ម៉ាថាយ 28

ព្រះ‌យេស៊ូមានព្រះ‌ជន្មរស់ឡើងវិញ

1 ក្រោយថ្ងៃសប្ប័ទ* គឺនៅព្រឹកថ្ងៃអាទិត្យ នាងម៉ារីជាអ្នកស្រុកម៉ាដា‌ឡា និងនាងម៉ារីម្នាក់ទៀតនាំគ្នាទៅមើលផ្នូរ។

2 ពេលនោះ ស្រាប់តែផែន‌ដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានទេវតា*របស់ព្រះ‌អម្ចាស់ចុះពីស្ថានបរម‌សុខ*មកប្រមៀលថ្មចេញពីមាត់ផ្នូរ ហើយអង្គុយលើថ្មនោះថែមទៀតផង។

3 ទេវតានោះមានទ្រង់‌ទ្រាយភ្លឺដូចផ្លេកបន្ទោរ និងមានសម្លៀក‌បំពាក់សដូចសំឡី។

4 ទាហានភ័យញ័រជាខ្លាំង ភាំងស្មារតីដូចមនុស្សស្លាប់។

5 ទេវតានិយាយទៅកាន់ស្ត្រីៗថា៖ «កុំភ័យខ្លាចអ្វី! ខ្ញុំដឹងថានាងៗមករកព្រះ‌យេស៊ូ ជាអ្នកភូមិណាសា‌រ៉ែតដែលគេបានឆ្កាង។

6 ព្រះ‌អង្គមិននៅទីនេះទេ ព្រះ‌ជាម្ចាស់បានប្រោសព្រះ‌អង្គឲ្យមានព្រះ‌ជន្មរស់ឡើងវិញ ដូចទ្រង់មានព្រះ‌បន្ទូលរួចមកហើយ សុំមកមើលកន្លែងដែលគេដាក់ព្រះ‌សពព្រះ‌អង្គឯ‌ណេះសិន

7 ហើយសឹមអញ្ជើញទៅប្រាប់ពួកសិស្សរបស់ព្រះ‌អង្គជាប្រញាប់ ថាព្រះ‌អង្គមានព្រះ‌ជន្មរស់ឡើងវិញហើយ ឥឡូវនេះ ព្រះ‌អង្គយាងទៅស្រុកកាលី‌ឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះ‌អង្គ សុំនាងជ្រាប!»។

8 ស្ត្រីទាំងនោះប្រញាប់‌ប្រញាល់ចេញពីផ្នូរ ទាំងភ័យទាំងអរយ៉ាងខ្លាំង នាំដំណឹងនេះរត់ទៅជម្រាបពួកសិស្ស។

9 ពេលនោះ ស្រាប់តែព្រះ‌យេស៊ូយាងមកជួបពួកនាង ទ្រង់មានព្រះ‌បន្ទូលថា៖ «ជម្រាបសួរនាង!»។ នាងទាំងនោះក៏ចូលមកឱបព្រះ‌បាទា ហើយក្រាបថ្វាយ‌បង្គំព្រះ‌អង្គ។

10 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលថា៖ «កុំភ័យខ្លាចអ្វីឡើយ! សុំទៅប្រាប់បង‌ប្អូនខ្ញុំឲ្យទៅស្រុកកាលី‌ឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។

11 កាលស្ត្រីទាំងនោះកំពុងតែធ្វើដំណើរទៅ ទាហានខ្លះនាំគ្នាចូលទៅទីក្រុង ជម្រាបពួកនាយកបូជា‌ចារ្យអំពីហេតុ‌ការណ៍ទាំងប៉ុន្មាន ដែលកើតឡើង។

12 ពួកនាយកបូជា‌ចារ្យក៏ប្រជុំពិភាក្សាគ្នាជាមួយពួកព្រឹទ្ធា‌ចារ្យ ហើយសម្រេចចិត្តឲ្យប្រាក់យ៉ាងច្រើនដល់ពួកទាហាន

13 ទាំងប្រាប់ថា៖ «ត្រូវនិយាយថា “ពេលយើងខ្ញុំកំពុងដេកលក់ មានសិស្សរបស់អ្នកនោះមកលួចយកសពទៅទាំងយប់”។

14 ប្រសិនបើរឿងនេះលេចឮដល់លោកទេសា‌ភិបាល ចាំយើងជួយដោះស្រាយ ដើម្បីកុំឲ្យអ្នករាល់គ្នាមានទោស»។

15 ពួកទាហានទទួលយកប្រាក់ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់។ រឿងនេះក៏លេចឮសុស‌សាយក្នុងចំណោមជន‌ជាតិយូដា រហូតមកទល់សព្វថ្ងៃ។

ព្រះ‌យេស៊ូបង្ហាញខ្លួនឲ្យពួកសិស្សឃើញ

16 សិស្ស*ទាំងដប់មួយរូបនាំគ្នាធ្វើដំណើរទៅស្រុកកាលី‌ឡេ ហើយឡើងទៅលើភ្នំដែលព្រះ‌យេស៊ូបានប្រាប់ឲ្យគេទៅ។

17 កាលគេបានឃើញព្រះ‌អង្គ គេក្រាបថ្វាយ‌បង្គំ ប៉ុន្តែ មានអ្នកខ្លះនៅសង្ស័យ។

18 ព្រះ‌យេស៊ូយាងចូលមកជិតគេ ហើយមានព្រះ‌បន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរម‌សុខ* ទាំងនៅលើផែន‌ដី។

19 ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើជាសិស្ស ហើយធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះ‌នាមព្រះ‌បិតា ព្រះ‌បុត្រា និងព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ*។

20 ត្រូវបង្រៀនគេឲ្យប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។

—https://d1b84921e69nmq.cloudfront.net/364/32k/MAT/28-4df964cc8569d909ed949b99d4183a1b.mp3?version_id=85—