ម៉ាថាយ 13

ប្រស្នាអំពីគ្រាប់ពូជ

1 នៅគ្រានោះ ព្រះ‌យេស៊ូចាកចេញពីផ្ទះ យាងទៅគង់នៅមាត់សមុទ្រ។

2 មានមហា‌ជនច្រើនកុះ‌ករ មកចោម‌រោមព្រះ‌អង្គ ព្រះ‌អង្គក៏យាងចុះទៅគង់ក្នុងទូកមួយ រីឯបណ្ដា‌ជនឈរនៅមាត់ច្រាំង។

3 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេយ៉ាងច្រើន ដោយប្រើប្រស្នាដូចតទៅ៖

«មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។

4 ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។

5 មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី។ គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។

6 លុះដល់ថ្ងៃក្ដៅឡើង ពន្លកទាំងនោះក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។

7 គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាក៏ដុះឡើង រួបរឹតស្រូវមិនឲ្យដុះឡើយ។

8 គ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានជី‌ជាតិល្អ មួយគ្រាប់ឲ្យផលជាមួយរយគ្រាប់ មួយទៀតឲ្យហុក‌សិប និងមួយទៀតឲ្យសាម‌សិប។

9 អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ! »។

10 ពេលនោះ ពួកសិស្សនាំគ្នាចូលមកជិតព្រះ‌អង្គ ទូលសួរថា៖ «ហេតុដូចម្ដេចបានជាព្រះ‌គ្រូមានព្រះ‌បន្ទូលទៅកាន់បណ្ដា‌ជន ដោយប្រើពាក្យប្រស្នាដូច្នេះ?»។

11 ព្រះ‌អង្គតបទៅគេវិញថា៖ «មកពីព្រះ‌ជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នាយល់គម្រោង‌ការដ៏លាក់កំបាំងរបស់ព្រះ‌រាជ្យ*នៃស្ថានបរម‌សុខ* រីឯអ្នកដទៃវិញ ព្រះ‌អង្គមិនប្រទានឲ្យយល់ឡើយ។

12 អ្នកណាមានហើយ ព្រះ‌ជាម្ចាស់នឹងប្រទានថែមទៀត ដើម្បីឲ្យអ្នកនោះបានបរិបូណ៌ រីឯអ្នកដែលគ្មាន ព្រះ‌អង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង។

13 ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេ ដោយប្រើពាក្យប្រស្នា គឺទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំឮ ហើយក៏ពុំយល់ដែរ

14 ដើម្បីឲ្យបានស្របនឹងសេចក្ដីដែលព្យាការី*អេសាយថ្លែងទុកអំពីពួកគេថា៖

“អ្នករាល់គ្នាស្ដាប់មែន តែពុំឮទេ

ហើយក៏ពុំយល់ផង។

អ្នករាល់គ្នាមើលមែន តែមិនឃើញសោះ

15 ដ្បិតចិត្តប្រជារាស្ដ្រនេះរឹងណាស់

ហើយត្រចៀកគេក៏ធ្ងន់។

គេនាំគ្នាបិទភ្នែកមិនឲ្យមើលឃើញ

មិនឲ្យត្រចៀកស្ដាប់ឮ មិនឲ្យប្រាជ្ញាយល់

ហើយមិនចង់វិលមកវិញទេ

ក្រែងលោយើងប្រោសគេឲ្យបានជា”។

16 រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះភ្នែកអ្នករាល់គ្នាមើលឃើញ ត្រចៀកអ្នករាល់គ្នាស្ដាប់ឮ!

17 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មានព្យាការី និងមនុស្សសុចរិត*ជាច្រើនមានបំណងចង់ឃើញហេតុ‌ការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញទេ គេចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮឡើយ!។

18 ដូច្នេះ សុំស្ដាប់អត្ថ‌ន័យនៃប្រស្នាអំពីអ្នកព្រោះស្រូវដូចតទៅ:

19 អ្នកដែលបានឮព្រះ‌បន្ទូលអំពីព្រះ‌រាជ្យ* តែមិនយល់ ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ដ្បិតមារកំណាចមកឆក់យកព្រះ‌បន្ទូលដែលបានធ្លាក់ក្នុងចិត្តគេនោះទៅ។

20 រីឯអ្នកដែលទទួលគ្រាប់ពូជលើដីមានថ្ម គឺអស់អ្នកដែលបានឮព្រះ‌បន្ទូលហើយ ក៏ទទួលយកភ្លាមដោយអំណរ

21 ប៉ុន្តែ គេពុំបានទុកឲ្យព្រះ‌បន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គេជាប់ចិត្តតែមួយ‌ភ្លែតប៉ុណ្ណោះ លុះដល់មានទុក្ខលំបាក ឬត្រូវគេបៀត‌បៀន ព្រោះតែព្រះ‌បន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។

22 អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮព្រះ‌បន្ទូល ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្តលោភ‌លន់ចង់បានទ្រព្យសម្បត្តិ រួបរឹតព្រះ‌បន្ទូលមិនឲ្យបង្កើតផលបានឡើយ។

23 រីឯអ្នកដែលទទួលគ្រាប់ពូជក្នុងដីមានជី‌ជាតិល្អ គឺអស់អ្នកដែលបានឮព្រះ‌បន្ទូលហើយយល់ គេបង្កបង្កើតផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុក‌សិប និងខ្លះទៀតបានមួយជាសាម‌សិប»។

ប្រស្នាអំពីស្រងែ

24 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលជាពាក្យប្រស្នាមួយទៀតទៅគេថា៖ «ព្រះ‌រាជ្យ*នៃស្ថានបរម‌សុខ*ប្រៀបបាននឹងបុរសម្នាក់ ដែលបានព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់គាត់។

25 ពេលមនុស្ស‌ម្នាដេកលក់អស់ មារសត្រូវរបស់គាត់បានមកព្រោះស្រងែនៅក្នុងស្រែនោះដែរ រួចចេញបាត់ទៅ។

26 ពេលស្រូវដុះឡើងដាក់គ្រាប់ ស្រងែក៏ដុះឡើងដែរ។

27 ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ស្រែថា: “លោកម្ចាស់! លោកបានព្រោះតែគ្រាប់ពូជល្អក្នុងស្រែសោះ ចុះស្រងែនេះមកពីណា?”។

28 ម្ចាស់តបវិញថា: “ពិតជាមានមារសត្រូវមកព្រោះហើយ!”។ ពួកអ្នកបម្រើសួរលោកទៀតថា: “តើលោកចង់ឲ្យយើងខ្ញុំទៅដកស្រងែនោះចេញឬ?”។

29 ម្ចាស់តបថា: “កុំអី! បើអ្នករាល់គ្នាដក ក្រែងលោដោយស្រូវមកជាមួយដែរ

30 ទុកឲ្យវាដុះជាមួយគ្នារហូតដល់ស្រូវទុំចុះ ពេលនោះ ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែចងជាបាច់ យកទៅដុតចោលជាមុនសិន រួចសឹមប្រមូលស្រូវដាក់ជង្រុកឲ្យខ្ញុំ”»។

ប្រស្នាអំពីគ្រាប់ពូជល្អិត និងមេនំប៉័ង

31 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលជាពាក្យប្រស្នាមួយទៀតទៅគេថា៖ «ព្រះ‌រាជ្យនៃស្ថានបរម‌សុខប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួន។

32 គ្រាប់ពូជនោះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្តែ ពេលដុះឡើង វាធំជាងដំណាំឯទៀតៗ គឺទៅជាដើមឈើមួយយ៉ាងធំ ហើយបក្សា‌បក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។

33 ព្រះ‌អង្គមានព្រះ‌បន្ទូលជាពាក្យប្រស្នាមួយទៀតថា៖ «ព្រះ‌រាជ្យនៃស្ថានបរម‌សុខប្រៀបបីដូចជាមេនំប៉័ង ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅពីរតៅ ធ្វើឲ្យម្សៅនោះដោរឡើង»។

34 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលអំពីសេចក្ដីទាំងនេះ ទៅកាន់មហា‌ជនជាពាក្យប្រស្នាទាំងអស់ គឺព្រះ‌អង្គមិនដែលមានព្រះ‌បន្ទូលទៅគេ ដោយឥតប្រើពាក្យប្រស្នាឡើយ

35 ដើម្បីឲ្យស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈពួកព្យាការី*ថា៖

«យើងនឹងនិយាយទៅគេជាពាក្យប្រស្នា

យើងនឹងប្រកាសសេចក្ដីលាក់កំបាំង

តាំងពីដើមកំណើតពិភពលោកមក

ឲ្យគេដឹង»។

ព្រះ‌យេស៊ូពន្យល់អត្ថ‌ន័យប្រស្នាអំពីស្រងែ

36 ពេលនោះ ព្រះ‌យេស៊ូយាងចេញពីមហា‌ជនចូលទៅក្នុងផ្ទះ។ ពួកសិស្ស*នាំគ្នាចូលមកគាល់ព្រះ‌អង្គ ទូលថា៖ «សូមព្រះ‌គ្រូបកស្រាយប្រស្នាអំពីស្រងែក្នុងស្រែ ឲ្យយើងខ្ញុំបានយល់អត្ថ‌ន័យផង»។

37 ព្រះ‌អង្គមានព្រះ‌បន្ទូលតបទៅគេវិញថា៖ «អ្នកព្រោះគ្រាប់ពូជល្អ គឺបុត្រមនុស្ស*

38 ស្រែ គឺពិភពលោក គ្រាប់ពូជល្អ គឺអ្នកដែលត្រូវចូលទៅក្នុងព្រះ‌រាជ្យ រីឯស្រងែវិញ គឺកូនចៅរបស់មារ*កំណាច។

39 សត្រូវដែលសាបព្រោះស្រងែ គឺមារ រដូវចម្រូត គឺអវសាន‌កាលនៃពិភពលោក ហើយអ្នកច្រូត គឺទេវតា*។

40 គេច្រូតស្រងែយកទៅដុតក្នុងភ្លើងយ៉ាងណា នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ។

41 បុត្រមនុស្សនឹងចាត់ទេវតារបស់លោកឲ្យមក។ ទេវតាទាំងនោះនឹងប្រមូលពួកអ្នកដែលនាំគេឲ្យប្រព្រឹត្តអំពើបាប និងពួកអ្នកដែលបានប្រព្រឹត្តអំពើទុច្ចរិតយកចេញពីព្រះ‌រាជ្យ

42 បោះទៅក្នុងភ្លើងដែលឆេះសន្ធោ‌សន្ធៅ ហើយនៅទីនោះមានតែសម្រែកយំសោក ខឹងសង្កៀតធ្មេញ។

43 រីឯអ្នកសុចរិត*វិញ គេនឹងស្ថិតនៅក្នុងព្រះ‌រាជ្យនៃព្រះ‌បិតារបស់គេ ទាំងបញ្ចេញរស្មីភ្លឺដូចព្រះ‌អាទិត្យ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។

ប្រស្នាស្ដីអំពីកំណប់ និងអំពីពេជ្រដ៏មានតម្លៃ

44 «ព្រះ‌រាជ្យនៃស្ថានបរម‌សុខ*ប្រៀបបីដូចជាកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ។ មានបុរសម្នាក់រកកំណប់នោះឃើញ ហើយកប់ទុកវិញ។ គាត់មានចិត្តត្រេកអរជាខ្លាំង ក៏ចេញទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មាន យកប្រាក់ទិញដីស្រែនោះ។

45 ម្យ៉ាងទៀត ព្រះ‌រាជ្យនៃស្ថានបរម‌សុខប្រៀបបីដូចជាអ្នកជំនួញម្នាក់ ដែលស្វែងរកទិញពេជ្រ ល្អៗ។

46 កាលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើស‌លប់ហើយ គាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់មកទិញពេជ្រនោះ»។

ប្រស្នាស្ដីអំពីអួន

47 «ព្រះ‌រាជ្យនៃស្ថានបរម‌សុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។

48 ពេលជាប់បានត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកព្ឆោ រីឯត្រីមិនល្អវិញ គេបោះចោល។

49 នៅអវសាន‌កាលនៃពិភពលោកក៏នឹងកើតមានដូច្នេះដែរ។ ពួកទេវតា*នាំគ្នាមកញែកមនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិត

50 រួចបោះមនុស្សទុច្ចរិតទាំងនោះទៅក្នុងភ្លើង ដែលឆេះសន្ធោ‌សន្ធៅ ហើយនៅទីនោះ មានតែសម្រែកយំសោកខឹងសង្កៀតធ្មេញ។

51 តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ?» ពួកសិស្សទូលព្រះ‌អង្គថា៖ «បាទ យល់!»។

52 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេទៀតថា៖ «ហេតុនេះហើយបានជាពួកអាចារ្យដែលបានទទួលការអប់រំអំពីព្រះ‌រាជ្យនៃស្ថានបរម‌សុខ* ប្រៀបបានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យ ទាំងចាស់ទាំងថ្មីចេញពីឃ្លាំងរបស់គាត់ដូច្នោះដែរ»។

អ្នកភូមិណាសា‌រ៉ែតមិនព្រមទទួលស្គាល់ព្រះ‌យេស៊ូ

53 កាលព្រះ‌យេស៊ូមានព្រះ‌បន្ទូលជាពាក្យប្រស្នាទាំងនេះចប់សព្វគ្រប់ហើយ ព្រះ‌អង្គក៏យាងចេញពីទីនោះ

54 ត្រឡប់ទៅភូមិស្រុករបស់ព្រះ‌អង្គវិញ។ ព្រះ‌អង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ*របស់គេ ធ្វើឲ្យគេងឿង‌ឆ្ងល់គ្រប់ៗគ្នា។ គេពោលថា៖ «តើគាត់បានទទួលប្រាជ្ញា និងឫទ្ធា‌នុភាពធ្វើការអស្ចារ្យទាំងនេះមកពីណា?

55 អ្នកនេះជាកូនរបស់ជាងឈើ ហើយម្ដាយរបស់គាត់ឈ្មោះ នាងម៉ារី បង‌ប្អូនគាត់ឈ្មោះយ៉ាកុប យ៉ូស្វេ ស៊ីម៉ូន យូដាស ទេតើ!

56 ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានរស់នៅក្នុងភូមិជាមួយយើងដែរ។ ដូច្នេះ គាត់ដឹងសេចក្ដីទាំងនេះពីណាមក?»។

57 ហេតុនេះហើយបានជាគេមិនអាចជឿព្រះ‌អង្គបាន។ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «ធម្មតា គេមើល‌ងាយព្យាការីតែក្នុងស្រុកកំណើត និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ!»។

58 នៅទីនោះ ព្រះ‌យេស៊ូពុំបានធ្វើការអស្ចារ្យច្រើនឡើយ ព្រោះគេគ្មានជំនឿ។

—https://d1b84921e69nmq.cloudfront.net/364/32k/MAT/13-daaf30f666f9bbcca2557f0e9180f56d.mp3?version_id=85—