ព្រះយេស៊ូឈ្នះការល្បួង
1 ពេលនោះ ព្រះវិញ្ញាណនាំព្រះយេស៊ូទៅវាលរហោស្ថានឲ្យមារ*សាតាំងល្បួង
2 បន្ទាប់ពីបានតមអាហារអស់រយៈពេលសែសិបថ្ងៃ សែសិបយប់មក ព្រះអង្គក៏ឃ្លាន។
3 មេល្បួងចូលមកជិតព្រះអង្គ ពោលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមធ្វើឲ្យដុំថ្មទាំងនេះទៅជានំប៉័ងមើល៍!»។
4 ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា“មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូល ដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែរ”»។
5 ពេលនោះ មារនាំព្រះអង្គទៅក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ* ដាក់ព្រះអង្គលើកំពូលព្រះវិហារ*
6 ហើយពោលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍ ដ្បិតក្នុងគម្ពីរមានចែងថា“ព្រះជាម្ចាស់នឹងបញ្ជាឲ្យទេវតា*ចាំទ្រលោក មិនឲ្យជើងលោកប៉ះទង្គិចនឹងថ្មឡើយ”»។
7 ព្រះយេស៊ូមានព្រះបន្ទូលទៅមារថា៖ «ក្នុងគម្ពីរមានចែងទៀតថា“កុំល្បងលព្រះជាម្ចាស់ជាព្រះរបស់អ្នកឡើយ”»។
8 មារក៏នាំព្រះអង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មានក្នុងពិភពលោក ព្រមទាំងឲ្យព្រះអង្គឃើញភោគទ្រព្យរបស់នគរទាំងនោះផង។
9 មារទូលព្រះអង្គថា៖ «ប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំ ខ្ញុំនឹងប្រគល់សម្បត្តិនេះឲ្យ!»។
10 ព្រះយេស៊ូមានព្រះបន្ទូលទៅមារថា៖ «សាតាំងអើយ! ចូរថយចេញទៅ ដ្បិតក្នុងគម្ពីរមានចែងថា“អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក និងគោរពបម្រើតែព្រះអង្គប៉ុណ្ណោះ”»។
11 ពេលនោះ មារក៏ចាកចេញពីព្រះអង្គទៅ ហើយមានពួកទេវតា*នាំគ្នាចូលមកគាល់ និងបម្រើព្រះអង្គ។
ព្រះយេស៊ូចាប់ផ្ដើមផ្សាយដំណឹងល្អនៅស្រុកកាលីឡេ
12 កាលព្រះយេស៊ូជ្រាបដំណឹងថា គេបានចាប់លោកយ៉ូហានយកទៅឃុំឃាំងហើយ ព្រះអង្គក៏ភៀសចេញទៅស្រុកកាលីឡេ។
13 ព្រះអង្គចាកចេញពីភូមិណាសារ៉ែត ទៅស្នាក់នៅក្រុងកាពើណិម ជិតមាត់សមុទ្រ ក្នុងតំបន់សាប់យូឡូន និងតំបន់ណែបថាលី
14 ដើម្បីឲ្យបានស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈព្យាការីអេសាយថា៖
15 «ដែនដីសាប់យូឡូន និងដែនដីណែបថាលី
ដែលស្ថិតនៅតាមផ្លូវទៅកាន់សមុទ្រអើយ!
ស្រុកខាងនាយទន្លេយ័រដាន់
ស្រុកកាលីឡេដែលសាសន៍ដទៃរស់នៅអើយ!
16 ប្រជាជនដែលអង្គុយនៅក្នុងទីងងឹត
បានឃើញពន្លឺមួយដ៏ភ្លឺខ្លាំង ហើយមានពន្លឺមួយ
លេចឡើង បំភ្លឺពួកអ្នករស់ក្នុងស្រុកដែល
ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់»។
17 តាំងពីគ្រានោះមក ព្រះយេស៊ូចាប់ផ្ដើមប្រកាសថា៖ «ចូរកែប្រែចិត្តគំនិត ដ្បិតព្រះរាជ្យ*នៃស្ថានបរមសុខនៅជិតបង្កើយហើយ!»។
ព្រះយេស៊ូត្រាស់ហៅសិស្សបួនរូប
18 កាលព្រះអង្គយាងតាមឆ្នេរសមុទ្រកាលីឡេ ទ្រង់ទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ កំពុងតែបង់សំណាញ់ គឺលោកស៊ីម៉ូន ហៅពេត្រុស និងលោកអនទ្រេ ជាប្អូនរបស់គាត់។
19 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។
20 អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។
21 ព្រះយេស៊ូយាងទៅមុខឆ្ងាយបន្ដិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនរបស់លោកសេបេដេ កំពុងតែរៀបចំអួននៅក្នុងទូកជាមួយលោកសេបេដេ ជាឪពុក។ ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។
22 អ្នកទាំងពីរចាកចោលទូក ចាកចោលឪពុកភ្លាម រួចដើរតាមព្រះយេស៊ូទៅ។
23 ព្រះយេស៊ូយាងកាត់ស្រុកកាលីឡេទាំងមូល ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ*របស់ពួកគេ ព្រះអង្គប្រកាសដំណឹងល្អអំពីព្រះរាជ្យ* ហើយប្រោសអ្នកជំងឺគ្រប់យ៉ាង និងមនុស្សពិការគ្រប់ប្រភេទ ក្នុងចំណោមប្រជាជនឲ្យបានជាផង។
24 ព្រះកិត្តិនាមរបស់ព្រះអង្គក៏ល្បីឮខ្ចរខ្ចាយពាសពេញស្រុកស៊ីរីទាំងមូល។ គេបាននាំអស់អ្នកជំងឺគ្រប់យ៉ាង និងអ្នកកើតទុក្ខគ្រាំគ្រា មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកព្រះអង្គ ព្រះអង្គក៏ប្រោសគេឲ្យបានជាទាំងអស់គ្នា។
25 មានមហាជនជាច្រើនពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ក្រុងយេរូសាឡឹម ស្រុកយូដា និងពីតំបន់ខាងនាយទន្លេយ័រដាន់ នាំគ្នាដើរតាមព្រះយេស៊ូ។
—https://d1b84921e69nmq.cloudfront.net/364/32k/MAT/4-bc5abe3c2274dd3c9a0d54319ee676ca.mp3?version_id=85—