យ៉ូណាស 3

ព្រះ‌ជាម្ចាស់លើក‌លែងទោសឲ្យអ្នកក្រុងនីនីវេ

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយ៉ូណាសម្ដងទៀតថា៖

2 «ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះឲ្យដឹងអំពីសេចក្ដី ដែលយើងនឹងប្រាប់អ្នក!»។

3 លើកនេះ លោកយ៉ូណាសធ្វើតាមព្រះ‌បញ្ជារបស់ព្រះ‌អម្ចាស់គឺលោកក្រោកឡើង ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេជាក្រុងមួយដ៏ធំសំបើមអស្ចារ្យ ត្រូវចំណាយពេលអស់បីថ្ងៃ ទើបដើរកាត់ក្រុងនេះបាន។

4 លោកយ៉ូណាសដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖ «សែ‌សិបថ្ងៃទៀតព្រះ‌អម្ចាស់នឹងបំផ្លាញក្រុងនេះហើយ!»។

5 ពេលនោះ អ្នកក្រុងនីនីវេនាំគ្នាជឿលើព្រះ‌ជាម្ចាស់ ។ ពួកគេប្រកាសឲ្យមនុស្សគ្រប់ៗរូប ចាប់ពីនាម៉ឺនមន្ត្រីរហូតដល់ប្រជា‌ជនតូច‌តាច តមអាហារ និងស្លៀកពាក់កាន់ទុក្ខ។

6 ព្រះមហា‌ក្សត្រនៅក្រុងនីនីវេជ្រាបដំណឹងនេះ ស្ដេចក៏យាងចុះពីរាជបល្ល័ង្ក ដោះព្រះ‌ភូសាចេញ ហើយស្លៀកបាវកាន់ទុក្ខ ព្រមទាំងគង់នៅលើផេះទៀតផង។

7 ព្រះ‌រាជាចេញបញ្ជាឲ្យប្រកាសប្រាប់ប្រជា‌រាស្ត្រក្នុងក្រុងនីនីវេថា៖ «យោងតាមរាជ‌ក្រឹត្យរបស់ព្រះ‌មហា‌ក្សត្រ និងអស់លោកសព្វមុខមន្ត្រី សូមហាមមនុស្សទាំង‌ឡាយមិនឲ្យបរិភោគ ឬផឹកអ្វីឡើយ រីឯសត្វតូចធំក៏ដូច្នោះដែរ។

8 ទាំងមនុស្ស ទាំងសត្វ ត្រូវតែកាន់ទុក្ខ។ ចូរអង្វររកព្រះ‌ជាម្ចាស់ ដោយស្មោះអស់ពីចិត្ត។ ម្នាក់ៗត្រូវតែបោះ‌បង់ចោលកិរិយា‌មារយាទអាក្រក់ និងអំពើឃោរ‌ឃៅ ដែលខ្លួនធ្លាប់ប្រព្រឹត្ត

9 ក្រែងលោព្រះ‌ជាម្ចាស់ប្រែព្រះ‌ហឫទ័យលែងព្រះ‌ពិរោធទាស់នឹងយើង។ ដូច្នេះ យើងនឹងមិនត្រូវវិនាសអន្តរាយឡើយ»។

10 ព្រះ‌ជាម្ចាស់ទតឃើញអំពើដែលពួកគេប្រព្រឹត្ត គឺគេប្រែចិត្តគំនិត លះ‌បង់កិរិយា‌មារយាទអាក្រក់របស់ខ្លួនចោល ព្រះ‌អង្គក៏ប្រែព្រះ‌ហឫទ័យមិនដាក់ទោសពួកគេ ដូចព្រះ‌អង្គបានសម្រេចកាលពីមុននោះទេ ព្រះ‌អង្គមិនបំផ្លាញពួកគេចោលឡើយ។