អេសេ‌គាល 48

1 តទៅនេះជាឈ្មោះកុល‌សម្ព័ន្ធ និងចំណែកមត៌ករបស់គេ។ ទឹកដីរបស់កុល‌សម្ព័ន្ធដាន់ស្ថិតនៅចុងខាងជើងបំផុត គឺនៅតាមបណ្ដោយផ្លូវពីហេតឡូនទៅហា‌ម៉ាត់ ហាសា-‌អេណាន ព្រំ‌ប្រទល់ដាម៉ាស គឺទៅដល់ខាងជើងហា‌ម៉ាត់ លាតសន្ធឹងចាប់ពីទិសខាងកើត ទៅទិសខាងលិច។

2 ទឹកដីរបស់កុល‌សម្ព័ន្ធអេ‌ស៊ើរស្ថិតនៅជាប់នឹងទឹកដីដាន់ ចាប់ពីខាងកើតទៅខាងលិច។

3 ទឹកដីរបស់កុល‌សម្ព័ន្ធណែប‌ថាលីនៅជាប់នឹងទឹកដីអេ‌ស៊ើរ ចាប់ពីខាងកើតទៅខាងលិច។

4 ទឹកដីរបស់កុល‌សម្ព័ន្ធម៉ាណា‌សេនៅជាប់នឹងទឹកដីណែប‌ថាលី ចាប់ពីខាងកើតទៅខាងលិច។

5 ទឹកដីរបស់កុល‌សម្ព័ន្ធអេប្រាអ៊ីមនៅជាប់នឹងទឹកដីម៉ាណា‌សេ ចាប់ពីខាងកើតទៅខាងលិច។

6 ទឹកដីរបស់កុល‌សម្ព័ន្ធរូបេននៅជាប់នឹងទឹកដីអេប្រាអ៊ីម ចាប់ពីខាងកើតទៅខាងលិច។

7 ទឹកដីរបស់កុល‌សម្ព័ន្ធយូដានៅជាប់នឹងទឹកដីរូបេន ចាប់ពីខាងកើតទៅខាងលិច។

8 នៅជាប់នឹងទឹកដីរបស់កុល‌សម្ព័ន្ធយូដា ចាប់ពីខាងកើតទៅខាងលិច ត្រូវញែកដីមួយចំណែកដែលមានទទឹងពីរម៉ឺនប្រាំពាន់ហត្ថ ហើយមានបណ្ដោយស្មើនឹងចំណែកទឹកដីរបស់កុល‌សម្ព័ន្ធនីមួយៗ ដែលរាប់ពីខាងកើតទៅខាងលិច។ ទី‌សក្ការៈត្រូវនៅចំកណ្ដាលដីនោះ។

9 ដីដែលអ្នករាល់គ្នាញែកថ្វាយព្រះ‌អម្ចាស់ត្រូវមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទទឹងមួយម៉ឺនហត្ថ។

10 ដីដ៏សក្ការៈនេះត្រូវចែកឲ្យពួកបូជា‌ចារ្យទុកជាកម្មសិទ្ធិ គឺខាងជើងមានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថ ខាងលិចមានប្រវែងមួយម៉ឺនហត្ថ ខាងកើតមានប្រវែងមួយម៉ឺនហត្ថ ខាងត្បូងមានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថ។ ទី‌សក្ការៈរបស់ព្រះ‌អម្ចាស់ត្រូវនៅចំកណ្ដាល។

11 ដីនេះត្រូវបានជាកម្មសិទ្ធិកូនចៅរបស់លោកសាដុក ដែលបានទទួលមុខ‌ងារជាបូជា‌ចារ្យ។ អ្នកទាំងនោះប្ដូរផ្ដាច់បម្រើយើង គឺនៅគ្រាដែល ជន‌ជាតិអ៊ីស្រា‌អែលវង្វេងឆ្ងាយពីយើងបូជា‌ចារ្យទាំងនោះពុំបានវង្វេងដូចពួកលេវីទេ។

12 ដូច្នេះ ពួកគេត្រូវទទួលដីដ៏សក្ការៈបំផុតនេះ ជាដីញែកថ្វាយព្រះ‌អម្ចាស់ នៅជាប់នឹងដីរបស់ពួកលេវី។

13 ពួកលេវីនឹងទទួលដី ដែលនៅតាមបណ្ដោយព្រំ‌ប្រទល់ដីរបស់ពួកបូជា‌ចារ្យ គឺបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទទឹងមួយម៉ឺនហត្ថដូចទំហំដីរបស់បូជា‌ចារ្យដែរ។

14 ពួកគេមិនអាចលក់ដូរ ឬបង្វិលដីទាំងនេះទេ ព្រោះជាចំណែកល្អជាងគេដែលបានញែកថ្វាយព្រះ‌អម្ចាស់។

15 ចំណែកឯដីដែលនៅសល់ មានទទឹងប្រាំពាន់ហត្ថ និងបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ត្រូវចាត់ទុកជាដីសាមញ្ញធម្មតា សម្រាប់សង់ក្រុង ផ្ទះ និងវាលស្មៅ ទីក្រុងស្ថិតនៅចំកណ្ដាល។

16 ទីក្រុងនេះមានទំហំដូចតទៅ: ខាងជើងប្រវែងបួនពាន់ប្រាំរយហត្ថ ខាងត្បូងប្រវែងបួនពាន់ប្រាំរយហត្ថ ខាងកើតប្រវែងបួនពាន់ប្រាំរយហត្ថ ខាងលិចប្រវែងបួនពាន់ប្រាំរយហត្ថ។

17 ទីក្រុងនេះត្រូវមានវាលស្មៅពីររយហា‌សិបហត្ថខាងជើង ពីររយហា‌សិបហត្ថខាងត្បូង ពីររយហា‌សិបហត្ថខាងកើត ពីររយហា‌សិបហត្ថខាងលិច។

18 ដីដែលនៅសល់តាមបណ្ដោយដីសក្ការៈមានប្រវែងមួយម៉ឺនហត្ថខាងកើត មួយម៉ឺនហត្ថខាងលិច។ ដីនោះទុកសម្រាប់ដាំដំណាំ ជាអាហាររបស់អស់អ្នកដែលធ្វើការនៅក្នុងទីក្រុង។

19 អ្នកធ្វើការក្នុងទីក្រុង ទោះបីគេមកពីកុល‌សម្ព័ន្ធណាក្ដី ក៏គេអាចដាំដំណាំលើដីនោះបានដែរ។

20 សរុបមក ដីដែលត្រូវញែកទុកថ្វាយព្រះ‌អម្ចាស់ មានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថបួនជ្រុង។ ត្រូវទុកដីសក្ការៈនោះមួយភាគបួន ជាកម្មសិទ្ធិរបស់ទីក្រុង។

21 ដីដែលនៅសល់ ត្រូវបានជាកម្មសិទ្ធិរបស់មេដឹកនាំ គឺដីដែលនៅសងខាងដីសក្ការៈ និងដីរបស់ទីក្រុងមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ហើយទទឹងគិតចាប់ពីព្រំ‌ប្រទល់ខាងកើត និងព្រំ‌ប្រទល់ខាងលិច។ ដីសក្ការៈ និងទី‌សក្ការៈក្នុងព្រះ‌ដំណាក់ស្ថិតនៅចំកណ្ដាល។

22 ដីរបស់មេដឹកនាំមានដីរបស់ពួកលេវី និងដីរបស់ទីក្រុងនៅចំពាក់កណ្ដាល ដីនោះស្ថិតនៅចន្លោះដីរបស់កុល‌សម្ព័ន្ធយូដា និងកុល‌សម្ព័ន្ធបេន‌យ៉ាមីន។

23 កុល‌សម្ព័ន្ធឯទៀតៗដែលត្រូវទទួលដីជាចំណែកមត៌កនោះ គឺកុល‌សម្ព័ន្ធបេន‌យ៉ាមីន ចាប់ពីខាងកើតទៅខាងលិច។

24 ទឹកដីរបស់កុល‌សម្ព័ន្ធស៊ីម្មាននៅជាប់នឹងទឹកដីបេន‌យ៉ាមីន ចាប់ពីខាងកើតទៅខាងលិច។

25 ទឹកដីរបស់កុល‌សម្ព័ន្ធអ៊ីសា‌ខារនៅជាប់នឹងទឹកដីស៊ីម្មាន ចាប់ពីខាងកើតទៅខាងលិច។

26 ទឹកដីរបស់កុល‌សម្ព័ន្ធសាប់យូ‌ឡូននៅជាប់នឹងទឹកដីអ៊ីសា‌ខារ ចាប់ពីខាងកើតទៅខាងលិច។

27 ទឹកដីរបស់កុល‌សម្ព័ន្ធកាដនៅជាប់នឹងទឹកដីសាប់យូ‌ឡូន ចាប់ពីខាងកើតទៅខាងលិច។

28 ទឹកដីរបស់កុល‌សម្ព័ន្ធកាដ ជាព្រំ‌ដែនខាងត្បូងរបស់ស្រុក លាតសន្ធឹងចាប់ពីតាម៉ាររហូតដល់មេរី‌បានៅវាលរហោ‌ស្ថានកាដេស និងរហូតដល់ទឹកអូរ ដែលហូរចាក់ទៅក្នុងសមុទ្រមេឌី‌ទែរ៉ាណេ។

29 នេះហើយជាទឹកដីដែលអ្នករាល់គ្នាត្រូវបែងចែក ដល់កុល‌សម្ព័ន្ធនានានៃជន‌ជាតិអ៊ីស្រា‌អែល ដោយចាប់ឆ្នោតយកជាចំណែកមត៌ករបស់ពួកគេ -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

30 រីឯច្រកចូលទីក្រុងមានដូចតទៅ: កំពែងខាងជើងមានបណ្ដោយបួនពាន់ប្រាំរយហត្ថ។

31 នៅកំពែងនេះមានទ្វារក្រុងបី ដាក់ឈ្មោះតាមកុល‌សម្ព័ន្ធនៃជន‌ជាតិអ៊ីស្រា‌អែល គឺទ្វាររូបេន ទ្វារយូដា និងទ្វារលេវី។

32 កំពែងខាងកើតមានបណ្ដោយបួនពាន់ប្រាំរយហត្ថ មានទ្វារក្រុងបី គឺទ្វារយ៉ូសែប ទ្វារបេន‌យ៉ាមីន និងទ្វារដាន់។

33 កំពែងខាងត្បូងមានបណ្ដោយបួនពាន់ប្រាំរយហត្ថ មានទ្វារក្រុងបី គឺទ្វារស៊ីម្មាន ទ្វារអ៊ីសា‌ខារ និងទ្វារសាប់យូ‌ឡូន។

34 កំពែងខាងលិចមានបណ្ដោយបួនពាន់ប្រាំរយហត្ថ មានទ្វារក្រុងបី គឺទ្វារកាដ ទ្វារអេ‌ស៊ើរ និងទ្វារណែប‌ថាលី។

35 ប្រវែងជុំ‌វិញមានទាំងអស់មួយម៉ឺនប្រាំបីពាន់ហត្ថ។ ចាប់ពីថ្ងៃនេះតទៅ ទីក្រុងនឹងមានឈ្មោះថា «ព្រះ‌អម្ចាស់គង់នៅទីនេះ»។