លូកា 24

ព្រះ‌យេស៊ូមានព្រះ‌ជន្មរស់ឡើងវិញ

1 នៅថ្ងៃអាទិត្យ ពេលព្រលឹមស្រាងៗ ស្ត្រីៗនាំគ្នាទៅផ្នូរ ដោយយកគ្រឿងក្រអូប ដែលគេបានរៀបចំទុកទៅជាមួយផង។

2 ពួកនាងសង្កេតឃើញថា ថ្មបានរមៀលចេញពីមាត់ផ្នូរ។

3 នាងក៏នាំគ្នាចូលទៅក្នុងផ្នូរ តែពុំឃើញព្រះ‌សពរបស់ព្រះ‌អម្ចាស់យេស៊ូទេ។

4 ស្ត្រីទាំងនោះមិនដឹងជាត្រូវគិតយ៉ាងណា ស្រាប់តែមានបុរសពីរនាក់ ស្លៀកពាក់ភ្លឺចិញ្ចែង‌ចិញ្ចាចមកឈរជិតនាង។

5 នាងភ័យខ្លាចជាខ្លាំង ហើយអោនមុខចុះ។ បុរសទាំងពីរនាក់នោះនិយាយមកកាន់នាងថា៖ «ហេតុអ្វីបានជានាងនាំគ្នាមករកព្រះ‌អង្គដែលមានព្រះ‌ជន្មរស់ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ?

6 [ទ្រង់មិនគង់នៅទីនេះទេ ព្រះ‌ជាម្ចាស់បានប្រោសព្រះ‌អង្គឲ្យមានព្រះ‌ជន្មរស់ឡើងវិញហើយ]។ ចូរនឹកចាំអំពីព្រះ‌បន្ទូល ដែលព្រះ‌អង្គបានប្រាប់អ្នករាល់គ្នា កាលនៅស្រុកកាលី‌ឡេថា

7 “បុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប គេនឹងឆ្កាងព្រះ‌អង្គ តែបីថ្ងៃក្រោយមក ព្រះ‌អង្គមានព្រះ‌ជន្មរស់ឡើងវិញ” »។

8 ពួកនាងក៏នឹកឃើញព្រះ‌បន្ទូលរបស់ព្រះ‌យេស៊ូ។

9 ពួកនាងនាំគ្នាត្រឡប់មកពីផ្នូរវិញ រៀបរាប់ហេតុ‌ការណ៍ទាំងនោះប្រាប់ក្រុមសិស្សទាំងដប់មួយនាក់ ព្រមទាំងអ្នកឯទៀតៗដែរ។

10 ស្ត្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដា‌ឡា នាងយ៉ូអាន់ និងនាងម៉ារីជាម្ដាយរបស់យ៉ាកុប។ ស្ត្រីឯទៀតៗដែលបានទៅជាមួយនាងទាំងនោះ ក៏រៀបរាប់ហេតុ‌ការណ៍ប្រាប់ក្រុមសាវ័កដែរ

11 ពួកគេពុំជឿពាក្យសម្ដីនាងទេ ព្រោះគេថា នាងទាំងនោះនិយាយរឿងផ្ដេស‌ផ្ដាស។

12 ប៉ុន្តែ លោកពេត្រុសស្ទុះរត់ទៅផ្នូរ គាត់អោនមើលទៅឃើញតែក្រណាត់រុំព្រះ‌សពប៉ុណ្ណោះ គាត់វិលត្រឡប់មកផ្ទះវិញទាំងងឿង‌ឆ្ងល់អំពីហេតុ‌ការណ៍ដែលកើតមាននោះ។

សិស្សពីរនាក់ធ្វើដំណើរទៅភូមិអេ‌ម៉ោស

13 នៅថ្ងៃដដែលនោះ មានសិស្ស*ពីរនាក់ធ្វើដំណើរឆ្ពោះទៅភូមិអេម៉ោស ចម្ងាយប្រមាណដប់មួយគីឡូ‌ម៉ែត្រពីក្រុងយេរូ‌សាឡឹម។

14 គេនិយាយគ្នាអំពីហេតុ‌ការណ៍ទាំងប៉ុន្មានដែលកើតមាន។

15 នៅពេលដែលគេកំពុងតែពិភាក្សាគ្នា ព្រះ‌យេស៊ូយាងមកជិតគេ ហើយធ្វើដំណើរជាមួយគេទៅ។

16 គេឃើញព្រះ‌យេស៊ូផ្ទាល់នឹងភ្នែក តែគេមិនអាចស្គាល់ព្រះ‌អង្គបានឡើយ។

17 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលសួរគេថា៖ «អ្នករាល់គ្នាដើរបណ្ដើរ ជជែកគ្នាបណ្ដើរ តើនិយាយគ្នាអំពីរឿងអ្វីហ្នឹង?»។ គេក៏ឈប់ដើរ ឈរស្ងៀម មានទឹកមុខស្រងូត។

18 ម្នាក់ឈ្មោះក្លេវ‌ប៉ាស ទូលព្រះ‌អង្គថា៖ «ប្រជា‌ជនទាំងអស់នៅក្រុងយេរូ‌សាឡឹមដឹងហេតុ‌ការណ៍ ដែលកើតឡើងប៉ុន្មានថ្ងៃមុននេះគ្រប់ៗគ្នា ម្ដេចក៏លោកមិនដឹង?»។

19 ព្រះ‌អង្គសួរទៅគេថា៖ «តើរឿងអ្វី?»។ គេទូលឆ្លើយថា៖ «គឺរឿងលោកយេស៊ូជាអ្នកភូមិណាសា‌រ៉ែត។ ព្រះ‌ជាម្ចាស់ និងប្រជា‌ជនទាំងមូល ទទួលស្គាល់ថា លោកជាព្យាការី*មានឫទ្ធា‌នុភាពក្នុងគ្រប់កិច្ចការដែលលោកបានធ្វើ និងគ្រប់ពាក្យសម្ដីដែលលោកបានថ្លែង។

20 ពួកនាយកបូជា‌ចារ្យ* និងពួកមន្ត្រីរបស់យើង បានបញ្ជូនលោកទៅឲ្យគេកាត់ទោសប្រហារជីវិត ហើយគេឆ្កាងលោកផង។

21 យើងបានសង្ឃឹមថា លោកនេះហើយដែលនឹងរំដោះជន‌ជាតិអ៊ីស្រា‌អែល តែហេតុ‌ការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃហើយ។

22 មានស្ត្រីខ្លះក្នុងចំណោមពួកយើង បានធ្វើឲ្យយើងឆ្ងល់យ៉ាងខ្លាំង គឺនាងនាំគ្នាទៅផ្នូរតាំងពីព្រលឹម

23 តែមិនបានឃើញសពលោកទេ។ នាងត្រឡប់មកវិញរៀបរាប់ថា នាងបានឃើញទេវតា*មកប្រាប់ថា លោកមានជីវិតរស់។

24 មានពួកយើងខ្លះនាំគ្នាទៅផ្នូរដែរ ហើយបានឃើញដូចពាក្យស្ត្រីទាំងនោះនិយាយមែន ប៉ុន្តែ ពុំមាននរណាបានឃើញលោកសោះ»។

25 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «មនុស្សខ្វះប្រាជ្ញាអើយ! អ្នករាល់គ្នាមិនងាយជឿពាក្យទាំងប៉ុន្មានដែលពួកព្យាការីបានថ្លែងសោះ!។

26 ព្រះ‌គ្រិស្ដ*ត្រូវតែរងទុក្ខលំបាកបែបនេះសិន មុននឹងចូលទៅទទួលសិរី‌រុងរឿងរបស់ព្រះ‌អង្គ»។

27 បន្ទាប់មក ព្រះ‌យេស៊ូបកស្រាយសេចក្ដីដែលមានចែងទុកអំពីព្រះ‌អង្គនៅក្នុងគម្ពីរទាំងមូល ចាប់ពីគម្ពីរលោកម៉ូសេ*រហូតដល់គម្ពីរព្យាការីទាំងអស់។

28 លុះមកជិតដល់ភូមិដែលសិស្សទាំងពីរបម្រុងនឹងទៅ ព្រះ‌យេស៊ូធ្វើហាក់ដូចជាចង់យាងបន្តទៅមុខទៀត។

29 គេឃាត់ព្រះ‌អង្គថា៖ «សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង» ព្រះ‌យេស៊ូក៏ចូលទៅស្នាក់នៅជាមួយគេ។

30 ព្រះ‌អង្គគង់រួមតុជាមួយគេ ហើយយកនំប៉័ងមកកាន់ អរព្រះ‌គុណព្រះ‌ជាម្ចាស់ រួចកាច់ប្រទានឲ្យគេ។

31 ពេលនោះ ភ្នែកគេបានភ្លឺឡើង មើលព្រះ‌អង្គស្គាល់ ប៉ុន្តែ ព្រះ‌អង្គបាត់ពីមុខគេទៅ។

32 គេនិយាយគ្នាថា៖ «កាលព្រះ‌អង្គមានព្រះ‌បន្ទូលមកកាន់យើង ព្រមទាំងបកស្រាយគម្ពីរឲ្យយើងស្ដាប់ នៅតាមផ្លូវ យើងមានចិត្តរំភើបយ៉ាងខ្លាំង!»។

33 គេក៏ក្រោកឡើង វិលត្រឡប់ទៅក្រុងយេរូ‌សាឡឹមវិញភ្លាម ឃើញក្រុមសិស្ស* ទាំងដប់មួយនាក់នៅជុំគ្នាជាមួយពួកគេឯទៀតៗ

34 គេប្រាប់អ្នកទាំងពីរថា៖ «ព្រះ‌អម្ចាស់មានព្រះ‌ជន្មរស់ឡើងវិញ ពិតប្រាកដមែន ហើយទ្រង់បានបង្ហាញខ្លួនឲ្យស៊ីម៉ូនឃើញ!»។

35 សិស្សទាំងពីរនាក់រៀបរាប់ហេតុ‌ការណ៍ ដែលកើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់ព្រះ‌អង្គ នៅពេលព្រះ‌អង្គកាច់នំប៉័ង។

ពួកសិស្សបានឃើញព្រះ‌យេស៊ូ

36 នៅពេលសិស្សទាំងពីរនាក់កំពុងតែនិយាយរៀបរាប់ ព្រះ‌អម្ចាស់យាងមកគង់នៅកណ្ដាលចំណោមសិស្សទាំងអស់ ហើយមានព្រះ‌បន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខ‌សាន្ត»។

37 គេភ័យតក់‌ស្លុត ញ័ររន្ធត់យ៉ាងខ្លាំង ព្រោះស្មានថាខ្មោចលង។

38 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារន្ធត់ចិត្តដូច្នេះ? ម្ដេចក៏អ្នករាល់គ្នានៅសង្ស័យ?

39 ចូរមើលដៃជើងខ្ញុំ គឺពិតជាខ្ញុំមែន! ចូរស្ទាបមើល៍ ខ្មោចគ្មានសាច់ គ្មានឆ្អឹង ដូចខ្ញុំទេ»។

40 ព្រះ‌អង្គមានព្រះ‌បន្ទូលដូច្នោះហើយ ក៏បង្ហាញព្រះ‌ហស្ដ និងព្រះ‌បាទាឲ្យគេឃើញ។

41 សិស្សពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផង ហើយងឿង‌ឆ្ងល់ផង។ ដូច្នេះ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលសួរគេថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។

42 គេយកត្រីអាំងមួយដុំមកថ្វាយព្រះ‌អង្គ

43 ព្រះ‌អង្គទទួលយក ហើយសោយនៅមុខពួកគេទាំងអស់គ្នា។

44 បន្ទាប់មក ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំ ក្នុងគម្ពីរ‌វិន័យ*របស់លោកម៉ូសេ ក្នុងគម្ពីរព្យាការី* និងក្នុងគម្ពីរទំនុក‌តម្កើង* ត្រូវតែកើតមាន»។

45 ព្រះ‌អង្គក៏បំភ្លឺចិត្តគំនិតគេឲ្យយល់អត្ថ‌ន័យគម្ពីរ

46 ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «ហេតុ‌ការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមែន គឺព្រះ‌គ្រិស្ដ*ត្រូវរងទុក្ខលំបាក ហើយមានព្រះ‌ជន្មរស់ឡើងវិញនៅថ្ងៃទីបី។

47 អ្នករាល់គ្នាត្រូវប្រកាស ក្នុងព្រះ‌នាមព្រះ‌អង្គ ឲ្យមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្តគំនិត ដើម្បីឲ្យបានរួចពីបាប គឺត្រូវប្រកាសចាប់តាំងពីក្រុងយេរូ‌សាឡឹមតទៅ។

48 អ្នករាល់គ្នាជាសាក្សីអំពីហេតុ‌ការណ៍ទាំងនេះ។

49 ខ្ញុំនឹងចាត់ព្រះ‌វិញ្ញាណមកសណ្ឋិតលើអ្នករាល់គ្នា តាមព្រះ‌បន្ទូលសន្យារបស់ព្រះ‌បិតាខ្ញុំ។ អ្នករាល់គ្នាត្រូវនៅក្នុងក្រុងយេរូ‌សាឡឹមនេះ រហូតដល់ព្រះ‌ជាម្ចាស់ប្រទានឲ្យអ្នករាល់គ្នាមានឫទ្ធា‌នុភាព»។

ព្រះ‌យេស៊ូយាងឡើងទៅស្ថានបរម‌សុខ

50 បន្ទាប់មក ព្រះ‌យេស៊ូនាំពួកសិស្ស*ចេញពីទីក្រុងទៅភូមិបេថានី។ ពេលទៅដល់ ព្រះ‌អង្គលើកព្រះ‌ហស្ដឡើង ហើយប្រទានពរឲ្យគេ។

51 នៅពេលដែលព្រះ‌អង្គកំពុងតែប្រទានពរ ព្រះ‌ជាម្ចាស់លើកយកព្រះ‌អង្គចេញពីគេ ឡើងទៅស្ថានបរម‌សុខ*។

52 ក្រោយពីបានក្រាបថ្វាយ‌បង្គំព្រះ‌អង្គរួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូ‌សាឡឹមវិញ ប្រកបដោយអំណរដ៏លើស‌លប់។

53 គេនៅក្នុងព្រះ‌វិហារ* ហើយនាំគ្នាលើកតម្កើងព្រះ‌ជាម្ចាស់ជា‌និច្ចនិរន្តរ៍។

—https://d1b84921e69nmq.cloudfront.net/364/32k/LUK/24-dcc99789661a525c110b74466b48a824.mp3?version_id=85—