លូកា 21

តង្វាយរបស់ស្ត្រីមេ‌ម៉ាយ

1 ព្រះ‌យេស៊ូទតឃើញពួកអ្នកមានយកប្រាក់មកដាក់ក្នុងហិប ថ្វាយព្រះ‌ជាម្ចាស់។

2 ព្រះ‌អង្គទតឃើញស្ត្រីមេ‌ម៉ាយក្រីក្រម្នាក់យកប្រាក់ពីរសេន មកដាក់ក្នុងហិបនោះដែរ។

3 ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ត្រីមេ‌ម៉ាយក្រីក្រនេះបានដាក់ប្រាក់ច្រើនជាងគេទាំងអស់

4 ដ្បិតអ្នកទាំងនោះបានយកប្រាក់សំណល់របស់ខ្លួនមកដាក់ក្នុងហិប។ រីឯស្ត្រីមេ‌ម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងយកប្រាក់ទាំងអស់ ដែលនាងត្រូវការជាចាំ‌បាច់សម្រាប់ចិញ្ចឹមជីវិត មកដាក់ក្នុងហិប ថ្វាយព្រះ‌ជាម្ចាស់ដែរ»។

ព្រះ‌យេស៊ូមានព្រះ‌បន្ទូលអំពីការបំផ្លាញព្រះ‌វិហារ និងហេតុ‌ការណ៍នៅគ្រាចុងក្រោយ

5 អ្នកខ្លះកំពុងនិយាយសរសើរលំអរបស់ព្រះ‌វិហារ ដែលតាក់តែងឡើងដោយថ្មយ៉ាងល្អប្រណីត និងមានតាំងវត្ថុផ្សេងៗដែលគេយកមកថ្វាយព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលថា៖

6 «នៅពេលខាងមុខ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់ជាមិនខាន លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។

7 គេទូលសួរព្រះ‌អង្គថា៖ «ព្រះ‌គ្រូអើយ! ហេតុ‌ការណ៍ទាំងនោះនឹងកើតមាននៅពេលណា? តើមានទីសម្គាល់អ្វីឲ្យយើងដឹងថា ព្រឹត្តិ‌ការណ៍ទាំងនោះជិតមកដល់?»។

8 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលឆ្លើយថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយ នរណាបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងបានឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោលថា “ខ្ញុំនេះហើយជាព្រះ‌គ្រិស្ដ*” ឬថា “ពេលកំណត់មកដល់ហើយ” កុំតាមអ្នកទាំងនោះឲ្យសោះ។

9 កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម ឬអំពីការបះ‌បោរ មិនត្រូវភ័យតក់‌ស្លុតឡើយ ដ្បិតហេតុ‌ការណ៍ទាំងនេះត្រូវតែកើតឡើងជាមុន ប៉ុន្តែ មិនទាន់ដល់អវសាន‌កាលនៃពិភពលោកភ្លាមៗទេ»។

10 ព្រះ‌អង្គមានព្រះ‌បន្ទូលថែមទៀតថា៖«ប្រជា‌ជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជា‌ជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត

11 នឹងមានរញ្ជួយផែន‌ដីជាខ្លាំងនៅតាមតំបន់ផ្សេងៗហើយនឹងមានកើតទុរ្ភិក្ស ជំងឺរាត‌ត្បាត ព្រមទាំងមានអព្ភូត‌ហេតុផ្សេងៗ បណ្ដាលឲ្យភ័យតក់‌ស្លុត និងមានទីសម្គាល់យ៉ាងធំនៅលើមេឃផង។

12 ប៉ុន្តែ មុននឹងហេតុ‌ការណ៍ទាំងនោះកើតឡើង គេនឹងចាប់ចងអ្នករាល់គ្នា គេបៀត‌បៀន ហើយបញ្ជូនអ្នករាល់គ្នាទៅកាត់ទោសក្នុងសាលាប្រជុំ* យកអ្នករាល់គ្នាទៅឃុំ‌ឃាំង។ គេនាំអ្នករាល់គ្នាទៅឲ្យស្ដេច និងលោកទេសា‌ភិបាលកាត់ទោស ព្រោះតែនាមខ្ញុំ។

13 ប៉ុន្តែ ការនេះប្រែជាហុចឱកាសឲ្យអ្នករាល់គ្នាផ្ដល់សក្ខីភាពទៅវិញ។

14 ត្រូវចងចាំក្នុងចិត្តថា កុំភ័យបារម្ភជាមុននឹងពាក្យនិយាយការពារខ្លួនធ្វើអ្វី

15 ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា មិនឲ្យពួកប្រឆាំង អាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ។

16 សូម្បីតែឪពុក‌ម្ដាយ បង‌ប្អូនញាតិ‌សន្ដាន និងមិត្ត‌ភក្ដិរបស់អ្នករាល់គ្នា ក៏បញ្ជូនអ្នករាល់គ្នាមួយចំនួនទៅឲ្យគេសម្លាប់ផងដែរ។

17 មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។

18 ប៉ុន្តែ សូម្បីតែសក់អ្នករាល់គ្នាមួយសរសៃក៏មិនត្រូវបាត់ឡើយ។

19 អ្នករាល់គ្នានឹងបានរួចជីវិត ព្រោះអ្នករាល់គ្នាមានចិត្តស៊ូ‌ទ្រាំ»។

ព្រះ‌យេស៊ូមានព្រះ‌បន្ទូលអំពីការបំផ្លាញក្រុងយេរូ‌សាឡឹម

20 «កាលណាអ្នករាល់គ្នាឃើញមានកង‌ទ័ពមកឡោម‌ព័ទ្ធក្រុងយេរូ‌សាឡឹម ចូរដឹងថា ក្រុងនេះជិតវិនាសហើយ។

21 ពេលនោះ អស់អ្នកនៅស្រុកយូដាត្រូវតែរត់ទៅជ្រកនៅតាមភ្នំ រីឯអស់អ្នកនៅក្រុងយេរូ‌សាឡឹម ត្រូវរត់ចេញឲ្យឆ្ងាយពីក្រុង ហើយអស់អ្នកដែលនៅស្រុកស្រែ មិនត្រូវចូលទៅក្រុងឡើយ។

22 គ្រានោះ ជាគ្រាដែលព្រះ‌ជាម្ចាស់ធ្វើទោសប្រជា‌រាស្ដ្រព្រះ‌អង្គ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ។

23 គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅ កូនមុខជាវេទនាពុំ‌ខាន ដ្បិតនឹងកើតមានទុក្ខលំបាកយ៉ាងខ្លាំងនៅក្នុងស្រុក ហើយព្រះ‌ជាម្ចាស់នឹងវិនិច្ឆ័យទោសប្រជា‌រាស្ដ្រនេះ។

24 គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មាំងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រាម ឲ្យរស់នៅកណ្ដាលចំណោមជាតិសាសន៍ទាំងអស់ សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូ‌សាឡឹម រហូតដល់ពេលកំណត់របស់គេ»។

បុត្រមនុស្សយាងត្រឡប់មកវិញ

25 «គ្រានោះនឹងមានទីសម្គាល់នៅក្នុងព្រះ‌អាទិត្យក្នុងព្រះ‌ច័ន្ទ និងក្នុងផ្កាយទាំងប៉ុន្មាន។ ប្រជា‌ជាតិទាំងអស់នៅលើផែន‌ដីនឹងតឹងទ្រូង ព្រួយបារម្ភ ពេលឮសូរសន្ធឹករលកសមុទ្របក់បោក

26 មនុស្ស‌ម្នាភ័យស្លុតបាត់ស្មារតី នៅពេលគិតអំពីហេតុ‌ការណ៍ដែលនឹងកើតមាននៅលើផែន‌ដី ដ្បិតឫទ្ធិ‌បារមីនានានៅលើមេឃនឹងកក្រើករំពើក។

27 ពេលនោះ គេនឹងឃើញបុត្រមនុស្ស*យាងមកក្នុងពពក*ប្រកបដោយឫទ្ធា‌នុភាព និងសិរី‌រុងរឿងពន់ពេកក្រៃ។

28 កាលណាព្រឹត្តិ‌ការណ៍ទាំងនេះចាប់ផ្ដើមកើតមាន ចូរអ្នករាល់គ្នាងើបមើលទៅលើ ពី‌ព្រោះព្រះ‌ជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ»។

ព្រះ‌បន្ទូលអំពីដើមឧទុម្ពរ

29 បន្ទាប់មក ព្រះ‌យេស៊ូមានព្រះ‌បន្ទូលជាពាក្យប្រស្នានេះថា៖ «ចូរមើលដើមឧទុម្ពរ* និងដើមឈើទាំងអស់ចុះ!

30 កាលណាអ្នករាល់គ្នាឃើញស្លឹកវាលាស់ អ្នករាល់គ្នាដឹងថារដូវប្រាំង ជិតមកដល់ហើយ។

31 ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិ‌ការណ៍ទាំងនោះកើតឡើង ត្រូវដឹងថា ព្រះ‌រាជ្យ*របស់ព្រះ‌ជាម្ចាស់មកជិតបង្កើយហើយ។

32 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុ‌ការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតរស់នៅឡើយ។

33 ផ្ទៃមេឃ និងផែន‌ដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។

ការត្រៀមខ្លួនប្រុងប្រយ័ត្ន

34 «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នឲ្យមែនទែន! កុំបណ្ដោយឲ្យចិត្តរបស់អ្នករាល់គ្នាវក់‌វីនឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬក៏ខ្វល់ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់ តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន

35 ដ្បិតថ្ងៃនោះមកដល់ប្រៀបបាននឹងសំណាញ់ ដែលគ្របពីលើមនុស្សទាំងអស់នៅលើផែន‌ដីទាំងមូល។

36 ចូរប្រុងស្មារតី និងទូល‌អង្វរគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំង ឆ្លងផុតពីហេតុ‌ការណ៍ទាំងអស់ដែលត្រូវកើតមាន ហើយដើម្បីឲ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស»។

37 ពេលថ្ងៃ ព្រះ‌យេស៊ូតែងប្រៀន‌ប្រដៅគេនៅក្នុងព្រះ‌វិហារ* ហើយនៅពេលយប់ ព្រះ‌អង្គយាងចេញទៅសម្រាកនៅលើភ្នំដើមអូលីវ។

38 ប្រជា‌ជនទាំងមូលនាំគ្នាមកតាំងពីព្រលឹម ស្ដាប់ព្រះ‌អង្គមានព្រះ‌បន្ទូលនៅក្នុងព្រះ‌វិហារ*។

—https://d1b84921e69nmq.cloudfront.net/364/32k/LUK/21-a8f7731d0c3ec111ee1e0a17c58bb7f9.mp3?version_id=85—