួកគេក៏មិនអាចចូលមកក្នុងទី‌សក្ការៈ ឬទី‌សក្ការៈបំផុតរបស់យើងបានដែរ។ ពួកគេត្រូវទទួលផលវិបាក ព្រោះតែអំពើដ៏អាម៉ាស់ និងអំពើគួរស្អប់ខ្ពើមដែលខ្លួនបានប្រព្រឹត្ត។

14 យើងនឹងឲ្យពួកគេមើលថែទាំ និងបំពេញកិច្ចការបន្ទាប់‌បន្សំទាំងប៉ុន្មាននៅក្នុងព្រះ‌ដំណាក់។

មុខ‌ងាររបស់ក្រុមបូជា‌ចារ្យ

15 រីឯក្រុមបូជា‌ចារ្យលេវី ជាកូនចៅរបស់លោកសាដុកវិញ ក្នុងពេលដែលជន‌ជាតិអ៊ីស្រា‌អែលវង្វេងចេញឆ្ងាយពីយើងនោះ ពួកគេនៅតែបម្រើយើងក្នុងទី‌សក្ការៈ។ ដូច្នេះ ពួកគេនឹងចូលមកបម្រើយើង ពួកគេនឹងស្ថិតនៅក្បែរយើង ដើម្បីថ្វាយខ្លាញ់ និងឈាម -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

16 អ្នកទាំងនោះនឹងចូលមកក្នុងទី‌សក្ការៈរបស់យើង ពួកគេចូលមកក្បែរតុរបស់យើង ដើម្បីបម្រើយើង និងធ្វើតាមសេចក្ដីដែលយើងបង្គាប់។

17 ពេលចូលមកដល់ខ្លោងទ្វារនៃទី‌លានខាងក្នុង ពួកគេត្រូវស្លៀកសម្លៀក‌បំពាក់ធ្វើពីក្រណាត់ទេស‌ឯក។ ពេលពួកគេបំពេញមុខ‌ងារនៅខ្លោងទ្វារនៃទី‌លានខាងក្នុង មិនត្រូវស្លៀកពាក់សម្លៀក‌បំពាក់ធ្វើពីរោមចៀមទេ។

18 ពួកគេត្រូវពាក់ឆ្នួតធ្វើពីក្រណាត់ទេស‌ឯកនៅលើក្បាល ហើយស្លៀកខោខ្លី តែមិនត្រូវយកអ្វីមកក្រវាត់ចង្កេះ នាំឲ្យបែកញើសឡើយ។

19 ពេលពួកគេចេញទៅរកប្រជា‌ជននៅទី‌លានខាងក្រៅ ត្រូវផ្លាស់សម្លៀក‌បំពាក់សម្រាប់បំពេញមុខ‌ងារចេញ រួចទុកសម្លៀក‌បំពាក់នោះនៅក្នុងបន្ទប់នៃទី‌សក្ការៈ។ ពួកគេត្រូវស្លៀកសម្លៀក‌បំពាក់ផ្សេងទៀត ដើម្បីកុំឲ្យប្រជា‌ជនប៉ះ‌ពាល់សម្លៀក‌បំពាក់ដ៏សក្ការៈនោះ។

20 មិនត្រូវឲ្យបូជា‌ចារ្យទាំងនោះកោរសក់ ឬក៏ទុកឲ្យសក់ដុះវែងពេកឡើយ គឺត្រូវកាត់សក់យ៉ាងសមរម្យ។

21 ពេលចូលទៅទី‌លានខាងក្នុង បូជា‌ចារ្យមិនត្រូវសេពសុរាឡើយ។

22 បូជា‌ចារ្យមិនត្រូវរៀប‌ការជាមួយស្ត្រីមេម៉ាយ ឬស្ត្រីប្ដីលែងទេ គឺរៀប‌ការបានតែជាមួយស្ត្រីក្រមុំព្រហ្មចារីក្នុងវង្សត្រកូលនៃកូនចៅអ៊ីស្រា‌អែល ឬស្ត្រីមេម៉ាយពីបូជា‌ចារ្យម្នាក់ទៀត។

23 បូជា‌ចារ្យទាំងនោះត្រូវអប់រំប្រជា‌ជនរបស់យើង ឲ្យស្គាល់ការខុសគ្នារវាងអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ ព្រមទាំងការខុសគ្នារវាងអ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ។

24 ពួកគេធ្វើជាចៅ‌ក្រមកាត់ក្ដី នៅពេលប្រជា‌ជនមានរឿង‌រ៉ាវនឹងគ្នា ហើយវិនិច្ឆ័យទោស ស្របតាមវិន័យរបស់យើង។ ពួកគេចាត់ចែងធ្វើពិធីបុណ្យផ្សេងៗ តាមក្រឹត្យ‌វិន័យ និងច្បាប់ដែលយើងបានបង្គាប់ទុក ព្រមទាំងញែកថ្ងៃសប្ប័ទទុកជាថ្ងៃដ៏‌វិសុទ្ធ។

25 បូជា‌ចារ្យមិនត្រូវចូលទៅជិតសាក‌សព ដែលបណ្ដាលឲ្យខ្លួនទៅជាសៅហ្មងឡើយ លើក‌លែងតែសពឪពុក‌ម្ដាយ កូនប្រុសកូនស្រី បង‌ប្អូនប្រុស និងបង‌ប្អូនស្រីដែលពុំទាន់រៀប‌ការ។

26 ក្នុងករណីនេះ ក្រោយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ*រួចហើយ គេត្រូវនៅរង់‌ចាំប្រាំ‌ពីរថ្ងៃ មុននឹងបំពេញមុខ‌ងារសាជាថ្មី។

27 នៅថ្ងៃគេចូលទៅទី‌លានខាងក្នុង ដើម្បីបំពេញមុខ‌ងារក្នុងទី‌សក្ការៈ*ឡើងវិញ គេត្រូវថ្វាយយញ្ញ‌បូជារំដោះបាប – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

28 ចំណែកឯកេរ‌មត៌កដែលពួកបូជា‌ចារ្យត្រូវទទួលនោះ គឺយើងផ្ទាល់។ មិនបាច់ចែកទឹកដីក្នុងស្រុកអ៊ីស្រា‌អែលជាមត៌កឲ្យពួកគេទេ ដ្បិតយើងផ្ទាល់ជាមត៌ករបស់ពួកគេ។

29 ពួកគេបរិភោគសាច់ ដែលជាតង្វាយ និងយញ្ញ‌បូជារំដោះបាប ឬយញ្ញ‌បូជាសុំលើក‌លែងទោសដែលប្រជា‌ជនយើងយកមកថ្វាយ។ អ្វីៗដែលជន‌ជាតិអ៊ីស្រា‌អែលទុកសម្រាប់យើង ពួកបូជា‌ចារ្យអាចយកបាន។

30 ផលដំបូងបង្អស់នៃដំណាំទាំង‌ឡាយ និងអ្វីៗគ្រប់យ៉ាងដែលអ្នករាល់គ្នាញែកទុកដោយឡែកនោះ ជាចំណែករបស់ពួកបូជា‌ចារ្យ។ ត្រូវយកម្សៅដំបូងបង្អស់មកជូនពួកបូជា‌ចារ្យ ដើម្បីឲ្យផ្ទះរបស់អ្នកបានទទួលពរ។

31 បូជា‌ចារ្យមិនត្រូវបរិភោគសាច់សត្វចតុប្បាទ ឬសត្វស្លាបដែលងាប់ដោយជំងឺ ឬដោយសត្វសាហាវខាំនោះឡើយ»។