ហូសេ 14

ព្រះ‌បន្ទូលសន្យា

1 អ៊ីស្រា‌អែលអើយ!

ចូរវិលត្រឡប់មករកព្រះ‌អម្ចាស់

ជាព្រះរបស់អ្នកវិញ

ដ្បិតអំពើបាបរបស់អ្នក ធ្វើឲ្យអ្នកដួល។

2 ចូរនាំគ្នាវិលត្រឡប់មករកព្រះ‌អម្ចាស់វិញ

ដោយរៀបចំពាក្យសម្ដី ហើយទូលព្រះ‌អង្គថា:

សូមលើក‌លែងទោសទាំងប៉ុន្មានឲ្យយើងខ្ញុំ

សូមមេត្តាទទួលពាក្យសរសើរតម្កើងរបស់យើងខ្ញុំ

ទុកជាយញ្ញ‌បូជាជំនួសគោបា។

3 ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងខ្ញុំបានទេ

យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ

យើងខ្ញុំលែងហៅរូបព្រះ

ដែលជាស្នាដៃរបស់យើងខ្ញុំថាជា

“ព្រះរបស់យើងខ្ញុំ” ទៀតហើយ។

មានតែព្រះ‌អង្គទេ ដែលមានព្រះ‌ហឫទ័យ

អាណិត‌អាសូរដល់ជនកំព្រា។

4 «យើងនឹងព្យាបាលចិត្តក្បត់របស់ពួកគេ

ឲ្យបានជាសះ‌ស្បើយ

គឺយើងនឹងស្រឡាញ់គេដោយស្មោះអស់ពីចិត្ត

ដ្បិតយើងលែងខឹងនឹងគេទៀតហើយ។

5 យើងនឹងឲ្យពរដល់ប្រជា‌ជនអ៊ីស្រា‌អែល

ដូចទឹកសន្សើមធ្លាក់ចុះមក

ពួកគេនឹងរីកស្គុស‌ស្គាយដូចផ្កាចន្ធូ

ពួកគេនឹងចាក់ឫសដូចដើមឈើនៅ

ស្រុកលីបង់។

6 ពួកគេបែកមែកសាខា ល្អដូចដើមអូលីវ

និងមានគន្ធ‌ពិដោរក្រអូប

ដូចព្រៃនៅស្រុកលីបង់។

7 អស់អ្នកដែលធ្លាប់ជ្រកនៅក្រោម

ម្លប់ដើមឈើនេះ នឹងវិលត្រឡប់មកវិញ។

ពួកគេនឹងធ្វើស្រែចម្ការសាជាថ្មី

ពួកគេនឹងចម្រុង‌ចម្រើនដូចដើមទំពាំង‌បាយជូរ

ហើយមានឈ្មោះល្បី‌ល្បាញដូចស្រា

នៅស្រុកលីបង់។

8 អេប្រាអ៊ីមអើយ! តើអ្នកលែងប្រដូចយើង

ទៅនឹងព្រះក្លែង‌ក្លាយហើយឬនៅ?

គឺយើងនេះហើយដែលឆ្លើយតប

និងមើលថែ‌រក្សាអ្នក។

យើងប្រៀបដូចដើមពោធិមានស្លឹកខៀវខ្ចី

យើងនឹងធ្វើឲ្យអ្នកបង្កើតផ្លែបាន»។

9 តើនរណាមានប្រាជ្ញាវាង‌វៃ

អាចពិចារណា យល់សេចក្ដីទាំងនេះបាន?

មាគ៌ារបស់ព្រះ‌អម្ចាស់សុទ្ធតែទៀងត្រង់

មនុស្សសុចរិតនឹងដើរតាមមាគ៌ានេះ

រីឯជនទុច្ចរិតវិញ នឹងជំពប់ជើងដួល

ព្រោះតែមាគ៌ានេះជាមិនខាន។