យ៉ូអែល 2

ថ្ងៃរបស់ព្រះ‌អម្ចាស់

1 ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន!

ចូរនាំគ្នាស្រែកហ៊ោនៅលើភ្នំដ៏‌វិសុទ្ធ

របស់ព្រះ‌ជាម្ចាស់!

ចូរឲ្យអ្នកស្រុកទាំងអស់ញ័ររន្ធត់!

ដ្បិតថ្ងៃរបស់ព្រះ‌អម្ចាស់កំពុងតែមក

ថ្ងៃនោះនៅជិតបង្កើយ។

2 ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ

ជាថ្ងៃដែលមានពពក និងចុះអ័ព្ទ។

ហ្វូងកណ្ដូបដ៏ច្រើនលើស‌លប់

ប្រៀបបាននឹងកង‌ទ័ពខ្លាំងពូកែ

កំពុងតែចូលមក ដូចពន្លឺនៅពេលថ្ងៃរះ

ចាំងមកលើភ្នំ។

តាំងពីដើមមកមិនដែលមានដូច្នេះទេ

ហើយនៅពេលខាងមុខ រហូតតរៀងទៅ

ក៏មិនមានទៀតដែរ។

3 នៅពីមុខពួកវា មានដូចជាភ្លើងឆាប‌ឆេះ

នៅពីក្រោយ មានដូចជាអណ្ដាតភ្លើងដែល

ឆេះបំផ្លាញទាំងអស់

នៅមុខពួកវា ស្រុកប្រៀបដូចជាសួនអេដែន

លុះពួកវាឆ្លងផុត ស្រុកនោះប្រៀបដូចជា

វាលរហោ‌ស្ថានដ៏ហួត‌ហែង

គឺគ្មានអ្វីគេចផុតពីពួកវាបានទេ។

4 ពួកវាប្រៀបបីដូចជាទ័ពសេះ

ពួកវាបោលទៅមុខដូចកង‌ពលសេះ

5 សន្ធឹករបស់ពួកវាឮដូចសន្ធឹករទេះចំបាំង

ដែលបោះ‌ពួយទៅមុខនៅលើកំពូលភ្នំ។

សន្ធឹកពួកវាឮសូរដូចភ្លើងឆាប‌ឆេះចំបើង។

ពួកវាប្រៀបបីដូចជាកង‌ទ័ពដ៏ខ្លាំងពូកែ

តំរៀបគ្នាចូលប្រយុទ្ធ។

6 ជាតិសាសន៍នានាញ័ររន្ធត់នៅមុខពួកវា

មនុស្សគ្រប់ៗគ្នាមានទឹកមុខស្លេក‌ស្លាំង។

7 ពួកវារត់ទៅមុខដូចទាហានដ៏អង់‌អាច

ពួកវាឡើងកំពែងដូចអ្នកចំបាំងដ៏ពូកែ

ម្នាក់ៗសម្រុកទៅមុខ

ដោយឥតងាកចេញពីផ្លូវរបស់ខ្លួន។

8 គ្មាននរណារុញអ្នកដែលនៅក្បែរខ្លួនទេ

គឺម្នាក់ៗសម្រុកទៅមុខយ៉ាងត្រង់

ពួកវាលោតឆ្លងឧបសគ្គទាំង‌ឡាយ

ដោយឥតបែកចេញពីជួររបស់ខ្លួនឡើយ។

9 ពួកវាសម្រុកចូលទៅក្នុងទីក្រុង

រត់នៅលើកំពែងក្រុង

ឡើងតាមបង្អួចចូលទៅក្នុងផ្ទះនានា

ដូចចោរចូលលួច។

10 ផែនដីញ័រនៅមុខពួកវា

ផ្ទៃមេឃក៏កក្រើករំពើក

ព្រះ‌អាទិត្យ និងព្រះ‌ច័ន្ទបាត់រស្មី

ហើយផ្កាយទាំង‌ឡាយនឹងលែងមានពន្លឺ។

11 ព្រះ‌អម្ចាស់ចេញបញ្ជាទៅកង‌ទ័ពរបស់ព្រះ‌អង្គ

ដែលមានចំនួនច្រើនលើស‌លប់ និងខ្លាំងពូកែ។

ពួកវាធ្វើតាមបញ្ជារបស់ព្រះ‌អង្គ

ដ្បិតថ្ងៃរបស់ព្រះ‌អម្ចាស់ជាថ្ងៃដ៏មហិមា

និងគួរឲ្យស្ញែងខ្លាច

គ្មាននរណាអាចទ្រាំ‌ទ្របានឡើយ។

ការកែប្រែចិត្តគំនិត ដោយតមអាហារ

12 «ឥឡូវនេះ ចូរនាំគ្នាវិលមករកយើង

ដោយស្មោះអស់ពីចិត្ត

ចូរតមអាហារ យំសោក ហើយកាន់ទុក្ខ»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

13 ចូរកែប្រែចិត្តគំនិត

កុំហែកតែសម្លៀក‌បំពាក់ប៉ុណ្ណោះ!

ចូរវិលមករកព្រះ‌អម្ចាស់

ជាព្រះរបស់អ្នករាល់គ្នាវិញ

ដ្បិតព្រះ‌អង្គតែងតែប្រណីសន្ដោស

ព្រះ‌អង្គមានព្រះ‌ហឫទ័យអាណិត‌អាសូរ

ព្រះ‌អង្គមានព្រះ‌ហឫទ័យអត់‌ធ្មត់

ពោរ‌ពេញដោយព្រះ‌ហឫទ័យមេត្តា‌ករុណា

ព្រះ‌អង្គមិនសព្វព្រះ‌ហឫទ័យដាក់ទោសទេ។

14 ដូច្នេះ ប្រហែលជាព្រះ‌អង្គលែង

ដាក់ទោសអ្នករាល់គ្នា

ហើយប្រទានពរដល់អ្នករាល់គ្នាវិញ

គឺអ្នករាល់គ្នានឹងមានម្សៅ

ស្រាទំពាំង‌បាយជូរ និងប្រេង

ថ្វាយព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។

15 ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន!

ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈ

ហើយប្រកាសពិធីបុណ្យយ៉ាងឱឡា‌រិក!

16 ចូរហៅប្រជា‌ជនមកជួប‌ជុំគ្នា

ជាអង្គប្រជុំដ៏‌វិសុទ្ធ

ចូរប្រមូលពួកចាស់ទុំឲ្យមកជួប‌ជុំគ្នា

ចូរប្រមូលផ្ដុំកូនក្មេង

សូម្បីតែក្មេងដែលនៅបៅក៏ឲ្យវាមកដែរ!

ចូរឲ្យគូស្វាមីភរិយាថ្មោង‌ថ្មីចេញពីបន្ទប់!

17 ចូរឲ្យក្រុមបូជា‌ចារ្យជាអ្នកបម្រើព្រះ‌អម្ចាស់

នាំគ្នាយំសោកនៅចន្លោះក្លោងទ្វារ

និងអាសនៈ ទាំងពោលថា:

ព្រះ‌អម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំ

ដែលជាប្រជា‌រាស្ត្ររបស់ព្រះ‌អង្គផង!

សូមកុំបណ្ដោយឲ្យប្រជា‌ជាតិដទៃ

ប្រមាថមាក់‌ងាយ និងចំអកដាក់ប្រជា‌រាស្ត្រ

របស់ព្រះ‌អង្គផ្ទាល់នោះឡើយ។

សូមកុំបណ្ដោយឲ្យជាតិសាសន៍ទាំង‌ឡាយ

ពោលថា “តើព្រះរបស់ពួកគេនៅឯណា”?

ព្រះ‌បន្ទូលសន្យា

18 ព្រះ‌អម្ចាស់មានព្រះ‌ហឫទ័យស្រឡាញ់ស្រុក

របស់ព្រះ‌អង្គខ្លាំងណាស់

ព្រះ‌អង្គអាណិត‌អាសូរប្រជា‌ជនរបស់ព្រះ‌អង្គ។

19 ព្រះ‌អម្ចាស់ឆ្លើយតបនឹងពាក្យទូល‌អង្វររបស់ពួកគេ

ព្រះ‌អង្គមានព្រះ‌បន្ទូលមកពួកគេថា:

«មើល៍!យើងនឹងផ្ដល់ស្រូវ ស្រាទំពាំង‌បាយជូរថ្មី

និងប្រេងឲ្យអ្នករាល់គ្នា

អ្នករាល់គ្នានឹងបានសម្បូណ៌ហូរ‌ហៀរ

យើងនឹងមិនប្រគល់អ្នករាល់គ្នាទៅឲ្យ

ប្រជា‌ជាតិដទៃប្រមាថមាក់‌ងាយឡើយ។

20 យើងបណ្ដេញខ្មាំងសត្រូវដែលមកពីស្រុក

ខាងជើងឲ្យចេញឆ្ងាយពីអ្នករាល់គ្នា

យើងនឹងកំចាត់ពួកគេឲ្យទៅនៅ

វាលរហោ‌ស្ថានដ៏ស្ងួតហួត‌ហែង។

យើងនឹងបោះជួរទ័ពរបស់គេដែលនៅខាងមុខ

ទៅក្នុងសមុទ្រខាងកើត

ហើយជួរទ័ពដែលនៅខាងក្រោយ

ទៅក្នុងសមុទ្រខាងលិច។

សាក‌សពរបស់ពួកគេនឹងចោលក្លិនអសោច

ក្លិនគំរង់របស់ពួកគេក៏សាយឡើងដែរ

ដ្បិតពួកគេបានប្រព្រឹត្តអំពើដ៏ព្រៃ‌ផ្សៃបំផុត»។

21 ទឹកដីអើយ ចូរកុំភ័យបារម្ភអ្វី

ចូរត្រេកអរសប្បាយរីក‌រាយឡើង

ដ្បិតព្រះ‌អម្ចាស់បានធ្វើការដ៏អស្ចារ្យបំផុត!

22 សត្វព្រៃទាំង‌ឡាយអើយ ចូរកុំភ័យបារម្ភអ្វី

ដ្បិតវាលស្មៅនឹងមានស្មៅដុះខៀវខ្ចីឡើងវិញ

ដើមឈើនឹងមានផ្លែ

ហើយដើមឧទុម្ពរ និងចម្ការទំពាំង‌បាយជូរ

ក៏បង្កើតភោគ‌ផលឡើងវិញដែរ។

23 អ្នករាល់គ្នាជាប្រជា‌ជននៅក្រុងស៊ីយ៉ូនអើយ

ចូរអរសប្បាយរីក‌រាយឡើង

ដ្បិតព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា

ប្រទានទឹកភ្លៀងមកសង្គ្រោះអ្នករាល់គ្នាហើយ!

ព្រះ‌អង្គបង្អុរភ្លៀងមកឲ្យអ្នករាល់គ្នា

តាំងពីដើមរដូវរហូតដល់ចុងរដូវ

ដូចកាលពីមុនដែរ។

24 លានបោកស្រូវនឹងមានពោរ‌ពេញ

ដោយស្រូវឡើងវិញ

ហើយពាងក៏មានស្រាទំពាំង‌បាយជូរថ្មី

និងប្រេង ពេញហូរ‌ហៀរឡើងវិញដែរ។

25 រីឯភោគ‌ផលរបស់អ្នករាល់គ្នា

ខាតបង់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែល

យើងចាត់ហ្វូងកណ្ដូប ចង្រិត ដង្កូវ និងក្រា

ដូចកង‌ទ័ពមួយយ៉ាងធំ ឲ្យមកស៊ីបង្ហិន

យើងនឹងសងអ្នករាល់គ្នាវិញ។

26 អ្នករាល់គ្នានឹងមានអាហារបរិភោគ

យ៉ាងឆ្អែតបរិបូណ៌

រួចអ្នករាល់គ្នាលើកតម្កើងព្រះ‌នាមព្រះ‌អម្ចាស់

ជាព្រះរបស់អ្នករាល់គ្នា

ព្រោះព្រះ‌អង្គបានធ្វើការអស្ចារ្យ

សម្រាប់អ្នករាល់គ្នា។

ពេលនោះ ប្រជា‌រាស្ត្ររបស់យើង

នឹងលែងអាម៉ាស់មុខទៀតហើយ។

27 អ្នករាល់គ្នានឹងទទួលស្គាល់ថា

យើងគង់នៅក្នុងចំណោមជន‌ជាតិអ៊ីស្រា‌អែល

យើងជាព្រះ‌អម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា

ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតទេ

ពេលនោះ ប្រជា‌ជនរបស់យើង

នឹងលែងអាម៉ាស់ទៀតហើយ។

ព្រះ‌អម្ចាស់ចាក់បង្ហូរព្រះ‌វិញ្ញាណលើមនុស្សទាំងអស់

28 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា:

ក្រោយមកទៀត

យើងនឹងចាក់បង្ហូរព្រះ‌វិញ្ញាណរបស់យើង

មកលើមនុស្សលោកទាំងអស់។

កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា

នឹងថ្លែងព្រះ‌បន្ទូល

ពួកចាស់ទុំរបស់អ្នករាល់គ្នានឹងយល់សុបិន‌និមិត្ត

ហើយពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ។

29 ក្រោយមក សូម្បីតែអ្នកបម្រើប្រុសស្រី

ក៏យើងនឹងចាក់បង្ហូរព្រះ‌វិញ្ញាណរបស់យើង

ទៅលើពួកគេដែរ។

30 យើងនឹងសម្តែងឫទ្ធិ‌បាដិហារិយ៍

នៅលើមេឃ និងនៅលើផែនដី

គឺមានឈាម មានភ្លើង និងកំសួលផ្សែង។

31 ពេលថ្ងៃរបស់ព្រះ‌អម្ចាស់មកដល់

គឺជាថ្ងៃដ៏ឧត្ដុង្គ‌ឧត្ដម គួរឲ្យស្ញែងខ្លាច

ព្រះ‌អាទិត្យនឹងប្រែទៅជាងងឹត បាត់រស្មី

ព្រះ‌ច័ន្ទនឹងប្រែទៅជាឈាម។

32 ពេលនោះ អ្នកណាអង្វររកព្រះ‌នាម

ព្រះ‌អម្ចាស់អ្នកនោះនឹងទទួលការសង្គ្រោះ។

នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូ‌សាឡឹម

អ្នកខ្លះនឹងគេចផុតពីមហន្ត‌រាយ

ដូចព្រះ‌អម្ចាស់បានសន្យាទុក។

អស់អ្នកដែលព្រះ‌អម្ចាស់ត្រាស់ហៅ

នឹងស្ថិតនៅក្នុងចំណោមអ្នករួចជីវិតទាំងនោះ។