យ៉ូហាន 2

ពិធីមង្គលការនៅភូមិកាណា

1 បីថ្ងៃក្រោយមក មានគេរៀបពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលី‌ឡេ។ មាតាព្រះ‌យេស៊ូនៅទីនោះ

2 ហើយគេក៏បានយាងព្រះ‌យេស៊ូ និងអញ្ជើញពួកសិស្ស*របស់ព្រះ‌អង្គ ទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។

3 ពេលនោះ គេខ្វះស្រាទំពាំង‌បាយជូរ។ មាតាព្រះ‌យេស៊ូទូលព្រះ‌អង្គថា៖ «គេអស់ស្រាទំពាំង‌បាយជូរហើយ!»។

4 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ! កុំរវល់នឹងរឿងនេះអី ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។

5 មាតារបស់ព្រះ‌អង្គប្រាប់ទៅពួកអ្នកបម្រើថា៖ «បើលោកប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមទៅ»។

6 នៅទីនោះ មានពាងប្រាំមួយដែលជន‌ជាតិយូដាដាក់ទឹក សម្រាប់ធ្វើពិធីជម្រះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរបីអំរែក។

7 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅអ្នកបម្រើថា៖ «សុំដងទឹកមកចាក់ឲ្យពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។

8 ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «ឥឡូវនេះ សុំដងយកទៅជូនលោកចៅ‌មហាទៅ» គេក៏ដងយកទៅជូន។

9 លោកចៅ‌មហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំង‌បាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបម្រើដែលបានដងទឹក មកចាក់ពាងទើបដឹង។

10 គាត់ហៅកូនកំលោះមក និយាយថា៖ «អ្នកផងទាំងពួងតែងយកស្រាទំពាំង‌បាយជូរឆ្ងាញ់មកជូនភ្ញៀវជាមុន លុះភ្ញៀវពិសាច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាមក្រោយ។ រីឯអ្នកវិញ ម្ដេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។

11 នេះជាទីសម្គាល់ដំបូងបង្អស់ ដែលព្រះ‌យេស៊ូបានធ្វើ នៅភូមិកាណា ក្នុងស្រុកកាលី‌ឡេ។ ព្រះ‌អង្គបានសម្តែងសិរី‌រុងរឿងរបស់ព្រះ‌អង្គ ហើយពួកសិស្សក៏បានជឿលើព្រះ‌អង្គ។

12 បន្ទាប់មក ព្រះ‌អង្គយាងចុះទៅក្រុងកាពើ‌ណិមជាមួយមាតា ព្រមទាំងបង‌ប្អូន និងសិស្សរបស់ព្រះ‌អង្គ ហើយស្នាក់នៅទីនោះមួយរយៈពេលខ្លី។

ព្រះ‌យេស៊ូបណ្ដេញអ្នកលក់ដូរចេញពីព្រះ‌វិហារ

13 បុណ្យចម្លង*របស់ជន‌ជាតិយូដាជិតមកដល់ហើយ ព្រះ‌យេស៊ូក៏យាងឡើងទៅក្រុងយេរូ‌សាឡឹម។

14 នៅក្នុងបរិវេណព្រះ‌វិហារ* ព្រះ‌អង្គឃើញអ្នកលក់គោ លក់ចៀម លក់ព្រាប និងអ្នកអង្គុយដូរប្រាក់។

15 ព្រះ‌អង្គយកខ្សែធ្វើរំពាត់ដេញអ្នកទាំងនោះ ព្រមទាំងចៀម និងគោរបស់គេចេញពីបរិវេណព្រះ‌វិហារ* ព្រះ‌អង្គបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។

16 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងអស់នេះចេញទៅ កុំយកដំណាក់ព្រះ‌បិតាខ្ញុំ ធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។

17 ពួកសិស្ស*នឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖

«មកពីទូលបង្គំស្រឡាញ់ព្រះ‌ដំណាក់របស់ព្រះ‌អង្គ

បានជាគេប្រហារជីវិតទូលបង្គំ»។

18 ពេលនោះ ជន‌ជាតិយូដាទូលសួរព្រះ‌អង្គថា៖ «តើលោកមានទីសម្គាល់អ្វី បង្ហាញឲ្យយើងដឹងថា លោកមានសិទ្ធិធ្វើការទាំងនេះ?»។

19 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលឆ្លើយទៅគេថា៖ «ចូររុះព្រះ‌វិហារ*នេះចោលទៅ ខ្ញុំនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃ»។

20 ជន‌ជាតិយូដាតបថា៖ «គេបានចំណាយពេលសែ‌សិបប្រាំមួយឆ្នាំ ដើម្បីសង់ព្រះ‌វិហារនេះ រីឯលោក លោកនឹងសង់ឡើងវិញ ក្នុងរវាងតែបីថ្ងៃប៉ុណ្ណោះឬ?»។

21 តាមពិត ព្រះ‌យេស៊ូមានព្រះ‌បន្ទូលសំដៅទៅលើព្រះ‌វិហារ ដែលជារូបកាយរបស់ព្រះ‌អង្គវិញឯ‌ណោះទេ។

22 ពេលព្រះ‌អង្គមានព្រះ‌ជន្មរស់ឡើងវិញ ពួកសិស្សនឹកឃើញថា ព្រះ‌អង្គមានព្រះ‌បន្ទូលដូច្នេះ គេក៏ជឿព្រះ‌គម្ពីរ ព្រមទាំងជឿព្រះ‌បន្ទូលរបស់ព្រះ‌យេស៊ូដែរ។

ព្រះ‌យេស៊ូយល់ជម្រៅចិត្តមនុស្ស

23 ពេលព្រះ‌យេស៊ូគង់នៅក្រុងយេរូ‌សាឡឹម ក្នុងឱកាសបុណ្យចម្លង* មានមនុស្សជាច្រើនបានជឿលើព្រះ‌នាមព្រះ‌អង្គ ដោយឃើញទីសម្គាល់ដែលព្រះ‌អង្គបានធ្វើ។

24 ប៉ុន្តែ ព្រះ‌យេស៊ូពុំទុកចិត្តគេទេ ដ្បិតព្រះ‌អង្គស្គាល់ចិត្តគំនិតអ្នកទាំងនោះ

25 មិនបាច់មាននរណាពន្យល់ព្រះ‌អង្គអំពីចិត្តមនុស្សឡើយ ព្រោះព្រះ‌អង្គឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្តមនុស្ស។

—https://d1b84921e69nmq.cloudfront.net/364/32k/JHN/2-9be30e0bd4963d61c6decb61f10608e2.mp3?version_id=85—