ម៉ាថាយ 19

ព្រះដំបូន្មានអំពីរឿងលែង‌លះប្ដីប្រពន្ធ

1 កាលព្រះ‌យេស៊ូមានព្រះ‌បន្ទូលទាំងនេះចប់សព្វគ្រប់ហើយ ទ្រង់ក៏ចាកចេញពីស្រុកកាលី‌ឡេ យាងឆ្ពោះទៅត្រើយខាងនាយទន្លេយ័រដាន់ក្នុងស្រុកយូដា។

2 មហា‌ជនច្រើនកុះ‌ករនាំគ្នាមកតាមព្រះ‌អង្គ ព្រះ‌អង្គក៏ប្រោសអ្នកជំងឺឲ្យជានៅទីនោះ។

3 មានពួកខាងគណៈផារីស៊ី*ចូលមកជិត ហើយទូលសួរក្នុងគោលបំណងល្បង‌លមើលព្រះ‌អង្គថា៖ «តើស្វាមីមានសិទ្ធិនឹងលែងភរិយា ដោយសំអាងលើមូលហេតុអ្វីក៏ដោយបានឬទេ?»។

4 ព្រះ‌អង្គមានព្រះ‌បន្ទូលតបថា៖ «អ្នករាល់គ្នាធ្លាប់អានគម្ពីររួចមកហើយថាកាលដើមដំបូង ព្រះ‌អាទិករ*បានបង្កើតមនុស្សមកជាបុរស ជាស្ត្រី

5 រួចព្រះ‌អង្គមានព្រះ‌បន្ទូលថា:“ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ”។

6 គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូ‌ស្រករ ដែលព្រះ‌ជាម្ចាស់បានផ្សំ‌ផ្គុំនោះឡើយ»។

7 ពួកគេទូលសួរព្រះ‌អង្គថា៖ «ចុះហេតុដូចម្ដេចបានជាលោកម៉ូសេបញ្ជាឲ្យស្វាមីធ្វើលិខិតលែង‌លះភរិយា?»។

8 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេថា៖ «លោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្តរឹង‌រូស តែកាលដើមឡើយមិនមែនដូច្នោះទេ។

9 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា(លើក‌លែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀប‌ការ) ហើយទៅរៀប‌ការនឹងស្ត្រីម្នាក់ទៀត បុរសនោះឯងជាអ្នកប្រព្រឹត្តអំពើផិតក្បត់»។

10 សិស្ស*នាំគ្នាទូលព្រះ‌អង្គថា៖ «បើមានលក្ខ‌ខណ្ឌរវាងប្ដីប្រពន្ធបែបនេះ គួរកុំរៀប‌ការប្រសើរជាង»។

11 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេវិញថា៖ «មនុស្សគ្រប់រូបពុំអាចយល់សេចក្ដីនេះឡើយ គឺមានតែអ្នកដែលព្រះ‌ជាម្ចាស់ប្រោសប្រទានឲ្យយល់ប៉ុណ្ណោះ ទើបអាចយល់បាន។

12 អ្នកខ្លះមិនអាចរៀប‌ការបាន តាំងពីកំណើតមក ។ អ្នកខ្លះទៀតមិនអាចរៀប‌ការបានមកពីត្រូវគេក្រៀវ។ រីឯអ្នកខ្លះទៀតមិនរៀប‌ការមកពីយល់ដល់ព្រះ‌រាជ្យនៃស្ថានបរម‌សុខ។ អ្នកណាមានប្រាជ្ញា ចូរយកពាក្យនេះទៅរិះគិតឲ្យយល់ចុះ!»។

ព្រះ‌យេស៊ូប្រទានពរដល់ក្មេងៗ

13 មានមនុស្ស‌ម្នានាំក្មេងតូចៗមកឲ្យព្រះ‌យេស៊ូដាក់ព្រះ‌ហស្ដលើវា និងអធិស្ឋាន*ឲ្យ។ ពួកសិស្ស*ស្ដីបន្ទោសអ្នកទាំងនោះ

14 តែព្រះ‌យេស៊ូមានព្រះ‌បន្ទូលថា៖ «ទុកឲ្យក្មេងតូចៗមករកខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងព្រះ‌រាជ្យ*នៃស្ថានបរម‌សុខបាន»។

15 បន្ទាប់មក ព្រះ‌អង្គដាក់ព្រះ‌ហស្ដលើក្មេងទាំងនោះ រួចទ្រង់យាងចាកចេញពីទីនោះទៅ។

អ្នកមានម្នាក់ចង់បានជីវិតអស់‌កល្បជា‌និច្ច

16 ពេលនោះ មានបុរសម្នាក់ចូលមកគាល់ព្រះ‌អង្គ ហើយទូលថា៖ «លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អអ្វីខ្លះ ដើម្បីឲ្យមានជីវិតអស់‌កល្បជា‌និច្ច?»។

17 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគាត់ថា៖ «ហេតុដូចម្ដេចបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អដូច្នេះ? មានតែព្រះ‌ជាម្ចាស់មួយព្រះ‌អង្គប៉ុណ្ណោះដែលល្អសប្បុរស។ បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្តិតាមបទ‌បញ្ជា*ទៅ»។

18 គាត់ទូលសួរព្រះ‌អង្គថា៖ «បទ‌បញ្ជាអ្វីខ្លះ?»។ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលឆ្លើយថា៖«កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឲ្យគេមានទោស

19 ចូរគោរពមាតា‌បិតាចូរស្រឡាញ់បង‌ប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។

20 យុវ‌បុរសនោះទូលព្រះ‌អង្គថា៖ «ខ្ញុំបានប្រតិបត្តិតាមបទ‌បញ្ជាទាំងនេះហើយ តើនៅខ្វះអ្វីទៀត?»។

21 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគាត់ថា៖ «បើអ្នកចង់បានល្អឥតខ្ចោះ ចូរយកទ្រព្យសម្បត្តិរបស់អ្នកទាំងប៉ុន្មានទៅលក់ ហើយចែកឲ្យជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកបានសម្បត្តិសួគ៌ រួចសឹមអញ្ជើញមកតាមខ្ញុំ!»។

22 កាលយុវ‌បុរសនោះឮដូច្នេះ គាត់ត្រឡប់ទៅវិញ ទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្ដុក‌ស្ដម្ភណាស់។

23 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅពួកសិស្ស*ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកមានពិបាកចូលទៅក្នុងព្រះ‌រាជ្យ*នៃស្ថានបរម‌សុខ*ណាស់!។

24 ខ្ញុំសុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលទៅក្នុងព្រះ‌រាជ្យនៃស្ថានបរម‌សុខទៅទៀត»។

25 កាលពួកសិស្សឮដូច្នោះ គេងឿង‌ឆ្ងល់យ៉ាងខ្លាំង ហើយពោលថា៖ «បើដូច្នេះ តើអ្នកណានឹងអាចទទួលការសង្គ្រោះ?»។

26 ព្រះ‌យេស៊ូទតមើលគេ រួចមានព្រះ‌បន្ទូលថា៖ «ការនេះមនុស្សធ្វើពុំកើតទេ រីឯព្រះ‌ជាម្ចាស់វិញ អ្វីក៏ដោយព្រះ‌អង្គធ្វើកើតទាំងអស់»។

27 ពេលនោះ លោកពេត្រុស*ទូលព្រះ‌អង្គថា៖ «ព្រះ‌អង្គទតឃើញស្រាប់ហើយ យើងខ្ញុំបានលះ‌បង់អ្វីៗទាំងអស់ ដើម្បីមកតាមព្រះ‌អង្គ។ តើយើងខ្ញុំនឹងទៅជាយ៉ាងណា?»។

28 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅពួកសិស្សថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រមនុស្ស*គង់លើបល្ល័ង្កប្រកបដោយសិរី‌រុងរឿង អ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់‌ពីរ ហើយគ្រប់‌គ្រងលើកុល‌សម្ព័ន្ធទាំងដប់‌ពីរនៃជន‌ជាតិអ៊ីស្រា‌អែលទៀតផង។

29 អ្នកណាលះ‌បង់ផ្ទះសំបែង បង‌ប្អូនប្រុសស្រី ឪពុកម្ដាយ កូន ឬស្រែចម្ការ ព្រោះតែខ្ញុំ អ្នកនោះនឹងបានទទួលវិញមួយជាមួយរយ ព្រមទាំងមានជីវិតអស់‌កល្បជា‌និច្ច។

30 មានមនុស្សជាច្រើនដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខវិញ»។

—https://d1b84921e69nmq.cloudfront.net/364/32k/MAT/19-1ae99743e1fac83a9b4b36c4a0eb3a6d.mp3?version_id=85—