ម៉ាថាយ 7

កុំថ្កោលទោសអ្នកដទៃ

1 «កុំថ្កោលទោសអ្នកដទៃឲ្យសោះ ដើម្បីកុំឲ្យព្រះ‌ជាម្ចាស់ថ្កោលទោសអ្នករាល់គ្នា

2 បើអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះ‌ជាម្ចាស់ក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ព្រះ‌អង្គនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ។

3 ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែកបង‌ប្អូន តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកដូច្នេះ?

4 បើមានធ្នឹមនៅក្នុងភ្នែករបស់អ្នក ម្ដេចក៏អ្នកនិយាយទៅបង‌ប្អូនថា “ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលីចេញពីភ្នែកអ្នក!”

5 មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បង‌ប្អូនអ្នកបាន។

6 កុំយកអ្វីៗដែលជារបស់វិសុទ្ធ* ទៅឲ្យឆ្កែឡើយ ហើយក៏កុំបោះត្បូងពេជ្ររបស់អ្នករាល់គ្នានៅមុខជ្រូកដែរ ក្រែងលោវាជាន់ឈ្លី រួចបែរមកត្របាក់ខាំអ្នករាល់គ្នាវិញ»។

អំពីរបៀបដែលត្រូវអធិស្ឋាន

7 «ចូរសុំ នោះព្រះ‌ជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នា ចូរស្វែងរក នោះអ្នករាល់គ្នានឹងបានឃើញ ចូរគោះទ្វារ នោះព្រះ‌អង្គនឹងបើកឲ្យអ្នករាល់គ្នាជាពុំ‌ខាន

8 ដ្បិតអ្នកណាសុំ អ្នកនោះតែងតែបានទទួល អ្នកណាស្វែងរក អ្នកនោះតែងតែបានឃើញ ហើយគេតែងតែបើកទ្វារឲ្យអ្នកដែលគោះ។

9 ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំនំប៉័ង មិនដែលមាននរណាយកដុំថ្មឲ្យវាឡើយ

10 ហើយបើកូនសុំត្រី ក៏មិនដែលមាននរណាយកពស់អសិ‌រពិសឲ្យវាដែរ។

11 សូម្បីតែអ្នករាល់គ្នា ដែលជាមនុស្សអាក្រក់ ក៏ចេះឲ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះ‌បិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរម‌សុខ* តើព្រះ‌អង្គនឹងប្រទានអ្វីៗដ៏ល្អៗឲ្យអស់អ្នកដែលទូលសូមពីព្រះ‌អង្គ យ៉ាងណាទៅទៀត!»។

ទ្វារចង្អៀត

12 «ដូច្នេះ បើអ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។ គម្ពីរ‌វិន័យ និងគម្ពីរព្យាការីមានចែងទុកមកដូច្នេះឯង។

13 ចូរនាំគ្នាចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅរកសេចក្ដីវិនាសអន្តរាយធំណាស់ ហើយផ្លូវទៅរកសេចក្ដីវិនាសក៏ទូលាយដែរ មានមនុស្សជាច្រើនចូលតាមទ្វារនោះ។

14 រីឯទ្វារដែលនាំទៅរកជីវិត ចង្អៀត ហើយពិបាកដើរផង មានមនុស្សតិចទេរកផ្លូវនោះឃើញ»។

ប្រស្នាអំពីដើមឈើល្អ និងដើមឈើអាក្រក់

15 «ចូរប្រយ័ត្ននឹងពួកព្យាការី*ក្លែង‌ក្លាយ គេក្លែងខ្លួនមករកអ្នករាល់គ្នា ដោយពាក់ស្បែកចៀម តែគេមានចិត្តសាហាវដូចចចក។

16 អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ត។ ពុំដែលមាននរណាបេះផ្លែទំពាំង‌បាយជូរ និងផ្លែឧទុម្ពរ*ពីគុម្ពបន្លាឡើយ។

17 ដើមឈើល្អតែងផ្ដល់ផ្លែល្អ រីឯដើមឈើអា‌ក្រក់តែងផ្ដល់ផ្លែអា‌ក្រក់។

18 ដើមឈើល្អមិនអាចផ្ដល់ផ្លែអា‌ក្រក់ទេ រីឯដើមឈើអា‌ក្រក់ក៏មិនអាចផ្ដល់ផ្លែល្អបានដែរ។

19 ដើមឈើណាមិនផ្ដល់ផ្លែល្អ គេនឹងកាប់យកទៅដុត។

20 រីឯពួកព្យាការីក្លែង‌ក្លាយក៏ដូច្នោះដែរ អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ត»។

សិស្សដ៏ពិតប្រាកដ

21 «អ្នកដែលចូលទៅក្នុងព្រះ‌រាជ្យ*នៃស្ថានបរម‌សុខ* មិនមែនជាអ្នកដែលគ្រាន់តែហៅខ្ញុំថា “ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!”ប៉ុណ្ណោះទេ គឺជាអ្នកដែលធ្វើតាមព្រះ‌ហឫទ័យរបស់ព្រះ‌បិតាខ្ញុំ ដែលគង់នៅស្ថានបរម‌សុខនោះវិញ។

22 នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើនពោលមកខ្ញុំថា “ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់អើយ! យើងខ្ញុំធ្លាប់ថ្លែងព្រះ‌បន្ទូលក្នុងព្រះ‌នាមព្រះ‌អង្គ យើងខ្ញុំធ្លាប់ដេញអារក្សក្នុងព្រះ‌នាមព្រះ‌អង្គ ហើយយើងខ្ញុំក៏ធ្លាប់ធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះ‌នាមព្រះ‌អង្គដែរ”។

23 ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់អ្នករាល់គ្នាថា“ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ! ចូរថយចេញឲ្យឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ!”»។

ប្រស្នាអំពីមនុស្សពីរនាក់សង់ផ្ទះ

24 «អ្នកណាស្ដាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបបានទៅនឹងមនុស្សឈ្លាសវៃម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។

25 ទោះបីភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិនរលំដែរ ព្រោះមានគ្រឹះនៅលើផ្ទាំងថ្ម។

26 រីឯអ្នកដែលស្ដាប់ពាក្យខ្ញុំនេះ តែមិនប្រព្រឹត្តតាម ប្រៀបបានទៅនឹងមនុស្សឆោតល្ងង់ម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់

27 ពេលភ្លៀងបង្អុរចុះមក ហើយមានទឹកជន់មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះ ផ្ទះនោះរលំបាក់បែកខ្ទេចអស់គ្មានសល់»។

28 កាលព្រះ‌យេស៊ូមានព្រះ‌បន្ទូលទាំងនេះចប់សព្វគ្រប់ហើយ មហា‌ជនងឿង‌ឆ្ងល់យ៉ាងខ្លាំងអំពីសេចក្ដីដែលព្រះ‌អង្គប្រៀន‌ប្រដៅ

29 ព្រោះព្រះ‌អង្គមានព្រះ‌បន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកអាចារ្យ*របស់ពួកគេ។

—https://d1b84921e69nmq.cloudfront.net/364/32k/MAT/7-374c7d180a799f04ce4bb0a06fdf36f6.mp3?version_id=85—