យ៉ូណាស 4

ព្រះ‌ហឫទ័យមេត្តាករុណារបស់ព្រះ‌ជាម្ចាស់

1 ពេលឃើញដូច្នេះ លោកយ៉ូណាសមិនសប្បាយចិត្តទាល់តែសោះ លោកខឹងយ៉ាងខ្លាំង។

2 លោកទូលព្រះ‌អម្ចាស់ថា៖ «បពិត្រព្រះ‌អម្ចាស់! ឥឡូវនេះ ហេតុ‌ការណ៍កើតមាន ដូចទូលបង្គំបានសង្ស័យ តាំងពីទូលបង្គំនៅស្រុករបស់ទូលបង្គំម៉្លេះ។ ហេតុនេះហើយបានជាទូលបង្គំរត់គេចទៅស្រុកតើស៊ីស ព្រោះទូលបង្គំដឹងច្បាស់ថា ព្រះ‌អង្គជាព្រះប្រកបទៅដោយព្រះ‌ហឫទ័យប្រណី‌សន្ដោស ព្រះ‌អង្គតែងតែអាណិត‌អាសូរ មិនឆាប់ខ្ញាល់ ព្រះ‌អង្គមានព្រះ‌ហឫទ័យមេត្តា‌ករុណា ហើយតែងតែប្រែព្រះ‌ហឫទ័យ មិនព្រមធ្វើទោសគេទេ។

3 បពិត្រព្រះ‌អម្ចាស់! ឥឡូវនេះ សូមព្រះ‌អង្គដកជីវិតទូលបង្គំទៅ ដ្បិតទូលបង្គំចង់ស្លាប់ជាងរស់នៅតទៅមុខទៀត!»។

4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកលោកយ៉ូណាសវិញថា៖ «តើអ្នកខឹងដូច្នេះសមឬមិនសម?»។

5 ខណៈនោះ លោកយ៉ូណាសចេញទៅអង្គុយនៅខាងកើតទីក្រុង។ លោកសង់ខ្ទមមួយតូច ហើយអង្គុយក្រោមម្លប់ រង់‌ចាំមើលព្រឹត្តិ‌ការណ៍ដែលនឹងកើតមានដល់ក្រុងនីនីវេ។

6 ពេលនោះព្រះ‌ជា‌អម្ចាស់ធ្វើឲ្យមានរុក្ខ‌ជាតិមួយដើម ដុះឡើងពីលើលោកយ៉ូណាស ធ្វើជាម្លប់ដល់លោក ដើម្បីកុំឲ្យលោកមួម៉ៅតទៅទៀត។ លោកយ៉ូណាសសប្បាយចិត្តនឹងម្លប់រុក្ខ‌ជាតិនោះណាស់។

7 នៅថ្ងៃបន្ទាប់ មុនពេលថ្ងៃរះ ព្រះ‌ជាម្ចាស់បញ្ជាឲ្យដង្កូវមួយមកស៊ីរុក្ខ‌ជាតិនោះ រុក្ខ‌ជាតិក៏ក្រៀមស្រពោនអស់ទៅ។

8 លុះដល់ថ្ងៃរះ ព្រះ‌ជាម្ចាស់បញ្ជាខ្យល់ឲ្យបក់មកយ៉ាងខ្លាំង ពីទិសខាងកើត ហើយថ្ងៃក៏បញ្ចេញកម្ដៅចាំងមកលើក្បាលលោកយ៉ូណាស ធ្វើឲ្យលោកល្វើយកម្លាំង លោកទូល‌អង្វរសុំស្លាប់ ទាំងពោលថា៖ «ទូលបង្គំចង់ស្លាប់ ជាងរស់នៅតទៅមុខទៀត»។

9 ពេលនោះ ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលមកលោកថា៖ «អ្នកខឹង ព្រោះតែរុក្ខ‌ជាតិនេះ តើសមឬមិនសម?»។ លោកទូលព្រះ‌អង្គវិញថា៖ «បពិត្រព្រះ‌អម្ចាស់ ទូលបង្គំខឹងរហូតដល់ជិតស្លាប់ ដូច្នេះ ត្រឹមត្រូវណាស់!»។

10 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកលោកថា៖ «សូមគិតមើល៍! អ្នកអាណិតរុក្ខ‌ជាតិដែលអ្នកមិនបានហត់‌នឿយដាំវាទាល់តែសោះ។ វាដុះឡើងតែមួយយប់ រួចវិនាសបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។

11 រីឯយើងវិញ តើមិនឲ្យយើងអាណិតក្រុងនីនីវេមហានគរនេះដូចម្ដេចបាន ដ្បិតមានប្រជា‌ជនជាងដប់‌ពីរម៉ឺននាក់ ដែលមិនទាន់ដឹងខុសត្រូវ ព្រមទាំងមានហ្វូងសត្វច្រើនឥតគណនារស់នៅក្នុងក្រុងនេះទៀតផង»។