សាការី 10

មានតែព្រះ‌អម្ចាស់ប៉ុណ្ណោះដែលសង្គ្រោះអ៊ីស្រា‌អែល

1 ចូរទូលសូមព្រះ‌អម្ចាស់ប្រទាន

ទឹកភ្លៀងមកអ្នករាល់គ្នា នៅចុងរដូវ!

ព្រះ‌អម្ចាស់នឹងធ្វើឲ្យមានខ្យល់ព្យុះ

ព្រះ‌អង្គប្រទានទឹកភ្លៀងមកយ៉ាងបរិបូណ៌

ព្រះ‌អង្គធ្វើឲ្យដំណាំលូតលាស់

នៅតាមចម្ការរបស់អ្នករាល់គ្នា។

2 រីឯរូបព្រះក្លែង‌ក្លាយ

ដែលអ្នករាល់គ្នាទៅសាកសួរ

ផ្ដល់តែចម្លើយបោកបញ្ឆោតប៉ុណ្ណោះ

ពួកហោរាថ្លែងអំពីនិមិត្ត‌ហេតុក្លែង‌ក្លាយ

សុបិន‌និមិត្តរបស់ពួកគេសុទ្ធតែគ្មានខ្លឹមសារ

ពាក្យលើកទឹកចិត្តរបស់ពួកគេ

ក៏ឥតបានការដែរ។

ហេតុនេះហើយបានជាប្រជា‌ជនត្រូវវេទនា

វង្វេងខ្ចាត់‌ខ្ចាយដូចហ្វូងចៀម គ្មានគង្វាល។

3 «យើងខឹងនឹងពួកគង្វាលខ្លាំងណាស់

យើងនឹងដាក់ទោសជនបរទេសដែលដឹកនាំ

ប្រជា‌រាស្ត្ររបស់យើង»។

ព្រះ‌អម្ចាស់នៃពិភពទាំងមូលនឹងយាងមករំដោះ

កូនចៅយូដាដែលជាហ្វូងចៀមរបស់ព្រះ‌អង្គ។

ព្រះ‌អង្គប្រោសប្រទានឲ្យពួកគេ

ទទួលកិត្តិយស ដូចសេះចំបាំងដ៏ចំណាន។

4 មេដឹកនាំទាំងអស់នឹងកើតចេញ

ពីកុល‌សម្ព័ន្ធយូដា

ពួកគេរឹង‌មាំដូចថ្មគ្រឹះដ៏សំខាន់

រឹង‌ប៉ឹងដូចចម្រឹង និងពូកែដូចធ្នូចំបាំង។

5 ពួកគេនឹងប្រៀបដូចជាទាហានដ៏អង់‌អាច

ដែលជាន់ឈ្លីបច្ចា‌មិត្តដូចភក់ជ្រាំនៅតាមផ្លូវ។

ពួកគេវាយសម្រុកទៅលើខ្មាំង

ដ្បិតព្រះ‌អម្ចាស់គង់នៅជាមួយពួកគេ។

រីឯទ័ពសេះរបស់ខ្មាំងសត្រូវ

នឹងត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។

6 «យើងនឹងពង្រឹងកម្លាំងកូនចៅយូដា

យើងនឹងសង្គ្រោះកូនចៅយ៉ូសែប

យើងនឹងស្ដារស្ថាន‌ភាពរបស់ពួកគេឡើងវិញ

ដ្បិតយើងនឹងអាណិត‌អាសូរពួកគេ។

ពួកគេនឹងប្រៀបដូចជាប្រជា‌ជន

ដែលយើងមិនបានបោះបង់ចោលសោះ

ដ្បិតយើងជាព្រះ‌អម្ចាស់ជាព្រះរបស់ពួកគេ

យើងនឹងឆ្លើយតបទៅពួកគេវិញ។

7 អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់‌អាច

ពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។

ពេលឃើញដូច្នេះ

កូនចៅរបស់ពួកគេនឹងមានចិត្តត្រេក‌អរ

ចិត្តរបស់ពួកគេពោរ‌ពេញទៅដោយអំណរ

ព្រោះតែព្រះ‌អម្ចាស់។

8 យើងនឹងហៅប្រជា‌រាស្ត្ររបស់យើង

ឲ្យមកជួប‌ជុំគ្នា

ដ្បិតយើងបានរំដោះពួកគេ។

ពួកគេនឹងកើនចំនួនច្រើនឡើងដូចពីដើម។

9 យើងនឹងកំចាត់‌កំចាយពួកគេ

ទៅនៅក្នុងចំណោមប្រជា‌ជាតិនានា

ពេលនៅឆ្ងាយ ពួកគេនឹងនឹកដល់យើង

ពួកគេនឹងបង្កើតកូនចៅ

ហើយនាំគ្នាវិលត្រឡប់មកវិញ។

10 យើងនឹងឲ្យពួកគេវិលមកពីស្រុកអេស៊ីប

យើងនឹងប្រមូលពួកគេពីស្រុកអាស្ស៊ីរី

យើងនឹងនាំពួកគេទៅនៅ

ស្រុកកាឡាដ និងស្រុកលីបង់

រហូតទាល់តែចង្អៀតទឹកដី។

11 ពួកគេនឹងឆ្លងកាត់សមុទ្រគ្រោះភ័យ

យើងនឹងវាយរលកសមុទ្រ

ហើយសូម្បីតែបាតទន្លេនីល ក៏រីងស្ងួតដែរ។

យើងនឹងធ្វើឲ្យស្រុកអាស្ស៊ីរីបាក់អំនួត

ហើយធ្វើឲ្យស្រុកអេស៊ីបបាត់បង់អំណាច។

12 យើងនឹងពង្រឹងកម្លាំងប្រជា‌រាស្ត្ររបស់យើង

ពួកគេនឹងធ្វើដំណើរទៅមុខក្នុងនាមយើង»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។