1 បូជាចារ្យអើយ ចូរស្ដាប់សេចក្ដីនេះ!
ពូជពង្សអ៊ីស្រាអែលអើយ ចូរផ្ចង់ចិត្ត!
ញាតិវង្សរបស់ស្ដេចអើយ ចូរត្រង់ត្រាប់ស្ដាប់!
គឺអ្នករាល់គ្នាហើយ ដែលត្រូវរកយុត្តិធម៌
ផ្ទុយទៅវិញ អ្នករាល់គ្នាដាក់អន្ទាក់នៅមីសប៉ា
អ្នករាល់គ្នាបោះសំណាញ់នៅភ្នំតាបោរ
2 អ្នករាល់គ្នាជីករណ្ដៅដ៏ជ្រៅនៅគីទីម
យើងនឹងវាយប្រដៅអ្នកទាំងអស់គ្នាពុំខាន។
3 យើងស្គាល់អេប្រាអ៊ីមយ៉ាងច្បាស់
យើងមើលអ៊ីស្រាអែលធ្លុះទាំងអស់។
អេប្រាអ៊ីមអើយ អ្នកបានប្រព្រឹត្តអំពើពេស្យាចារ
ដែលធ្វើឲ្យអ៊ីស្រាអែលទៅជាសៅហ្មង។
4 អំពើដែលពួកគេប្រព្រឹត្ត
រារាំងពួកគេមិនឲ្យវិលត្រឡប់មករក
ព្រះរបស់ខ្លួនវិញបានឡើយ
ដ្បិតពួកគេគិតតែពីប្រព្រឹត្តអំពើពេស្យាចារ
ពួកគេពុំស្គាល់ព្រះអម្ចាស់ទេ។
5 អំនួតរបស់អ៊ីស្រាអែលចោទប្រកាន់ខ្លួនឯង
អ៊ីស្រាអែល និងអេប្រាអ៊ីម ជំពប់ដួល
ព្រោះតែកំហុសរបស់ខ្លួន
ហើយយូដាក៏ជំពប់ដួលជាមួយពួកគេដែរ។
6 ពួកគេនាំគ្នាស្វែងរកព្រះអម្ចាស់
ដោយយកចៀម និងគោទៅជាមួយ
ដើម្បីថ្វាយយញ្ញបូជា
តែពួកគេរកព្រះអង្គពុំឃើញឡើយ
ព្រោះព្រះអង្គបោះបង់ចោលពួកគេហើយ។
7 ពួកគេបានក្បត់ព្រះអម្ចាស់
ដោយបង្កើតកូនឥតខាន់ស្លា។
ឥឡូវនេះ បុណ្យចូលខែថ្មីក្លាយទៅជា
មហន្តរាយដល់ពួកគេ និងទឹកដីរបស់ពួកគេ។
សង្គ្រាមផ្ទៃក្នុងរវាងអ៊ីស្រាអែល និងយូដា
8 ចូរផ្លុំស្នែងប្រកាសសឹកនៅគីបៀរ!
ចូរផ្លុំត្រែប្រកាសភាពអាសន្ននៅរ៉ាម៉ា!
ចូរស្រែកហ៊ោនៅបេតអាវេន!
បេនយ៉ាមីន ចូរប្រយ័ត្នខាងក្រោយខ្នងអ្នក!
9 នៅថ្ងៃព្រះជាម្ចាស់ដាក់ទោស
អេប្រាអ៊ីមនឹងត្រូវវិនាសអន្តរាយ។
យើងប្រាប់ដំណឹងដ៏ពិតឲ្យកុលសម្ព័ន្ធនានា
នៃជនជាតិអ៊ីស្រាអែលដឹងជាមុន។
10 មេដឹកនាំរបស់ជនជាតិយូដាប្រៀបបាននឹង
អស់អ្នកដែលបង្ខិតបង្គោលរបង
យើងនឹងជះកំហឹងរបស់យើងលើពួកគេ
ដូចទឹកហូរយ៉ាងខ្លាំង។
11 អេប្រាអ៊ីមរងនូវការវិនិច្ឆ័យទោស
ហើយត្រូវគេជិះជាន់សង្កត់សង្កិន
ព្រោះអេប្រាអ៊ីមរត់ទៅពឹងពាក់លើអ្វីៗ
ដែលឥតបានការ ។
12 រីឯយើងវិញ យើងប្រៀបបាននឹងអង្គែ
ដែលស៊ីពួកអេប្រាអ៊ីម
ហើយដូចដំបៅស៊ីរូងពួកយូដា។
13 អេប្រាអ៊ីមឃើញរោគរបស់ខ្លួន
យូដាក៏ឃើញដំបៅរបស់ខ្លួនដែរ
ដូច្នេះ អេប្រាអ៊ីមទៅពឹងស្រុកអាស្ស៊ីរី
គេចាត់អ្នកនាំសារឲ្យទៅគាល់ព្រះចៅអធិរាជ
ប៉ុន្តែ ស្ដេចនោះពុំអាចកែរោគអ្នករាល់គ្នា
ឬព្យាបាលដំបៅអ្នករាល់គ្នា
ឲ្យជាសះបានឡើយ។
14 យើងប្រៀបដូចសិង្ហដែលប្រហារអេប្រាអ៊ីម
និងដូចសិង្ហស្ទាវហែកកូនចៅយូដាស៊ី
គឺយើងនេះហើយដែលហែកពួកគេ
រួចយើងចាកចេញទៅ
ទាំងពាំពួកគេយកទៅជាមួយ
ឥតមាននរណាអាចរំដោះពួកគេបានឡើយ។
15 យើងនឹងវិលទៅដំណាក់របស់យើងវិញ
រហូតទាល់តែពួកគេសារភាពថាខ្លួនខុស
ហើយស្វែងរកយើង។
នៅពេលមានអាសន្ន
ពួកគេនឹងវិលមករកយើងវិញជាមិនខាន។