ម៉ាថាយ 5

សុភមង្គលដ៏ពិតប្រាកដ

1 ព្រះ‌យេស៊ូទតឃើញមហា‌ជនទាំងនេះ ព្រះ‌អង្គយាងឡើងទៅលើភ្នំ រួចព្រះ‌អង្គគង់នៅទីនោះ។ សិស្ស*នាំគ្នាចូលមកគាល់ព្រះ‌អង្គ

2 ព្រះ‌អង្គក៏មានព្រះ‌បន្ទូលបង្រៀនគេថា៖

3 «អ្នកណាដាក់ចិត្តជាអ្នកក្រ‌ខ្សត់

អ្នកនោះមានសុភមង្គល*ហើយ

ដ្បិតពួកគេបានទទួលព្រះ‌រាជ្យ

នៃស្ថានបរម‌សុខ!

4 អ្នកណាសោក‌សៅ

អ្នកនោះមានសុភមង្គលហើយ

ដ្បិតព្រះ‌ជាម្ចាស់នឹងសម្រាលទុក្ខពួកគេ!

5 អ្នកណាមានចិត្តស្លូត‌បូត

អ្នកនោះមានសុភមង្គលហើយ

ដ្បិតពួកគេនឹងទទួលផែន‌ដីទុកជាមត៌ក!

6 អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត*

អ្នកនោះមានសុភមង្គលហើយ

ដ្បិតព្រះ‌ជាម្ចាស់នឹងប្រទានឲ្យ

ពួកគេបានឆ្អែត!

7 អ្នកណាមានចិត្តមេត្តា‌ករុណា

អ្នកនោះមានសុភមង្គលហើយ

ដ្បិតព្រះ‌ជាម្ចាស់នឹងសម្តែងព្រះ‌ហឫទ័យ

មេត្តា‌ករុណាដល់ពួកគេវិញ!

8 អ្នកណាមានចិត្តបរិសុទ្ធ*

អ្នកនោះមានសុភមង្គលហើយ

ដ្បិតពួកគេនឹងឃើញព្រះ‌ជាម្ចាស់!

9 អ្នកណាកសាងសន្តិ‌ភាព

អ្នកនោះមានសុភមង្គលហើយ

ដ្បិតពួកគេនឹងមានឈ្មោះជាបុត្រ

របស់ព្រះ‌ជាម្ចាស់!

10 អ្នកណាត្រូវគេបៀត‌បៀន

ព្រោះតែបានធ្វើតាមសេចក្ដីសុចរិត*

អ្នកនោះមានសុភមង្គលហើយ

ដ្បិតគេបានទទួលក្នុងព្រះ‌រាជ្យ

នៃស្ថានបរម‌សុខ!

11 ប្រសិនបើមានគេត្មះ‌តិះ‌ដៀល បៀត‌បៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ!

12 ចូរអរសប្បាយរីក‌រាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរម‌សុខ ដ្បិតពួកព្យាការី*ដែលរស់នៅមុនអ្នករាល់គ្នា ក៏ត្រូវគេបៀត‌បៀនដូច្នោះដែរ»។

អំបិល និងពន្លឺ

13 «អ្នករាល់គ្នាជាអំបិលសម្រាប់មនុស្សលោក ប៉ុន្តែ បើអំបិលបាត់ជាតិប្រៃហើយ តើគេនឹងយកអ្វីមកធ្វើឲ្យប្រៃឡើងវិញបាន? អំបិលនោះគ្មានប្រយោជន៍អ្វីទៀតទេ គឺមានតែបោះចោលទៅខាងក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ។

14 អ្នករាល់គ្នាជាពន្លឺសម្រាប់បំភ្លឺមនុស្សលោក។ គេមិនអាចលាក់បំបាំងក្រុងណាដែលសង់នៅលើភ្នំបានឡើយ។

15 គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើនោះទេ គឺគេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ ហើយចង្កៀងនោះបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។

16 ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំង‌ឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយលើកតម្កើងសិរី‌រុងរឿងព្រះ‌បិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរម‌សុខ*»។

ព្រះ‌បន្ទូលអំពីគម្ពីរ‌វិន័យ

17 «សុំកុំនឹកស្មានថាខ្ញុំមកលុបបំបាត់គម្ពីរ‌វិន័យ ឬគម្ពីរព្យាការី*ចោលឡើយ។ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើឲ្យគម្ពីរមានអត្ថ‌ន័យពេញលក្ខណៈទៅវិញ ។

18 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាបានដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និងផែន‌ដីនៅស្ថិត‌ស្ថេរ ដរាបនោះគ្មានក្បៀស ឬបន្តក់ណាមួយក្នុងគម្ពីរ‌វិន័យ* ត្រូវរលុបបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិត‌ស្ថេររហូតដល់ទីបំផុត។

19 អ្នកណាល្មើសបទ‌បញ្ជាតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងឲ្យធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេ ក្នុងព្រះ‌រាជ្យ*នៃស្ថានបរម‌សុខ។ ផ្ទុយទៅវិញ អ្នកណាប្រព្រឹត្តតាមបទ‌បញ្ជាទាំងនេះ ហើយបង្រៀនអ្នកផ្សេងឲ្យប្រព្រឹត្តតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះ‌រាជ្យនៃស្ថានបរម‌សុខ។

20 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្ដីសុចរិត*របស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្ដីសុចរិតរបស់ពួកអាចារ្យ* និងពួកផារីស៊ី*ទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះ‌រាជ្យនៃស្ថានបរម‌សុខបានឡើយ»។

ព្រះ‌បន្ទូលអំពីកំហឹង

21 «អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរស*ថា“កុំសម្លាប់មនុស្ស”អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវគេផ្ដន្ទា‌ទោស។

22 រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបង‌ប្អូន អ្នកនោះនឹងត្រូវគេផ្ដន្ទា‌ទោសដែរ។ អ្នកណាជេរប្រទេច‌ផ្តាសាបង‌ប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់*កាត់ទោស ហើយអ្នកណាត្មះ‌តិះ‌ដៀលគេ អ្នកនោះនឹងត្រូវគេផ្ដន្ទា‌ទោសធ្លាក់ក្នុងភ្លើងនរកអវិចី។

23 ដូច្នេះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះ‌ជាម្ចាស់ ហើយនៅទីនោះ អ្នកនឹកឃើញថាបង‌ប្អូនណាម្នាក់មានទំនាស់នឹងអ្នក

24 ចូរទុកតង្វាយរបស់អ្នក នៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះ‌ស្រួលនឹងបង‌ប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។

25 កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូ‌វិវាទរបស់អ្នក ចូរស្រុះ‌ស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ជូនអ្នកទៅចៅ‌ក្រម ចៅ‌ក្រមបញ្ជូនអ្នកទៅនគរ‌បាល ហើយអ្នកត្រូវជាប់គុក។

26 ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។

ព្រះ‌បន្ទូលអំពីការផិតក្បត់

27 «អ្នករាល់គ្នាធ្លាប់ឮសេចក្ដីថ្លែងទុកមកថា“កុំប្រព្រឹត្តអំពើផិតក្បត់”។

28 រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាមើលស្ត្រីម្នាក់ ហើយមានចិត្តស្រើប‌ស្រាលចង់រួមបវេណីជាមួយនាង អ្នកនោះដូចជាបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាង នៅក្នុងចិត្តរបស់ខ្លួន រួចស្រេចទៅហើយ។

29 ប្រសិនបើភ្នែកស្ដាំរបស់អ្នក នាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរខ្វេះចេញ ហើយបោះចោលឲ្យឆ្ងាយពីអ្នកទៅ បើអ្នកបាត់ភ្នែកតែមួយនេះ ប្រសើរជាងបណ្ដោយឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។

30 ប្រសិនបើដៃស្ដាំរបស់អ្នក នាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរកាត់វា ហើយបោះចោលឲ្យឆ្ងាយពីអ្នកទៅ បើអ្នកបាត់តែអវ‌យវៈមួយនេះ ប្រសើរជាងបណ្ដោយឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក»។

ព្រះ‌បន្ទូលអំពីការលែង‌លះប្ដីប្រពន្ធ

31 «មានសេចក្ដីថ្លែងទុកមកថា“បុរសណាលែងភរិយា ត្រូវធ្វើលិខិតលែង‌លះឲ្យនាង”

32 រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយារបស់ខ្លួន (លើក‌លែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀប‌ការ ) បុរសនោះធ្វើឲ្យនាងទៅជាស្ត្រីផិតក្បត់ ប្រសិនបើនាងរៀប‌ការម្ដងទៀត។ រីឯបុរសណារៀប‌ការនឹងស្ត្រីប្ដីលែង បុរសនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ»។

ព្រះ‌បន្ទូលអំពីសម្បថ

33 «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរស*ថា:“កុំបំភ្លេចពាក្យសម្បថចោលឡើយ។ ត្រូវតែធ្វើតាមគ្រប់ពាក្យដែលអ្នកបានស្បថនឹងព្រះ‌អម្ចាស់”។

34 រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ កុំស្បថដោយយកមេឃជាសាក្សីឡើយ ព្រោះមេឃជាបល្ល័ង្ករបស់ព្រះ‌ជាម្ចាស់

35 ក៏កុំស្បថដោយយកផែន‌ដីជាសាក្សីដែរ ព្រោះផែន‌ដីជាកំណល់ទ្រព្រះ‌បាទារបស់ព្រះ‌អង្គ។ កុំស្បថដោយយកក្រុងយេរូ‌សាឡឹមជាសាក្សី ព្រោះយេរូ‌សាឡឹមជាក្រុងរបស់ព្រះ‌មហា‌ក្សត្រដ៏ឧត្ដម។

36 កុំស្បថដោយយកក្បាលអ្នកជាសាក្សី ព្រោះអ្នកពុំអាចធ្វើឲ្យសក់របស់អ្នកទៅជាស ឬខ្មៅបានឡើយ សូម្បីតែមួយសរសៃក៏ពុំបានផង។

37 ត្រូវនិយាយឲ្យទៀងទាត់ បើ “មែន” ឲ្យប្រាកដជា “មែន” បើ “ទេ” ឲ្យប្រាកដជា“ទេ”។ រីឯពាក្យពន្លើស សុទ្ធតែមកពីមារកំណាចទាំងអស់»។

ព្រះ‌បន្ទូលអំពីគំនុំសង‌សឹក

38 «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា“ប្រសិនបើគេវាយភ្នែកអ្នកម្ខាង ត្រូវវាយភ្នែកគេតែម្ខាងវិញ ប្រសិនបើគេវាយអ្នកបាក់ធ្មេញមួយ ត្រូវវាយគេឲ្យបាក់ធ្មេញតែមួយដែរ”។

39 រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សកំណាចឲ្យសោះ បើមានគេទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរឲ្យគេទះម្ខាងទៀតទៅ។

40 បើមានគេប្ដឹងចង់បានអាវក្នុងរបស់អ្នក ចូរឲ្យគេយកអាវធំថែមទៀតទៅ។

41 បើមានគេបង្ខំអ្នកឲ្យធ្វើដំណើរមួយយោជន៍ ចូរទៅពីរយោជន៍ជាមួយគេចុះ។

42 អ្នកណាសុំអ្វីពីអ្នក ចូរឲ្យគេទៅ ហើយកុំគេចមុខចេញពីអ្នកដែលសុំខ្ចីអ្វីៗពីអ្នកដែរ»។

ត្រូវស្រឡាញ់ខ្មាំងសត្រូវ

43 «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា“ចូរស្រឡាញ់បង‌ប្អូនឯទៀតៗហើយស្អប់ខ្មាំងសត្រូវរបស់អ្នក”។

44 រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ព្រមទាំងទូល‌អង្វរព្រះ‌ជាម្ចាស់ សូមព្រះ‌អង្គប្រទានពរឲ្យអស់អ្នកដែលបៀត‌បៀនអ្នករាល់គ្នាផង។

45 ធ្វើដូច្នេះ អ្នករាល់គ្នានឹងបានទៅជាបុត្ររបស់ព្រះ‌បិតាដែលគង់នៅស្ថានបរម‌សុខ ដ្បិតព្រះ‌អង្គប្រទានឲ្យព្រះ‌អាទិត្យរបស់ព្រះ‌អង្គរះបំភ្លឺ ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយទ្រង់ប្រទានទឹកភ្លៀងឲ្យទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតផងដែរ។

46 ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើនឹងទទួលរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធ*ក៏ចេះស្រឡាញ់គ្នាគេដែរ។

47 បើអ្នករាល់គ្នារាប់រកតែបង‌ប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្តដូច្នោះដែរ។

48 ព្រះ‌បិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរម‌សុខទ្រង់គ្រប់លក្ខណ៍យ៉ាងណា សុំឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ»។

—https://d1b84921e69nmq.cloudfront.net/364/32k/MAT/5-e4dc2d4784fa3a28481d2bdbe776293c.mp3?version_id=85—