សាការី 11

ការវិនាសរបស់មហាអំណាច

1 ស្រុកលីបង់អើយ

ចូរបើកចំហទ្វាររបស់អ្នក!

ចូរឲ្យភ្លើងឆាប‌ឆេះដើមឈើដ៏ធំៗរបស់អ្នកទៅ!

2 ដើមកកោះអើយ

ចូរស្រែកឲ្យអស់ទំហឹងទៅ

ដ្បិតដើមតាត្រៅរលំហើយ!

ដើមឈើដ៏ល្អប្រណីតរលំអស់ហើយ!

ដើមគគីរនៅស្រុកបាសានអើយ

ចូរនាំគ្នាស្រែកឲ្យអស់ទំហឹងទៅ

ដ្បិតព្រៃស្រោងវិនាសអស់ហើយ!

3 ចូរស្ដាប់សម្រែកថ្ងូររបស់ពួកមេដឹកនាំ

ដ្បិតពួកគេបាត់បង់យស‌ស័ក្ដិអស់ហើយ។

ចូរស្ដាប់សម្រែករបស់សិង្ហស្ទាវ

ដ្បិតតំបន់ទន្លេយ័រដាន់ដែលធ្លាប់តែមាន

ព្រៃទ្រុប‌ទ្រុល វិនាសហិន‌ហោចអស់ហើយ។

គង្វាលពីរនាក់

4 ព្រះ‌អម្ចាស់ជាព្រះរបស់ខ្ញុំ មានព្រះ‌បន្ទូលដូចតទៅ៖ «ចូរឃ្វាលចៀមដែលគេបម្រុងយកទៅសម្លាប់នោះទៅ!។

5 អស់អ្នកដែលទិញចៀមទាំងនេះ នឹងយកពួកវាទៅសម្លាប់ ដោយគិតថាខ្លួនគ្មានកំហុសអ្វីទេ។ អស់អ្នកដែលលក់ចៀមទាំងនេះពោលថា “អរព្រះ‌គុណព្រះ‌អម្ចាស់ដ្បិតខ្ញុំក្លាយទៅជាអ្នកមានហើយ!”។ គ្មានគង្វាលណាម្នាក់នឹកអាណិតចៀមទាំងនេះទេ។

6 យើងក៏មិនត្រាប្រណីប្រជា‌ជននៅលើផែនដីដែរ យើងនឹងធ្វើឲ្យមនុស្សជិះ‌ជាន់គ្នាទៅវិញទៅមក យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ខ្លួន។ ពួកគេនឹងកម្ទេចស្រុកទេស តែយើងនឹងមិនរំដោះនរណាម្នាក់ឲ្យរួចឡើយ»។

7 ពេលនោះ ខ្ញុំក៏ឃ្វាលចៀមដែលគេត្រូវយកទៅសម្លាប់ គឺជាចៀមដែលវេទនាជាងគេ ។ ខ្ញុំយកដំបងពីរមក ខ្ញុំហៅដំបងមួយថា «ចំណងមេត្រី» ដំបងមួយទៀតថា «មិត្ត‌ភាព» ហើយខ្ញុំឃ្វាលចៀមទាំងនោះ។

8 ខ្ញុំកំចាត់ពួកគង្វាលទាំងបីក្នុងពេលតែមួយខែ ខ្ញុំទ្រាំនឹងចៀមលែងបានទៀតហើយ ហើយពួកគេក៏ស្អប់ខ្ញុំដែរ។

9 ខ្ញុំពោលទៅហ្វូងចៀមថា “ខ្ញុំលែងឃ្វាលអ្នករាល់គ្នាទៀតហើយ!”។ ចៀមដែលត្រូវបាត់បង់ជីវិតឲ្យវាបាត់បង់ជីវិតទៅ! ចៀមដែលត្រូវវិនាសឲ្យវាវិនាសទៅ! រីឯចៀមដែលនៅសេស‌សល់ឲ្យវាហែកគ្នាស៊ីទៅ!

10 ខ្ញុំយកដំបងចំណងមេត្រីរបស់ខ្ញុំមកកាច់បំបាក់ ដើម្បីផ្ដាច់សម្ពន្ធ‌មេត្រី ដែលខ្ញុំបានចងជាមួយជាតិសាសន៍ទាំងប៉ុន្មាន។

11 សម្ពន្ធ‌មេត្រីបានផ្ដាច់នៅថ្ងៃនោះ ហើយពួកឈ្មួញចៀមដែលតាមសង្កេតមើលខ្ញុំ នឹងទទួលស្គាល់ថាព្រះ‌អម្ចាស់ពិតជាមានព្រះ‌បន្ទូលតាមរយៈខ្ញុំមែន។

12 ខ្ញុំពោលទៅកាន់ពួកគេថា: “ប្រសិនបើអ្នករាល់គ្នាយល់ឃើញថា គួរគប្បីបង់ឈ្នួល នោះចូរបង់ឲ្យខ្ញុំមក”។ បើអ្នករាល់គ្នាយល់ថា មិនគួរគប្បីបង់ នោះមិនបាច់បង់ទេ។ ពួកគេបានថ្លឹងប្រាក់សាម‌សិបស្លឹង*ឲ្យខ្ញុំ ទុកជាប្រាក់ឈ្នួល។

13 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ «ពួកគេសន្មតថា យើងមានតម្លៃតែប៉ុណ្ណឹងទេ ដូច្នេះ ចូរយកប្រាក់ដ៏ថ្លៃ‌ថ្នូរបំផុតរបស់ពួកគេទៅឲ្យជាងស្មូនទៅ!»។ ខ្ញុំក៏យកប្រាក់សាម‌សិបស្លឹងនោះទៅដាក់នៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ទុកសម្រាប់ជាងស្មូន។

14 បន្ទាប់មក ខ្ញុំកាច់បំបាក់ដំបងទីពីររបស់ខ្ញុំ គឺ «មិត្ត‌ភាព» ដើម្បីផ្ដាច់ចំណងភាតរ‌ភាពរវាងនគរយូដា និងនគរអ៊ីស្រា‌អែល។

15 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ «ចូរក្លែងខ្លួនជាគង្វាលដ៏ល្ងី‌ល្ងើទៀតទៅ!

16 ដ្បិតយើងធ្វើឲ្យមានគង្វាលមួយរូបងើបឡើងនៅក្នុងស្រុក។ គង្វាលនោះនឹងមិនរវី‌រវល់ជួយចៀមរបស់ខ្លួន ដែលកំពុងតែវិនាសអន្តរាយឡើយ។ គេមិនស្វែងរកចៀមតូចដែលវង្វេង មិនព្យាបាលចៀមរបួស ហើយមិនឲ្យចំណីចៀមណាដែលមានសុខភាពល្អទេ។ ផ្ទុយទៅវិញ គេបែរជាស៊ីសាច់ចៀមធាត់ៗ ហើយបំបាក់ក្រចកជើងចៀមនោះទៀតផង។

17 គង្វាលពាលមុខជាត្រូវវេទនាពុំ‌ខាន!

ព្រោះគេបោះបង់ចោលហ្វូងចៀមរបស់ខ្លួន។

សូមឲ្យដាវកាប់បំបាក់ដៃ

និងចាក់ចំភ្នែកស្ដាំរបស់គេ!

សូមឲ្យដៃរបស់គេស្វិតប្រើការលែងបាន

ហើយភ្នែកស្ដាំរបស់គេមើលអ្វីលែងឃើញ»។