ម៉ាកុស 7

ពួកខាងគណៈផារី‌ស៊ី និងទំនៀម‌ទម្លាប់

1 មានពួកខាងគណៈផារី‌ស៊ី* និងអាចារ្យ*ខ្លះ នាំគ្នាមកពីក្រុងយេរូ‌សាឡឹមទៅជួបព្រះ‌យេស៊ូ។

2 គេឃើញសិស្ស*របស់ព្រះ‌អង្គខ្លះបរិ‌ភោគអាហារ ដោយដៃមិនបរិសុទ្ធ* គឺគេពុំបានលាងដៃជាមុន។

3 ធម្មតា ពួកផារី‌ស៊ី និងជន‌ជាតិយូដាទាំងអស់ តែងតែធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់‌ចត់មុននឹងបរិ‌ភោគ តាមទំនៀម‌ទម្លាប់របស់ចាស់បុរាណ។

4 នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីលាងសម្អាតខ្លួនជាមុនទេ គេមិនបរិ‌ភោគឡើយ។ គេកាន់ទំនៀម‌ទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាពិធីលាងពែង លាងថូទឹក លាងឆ្នាំង លាងតុជាដើម។

5 ពួកខាងគណៈផារី‌ស៊ី និងពួកអាចារ្យទូលសួរព្រះ‌យេស៊ូថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកមិនកាន់តាមទំនៀម‌ទម្លាប់ចាស់បុរាណ គឺនាំគ្នាបរិ‌ភោគដោយដៃមិនបរិសុទ្ធដូច្នេះ?»។

6 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «ព្យាការី*អេសាយបានថ្លែងទុកថា “អ្នករាល់គ្នាជាមនុស្សមានពុត”ត្រូវណាស់ ដូចមានចែងថា:

ប្រជា‌រាស្ត្រនេះគោរពយើងតែបបូរមាត់

ឯចិត្តគេនៅឆ្ងាយពីយើង។

7 គេថ្វាយ‌បង្គំយើង តែឥតបានការអ្វីសោះ

ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្ស

ប៉ុណ្ណោះ។

8 អ្នករាល់គ្នាបោះបង់ចោលបទ‌បញ្ជារបស់ព្រះ‌ជាម្ចាស់ បែរទៅកាន់តាមទំនៀម‌ទម្លាប់របស់មនុស្សវិញ»។

9 ព្រះ‌អង្គមានព្រះ‌បន្ទូលទៀតថា៖ «អ្នករាល់គ្នាលុបបំបាត់បទ‌បញ្ជារបស់ព្រះ‌ជាម្ចាស់ចោល បែរទៅកាន់តាមទំនៀម‌ទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។

10 លោកម៉ូសេ*បានថ្លែងថា:“ចូរគោរពមាតា‌បិតារបស់អ្នក អ្នកណាជេរប្រទេច‌ផ្ដាសាមាតារបស់ខ្លួន ត្រូវមានទោសដល់ជីវិត”

11 រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបែរជាពោលថា: “ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយបានរាប់ថាគ័រ‌បាន់ ស្រេចទៅហើយ” (ពាក្យនេះប្រែថាទុកជាតង្វាយថ្វាយព្រះ‌ជាម្ចាស់)។

12 អ្នករាល់គ្នាពុំទុកឲ្យគាត់ជួយឪពុកម្ដាយឡើយ។

13 អ្នករាល់គ្នាបានបំបាត់តម្លៃព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់ ដោយ‌សារទំនៀម‌ទម្លាប់ដែលអ្នករាល់គ្នាបានបង្រៀនតៗគ្នា។ អ្នករាល់គ្នាបានធ្វើការផ្សេងៗជាច្រើន ស្រដៀងនឹងការទាំងនេះដែរ»។

មូលហេតុដែលបណ្ដាលឲ្យមនុស្សមិនបរិសុទ្ធ

14 បន្ទាប់មក ព្រះ‌យេស៊ូត្រាស់ហៅបណ្ដា‌ជនមកម្ដងទៀត រួចមានព្រះ‌បន្ទូលទៅគេថា៖ «ចូរស្ដាប់ខ្ញុំទាំងអស់គ្នា ហើយយល់ឲ្យច្បាស់ថា

15 អ្វីៗពីខាងក្រៅ ចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធ*ឡើយ ផ្ទុយទៅវិញ មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យមិនបរិសុទ្ធ [

16 អ្នកណាឮពាក្យនេះហើយ ចូរយកទៅពិចារណាចុះ]»។

17 កាលព្រះ‌យេស៊ូយាងចេញពីបណ្ដា‌ជន ចូលទៅក្នុងផ្ទះ ពួកសិស្ស*នាំគ្នាទូលសួរព្រះ‌អង្គអំពីប្រស្នានេះ។

18 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេថា៖ «អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធឡើយ

19 ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្តទេ គឺចូលទៅក្នុងពោះ រួចចេញមកធ្លាក់ទៅទីបន្ទោរបង់»។ ព្រះ‌អង្គបញ្ជាក់ថាគ្រប់អាហារសុទ្ធតែបរិសុទ្ធទាំងអស់។

20 ព្រះ‌អង្គមានព្រះ‌បន្ទូលទៀតថា៖ «មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យគេមិនបរិសុទ្ធ

21 ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មានសុទ្ធតែចេញមកពីខាងក្នុងចិត្តរបស់មនុស្ស គឺគំនិតដែលនាំឲ្យប្រព្រឹត្តកាម‌គុណថោកទាប លួចប្លន់ កាប់សម្លាប់

22 ផិតក្បត់ លោភ‌លន់ចង់បានទ្រព្យគេ កាចសាហាវ បោកប្រាស់គេ ប្រព្រឹត្តអបាយ‌មុខ ច្រណែន‌ឈ្នានីស អំនួត និងគំនិត‌លេលា។

23 ការ‌អាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមនុស្សមក ធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធ*»។

ស្ត្រីសាសន៍ដទៃម្នាក់ជឿព្រះ‌យេស៊ូ

24 ព្រះ‌យេស៊ូយាងចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ូស។ ព្រះ‌អង្គយាងចូលក្នុងផ្ទះមួយ ទ្រង់ពុំចង់ឲ្យនរណាដឹងថាទ្រង់គង់នៅទីនោះឡើយ តែលាក់មិនជិត។

25 ភ្លាមនោះ ស្ត្រីម្នាក់ដែលកូនស្រីមានវិញ្ញាណអាក្រក់ចូល បានឮគេនិយាយអំពីព្រះ‌យេស៊ូ នាងមកក្រាបទៀបព្រះ‌បាទារបស់ព្រះ‌អង្គ។

26 ស្ត្រីនោះជាសាសន៍ក្រិកមានកំណើតនៅភេនីសក្នុងស្រុកស៊ីរី។ នាងទូលសូមព្រះ‌យេស៊ូដេញអារក្សចេញពីកូននាង។

27 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅនាងថា៖ «ត្រូវទុកឲ្យកូនចៅបរិ‌ភោគឆ្អែតជាមុនសិន មិនគួរយកអាហាររបស់កូនចៅបោះទៅឲ្យកូនឆ្កែស៊ីឡើយ»។

28 នាងទូលព្រះ‌អង្គថា៖ «ពិតមែនហើយលោកម្ចាស់! ប៉ុន្តែ កូនឆ្កែនៅក្រោមតុ វាស៊ីកម្ទេចអាហារដែលកូនក្មេងធ្វើឲ្យជ្រុះនោះបាន»។

29 ពេលនោះ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅនាងថា៖ «ដោយនាងនិយាយដូច្នេះ ចូរនាងវិលត្រឡប់ទៅវិញចុះ អារក្សបានចេញពីកូននាងហើយ»។

30 ពេលស្ត្រីនោះមកដល់ផ្ទះ នាងឃើញកូនស្រីដេកនៅលើគ្រែ ដ្បិតអារក្សបានចេញពីក្មេងនោះហើយ។

ព្រះ‌យេស៊ូប្រោសមនុស្សគថ្លង់ម្នាក់ឲ្យ‌ជា

31 ព្រះ‌យេស៊ូយាងចេញពីតំបន់ក្រុងទីរ៉ូស កាត់តាមតំបន់ក្រុងស៊ីដូន និងតំបន់ស្រុកដេកា‌ប៉ូល ឆ្ពោះទៅសមុទ្រកាលី‌ឡេវិញ។

32 គេនាំបុរសថ្លង់ម្នាក់មកគាល់ព្រះ‌អង្គ។ ម្យ៉ាងទៀត បុរសនោះពុំអាចនិយាយបានស្រួលដូចធម្មតាផង។ គេទូល‌អង្វរសូមឲ្យព្រះ‌អង្គដាក់ព្រះ‌ហស្ដលើគាត់។

33 ព្រះ‌អង្គនាំគាត់ចេញទៅដោយឡែកដាច់ពីបណ្ដា‌ជន ទ្រង់ដាក់ព្រះ‌អង្គុលីក្នុងត្រចៀកគាត់ ហើយស្ដោះទឹកព្រះ‌ឱស្ឋយកទៅផ្ដិតលើអណ្ដាតគាត់

34 រួចព្រះ‌អង្គងើបព្រះ‌ភ័ក្ត្រឡើង ទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះ‌បន្ទូលថា «អិប‌ផា‌ថា» (ប្រែថា: ចូរបើកឡើង)។

35 រំពេចនោះ ស្រាប់តែត្រចៀករបស់បុរសនោះអាចស្ដាប់ឮ អណ្ដាតរបស់គាត់ក៏គ្រលាស់បាន ហើយគាត់ក៏និយាយស្ដីបានច្បាស់លាស់។

36 ព្រះ‌យេស៊ូបានហាម‌ប្រាមពួកគេ មិនឲ្យនិយាយហេតុ‌ការណ៍នេះប្រាប់នរណាសោះឡើយ។ ប៉ុន្តែ ទោះបីព្រះ‌អង្គហាម‌ប្រាមយ៉ាងណាក៏ដោយ គេរឹតតែប្រកាសខ្លាំងឡើងៗ។

37 មនុស្ស‌ម្នាងឿង‌ឆ្ងល់ពន់‌ពេកណាស់ ហើយពោលថា៖ «គ្រប់កិច្ចការដែលលោកធ្វើសុទ្ធតែល្អទាំងអស់ សូម្បីតែមនុស្សថ្លង់ក៏លោកធ្វើឲ្យឮបាន មនុស្សគក៏លោកធ្វើឲ្យនិយាយបានដែរ»។

—https://d1b84921e69nmq.cloudfront.net/364/32k/MRK/7-f029b5967634329ab5b6cbc18ba7cc78.mp3?version_id=85—