ដានី‌យ៉ែល 12

ព្រឹត្តិ‌ការណ៍នៅគ្រាចុងក្រោយ

1 នៅគ្រាចុងក្រោយ មហាទេវតាមីកែល ដែលជាមេដ៏សំខាន់របស់ពពួកទេវតា ហើយជាអ្នកថែ‌រក្សាប្រជា‌ជនរបស់លោកនឹងក្រោកឈរឡើង។ គ្រានោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង គឺតាំងពីពេលកើតមានប្រជា‌ជាតិរហូតមកដល់ថ្ងៃនេះ មនុស្សលោកមិនដែលរងទុក្ខលំបាកដូច្នេះទេ។ ប៉ុន្តែ នៅគ្រានោះ ក្នុងចំណោមប្រជា‌ជនរបស់លោក អស់អ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងជីវិតនឹងត្រូវរួចខ្លួន។

2 មានមនុស្សជាច្រើនដែលស្ថិតនៅក្នុងផ្នូរនឹងរស់ឡើងវិញ អ្នកខ្លះនឹងទទួលជីវិតអស់‌កល្បជា‌និច្ច អ្នកខ្លះទៀតនឹងត្រូវអាម៉ាស់មុខ ព្រមទាំងរងទុក្ខទោសអស់‌កល្បជា‌និច្ចផង។

3 រីឯអស់អ្នកដែលមានប្រាជ្ញាវិញ នឹងភ្លឺដូចផ្ទៃមេឃ ហើយអស់អ្នកដែលជួយណែ‌នាំមនុស្ស‌ម្នាជាច្រើនឲ្យប្រព្រឹត្តអំពើសុចរិត គេនឹងបានភ្លឺដូចផ្កាយ អស់‌កល្បជាអង្វែងតរៀងទៅ។

4 ចំពោះលោកវិញ លោកដានី‌យ៉ែលអើយ សូមលាក់សេចក្ដីដែលមានសរសេរទុកក្នុងសៀវភៅនេះឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។ មនុស្សជាច្រើននឹងស្វែងយល់ ហើយចំណេះរបស់គេនឹងបានចម្រើនឡើង»។

5 ពេលនោះ ខ្ញុំ ដានី‌យ៉ែល ក្រឡេកមើលទៅឃើញបុរសពីរនាក់ទៀតឈរនៅមាត់ទន្លេ ម្នាក់នៅត្រើយខាងអាយ ម្នាក់ទៀតនៅត្រើយខាងនាយ។

6 បុរសម្នាក់ពោលទៅកាន់ទេវតាមានសម្លៀក‌បំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ដែលឈរនៅលើទឹកទន្លេនោះថា៖ «តើហេតុ‌ការណ៍ដ៏អស្ចារ្យនេះត្រូវចប់នៅពេលណា?»។

7 ទេវតាមានសម្លៀក‌បំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយឈរនៅលើទឹកទន្លេ លើកដៃទាំងពីរឆ្ពោះទៅលើមេឃ ហើយខ្ញុំឮលោកប្រកាសយ៉ាងឱឡា‌រិក ក្នុងនាមព្រះ‌ជាម្ចាស់ ដែលមានព្រះ‌ជន្មគង់នៅអស់‌កល្បជា‌និច្ចថា៖ «ហេតុ‌ការណ៍ទាំងនេះនឹងកើតមានក្នុងអំឡុងពេលបីឆ្នាំកន្លះ ហើយនឹងត្រូវចប់នៅពេល ដែលប្រជា‌រាស្ត្រដ៏‌វិសុទ្ធលែងមានកម្លាំងទ្រាំ‌ទ្រទៀតបាន»។

8 ខ្ញុំ ដានី‌យ៉ែល បានឮពាក្យទាំងនេះ តែពុំបានយល់អត្ថ‌ន័យទេ ខ្ញុំក៏សួរថា៖ «លោកម្ចាស់អើយ តើហេតុ‌ការណ៍ទាំងនេះនឹងត្រូវចប់ដូចម្ដេច?»។

9 លោកតបមកខ្ញុំវិញថា៖ «លោកដានី‌យ៉ែលអើយ កុំខ្វល់ខ្វាយធ្វើអ្វី។ សេចក្ដីទាំងនេះត្រូវតែលាក់ឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។

10 ដោយ‌សារទុក្ខលំបាក មនុស្សជាច្រើននឹងបានស្អាតបរិសុទ្ធ និងសស្គុស។ មនុស្សអាក្រក់មិនយល់សេចក្ដីនេះទេ គេនៅតែប្រព្រឹត្តអំពើអាក្រក់តទៅទៀត រីឯមនុស្សមានប្រាជ្ញា ទើបយល់។

11 ចាប់ពីពេលដែលគេនឹងបញ្ឈប់ការថ្វាយយញ្ញ‌បូជាប្រចាំថ្ងៃ រហូតដល់ពេលដែលគេនឹងយកវត្ថុដ៏ចង្រៃគួរឲ្យស្អប់ខ្ពើម មកតាំងនៅក្នុងទី‌សក្ការៈ មានរយៈពេលមួយពាន់ពីររយកៅ‌សិបថ្ងៃ។

12 អ្នកណាកាន់ចិត្តរឹង‌ប៉ឹងរហូតដល់មួយពាន់បីរយសាម‌សិបប្រាំថ្ងៃ អ្នកនោះមានសុភមង្គលហើយ!។

13 ចំពោះលោកវិញ សូមកាន់ចិត្តឲ្យបានរឹង‌ប៉ឹង នោះលោកនឹងបានសម្រាក ហើយលោកនឹងក្រោកឡើងទទួលរង្វាន់ នៅគ្រាចុងក្រោយបំផុត»។