ហូសេ 2

1 ចូរហៅបង‌ប្អូនប្រុសរបស់អ្នករាល់គ្នាថា “អាំមី”

ចូរហៅបង‌ប្អូនស្រីរបស់អ្នករាល់គ្នាថា

“រូហា‌ម៉ា” ។

ជន‌ជាតិអ៊ីស្រា‌អែលប្រៀបបាននឹងភរិយាក្បត់ចិត្ត

2 ចូរចោទប្រកាន់ម្ដាយរបស់អ្នករាល់គ្នាទៅ

ដ្បិតនាងមិនមែនជាភរិយារបស់យើងទៀតទេ

ហើយយើងក៏មិនមែនជាប្ដីរបស់នាងទៀតដែរ!

ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីពេស្យា

ចេញពីមុខរបស់ខ្លួន

ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីក្បត់ប្ដី

ចេញពីដើមទ្រូងរបស់ខ្លួនទៅ!

3 បើមិនដូច្នោះទេ

យើងនឹងយកសម្លៀក‌បំពាក់ចេញពីនាង

ទុកឲ្យខ្លួននៅទទេ

ដូចថ្ងៃដែលនាងទើបនឹងកើត

យើងធ្វើឲ្យនាងប្រៀបបាននឹងវាលរហោ‌ស្ថាន។

យើងធ្វើឲ្យនាងក្លាយដូចជាដីហួត‌ហែង

យើងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។

4 យើងនឹងមិនអាណិត‌អាសូរកូនរបស់នាងទេ

ព្រោះកូនទាំងនេះសុទ្ធតែជាកូនដែលកើតពី

អំពើពេស្យា‌ចារ។

5 ម្ដាយរបស់ពួកគេជាស្រីពេស្យា

ស្រីដែលពរផ្ទៃពួកគេ

បានប្រព្រឹត្តអំពើដ៏អាម៉ាស់

នាងពោលថា ខ្ញុំនឹងរត់តាមគូស្នេហ៍របស់ខ្ញុំ

ព្រោះអ្នកទាំងនោះឲ្យខ្ញុំមានបាយទឹក

រោមចៀម និងក្រណាត់ទេស‌ឯក

សម្រាប់បិទ‌បាំងកាយ

ព្រមទាំងប្រេង និងស្រាផង។

6 ហេតុនេះហើយបានជាយើងយកបន្លា

មកស្រះផ្លូវរបស់នាង

យើងដាក់របងឃាំងនាង

ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀតឡើយ។

7 នាងខំរត់តាមគូស្នេហ៍របស់នាង

តែតាមពួកគេមិនទាន់ទេ

នាងខំដើររកពួកគេ តែរកមិនឃើញឡើយ។

នាងក៏ពោលថា:

បើដូច្នេះ ខ្ញុំនឹងវិលទៅរកប្ដីដើមវិញ

ដ្បិតពីមុន ខ្ញុំសប្បាយចិត្តជាងសព្វថ្ងៃនេះ។

8 នាងពុំបានយល់ថា គឺយើងឯ‌ណេះទេ

ដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាង

យើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរ

តែនាង បែរជាយករបស់ទាំងនោះសែន

ព្រះបាលទៅវិញ។

9 ហេតុនេះបានជាយើងនឹងវិលមកយក

ស្រូវរបស់យើងវិញ នៅរដូវចម្រូត

យើងនឹងយកស្រាថ្មីរបស់យើងវិញ

នៅរដូវបេះផ្លែទំពាំង‌បាយជូរ

យើងក៏នឹងយករោមចៀម

និងក្រណាត់ទេស‌ឯក

សម្រាប់បិទ‌បាំងកាយនាងទៅវិញដែរ។

10 ឥឡូវនេះ យើងបើកកេរ‌ខ្មាសនាង

នៅចំពោះមុខគូស្នេហ៍របស់នាង

គ្មាននរណាអាចរំដោះនាងពីដៃយើងបានទេ។

11 យើងធ្វើឲ្យនាងបាត់បង់

ការសប្បាយទាំងប៉ុន្មាន

ហើយពិធីបុណ្យនានា បុណ្យចូលខែថ្មី

បុណ្យសប្ប័ទ* និងបុណ្យដ៏សំខាន់ទាំងប៉ុន្មាន

ក៏លែងមានទៀតដែរ។

12 យើងនឹងបំផ្លាញចម្ការទំពាំង‌បាយជូរ

និងចម្ការឧទុម្ពររបស់នាង

ព្រោះនាងពោលថា ចម្ការទាំងនោះ

ជាកំរៃដែលគូស្នេហ៍បានប្រគល់ឲ្យ។

យើងធ្វើឲ្យចម្ការទាំងនោះក្លាយទៅជាព្រៃ

ហើយត្រូវសត្វព្រៃមកស៊ីបង្ហិន។

13 យើងដាក់ទោសនាង តាមចំនួនថ្ងៃ

ដែលនាងបានដុតគ្រឿងក្រអូបសែន

ព្រះបាលទាំង‌ឡាយ

នាងបានតុប‌តែងខ្លួនពាក់ក្រវិល ពាក់ខ្សែក

រត់តាមគូស្នេហ៍របស់នាង។

រីឯយើងវិញ នាងបានបំភ្លេចយើងចោលហើយ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

14 ហេតុនេះយើងនឹងទាក់‌ទាញចិត្តនាង

ដោយនាំនាងទៅវាលរហោ‌ស្ថាន

យើងនឹងនិយាយលួង‌លោមចិត្តនាង។

15 ពេលនោះ យើងនឹងប្រគល់ចម្ការ

ទំពាំង‌បាយជូរឲ្យនាងវិញ។

ជ្រលងភ្នំអាកោរ នឹងក្លាយទៅជាទ្វារ

នាំនាងទៅរកសេចក្ដីសង្ឃឹម។

នៅទីនោះ នាងនឹងឆ្លើយតបមកយើង

ដូចគ្រានាងនៅពីក្មេង

គឺគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីប។

16 នៅថ្ងៃនោះ នាងនឹងហៅយើងថា “ស្វាមី”

គឺនាងលែងហៅយើងថា

“ព្រះម្ចាស់នាងខ្ញុំ!” ទៀតហើយ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

17 យើងនឹងឲ្យនាងលែងបញ្ចេញ

ឈ្មោះព្រះបាលទាំងនោះទៀត

គឺគេលែងរំឭកឈ្មោះទាំងនេះទៀតហើយ។

18 នៅថ្ងៃនោះ យើងនឹងចងសម្ពន្ធ‌មេត្រី

ជាមួយសត្វព្រៃ បក្សា‌បក្សី និងសត្វលូនវារ

ដើម្បីជាប្រយោជន៍ដល់ប្រជា‌រាស្ត្ររបស់យើង

យើងនឹងកាច់បំបាក់ធ្នូ និងដាវ

មិនឲ្យមានសង្គ្រាមក្នុងស្រុកទៀតទេ

គឺយើងនឹងឲ្យពួកគេដេកយ៉ាងសុខស្រួល។

19 យើងនឹងដណ្ដឹងនាងធ្វើជាភរិយា

ជាដរាបតរៀងទៅ

យើងនឹងដណ្ដឹងនាងធ្វើជាភរិយា

ដោយសុចរិត និងយុត្តិធម៌

ដោយភក្ដី‌ភាព និងអាណិត‌អាសូរ។

20 យើងនឹងដណ្ដឹងនាងធ្វើជាភរិយា

ដោយចិត្តស្មោះ‌ស្ម័គ្រ

ហើយនាងនឹងទទួលស្គាល់ព្រះ‌អម្ចាស់។

21 នៅថ្ងៃនោះ យើងនឹងឆ្លើយតប

ពាក្យអង្វររបស់ពួកគេ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

យើងនឹងធ្វើឲ្យមេឃបង្អុរភ្លៀង

យើងនឹងធ្វើឲ្យដីបង្កើតផល

តាមសេចក្ដីត្រូវការ។

22 ផែនដីនឹងធ្វើឲ្យមានស្រូវ

ព្រមទាំងស្រាទំពាំង‌បាយជូរថ្មី និងប្រេង

តាមសេចក្ដីត្រូវការរបស់វាលយេសរាល។

23 យើងនឹងព្រោះពូជទុកសម្រាប់យើងនៅក្នុងស្រុក។

យើងនឹងស្រឡាញ់ឡូរូ‌ហាម៉ា

យើងនឹងហៅឡូអាំ‌មីថា

“ប្រជា‌រាស្ដ្ររបស់យើង”

ហើយគេនឹងពោលមកយើងថា

“ព្រះនៃទូលបង្គំ!”។