១ យ៉ូហាន 1

ព្រះ‌បន្ទូលនៃជីវិត

1 ព្រះ‌បន្ទូលដែលផ្ដល់ជីវិត គង់នៅកាលពីដើមដំបូងបង្អស់ យើងបានឮព្រះ‌បន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និងបានពាល់ដោយដៃយើងផ្ទាល់

2 (ដ្បិតជីវិត នេះបានលេចមកឲ្យយើងឃើញ ហើយយើងសូមផ្ដល់សក្ខីភាព និងសូមជូនដំណឹងមកបង‌ប្អូន អំពីជីវិតអស់‌កល្បជា‌និច្ចខដែលបែរទៅរក ព្រះ‌បិតា និងលេចមកឲ្យយើងឃើញ)។

3 យើងសូមជូនដំណឹងអំពីព្រះ‌បន្ទូលដែលយើងបានឃើញ និងបានឮនោះដល់បង‌ប្អូន ដើម្បីឲ្យបង‌ប្អូនបានចូលរួមរស់ជាមួយយើង រីឯយើងវិញ យើងក៏រួមរស់ជាមួយព្រះ‌បិតា និងជាមួយព្រះ‌យេស៊ូគ្រិស្ដ* ជាព្រះ‌បុត្រារបស់ព្រះ‌អង្គ។

4 យើងសរសេរសេចក្ដីទាំងនេះមកជូនបង‌ប្អូន ដើម្បីឲ្យយើងមានអំណរពេញលក្ខណៈ។

ព្រះ‌ជា‌ម្ចាស់ជាពន្លឺ

5 ដំណឹងដែលយើងបានឮពីព្រះ‌យេស៊ូ‌គ្រិស្ដ* ហើយយកមកជម្រាបជូនបង‌ប្អូននេះ មានសេចក្ដីដូចតទៅ: ព្រះ‌ជា‌ម្ចាស់ជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងព្រះ‌អង្គទាល់តែសោះ។

6 ប្រសិនបើយើងពោលថា យើងរួមរស់ជាមួយព្រះ‌អង្គ តែយើងបែរជារស់ ក្នុងសេចក្ដីងងឹតទៅវិញនោះ យើងនិយាយកុហកហើយ គឺយើងមិនប្រតិបត្តិតាមសេចក្ដីពិតទេ។

7 ប៉ុន្តែ ប្រសិនបើយើងរស់ឃក្នុងពន្លឺ ដូចព្រះ‌អង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះ‌លោហិតរបស់ព្រះ‌យេស៊ូ ជាព្រះ‌បុត្រារបស់ព្រះ‌អង្គជម្រះយើងឲ្យបានបរិសុទ្ធ* រួចពីគ្រប់អំពើបាបទាំងអស់។

អំពើបាប និងការអត់‌ទោស

8 ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។

9 ប៉ុន្តែ បើយើងទទួលសារ‌ភាពអំពើបាបរបស់យើង នោះព្រះ‌ជា‌ម្ចាស់ដែលមានព្រះ‌ហឫទ័យស្មោះ‌ស្ម័គ្រ និងសុចរិត* ទ្រង់នឹងអត់‌ទោសយើងឲ្យរួចពីបាប ព្រមទាំងជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។

10 ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះដូចជាយើងចោទថា ព្រះ‌ជា‌ម្ចាស់កុហកទៅវិញ ហើយព្រះ‌បន្ទូលរបស់ព្រះ‌អង្គមិនស្ថិតនៅក្នុងខ្លួនយើងទេ។

—https://d1b84921e69nmq.cloudfront.net/364/32k/1JN/1-731deeb542c988699515253657613d30.mp3?version_id=85—