ម៉ាថាយ 2

ពួកហោរា‌ចារ្យមកថ្វាយ‌បង្គំព្រះ‌ឱរសយេស៊ូ

1 ព្រះ‌យេស៊ូប្រសូតនៅភូមិបេថ្លេ‌ហិមក្នុងស្រុកយូដា នារជ្ជ‌កាលព្រះ‌បាទហេរ៉ូដ។ មានពួកហោរា‌ចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើតមកដល់ក្រុងយេរូ‌សាឡឹម

2 សួរថា៖ «ព្រះ‌មហាក្សត្ររបស់ជន‌ជាតិយូដា ដែលទើបនឹងប្រសូតគង់នៅឯណា? យើងខ្ញុំបានឃើញផ្កាយរបស់ព្រះ‌អង្គរះនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយ‌បង្គំព្រះ‌អង្គ»។

3 កាលព្រះ‌បាទហេរ៉ូដឮដំណឹងនេះ ទ្រង់រន្ធត់ព្រះ‌ហឫទ័យយ៉ាងខ្លាំង ហើយអ្នកក្រុងយេរូ‌សាឡឹមទាំងអស់ក៏រន្ធត់ចិត្តជាមួយព្រះ‌អង្គដែរ។

4 ព្រះ‌រាជាត្រាស់ហៅពួកនាយកបូជា‌ចារ្យ* និងពួកអាចារ្យ*ទាំងប៉ុន្មានរបស់ប្រជា‌ជនមក ដើម្បីសួរគេពីទីកន្លែងដែលព្រះ‌គ្រិស្ដ*ត្រូវប្រសូត។

5 គេទូលស្ដេចថា ព្រះ‌គ្រិស្ដត្រូវប្រសូតនៅភូមិបេថ្លេ‌ហិម ក្នុងស្រុកយូដា ដ្បិតមានសេចក្ដីចែងទុកមកតាមរយៈព្យាការី*ថា៖

6 «ភូមិបេថ្លេ‌ហិមជាដែនដីយូដាអើយ!

ក្នុងបណ្ដាក្រុងសំខាន់ៗនៃស្រុកយូដា

អ្នកមិនមែនតូចជាងគេទេ

ដ្បិតនឹងមានមេដឹកនាំមួយរូបកើតចេញពីអ្នក

លោកនឹងថែ‌រក្សាជន‌ជាតិអ៊ីស្រា‌អែល

ជាប្រជា‌រាស្ត្ររបស់យើង»។

7 ពេលនោះ ព្រះ‌បាទហេរ៉ូដហៅពួកហោរា‌ចារ្យមកជាសម្ងាត់ សួរបញ្ជាក់អំពីពេលដែលផ្កាយរះឡើង។

8 បន្ទាប់មក ទ្រង់ចាត់ហោរា‌ចារ្យទាំងនោះឲ្យទៅភូមិបេថ្លេ‌ហិម ដោយមានរាជ‌ឱង្ការថា៖ «សុំអស់លោកនាំគ្នាទៅចុះ ហើយស៊ើប‌សួរដំណឹងអំពីព្រះ‌ឱរសនោះឲ្យបានច្បាស់លាស់។ កាលបើបានឃើញហើយ ចូរមកប្រាប់យើងវិញផង ដើម្បីឲ្យយើងបានទៅថ្វាយ‌បង្គំព្រះ‌អង្គដែរ»។

9 ក្រោយពីបានទទួលរាជ‌ឱង្ការហើយគេក៏នាំគ្នាចេញទៅ។ ពេលនោះ ផ្កាយដែលគេបានឃើញនៅទិសខាងកើត នាំមុខគេរហូតដល់កន្លែងដែលព្រះ‌ឱរសគង់ ទើបឈប់។

10 កាលហោរា‌ចារ្យទាំងនោះឃើញផ្កាយ គេសប្បាយចិត្តពន់ប្រមាណ

11 គេចូលទៅក្នុងផ្ទះ ឃើញព្រះ‌ឱរសគង់នៅជាមួយនាងម៉ារីជាមាតា គេក៏នាំគ្នាក្រាបថ្វាយ‌បង្គំព្រះ‌អង្គ រួចបើកហិបយកទ្រព្យរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីង‌ទេស មកថ្វាយព្រះ‌អង្គ។

12 បន្ទាប់មក គេវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលប្រាប់គេ ក្នុងសុបិននិមិត្ត មិនឲ្យវិលទៅគាល់ព្រះ‌បាទហេរ៉ូដវិញឡើយ។

ព្រះ‌យេស៊ូភៀសខ្លួនទៅនៅស្រុកអេស៊ីប

13 កាលពួកហោរា‌ចារ្យចាកចេញផុតទៅ ទេវតា*របស់ព្រះ‌អម្ចាស់មកប្រាប់លោកយ៉ូសែប ក្នុងសុបិននិមិត្តថា៖ «ចូរក្រោកឡើង នាំព្រះ‌ឱរស និងមាតារបស់ព្រះ‌អង្គ រត់ទៅស្រុកអេស៊ីបទៅ។ ចូរស្នាក់នៅស្រុកនោះ រហូតដល់យើងប្រាប់ឲ្យវិលត្រឡប់មកវិញ សឹមមក ដ្បិតស្ដេចហេរ៉ូដរកធ្វើគុតព្រះ‌ឱរស»។

14 លោកយ៉ូសែបក្រោកឡើង នាំព្រះ‌ឱរស និងមាតារបស់ព្រះ‌អង្គ រត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់។

15 គាត់ស្នាក់នៅទីនោះរហូតដល់ព្រះ‌បាទហេរ៉ូដសោយទិវង្គត ដើម្បីឲ្យបានស្របនឹងសេចក្ដី ដែលព្រះ‌អម្ចាស់មានព្រះ‌បន្ទូលតាមរយៈព្យាការីថា៖«យើងបានហៅបុត្រយើងចេញពីស្រុកអេស៊ីបមក»។

ស្ដេចហេរ៉ូដចេញបញ្ជាឲ្យគេសម្លាប់ក្មេងៗ

16 ព្រះ‌បាទហេរ៉ូដយល់ថាពួកហោរា‌ចារ្យបានបំបាក់មុខព្រះ‌អង្គ ស្ដេចទ្រង់ព្រះ‌ពិរោធក្រៃ‌លែង ហើយចេញបញ្ជាឲ្យគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះមក នៅភូមិបេថ្លេ‌ហិម និងភូមិជិតខាង គឺគិតចាប់តាំងពីពេលកំណត់ដែលផ្កាយត្រូវរះ ដូចទ្រង់បានសួរបញ្ជាក់ពួកហោរា‌ចារ្យ។

17 ហេតុ‌ការណ៍នេះកើតឡើងស្របនឹងសេចក្ដី ដែលមានចែងទុកតាមរយៈព្យាការី*យេរេមាថា៖

18 «មានសំឡេងមួយលាន់ឮពីភូមិរ៉ាម៉ាមក

ជាទំនួញសោក‌សៅ

គឺនាងរ៉ាជែលយំសោកអាណិតកូន

នាងមិនព្រមឲ្យនរណាសម្រាលទុក្ខឡើយ

ព្រោះកូននាងបាត់បង់ជីវិតអស់ទៅហើយ»។

ព្រះ‌យេស៊ូត្រឡប់មកពីស្រុកអេស៊ីបវិញ

19 កាលព្រះ‌បាទហេរ៉ូដសោយទិវង្គតផុតទៅ ទេវតា*របស់ព្រះ‌អម្ចាស់មកប្រាប់លោកយ៉ូសែប នៅស្រុកអេស៊ីបក្នុងសុបិននិមិត្តថា៖

20 «ចូរក្រោកឡើង នាំព្រះ‌កុមារ និងមាតារបស់ព្រះ‌អង្គវិលត្រឡប់ទៅស្រុកអ៊ីស្រា‌អែលវិញទៅ ដ្បិតពួកអ្នកដែលប៉ុន‌ប៉ងធ្វើគុតព្រះ‌កុមារ ស្លាប់បាត់អស់ទៅហើយ»។

21 លោកយ៉ូសែបក្រោកឡើង នាំព្រះ‌កុមារ និងមាតារបស់ព្រះ‌អង្គវិលត្រឡប់មកស្រុកអ៊ីស្រា‌អែលវិញ។

22 ប៉ុន្តែ កាលលោកដឹងថា ព្រះ‌បាទអើខេ‌ឡោសឡើងគ្រងរាជ្យនៅស្រុកយូដា ស្នងព្រះ‌បាទហេរ៉ូដជាព្រះ‌បិតា លោកខ្លាចមិនហ៊ានទៅស្រុកនោះទេ លោកភៀសខ្លួនទៅស្រុកកាលី‌ឡេ ដោយព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលឲ្យដឹង ក្នុងសុបិននិមិត្ត។

23 លោកតាំងទីលំ‌នៅក្នុងភូមិមួយឈ្មោះណាសា‌រ៉ែត ដើម្បីឲ្យស្របតាមសេចក្ដីដែលពួកព្យាការី*បានថ្លែងទុកថា៖ «គេនឹងហៅព្រះ‌អង្គថាជាអ្នកភូមិណាសា‌រ៉ែត»។

—https://d1b84921e69nmq.cloudfront.net/364/32k/MAT/2-9f83437b876d5fd62d3b8bf40f28ba31.mp3?version_id=85—