ម៉ាកុស 16

ព្រះ‌យេស៊ូមានព្រះ‌ជន្មរស់ឡើងវិញ

1 លុះផុតថ្ងៃសប្ប័ទ*ហើយ នាងម៉ារីជាអ្នកស្រុកម៉ាដា‌ឡា នាងម៉ារីជាម្ដាយយ៉ាកុប និងនាងសាឡូ‌មេ បានទិញគ្រឿងក្រអូប យកទៅអប់ព្រះ‌សពព្រះ‌យេស៊ូ។

2 ព្រលឹមឡើងថ្ងៃអាទិត្យ នាងនាំគ្នាធ្វើដំណើរទៅកាន់ផ្នូរ នៅពេលថ្ងៃរះ។

3 ពួកនាងនិយាយគ្នាថា៖ «តើបាននរណាជួយប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង?»។

4 ពេលស្ត្រីទាំងនោះងើបមុខឡើង ក៏ឃើញថ្មបានរមៀលចេញរួចស្រេចទៅហើយ ថ្មនោះមានទំហំធំណាស់។

5 នាងចូលទៅក្នុងផ្នូរ ឃើញកំលោះម្នាក់អង្គុយខាងស្ដាំ មានសម្លៀក‌បំពាក់ពណ៌ស ពួកនាងភ័យស្រឡាំង‌កាំង។

6 អ្នកនោះពោលមកកាន់នាងថា៖ «កុំភ័យស្រឡាំង‌កាំងធ្វើអ្វី! នាងនាំគ្នាមករកព្រះ‌យេស៊ូ ជាអ្នកភូមិណាសា‌រ៉ែតដែលគេបានឆ្កាង តែព្រះ‌ជាម្ចាស់បានប្រោសព្រះ‌អង្គឲ្យមានព្រះ‌ជន្មរស់ឡើងវិញហើយ ទ្រង់មិននៅទីនេះទេ មើលចុះ ទីនេះហើយដែលគេបានដាក់ព្រះ‌សពព្រះ‌អង្គ។

7 ចូរនាងទៅប្រាប់សិស្សរបស់ព្រះ‌អង្គ ព្រមទាំងលោកពេត្រុសផងថា “ព្រះ‌អង្គយាងទៅស្រុកកាលី‌ឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះ‌អង្គ ដូចទ្រង់មានព្រះ‌បន្ទូលទុកស្រាប់”»។

8 ស្ត្រីទាំងនោះក៏ចាកចេញពីផ្នូរ ហើយរត់ទៅទាំងញ័ររន្ធត់ ស្លុតស្មារតី។ នាងពុំបាននិយាយរឿងនេះប្រាប់អ្នកណាសោះ ព្រោះនាងភ័យខ្លាំងពេក។

ព្រះ‌យេស៊ូបង្ហាញព្រះ‌អង្គឲ្យសិស្សឃើញ

[

9 ព្រះ‌យេស៊ូមានព្រះ‌ជន្មរស់ឡើងវិញ នៅព្រឹកថ្ងៃអាទិត្យ មុនដំបូង ព្រះ‌អង្គបានបង្ហាញខ្លួនឲ្យនាងម៉ារី ជាអ្នកស្រុកម៉ាដា‌ឡាឃើញ គឺនាងម៉ារីនេះហើយដែលព្រះ‌អង្គបានដេញអារក្សប្រាំ‌ពីរចេញពីនាង។

10 នាងបានយកដំណឹងនេះទៅប្រាប់អស់អ្នកដែលនៅជាមួយព្រះ‌យេស៊ូកាលពីមុន។ អ្នកទាំងនោះកំពុងកាន់ទុក្ខ ព្រមទាំងយំសោកទៀតផង។

11 ពេលគេឮថា ព្រះ‌អង្គមានព្រះ‌ជន្មវិញហើយ ហើយឮថានាងបានឃើញព្រះ‌អង្គ គេមិនជឿនាងឡើយ។

12 បន្ទាប់មក ព្រះ‌យេស៊ូបានបង្ហាញព្រះ‌អង្គឲ្យសិស្ស*ពីរនាក់ឃើញ តាមទ្រង់‌ទ្រាយមួយផ្សេងទៀតក្នុងពេលអ្នកទាំងពីរកំពុងធ្វើដំណើរទៅស្រុកស្រែ។

13 អ្នកទាំងពីរក៏នាំដំណឹងមកប្រាប់សិស្ស*ឯទៀតៗដែរ តែពួកគេមិនព្រមជឿដដែល។

14 នៅទីបំផុត ព្រះ‌យេស៊ូក៏បង្ហាញខ្លួនឲ្យសិស្សទាំងដប់មួយរូបឃើញ នៅពេលដែលគេកំពុងបរិ‌ភោគ។ ព្រះ‌អង្គបន្ទោសគេ ព្រោះគេគ្មានជំនឿ ហើយមានចិត្តរឹង‌រូស ពុំព្រមជឿអស់អ្នកដែលបានឃើញព្រះ‌អង្គមានព្រះ‌ជន្មរស់ឡើងវិញ។

15 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹង‌ល្អ*ដល់មនុស្សលោកទាំងអស់ចុះ។

16 អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក* ព្រះ‌ជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។

17 អស់អ្នកដែលជឿនឹងធ្វើទីសម្គាល់ទាំងនេះ គឺគេនឹងដេញអារក្សក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។

18 ប្រសិនបើគេកាន់ពស់ ឬផឹកអ្វីដែលមានជាតិពុល ក៏គេពុំមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺ អ្នកជំងឺនឹងបានជាសះ‌ស្បើយ»។

19 កាលព្រះ‌អម្ចាស់យេស៊ូមានព្រះ‌បន្ទូលទាំងនេះរួចហើយ ព្រះ‌ជាម្ចាស់លើកព្រះ‌អង្គឡើងទៅស្ថានបរម‌សុខ* ឲ្យគង់នៅខាងស្ដាំព្រះ‌អង្គ។

20 ពួកសិស្សនាំគ្នាចេញទៅប្រកាសដំណឹង‌ល្អនៅគ្រប់ទីកន្លែង។ ព្រះ‌អម្ចាស់ធ្វើការរួមជាមួយគេ ទាំងបញ្ជាក់ព្រះ‌បន្ទូល ដោយសម្តែងទីសម្គាល់ផ្សេងៗជាប់ជាមួយផង។]

—https://d1b84921e69nmq.cloudfront.net/364/32k/MRK/16-62308d1eba2b84ef7acf157a0a35ed1d.mp3?version_id=85—