ហូសេ 13

ការវិនាសរបស់ប្រជា‌ជនដែលបះ‌បោរប្រឆាំងនឹងព្រះ‌អម្ចាស់

1 ពេលអេប្រាអ៊ីមហាមាត់និយាយ

ប្រជា‌ជនញ័ររន្ធត់គ្រប់ៗគ្នា

អេប្រាអ៊ីមជាមេដឹកនាំរបស់ស្រុកអ៊ីស្រា‌អែល

ប៉ុន្តែ គេមានទោស ព្រោះតែគោរពព្រះបាល

ហើយគេក៏បាត់បង់ជីវិត។

2 ឥឡូវនេះ ពួកគេនៅតែប្រព្រឹត្តអំពើបាប

ដោយយកប្រាក់មកសូនធ្វើរូបបដិមា

តាមទេព‌កោសល្យរបស់ខ្លួន សម្រាប់ថ្វាយ‌បង្គំ។

រូបទាំងនោះសុទ្ធតែជាស្នាដៃរបស់ជាង

ប៉ុន្តែ ពួកគេនាំគ្នាពោលថា

“យើងត្រូវធ្វើយញ្ញ‌បូជាមនុស្សថ្វាយព្រះនេះ!”

តើមនុស្សអាចថើបរូបគោដូច្នេះកើតឬ?

3 ហេតុនេះ ពួកគេនឹងប្រៀបដូចជាអ័ព្ទ

នៅពេលព្រលឹម

ដូចទឹកសន្សើមនៅពេលព្រឹក

ដែលបាត់ទៅវិញយ៉ាងឆាប់ៗ

ដូចកម្ទេចចំបើងប៉ើងចេញពីលានបោកស្រូវ

និងដូចផ្សែងហុយចេញពីរោងបាយ។

4 ចំណែកឯយើងវិញ

យើងជាព្រះ‌អម្ចាស់ជាព្រះរបស់អ្នក

តាំងពីស្រុកអេស៊ីប អ្នកមិនស្គាល់ព្រះណាផ្សេង

ទៀតក្រៅពីយើងទេ

ក្រៅពីយើង ក៏គ្មានព្រះ‌សង្គ្រោះណាដែរ។

5 យើងបានថែទាំអ្នកនៅវាលរហោ‌ស្ថាន

នៅលើទឹកដីហួត‌ហែង។

6 ពេលពួកគេមកដល់កន្លែងសម្បូណ៌‌សប្បាយ

ពួកគេបរិភោគយ៉ាងឆ្អែត‌ឆ្អន់។

ពេលពួកគេបរិភោគយ៉ាងឆ្អែត‌ឆ្អន់

ពួកគេវាយ‌ឫកខ្ពស់

ហេតុនេះហើយបានជាពួកគេបំភ្លេចយើង។

7 យើងនឹងប្រែក្លាយដូចជាសិង្ហ

និងដូចខ្លា‌រខិននៅតាមផ្លូវ

យើងឃ្លាំមើល ដើម្បីសង្គ្រប់លើពួកគេ។

8 យើងនឹងប្រហារពួកគេយ៉ាងសាហាវ

ដូចខ្លា‌ឃ្មុំញីបាត់កូន។

យើងនឹងហែកទ្រូងពួកគេ

យើងហែកពួកគេស៊ី ដូចសិង្ហញីត្របាក់លេប

ហើយសត្វព្រៃនឹងមកហែកស៊ីសាក‌សព

របស់ពួកគេ។

9 អ៊ីស្រា‌អែលអើយ ដោយអ្នកប្រឆាំងនឹងយើង

អ្នកនឹងត្រូវវិនាសពុំ‌ខាន!

គ្មាននរណាអាចជួយអ្នកបានទេ!

10 តើស្ដេចរបស់អ្នកនៅឯណា

ម្ដេចក៏មិនឃើញមកជួយសង្គ្រោះអ្នក

នៅតាមក្រុងទាំងប៉ុន្មាន?

រីឯពួកចៅហ្វាយ ដែលអ្នកធ្លាប់ពោលទៅគេថា

“សូមតែងតាំងស្ដេច និងមេដឹកនាំ

ឲ្យគ្រប់‌គ្រងលើយើង”

តើអ្នកទាំងនោះទៅណាអស់ហើយ។

11 យើងបានប្រគល់ស្ដេចឲ្យអ្នក ទាំងខឹង

យើងដកស្ដេចនោះវិញ ទាំងក្រេវ‌ក្រោធ។

12 កំហុស និងអំពើបាបរបស់អេប្រាអ៊ីម

មានកត់‌ត្រាទុកយ៉ាងច្បាស់លាស់ណាស់។

13 ពួកគេនឹងឈឺចុកចាប់ ដូចនៅពេលសម្រាលកូន

ពួកគេជាកូនល្ងី‌ល្ងើ ដ្បិតដល់ពេលកើត

វាពុំព្រមចេញពីផ្ទៃម្ដាយមកទេ។

14 តើយើងគួររំដោះពួកគេពីស្ថាន‌មច្ចុរាជឬ?

តើយើងគួរលោះពួកគេឲ្យរួចពីស្លាប់ឬ?

មច្ចុរាជអើយ មហន្ត‌រាយរបស់ឯងនៅឯណា?

ស្ថានមច្ចុរាជអើយ

អំណាចប្រហារជីវិតរបស់ឯងនៅឯណា?

យើងលែងមានចិត្តអាណិតមេត្តាទៀតហើយ។

15 ទោះបីអេប្រាអ៊ីមរីកចម្រើនឡើង

នៅក្នុងចំណោមបង‌ប្អូនរបស់ខ្លួនក្ដី

គង់តែនឹងមានខ្យល់បក់ពីទិសខាងកើត

គឺខ្យល់របស់ព្រះ‌អម្ចាស់បក់ពីវាលរហោ‌ស្ថាន

ធ្វើឲ្យប្រភពទឹករបស់អេប្រាអ៊ីមរីងស្ងួត

ហើយអណ្ដូងរបស់គេក៏រីងអស់ដែរ។

សត្រូវនឹងរឹបអូសយកទ្រព្យដ៏មានតម្លៃ

ទាំងប៉ុន្មានពីក្នុងឃ្លាំង។

16 អ្នកក្រុងសាម៉ារីនឹងទទួលទោស

ព្រោះគេបានបះ‌បោរ

ប្រឆាំងនឹងព្រះរបស់ខ្លួន។

ពួកគេនឹងដួលស្លាប់ដោយមុខដាវ

ខ្មាំងនឹងជាន់កម្ទេចកូនក្មេង

ហើយវះពោះស្ត្រីមានគភ៌។