មីកា 4

ព្រះ‌អម្ចាស់នឹងស្ដារក្រុងយេរូ‌សាឡឹមឡើងវិញ

1 ថ្ងៃក្រោយព្រះ‌អម្ចាស់នឹងលើកភ្នំ

ដែលមានព្រះ‌ដំណាក់របស់ព្រះ‌អង្គ

ដាក់នៅលើកំពូលភ្នំទាំង‌ឡាយ

ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ

ហើយប្រជា‌ជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ

ជាហូរ‌ហែ។

2 ប្រជា‌ជាតិជាច្រើននឹងឡើងទៅភ្នំនោះ

ទាំងពោលថា «ចូរនាំគ្នាមក!

យើងឡើងលើភ្នំរបស់ព្រះ‌អម្ចាស់

យើងឡើងទៅព្រះ‌ដំណាក់នៃព្រះរបស់

លោកយ៉ាកុប។

ព្រះ‌អង្គនឹងបង្រៀនយើងអំពីមាគ៌ារបស់ព្រះ‌អង្គ

ហើយយើងនឹងដើរតាមមាគ៌ានេះ»

ដ្បិតការប្រៀន‌ប្រដៅចេញមកពីក្រុងស៊ីយ៉ូន

ហើយព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

ក៏ចេញមកពីក្រុងយេរូ‌សាឡឹមដែរ។

3 ព្រះ‌អង្គនឹងធ្វើជាចៅ‌ក្រមរវាង

ជាតិសាសន៍ដ៏ច្រើន

ព្រះ‌អង្គនឹងសម្រុះ‌សម្រួលប្រជា‌ជាតិដ៏ខ្លាំងពូកែ

ដែលនៅឆ្ងាយៗ ឲ្យឈប់ទាស់‌ទែងគ្នា។

ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន

មកដំធ្វើជាផាលនង្គ័ល

ហើយយកលំពែងដំធ្វើជាកណ្ដៀវវិញ។

ប្រជា‌ជាតិមួយឈប់ច្បាំងនឹង

ប្រជា‌ជាតិមួយទៀត

ហើយគេក៏លែងហ្វឹក‌ហាត់ធ្វើសង្គ្រាមដែរ។

4 មនុស្ស‌ម្នានឹងរស់នៅយ៉ាងសុខ‌សាន្ត

ក្រោមម្លប់ដើមទំពាំង‌បាយជូរ

និងដើមឧទុម្ពររបស់គេរៀងៗខ្លួន។

គ្មាននរណាមករំខានពួកគេឡើយ

ដ្បិតព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូច្នេះ។

5 ជាតិសាសន៍ទាំងប៉ុន្មាននាំគ្នាដើរតាម

ព្រះរបស់គេរៀងៗខ្លួន

រីឯពួកយើងវិញ យើងនាំគ្នាដើរតាមព្រះ‌អម្ចាស់

ជាព្រះរបស់យើងជា‌និច្ច រហូតតរៀងទៅ។

6 «នៅថ្ងៃនោះ យើងនឹងយកអាសាអ្នករបួស

ដែលដើរពុំរួច

យើងនឹងប្រមូលផ្ដុំអ្នកខ្ចាត់‌ខ្ចាយក្នុងគ្រាដែល

យើងបានធ្វើទោស»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

7 «យើងនឹងឲ្យអ្នករបួសដើរពុំរួច

ក្លាយទៅជាប្រជា‌ជនដែលនៅសេស‌សល់

ហើយធ្វើឲ្យអ្នកដែលខ្ចាត់ព្រាត់

ក្លាយទៅជាប្រជា‌ជាតិដ៏ខ្លាំងពូកែ។

យើងជាព្រះ‌អម្ចាស់នឹងគ្រងរាជ្យលើពួកគេ

នៅភ្នំស៊ីយ៉ូន តាំងពីពេលនេះរហូតតទៅ។

8 រីឯអ្នកវិញ ក្រុងស៊ីយ៉ូនអើយ

អ្នកប្រៀបដូចជាប៉មចាំយាម

និងជាបន្ទាយដ៏រឹង‌មាំ

អ្នកនឹងទទួលអំណាចគ្រប់‌គ្រងដូចពីដើម

យេរូ‌សាឡឹមនឹងធ្វើជារាជ‌ធានីសាជាថ្មី»។

ព្រះ‌អម្ចាស់រំដោះក្រុងយេរូ‌សាឡឹមឲ្យរួចពីឈឺចាប់

9 ឥឡូវនេះ ហេតុអ្វីបានជាអ្នកស្រែកថ្ងូរ

ហេតុអ្វីបានជាអ្នកឈឺចុកចាប់

ដូចស្ត្រីសម្រាលកូនដូច្នេះ?

តើអ្នកគ្មានស្ដេចទេឬ?

តើទីប្រឹក្សារបស់អ្នកទៅណាបាត់អស់ហើយ?

10 ក្រុងស៊ីយ៉ូនអើយ

ចូរឈឺចាប់ និងស្រែកថ្ងូរ

ដូចស្ត្រីសម្រាលកូនទៅ!

ដ្បិតឥឡូវនេះ អ្នកត្រូវចាកចេញពីទីក្រុង

ទៅរស់នៅតាមស្រែចម្ការ

អ្នកនឹងទៅរហូតដល់ស្រុកបាប៊ី‌ឡូន។

នៅទីនេះព្រះ‌អម្ចាស់នឹងរំដោះអ្នក

ព្រះ‌អង្គនឹងលោះអ្នកពីកណ្ដាប់ដៃរបស់ខ្មាំង។

11 ឥឡូវនេះ ប្រជា‌ជាតិជាច្រើន

លើកគ្នាមកវាយប្រហារអ្នក ទាំងបន់ថា:

“សូមឲ្យក្រុងស៊ីយ៉ូនបាត់បង់កិត្តិយស

ដើម្បីឲ្យយើងឃើញក្រុងនេះអន្តរាយ!”។

12 ប៉ុន្តែ ពួកគេពុំស្គាល់ព្រះ‌ហឫទ័យ

របស់ព្រះ‌អម្ចាស់ទេ

ហើយក៏ពុំយល់គម្រោង‌ការរបស់ព្រះ‌អង្គដែរ

ព្រះ‌អង្គប្រមូលពួកគេដូចប្រមូលកណ្ដាប់ស្រូវ

នៅក្នុងលានបោកបែន។

13 «ប្រជា‌ជនក្រុងស៊ីយ៉ូនអើយ

ចូរក្រោកឡើង ជាន់កម្ទេចពួកគេទៅ!

យើងនឹងឲ្យអ្នកមានកម្លាំងខ្លាំង‌ក្លា

ដូចគោដែលមានស្នែងធ្វើពីដែក

ក្រចកជើងធ្វើពីលង្ហិន

អ្នកនឹងជាន់កម្ទេចជាតិសាសន៍ដ៏ច្រើន

ដូចគេបញ្ជាន់ស្រូវ

ហើយញែកជយ‌ភ័ណ្ឌរបស់ពួកគេ

ទុកសម្រាប់យើង ដែលជាព្រះ‌អម្ចាស់

និងញែកទ្រព្យសម្បត្តិរបស់គេទុកសម្រាប់យើង

ដែលជាព្រះ‌អម្ចាស់នៃផែនដីទាំងមូល»។

14 ឥឡូវនេះ អ្នកក្រុងយេរូ‌សាឡឹមអើយ

ចូរអារសាច់របស់ខ្លួនទៅ!

ខ្មាំងសត្រូវឡោម‌ព័ទ្ធពួកយើងហើយ

គេយកដំបងវាយថ្ពាល់មេគ្រប់‌គ្រងរបស់

ជន‌ជាតិអ៊ីស្រា‌អែល។