យ៉ូណាស 2

លោកយ៉ូណាសនៅក្នុងពោះត្រី

1 ពេលនោះព្រះ‌អម្ចាស់ចាត់ត្រីមួយយ៉ាងធំឲ្យមកលេបលោកយ៉ូណាស លោកក៏ស្ថិតនៅក្នុងពោះត្រីនោះ អស់រយៈពេលបីថ្ងៃបីយប់ ។

2 នៅក្នុងពោះត្រី លោកអង្វរព្រះ‌អម្ចាស់ជាព្រះរបស់លោក។

3 លោកពោលថា៖

«ពេលទូលបង្គំមានអាសន្ន

ទូលបង្គំអង្វររកព្រះ‌អម្ចាស់

ព្រះ‌អង្គក៏ឆ្លើយតបមកទូលបង្គំវិញ។

នៅក្នុងស្ថានមច្ចុរាជ

ទូលបង្គំស្រែកហៅព្រះ‌អង្គជួយ

ព្រះ‌អង្គទ្រង់ព្រះ‌សណ្ដាប់ពាក្យរបស់ទូលបង្គំ។

4 ព្រះ‌អង្គបោះទូលបង្គំមកក្នុងបាតសមុទ្រ

ដ៏សែនជ្រៅ

ទឹកមករួប‌រឹតជុំ‌វិញខ្លួនប្រាណទូលបង្គំ។

ព្រះ‌អង្គក៏បញ្ជាឲ្យទឹករលកហូរបក់បោក

មកលើទូលបង្គំដែរ។

5 ទូលបង្គំគិតថា ព្រះ‌អង្គបានដេញទូលបង្គំចេញ

ឆ្ងាយពីព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គហើយ

ប៉ុន្តែ ទូលបង្គំនៅតែសម្លឹងឆ្ពោះទៅរក

ព្រះ‌វិហារដ៏‌វិសុទ្ធរបស់ព្រះ‌អង្គតទៅទៀត។

6 ទឹកសមុទ្របានឡើងដល់ច្រមុះទូលបង្គំ

សេចក្ដីអន្តរាយមករួប‌រឹតទូលបង្គំ

មានសារាយមករុំព័ទ្ធក្បាលទូលបង្គំដែរ។

7 ឱព្រះ‌អម្ចាស់ជាព្រះនៃទូលបង្គំអើយ

ទូលបង្គំបានចុះទៅដល់គ្រឹះនៃភ្នំទាំង‌ឡាយ

ទូលបង្គំជាប់ឃុំក្នុងស្ថានមច្ចុរាជរហូត

តែព្រះ‌អង្គបានលើកទូលបង្គំឡើងពីរណ្ដៅ

ហើយប្រទានឲ្យទូលបង្គំមានជីវិត។

8 ពេលទូលបង្គំស្រយុតចិត្តយ៉ាងខ្លាំងនោះ

ទូលបង្គំនឹកដល់ព្រះ‌អម្ចាស់

ហើយពាក្យអង្វររបស់ទូលបង្គំ

ក៏បានឮទៅដល់ព្រះ‌អង្គ

ឮដល់ព្រះ‌វិហារដ៏‌វិសុទ្ធរបស់ព្រះ‌អង្គ។

9 សូមអស់អ្នកដែលវង្វេងទៅតាមព្រះក្លែង‌ក្លាយ

លែងគោរពបម្រើព្រះទាំងនោះទៅ!

10 រីឯទូលបង្គំវិញ ទូលបង្គំនឹងយកយញ្ញ‌បូជា

មកថ្វាយព្រះ‌អង្គ

ទាំងច្រៀងអរព្រះ‌គុណព្រះ‌អង្គផង។

ទូលបង្គំនឹងថ្វាយតង្វាយ

ស្របតាមពាក្យដែលទូលបង្គំបានបន់

ដ្បិតមានតែព្រះ‌អម្ចាស់ទេ

ដែលសង្គ្រោះទូលបង្គំ»។

11 ពេលនោះព្រះ‌អម្ចាស់បញ្ជាឲ្យត្រីខ្ជាក់លោកយ៉ូណាសចេញទៅលើគោក។