អេម៉ុស 1

1 នេះជាពាក្យរបស់លោកអេម៉ុស ជាអ្នកចិញ្ចឹមសត្វនៅភូមិត្កូអា រៀបរាប់អំពីនិមិត្ត‌ហេតុអស្ចារ្យដែលលោកបានឃើញ ស្ដីអំពីស្រុកអ៊ីស្រា‌អែល ពីរឆ្នាំមុនរញ្ជួយផែនដី គឺនៅរជ្ជកាលព្រះ‌បាទអូសៀសស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះ‌បាទយេរ៉ូ‌បោម បុត្ររបស់ព្រះ‌បាទយ៉ូអាស ស្ដេចស្រុកអ៊ីស្រា‌អែល។

2 លោកមានប្រសាសន៍ថា:

ព្រះ‌អម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូន

ព្រះ‌អង្គបន្លឺព្រះ‌សូរសៀងពីក្រុងយេរូ‌សាឡឹម

វាលស្មៅរបស់ពួកគង្វាលក៏ក្រៀមស្ងួត

ហើយកំពូលភ្នំកើមែលក៏ហួត‌ហែងអស់ដែរ។

ព្រះ‌បន្ទូលប្រឆាំងនឹងស្រុកស៊ីរី

3 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«ដោយអ្នកក្រុងដាម៉ាស់បានប្រព្រឹត្តអំពើបាប

ផ្ទួនៗគ្នាជាច្រើនដង

យើងនឹងដាក់ទោសពួកគេ ឥតប្រែ‌ប្រួលឡើយ

ព្រោះពួកគេបានកិនកម្ទេចអ្នកស្រុកកាឡាដ

នឹងរនាស់ដែក។

4 ហេតុនេះ យើងនឹងឲ្យភ្លើងឆាប‌ឆេះវាំង

របស់ស្ដេចហាសែល

ព្រមទាំងឆេះកម្ទេចប្រាសាទរបស់

ស្ដេចបេនហា‌ដាដទៀតផង។

5 យើងនឹងបំបាក់រនុកទ្វារក្រុងដាម៉ាស់

យើងនឹងលុបបំបាត់ប្រជា‌ជនឲ្យអស់ពី

ជ្រលងភ្នំ«ទុច្ចរិត»

ព្រមទាំងទម្លាក់អ្នកកាន់កាប់អំណាច

ឲ្យបាត់អស់ពីក្រុង«សប្បាយ»

ហើយអ្នកស្រុកស៊ីរីនឹងត្រូវគេកៀរយកទៅជាឈ្លើយនៅស្រុកគៀរ»។

នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

ព្រះ‌បន្ទូលប្រឆាំងនឹងស្រុកភីលីស្ទីន

6 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«ដោយអ្នកក្រុងកាសាបានប្រព្រឹត្តអំពើបាប

ផ្ទួនៗគ្នាជាច្រើនដង

យើងនឹងដាក់ទោសពួកគេ ឥតប្រែ‌ប្រួលឡើយ

ព្រោះពួកគេបានចាប់ប្រជា‌ជនទាំងភូមិៗ

យកទៅលក់ឲ្យជន‌ជាតិអេដុម។

7 ហេតុនេះ យើងនឹងឲ្យភ្លើងឆាប‌ឆេះ

កំពែងក្រុងកាសា

ព្រមទាំងឆេះកម្ទេចប្រាសាទ

របស់ក្រុងនោះផង។

8 យើងនឹងដកប្រជា‌ជនទាំងអស់

ចេញពីក្រុងអាស‌ដូឌ

ព្រមទាំងដកអ្នកកាន់កាប់អំណាច

ចេញពីក្រុងអាស្កា‌ឡូន។

យើងនឹងប្រហារក្រុងអេក្រុន

ហើយអ្នកស្រុកភីលីស្ទីនដែលនៅសេស‌សល់

នឹងត្រូវវិនាស»

នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

ព្រះ‌បន្ទូលប្រឆាំងនឹងក្រុងទីរ៉ុស

9 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាប

ផ្ទួនៗគ្នាជាច្រើនដង

យើងនឹងដាក់ទោសពួកគេ ឥតប្រែ‌ប្រួលឡើយ

ព្រោះពួកគេប្រគល់ប្រជា‌ជនទាំងភូមិៗ

ឲ្យពួកអេដុមកៀរយកទៅ

ដោយឥតគោរពសន្ធិ‌សញ្ញា

ដែលខ្លួនបានចុះជាមួយអ៊ីស្រា‌អែលឡើយ។

10 ហេតុនេះ យើងនឹងឲ្យភ្លើងឆាប‌ឆេះ

កំពែងក្រុងទីរ៉ុស ព្រមទាំងឆេះកម្ទេច

ប្រាសាទរបស់ក្រុងនោះផង។

ព្រះ‌បន្ទូលប្រឆាំងនឹងស្រុកអេដុម

11 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា:

ដោយអ្នកស្រុកអេដុមបានប្រព្រឹត្តអំពើបាប

ផ្ទួនៗគ្នាជាច្រើនដង

យើងនឹងដាក់ទោសពួកគេ ឥតប្រែ‌ប្រួលឡើយ

ព្រោះពួកគេបានដេញប្រហារបង‌ប្អូនរបស់ខ្លួន

ដោយមុខដាវ ឥតត្រាប្រណី។

ពួកគេគិតតែពីបំផ្លាញ តាមកំហឹងរបស់ខ្លួន

ហើយចងគំនុំឥតឈប់‌ឈរឡើយ។

12 ហេតុនេះ យើងនឹងឲ្យភ្លើងឆាប‌ឆេះ

ក្រុងថេម៉ាន ព្រមទាំងឆេះកម្ទេចប្រាសាទ

របស់ក្រុងបូសរ៉ាផង»។

ព្រះ‌បន្ទូលប្រឆាំងនឹងស្រុកអាំម៉ូន

13 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«ដោយអ្នកស្រុកអាំម៉ូនបានប្រព្រឹត្តអំពើបាប

ផ្ទួនៗគ្នាជាច្រើនដង

យើងនឹងដាក់ទោសពួកគេ ឥតប្រែ‌ប្រួលឡើយ

ព្រោះពួកគេបានវះពោះស្ត្រីមានគភ៌

នៅស្រុកកាឡាដ

ដើម្បីវាតទឹកដីរបស់ខ្លួន។

14 ហេតុនេះ យើងនឹងបញ្ឆេះភ្លើង

ដុតកំពែងក្រុងរ៉ាបាត

ព្រមទាំងដុតកម្ទេចប្រាសាទរបស់ក្រុងនោះ

នៅថ្ងៃមានចំបាំង មានសម្រែកសឹកសង្គ្រាម

និងមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង។

15 ស្ដេច និងមេដឹកនាំរបស់ពួកគេ

នឹងត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក»

នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។