ហូសេ 1

1 នេះជាព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ថ្លែងមកកាន់លោកហូសេជាកូនរបស់លោកបេរី នៅរជ្ជកាលព្រះ‌បាទអូសៀស ព្រះ‌បាទយ៉ូថាម ព្រះ‌បាទអេហាស និងព្រះ‌បាទហេ‌សេគាជាស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះ‌បាទយេរ៉ូ‌បោម បុត្ររបស់ព្រះ‌បាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រា‌អែល។

អាពាហ៍‌ពិពាហ៍របស់លោកហូសេ

2 ព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់បានថ្លែង តាមរយៈលោកហូសេ ចាប់ផ្ដើមដូចតទៅ:

ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកហូសេថា៖ «ចូរយកស្រីពេស្យាម្នាក់ មកធ្វើជាភរិយា ហើយបង្កើតកូនពីស្រីពេស្យានោះ ដ្បិតប្រជា‌ជននៅក្នុងស្រុកចេះតែនាំគ្នាប្រព្រឹត្តអំពើពេស្យា‌ចារ ដោយបែកចិត្តចេញពីព្រះ‌អម្ចាស់!»។

3 លោកហូសេក៏ទៅយកនាងកូមើរ ជាកូនរបស់លោកឌីប្លែម មកធ្វើជាភរិយា នាងមានផ្ទៃពោះបង្កើតបានកូនប្រុសមួយជូនលោក។

4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “យេសរាល” ដ្បិតបន្តិចទៀត យើងនឹងវិនិច្ឆ័យទោសរាជ‌វង្សរបស់ស្ដេចយេហ៊ូវ ព្រោះតែស្ដេចនេះបានបង្ហូរឈាមគេនៅយេសរាល។ យើងនឹងលែងឲ្យមានស្ដេចសោយរាជ្យលើពូជ‌ពង្សអ៊ីស្រា‌អែល។

5 ថ្ងៃនោះ យើងនឹងបំបែកកម្លាំងទ័ពអ៊ីស្រា‌អែលនៅវាលយេសរាល»។

6 នាងកូមើរមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនស្រីមួយ។ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូរូ‌ហាម៉ា” ដ្បិតយើងនឹងលែងអាណិត‌អាសូរកូនចៅអ៊ីស្រា‌អែល ហើយក៏លែងអត់‌ទោសឲ្យពួកគេរហូតដែរ។

7 ប៉ុន្តែ យើងអាណិតអាសូរកូនចៅយូដា។ យើងជាព្រះ‌អម្ចាស់ជាព្រះរបស់ពួកគេ យើងនឹងសង្គ្រោះពួកគេដោយដៃយើងផ្ទាល់ គឺមិនមែនដោយប្រើធ្នូ ដាវ សង្គ្រាម សេះចំបាំង ឬដោយកង‌ពលសេះឡើយ»។

8 ក្រោយពីបានផ្ដាច់ដោះឡូរូ‌ហាម៉ារួចហើយ នាងមានផ្ទៃពោះសាជាថ្មី បង្កើតបានកូនប្រុសមួយទៀត។

9 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូអាំ‌មី” ដ្បិតអ្នករាល់គ្នាមិនមែនជាប្រជា‌រាស្ដ្ររបស់យើងទេ ហើយយើងក៏មិនមែនជាព្រះរបស់អ្នករាល់គ្នាដែរ»។

ថ្ងៃដែលអ៊ីស្រា‌អែលបានរុងរឿងឡើងវិញ

10 ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រា‌អែល

នឹងកើនចំនួនច្រើនឡើង

ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ

គ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។

នៅទីណាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា:

“អ្នករាល់គ្នាមិនមែនជាប្រជា‌ជនរបស់យើង”

នៅទីនោះនឹងមានគេពោលថា:

“អ្នករាល់គ្នាជាបុត្ររបស់

ព្រះដ៏មានព្រះ‌ជន្មគង់នៅ”។

11 ពេលនោះ កូនចៅយូដា

និងកូនចៅអ៊ីស្រា‌អែល រួប‌រួមគ្នាវិញ

ពួកគេជ្រើសរើសយកមេដឹកនាំតែមួយ

ពួកគេនឹងធ្វើជាម្ចាស់ស្រុករបស់ខ្លួនវិញ ។

“ទិវា‌យេសរាល”

ពិតជាព្រឹត្តិ‌ការណ៍មួយដ៏សំខាន់!