លូកា 12

ព្រះ‌យេស៊ូទូន្មានសិស្សកុំឲ្យភ័យបារម្ភ

1 ខណៈនោះ មានមហា‌ជនរាប់ម៉ឺននាក់ជួប‌ជុំគ្នាណែន‌ណាន់តាន់‌តាប់ ស្ទើរតែដើរជាន់គ្នា។ មុនដំបូង ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅសិស្ស*ថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈ‌ផារីស៊ី គឺពុត‌ត្បុតរបស់គេ។

2 ការលាក់កំបាំងទាំងអស់នឹងត្រូវលាតត្រដាងឲ្យគេឃើញ ហើយអាថ៌‌កំបាំងទាំងប៉ុន្មានក៏នឹងត្រូវបើកឲ្យគេដឹងដែរ។

3 ហេតុនេះហើយបានជាអ្វីៗដែលអ្នករាល់គ្នានិយាយក្នុងទី‌ងងឹត មុខជាគេឮនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលអ្នករាល់គ្នាខ្សឹបដាក់ត្រចៀកនរណាម្នាក់នៅក្នុងបន្ទប់ មុខជាត្រូវអ្នកដទៃយកទៅប្រកាសយ៉ាងខ្លាំងនៅលើដំបូលផ្ទះមិនខាន។

4 ខ្ញុំសុំប្រាប់អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំថា ចូរកុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាចធ្វើអ្វីដល់អ្នករាល់គ្នាថែមទៀតនោះឡើយ។

5 ខ្ញុំសុំប្រាប់ឲ្យដឹងថា អ្នករាល់គ្នាត្រូវខ្លាចនរណា គឺត្រូវខ្លាចព្រះ‌ជាម្ចាស់ ដ្បិតព្រះ‌អង្គមានអំណាចផ្ដាច់ជីវិត ហើយបោះទៅក្នុងភ្លើងនរកថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គឺព្រះ‌អង្គនេះហើយដែលអ្នករាល់គ្នាត្រូវខ្លាច។

6 ធម្មតា គេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះក៏ដោយ ក៏ព្រះ‌ជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។

7 សូម្បីតែសក់នៅលើក្បាលរបស់អ្នករាល់គ្នា ក៏ព្រះ‌អង្គរាប់អស់ដែរ។ ដូច្នេះ កុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត។

8 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្ស*នឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតា*របស់ព្រះ‌ជាម្ចាស់ដែរ។

9 រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្សក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតារបស់ព្រះ‌ជាម្ចាស់ដែរ។

10 អ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះ‌ជាម្ចាស់នឹងលើក‌លែងទោសឲ្យបាន ប៉ុន្តែ អ្នកណាពោលពាក្យទាស់នឹងព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ* ព្រះ‌អង្គមិនលើក‌លែងទោសឲ្យឡើយ។

11 កាលណាគេបញ្ជូនអ្នករាល់គ្នាទៅវិនិច្ឆ័យទោស ក្នុងសាលាប្រជុំ ឬនៅមុខចៅ‌ក្រម និងអ្នកកាន់អំណាច មិនត្រូវភ័យបារម្ភអំពីរបៀបដែលអ្នករាល់គ្នាត្រូវឆ្លើយការពារខ្លួន ឬសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ

12 ដ្បិតព្រះ‌វិញ្ញាណដ៏‌វិសុទ្ធនឹងបំភ្លឺអ្នករាល់គ្នា ឲ្យដឹងសេចក្ដីដែលត្រូវនិយាយ នៅពេលនោះឯង»។

ប្រស្នាអំពីអ្នកមានដ៏ឆោតល្ងង់ម្នាក់

13 ក្នុងចំណោមបណ្ដា‌ជន មានបុរសម្នាក់ទូលព្រះ‌យេស៊ូថា៖ «លោកគ្រូ! សូមលោកប្រាប់បងខ្ញុំឲ្យយកកេរ‌មត៌កមកចែកខ្ញុំផង»។

14 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលតបទៅបុរសនោះថា៖ «តើនរណាបានតែង‌តាំងខ្ញុំឲ្យធ្វើជាចៅ‌ក្រម ចែកទ្រព្យ‌សម្បត្តិរបស់អ្នករាល់គ្នា?»។

15 បន្ទាប់មក ព្រះ‌អង្គមានព្រះ‌បន្ទូលទៅបណ្ដា‌ជនថា៖ «ចូរប្រយ័ត្ន កុំលោភ‌លន់ចង់បានទ្រព្យ‌សម្បត្តិឲ្យសោះ។ ទោះបីមនុស្សមានសម្បត្តិបរិបូណ៌យ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យនៅលើទ្រព្យ‌សម្បត្តិឡើយ»។

16 ព្រះ‌អង្គមានព្រះ‌បន្ទូលជាពាក្យប្រស្នាទៅគេថា៖ «មានបុរសម្នាក់ជាសេដ្ឋី ដីធ្លីរបស់គាត់បានផ្ដល់ភោគផលយ៉ាងបរិបូណ៌។

17 គាត់រិះគិតក្នុងចិត្តថា “ខ្ញុំគ្មានកន្លែងដាក់ភោគផលទាំងអស់របស់ខ្ញុំទេ តើខ្ញុំត្រូវធ្វើដូចម្ដេច?”។

18 គាត់គិតទៀតថា “ខ្ញុំត្រូវតែធ្វើយ៉ាងនេះ គឺរុះជង្រុកទាំងប៉ុន្មានរបស់ខ្ញុំចោល ហើយសង់ជង្រុកឲ្យធំៗជាង រួចខ្ញុំប្រមូលស្រូវ ព្រមទាំងភោគផលទាំងអស់មកដាក់ក្នុងជង្រុកថ្មីនោះ។

19 បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់ខ្លួនខ្ញុំថា ឱខ្ញុំអើយ! មានសម្បត្តិយ៉ាងច្រើនបរិបូណ៌ បម្រុងទុកចិញ្ចឹមជីវិតសម្រាប់ច្រើនឆ្នាំ ខ្ញុំត្រូវសម្រាក គិតតែស៊ីផឹកសប្បាយទៅ!”។

20 ប៉ុន្តែ ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលទៅកាន់សេដ្ឋីនោះថា:“នែ៎ មនុស្សឆោតល្ងង់អើយ! យប់នេះ យើងនឹងផ្ដាច់ជីវិតអ្នកហើយ ដូច្នេះ ទ្រព្យ‌សម្បត្តិដែលអ្នកបានប្រមូលទុកសម្រាប់ខ្លួនអ្នក នឹងបានទៅជារបស់នរណាវិញ?”។

21 អ្នកណាប្រមូលទ្រព្យ‌សម្បត្តិទុកសម្រាប់តែខ្លួនឯង ហើយគ្មានសម្បត្តិសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ»។

ត្រូវពឹងផ្អែកលើព្រះ‌ជាម្ចាស់ និងស្វែងរកសម្បត្តិសួគ៌

22 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅកាន់សិស្ស*ថា៖ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬអំពីសម្លៀក‌បំពាក់សម្រាប់បិទ‌បាំងរូបកាយឡើយ

23 ដ្បិតជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយមានតម្លៃលើសសម្លៀក‌បំពាក់ទៅទៀត។

24 ចូរមើលក្អែក វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ គ្មានឃ្លាំង គ្មានជង្រុកសោះ ប៉ុន្តែ ព្រះ‌ជាម្ចាស់ចិញ្ចឹមវា រីឯអ្នករាល់គ្នាវិញ មានតម្លៃលើសបក្សា‌បក្សីច្រើនណាស់។

25 ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនឲ្យវែងបានឡើយ សូម្បីតែបន្តិចក៏មិនបានដែរ។

26 ដូច្នេះ បើអ្នករាល់គ្នាពុំអាចសម្រេចការដ៏តូចបំផុតនេះបានផង ចុះហេតុដូចម្ដេចបានជាខ្វល់ខ្វាយអំពីរឿងផ្សេងៗទៀត។

27 ចូរគិតមើល ផ្កាដុះឡើងយ៉ាងណា វាមិនដែលនឿយ‌ហត់នឹងធ្វើការ ឬត្បាញរវៃឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះ‌បាទសាឡូម៉ូន កាលពីជំនាន់ដែលទ្រង់មានសិរី‌រុងរឿងដ៏ប្រសើរបំផុតនោះ ក៏ទ្រង់គ្មានព្រះ‌ភូសាល្អស្មើនឹងផ្កាមួយទងនេះផង។

28 មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះ‌ជាម្ចាស់ផ្ដល់សម្រស់ឲ្យផ្កា ដែលរីកនៅតាមវាលថ្ងៃនេះ ហើយស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះ‌អង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត?

29 ដូច្នេះ ចូរអ្នករាល់គ្នាកុំគិតតែពីស្វែងរកគ្រឿងបរិភោគនោះឡើយ

30 ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះ ដែលខំស្វះ‌ស្វែងរករបស់ទាំងនោះ។ រីឯអ្នករាល់គ្នាវិញ ព្រះ‌បិតារបស់អ្នករាល់គ្នាទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។

31 ចូរខំស្វែងរកព្រះ‌រាជ្យ*របស់ព្រះ‌ជាម្ចាស់វិញ ទើបព្រះ‌អង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀតផង»។

32 «កុំខ្លាចអី ក្រុមដ៏តូចរបស់ខ្ញុំអើយ! ព្រះ‌បិតារបស់អ្នករាល់គ្នាសព្វព្រះ‌ហឫទ័យប្រទានព្រះ‌រាជ្យមកឲ្យអ្នករាល់គ្នាហើយ។

33 ចូរលក់ទ្រព្យ‌សម្បត្តិរបស់អ្នករាល់គ្នា យកប្រាក់ចែកជាទានដល់ជនក្រីក្រចុះ។ ចូរប្រមូលទ្រព្យដែលមិនចេះពុក ជាសម្បត្តិដែលមិនចេះរលាយ ទុកសម្រាប់ខ្លួននៅស្ថានបរម‌សុខ* ជាស្ថានដែលគ្មានចោរប្លន់ ឬកណ្ដៀរស៊ីឡើយ។

34 ទ្រព្យ‌សម្បត្តិរបស់អ្នករាល់គ្នានៅកន្លែងណា ចិត្តរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ»។

ការប្រុងប្រៀបខ្លួន

35 «ចូរប្រុងប្រៀបខ្លួន ហើយទុកឲ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។

36 ចូរប្រព្រឹត្តឲ្យបានដូចពួកអ្នកបម្រើ ដែលរង់‌ចាំម្ចាស់វិលត្រឡប់មកពីជប់‌លៀងវិញ គឺនៅពេលមកដល់លោកគោះទ្វារ អ្នកបម្រើទៅបើកជូនភ្លាម។

37 ពេលម្ចាស់ត្រឡប់មកដល់ ឃើញអ្នកបម្រើណានៅរង់‌ចាំលោក អ្នកបម្រើនោះមានសុភមង្គលហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា លោកនឹងឲ្យអ្នកបម្រើអង្គុយបរិភោគ ហើយលោករៀបចំខ្លួនបម្រើគេវិញ។

38 បើលោកវិលមកវិញនៅពាក់កណ្ដាលអធ្រាត្រ ឬជិតភ្លឺ ហើយឃើញអ្នកបម្រើទាំងនោះនៅរង់‌ចាំដូច្នេះ ពួកគេប្រាកដជាមានសុភមង្គល។

39 អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់នឹងមិនបណ្ដោយឲ្យវាចូលមកក្នុងផ្ទះគាត់បានឡើយ។

40 រីឯអ្នករាល់គ្នាវិញ ចូរត្រៀមខ្លួនជា‌និច្ច ដ្បិតបុត្រមនុស្ស*នឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។

ប្រស្នាអំពីអ្នកបម្រើស្មោះត្រង់ និងអ្នកបម្រើមិនស្មោះត្រង់

41 លោកពេត្រុសទូលសួរព្រះ‌យេស៊ូថា៖ «បពិត្រព្រះ‌អម្ចាស់! តើព្រះ‌អង្គមានព្រះ‌បន្ទូលជាពាក្យប្រស្នានេះ សម្រាប់ប្រៀន‌ប្រដៅយើងខ្ញុំតែប៉ុណ្ណោះ ឬមួយសម្រាប់ប្រៀន‌ប្រដៅមនុស្សគ្រប់ៗរូបដែរ?»។

42 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលតបថា៖ «បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ ហើយប៉ិន‌ប្រសប់ ម្ចាស់មុខជាផ្ទុក‌ផ្ដាក់ឲ្យគាត់មើលខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងការចែកម្ហូបអាហារឲ្យគេ តាមពេលកំណត់ជាមិនខាន។

43 ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបម្រើនោះប្រាកដជាមានសុភមង្គល។

44 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុក‌ផ្ដាក់ឲ្យគាត់មើលខុសត្រូវលើទ្រព្យ‌សម្បត្តិទាំងប៉ុន្មានរបស់លោកថែមទៀតផង។

45 ផ្ទុយទៅវិញ ប្រសិនបើអ្នកបម្រើនឹកក្នុងចិត្តថា “ម្ចាស់អញក្រមកដល់ណាស់” គាត់ក៏វាយអ្នកបម្រើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង។

46 ពេលម្ចាស់វិលត្រឡប់មកដល់ផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់‌ចាំ ឬនៅពេលដែលគាត់មិនដឹង លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយឲ្យគាត់ទទួលទោសរួមជាមួយពួកអ្នកមិនជឿដែរ។

47 អ្នកបម្រើណាស្គាល់ចិត្តម្ចាស់ តែមិនបានត្រៀមខ្លួន ហើយមិនធ្វើតាមចិត្តលោក អ្នកបម្រើនោះនឹងត្រូវរំពាត់យ៉ាងច្រើន។

48 ផ្ទុយទៅវិញ អ្នកបម្រើណាមិនស្គាល់ចិត្តម្ចាស់របស់ខ្លួន ហើយប្រព្រឹត្តខុសឆ្គងសមនឹងទទួលទោស អ្នកបម្រើនោះនឹងត្រូវរំពាត់តែបន្តិចទេ។ បើគេឲ្យអ្វីច្រើនទៅអ្នកណា គេនឹងទារពីអ្នកនោះវិញច្រើនដែរ។ បើគេផ្ទុក‌ផ្ដាក់កិច្ចការច្រើនដល់អ្នកណា គេនឹងទារពីអ្នកនោះវិញរឹង‌រឹតតែច្រើនថែមទៀត»។

ការបាក់បែកគ្នាព្រោះជំនឿ

49 «ខ្ញុំមក ដើម្បីនាំភ្លើងមកផែន‌ដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្តហើយ ។

50 ខ្ញុំត្រូវទទួលពិធីជ្រមុជ ម្យ៉ាង។ ខ្ញុំតាន‌តឹងក្នុងចិត្តក្រៃ‌លែង ចង់តែឲ្យពិធីនោះបានសម្រេចឆាប់ៗ។

51 កុំនឹកស្មានថា ខ្ញុំមកដើម្បីផ្ដល់សន្តិ‌ភាពឲ្យផែន‌ដីនេះឡើយ គឺខ្ញុំបាននាំការបាក់បែកមកទេតើ។

52 ចាប់ពីពេលនេះតទៅ ឧបមាថា ក្នុងផ្ទះមួយមានគ្នាប្រាំនាក់ អ្នកទាំងប្រាំនឹងត្រូវបាក់បែកគ្នា គឺបីនាក់បែកចេញពីពីរនាក់ ពីរនាក់បែកចេញពីបីនាក់

53 ឪពុកនឹងបែកចេញពីកូនប្រុស កូនប្រុសបែកចេញពីឪពុក ម្ដាយបែកចេញពីកូនស្រី កូនស្រីបែកចេញពីម្ដាយ ម្ដាយ‌ក្មេកបែកចេញពីកូនប្រសាស្រី កូនប្រសាស្រីបែកចេញពីម្ដាយ‌ក្មេក»។

ត្រូវយល់ហេតុ‌ការណ៍ផ្សេងៗ

54 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅកាន់មហា‌ជនទៀតថា៖ «កាលណាអ្នករាល់គ្នាឃើញពពករសាត់ពីទិសខាងលិចមក អ្នករាល់គ្នាពោលភ្លាមថាជិតភ្លៀងហើយ ហើយក៏ភ្លៀងមែន។

55 កាលណាមានខ្យល់បក់ពីទិសខាងត្បូង អ្នករាល់គ្នាថាមុខជាក្ដៅហើយ ហើយក៏ក្ដៅមែន។

56 មនុស្សមានពុតអើយ! អ្នករាល់គ្នាចេះយល់ហេតុ‌ការណ៍ផ្សេងៗនៅលើផែន‌ដី និងនៅលើមេឃបាន ចុះហេតុដូចម្ដេចបានជាពុំយល់ហេតុ‌ការណ៍ នាសម័យបច្ចុប្បន្ននេះផង?»។

ត្រូវសម្រុះ‌សម្រួលរឿង‌រ៉ាវ មុនថ្ងៃព្រះ‌ជាម្ចាស់វិនិច្ឆ័យទោស

57 «ហេតុអ្វីបានជាអ្នករាល់គ្នាមិនពិចារណាដោយខ្លួនឯង នូវអំពើសុចរិតដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត?

58 ប្រសិនបើអ្នកធ្វើដំណើរទៅតុលាការជាមួយគូ‌វិវាទ នៅតាមផ្លូវ អ្នកត្រូវខំសម្រុះ‌សម្រួលជាមួយអ្នកនោះឲ្យហើយទៅ ក្រែងលោគេបញ្ជូនអ្នកទៅដល់នគរ‌បាល នគរ‌បាលបញ្ជូនអ្នកទៅចៅ‌ក្រម ហើយចៅ‌ក្រមយកអ្នកទៅដាក់គុក។

59 ខ្ញុំសុំប្រាប់អ្នកថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។

—https://d1b84921e69nmq.cloudfront.net/364/32k/LUK/12-7cfebe69c0287f43c7af7d0a2e909410.mp3?version_id=85—