លូកា 15

ប្រស្នាអំពីចៀមដែលបាត់ ហើយរកឃើញវិញ

1 មានអ្នកទារពន្ធ* និងមនុស្សបាបទាំងអស់ នាំគ្នាចូលមកជិតព្រះ‌យេស៊ូ ស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អង្គ។

2 ពួកខាងគណៈ‌ផារីស៊ី* និងពួកអាចារ្យ*រអ៊ូ‌រទាំថា៖ «មើល៍! អ្នកនេះរាក់‌ទាក់នឹងមនុស្សបាប ព្រមទាំងបរិភោគជាមួយគេផង!»។

3 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេ ជាប្រស្នានេះថា៖

4 «ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា មានម្នាក់មានចៀមមួយរយក្បាល បើគាត់បាត់ចៀមមួយ គាត់មុខជាទុកចៀមកៅ‌សិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀមដែលបាត់នោះ រហូតទាល់តែបានឃើញវិញ។

5 កាលរកឃើញហើយ គាត់ត្រេកអរណាស់ គាត់ក៏លើកចៀមដាក់លើ-ក

6 ត្រឡប់មកផ្ទះវិញ ហៅមិត្ត‌ភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។

7 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះ‌ជាម្ចាស់នៅស្ថានបរម‌សុខមានអំណរសប្បាយ ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត ខ្លាំងជាងព្រះ‌អង្គសប្បាយនឹងមនុស្សសុចរិតកៅ‌សិបប្រាំបួននាក់ ដែលមិនត្រូវការកែប្រែចិត្តគំនិត»។

ប្រស្នាអំពីប្រាក់ដួងដែលបាត់ ហើយរកឃើញវិញ

8 «ម្យ៉ាងទៀត ឧបមាថា ស្ត្រីម្នាក់មានប្រាក់ដប់ដួង* ហើយបាត់មួយដួង គាត់មុខជាអុជចង្កៀងបោសផ្ទះរកប្រាក់នោះ គ្រប់កៀនកោះរហូតទាល់តែបានឃើញវិញ។

9 លុះរកឃើញហើយ គាត់ក៏ហៅមិត្ត‌ភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតប្រាក់ដួង*ដែលខ្ញុំបាត់នោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។

10 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវតា*របស់ព្រះ‌ជាម្ចាស់នឹងមានអំណរសប្បាយជាខ្លាំង ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត»។

ប្រស្នាអំពីកូនពៅដែលបាត់ ហើយរកឃើញវិញ

11 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៀតថា៖ «មានបុរសមួយរូបមានកូនប្រុសពីរនាក់។

12 កូនពៅនិយាយទៅឪពុកថា “លោកឪពុក! សូមចែកកេរ‌មត៌កឲ្យកូនមក”។ ឪពុកក៏ចែកមត៌កឲ្យកូន។

13 ប៉ុន្មានថ្ងៃក្រោយមក កូនពៅប្រមូលទ្រព្យ‌សម្បត្តិ រួចចាកចេញទៅស្រុកឆ្ងាយ។ នៅស្រុកនោះ កូនពៅបានខ្ជះ‌ខ្ជាយបង្ហិនទ្រព្យ‌សម្បត្តិរបស់ខ្លួនអស់ទៅ។

14 ពេលចាយវាយទ្រព្យ‌សម្បត្តិអស់ហើយ ជួនជាកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្នុងស្រុក កូនពៅនោះចាប់ផ្ដើមខ្វះខាត។

15 គាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់ គេប្រើគាត់ឲ្យមើលជ្រូកតាមស្រែចម្ការ។

16 គាត់ចង់ចំអែតក្រពះនឹងចំណីដែលគេដាក់ឲ្យជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាឲ្យបរិភោគឡើយ។

17 ពេលនោះ កូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្តថា “អ្នកបម្រើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរ‌ហៀរទាំងអស់គ្នា រីឯនៅទីនេះវិញ អញសឹងតែដាច់ពោះស្លាប់។

18 អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ ហើយជម្រាបគាត់ថា លោកឪពុក កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះ‌ហឫទ័យរបស់ព្រះ‌ជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ។

19 មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ”។

20 លុះគិតដូច្នោះហើយ កូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្តអាណិតអាសូរក្រៃ‌លែង ក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។

21 កូនពៅជម្រាបឪពុកថា “លោកឪពុក កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះ‌ហឫទ័យរបស់ព្រះ‌ជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ”។

22 ឪពុកប្រាប់ពួកអ្នកបម្រើថា “ចូរទៅយកសម្លៀក‌បំពាក់ល្អៗបំផុត មកពាក់ឲ្យកូនខ្ញុំជាប្រញាប់ ហើយយកចិញ្ចៀន និងស្បែកជើង មកពាក់ឲ្យផង។

23 ចូរយកកូនគោដែលយើងបានបំប៉នទុក មកកាប់ជប់‌លៀងឲ្យសប្បាយចុះ

24 ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់ តែឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ គេនាំគ្នាជប់‌លៀងយ៉ាងសប្បាយ។

25 ពេលនោះ កូនច្បងនៅឯចម្ការ។ កាលគាត់ត្រឡប់មកជិតដល់ផ្ទះវិញ ឮស្នូរតូរ្យតន្ត្រី និងចម្រៀងរបាំ

26 គាត់ហៅអ្នកបម្រើម្នាក់មកសួរថា មានការអ្វីកើតឡើង។

27 អ្នកបម្រើឆ្លើយថា “ប្អូនលោកត្រឡប់មកវិញហើយ។ ឪពុករបស់លោកឲ្យគេកាប់កូនគោដែលយើងបំប៉ននោះ ព្រោះកូនពៅរបស់លោកបានត្រឡប់មកវិញដោយសុខ‌សាន្ត”។

28 កូនច្បងខឹងណាស់មិនព្រមចូលផ្ទះទេ ឪពុកចេញមកអង្វរឲ្យចូល។

29 កូនច្បងនិយាយទៅឪពុកថា “ខ្ញុំបាននៅបម្រើលោកជាច្រើនឆ្នាំមកហើយ ខ្ញុំមិនដែលធ្វើខុសនឹងបទ‌បញ្ជារបស់លោកត្រង់ណាឡើយ តែលោកមិនដែលឲ្យកូនពពែ ដើម្បីឲ្យខ្ញុំកាប់ជប់‌លៀងជាមួយមិត្ត‌ភក្ដិទាល់តែសោះ សូម្បីតែមួយក៏មិនដែលផង។

30 ពេលកូនលោកត្រឡប់មកវិញ លោកបានកាប់កូនគោបំប៉នទទួលវា មើល៍ វានេះ បានបំផ្លាញទ្រព្យ‌សម្បត្តិលោកទាំងអស់ជាមួយស្រីញី”។

31 ឪពុកនិយាយទៅកូនថា “កូនអើយ ឯងនៅជាមួយឪពុកជា‌និច្ចរហូតណាកូន អ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។

32 យើងត្រូវតែសប្បាយរីក‌រាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ”»។

—https://d1b84921e69nmq.cloudfront.net/364/32k/LUK/15-2f03ac2bd7b0b5931fff68289c3aa330.mp3?version_id=85—