មីកា 5

ព្រះ‌សង្គ្រោះប្រសូតនៅភូមិបេថ្លេ‌ហិម

1 «បេថ្លេ‌ហិមអេប្រាតាអើយ!

ក្នុងចំណោមអំបូរទាំងប៉ុន្មាន

នៅស្រុកយូដា អ្នកតូចជាងគេមែន

តែមេដឹកនាំដែលត្រូវគ្រប់‌គ្រងលើអ៊ីស្រា‌អែល

ក្នុងនាមយើង នឹងកើតចេញមកពីអ្នក។

លោកនោះមានដើមកំណើត

តាំងពីបុរាណ‌កាលដ៏យូរ‌លង់»។

2 ព្រះ‌ជាម្ចាស់នឹងបោះបង់ចោល

ប្រជា‌ជនអ៊ីស្រា‌អែលមួយរយៈសិន

រហូតដល់ពេលដែលស្ត្រីជាមាតាសម្រាលបុត្រ។

ពេលនោះ បង‌ប្អូនរបស់បុត្រ

ដែលនៅសេស‌សល់ នឹងវិលមកជួប‌ជុំគ្នា

ជាមួយកូនចៅអ៊ីស្រា‌អែលវិញ។

3 ស្ដេចនោះនឹងក្រោកឡើង

ហើយដឹកនាំជន‌ជាតិអ៊ីស្រា‌អែល

ដោយព្រះ‌ចេស្ដារបស់ព្រះ‌អម្ចាស់

និងភាពថ្កុំ‌ថ្កើងនៃព្រះ‌នាមរបស់ព្រះ‌អម្ចាស់

ជាព្រះរបស់លោក។

អ៊ីស្រា‌អែលនឹងរស់នៅដោយសុខ‌សាន្ត

ដ្បិតចាប់ពីពេលនេះទៅ

ស្ដេចនោះមានអំណាចឧត្ដុង្គ‌ឧត្ដម

រហូតដល់ទីដាច់ស្រយាលនៃផែនដី។

4 ស្ដេចនោះហើយដែលផ្ដល់សេចក្ដីសុខ‌សាន្ត!

ប្រសិនបើជន‌ជាតិអាស្ស៊ីរីលើកទ័ពមក

វាយលុកស្រុកយើង

ហើយវាយចូលដល់កំពែងក្រុងរបស់យើង

ពួកយើងនឹងចាត់មេដឹកនាំប្រាំ‌ពីរ ប្រាំបីនាក់

ឲ្យទៅតយុទ្ធនឹងពួកគេ។

5 មេដឹកនាំទាំងនោះនឹងប្រើអាវុធត្រួត‌ត្រាលើ

ស្រុកអាស្ស៊ីរី និងស្រុករបស់នីមរ៉ូដ។

ពេលជន‌ជាតិអាស្ស៊ីរីចូលមកដល់ស្រុកយើង

ដើម្បីឈ្លាន‌ពានទឹកដីរបស់យើង

ស្ដេចនោះនឹងដោះលែងយើងឲ្យរួចពី

កណ្ដាប់ដៃរបស់ពួកគេ។

6 កូនចៅរបស់លោកយ៉ាកុបដែលនៅសេស‌សល់

នឹងរស់នៅក្នុងចំណោមជាតិសាសន៍ជាច្រើន

ដូចជាទឹកសន្សើមមកពីព្រះ‌អម្ចាស់

និងដូចទឹកភ្លៀងស្រោចស្រពលើស្មៅ

ដោយឥតត្រូវការមនុស្សជួយឡើយ។

7 កូនចៅរបស់លោកយ៉ាកុបដែលនៅសេស‌សល់

នឹងរស់នៅក្នុងចំណោមប្រជា‌ជាតិទាំង‌ឡាយ

ហើយស្ថិតនៅក្នុងចំណោមជាតិសាសន៍ជាច្រើន

ដូចសិង្ហស្ថិតនៅក្នុងចំណោមសត្វព្រៃ

និងដូចសិង្ហស្ទាវស្ថិតនៅក្នុងចំណោមហ្វូងចៀម។

ពេលសិង្ហដើរកាត់ វាជាន់កម្ទេច និងហែកស៊ី

ដោយឥតមាននរណាម្នាក់អាចរំដោះ

ឲ្យរួចបានឡើយ។

8 ចូរវាយប្រហារបច្ចា‌មិត្តរបស់អ្នក

ចូរកម្ទេចខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកទៅ!

9 នៅថ្ងៃនោះ យើងនឹងដកហូតសេះរបស់អ្នក

យើងនឹងកម្ទេចរទេះចំបាំងរបស់អ្នក

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

10 «យើងនឹងដកក្រុងទាំង‌ឡាយពីស្រុករបស់អ្នក

យើងនឹងផ្ដួលរំលំកំពែងដ៏រឹង‌មាំ

ទាំងប៉ុន្មានរបស់អ្នក។

11 យើងនឹងដកមន្ត‌អាគមគាថាចេញពីដៃរបស់អ្នក

ហើយអ្នកនឹងលែងមានគ្រូធ្មប់ទៀតដែរ។

12 យើងនឹងដកព្រះក្លែង‌ក្លាយ

និងរូបបដិមាចេញពីចំណោមអ្នក

ហើយអ្នកនឹងលែងថ្វាយ‌បង្គំរូប

ដែលជាស្នា‌ដៃរបស់អ្នកទៀតហើយ។

13 យើងនឹងរំលំបង្គោលព្រះ‌អាសេ‌រ៉ាចេញពីអ្នក

យើងនឹងកម្ទេចក្រុងរបស់អ្នក។

14 យើងនឹងដាក់ទោសប្រជា‌ជាតិនានា

តាមកំហឹងដ៏ខ្លាំង‌ក្លារបស់យើង

ព្រោះពួកគេពុំបានស្ដាប់យើងទេ»។