យ៉ូហាន 7

ព្រះ‌ញាតិ‌វង្សព្រះ‌យេស៊ូមិនជឿលើព្រះ‌អង្គ

1 ក្រោយមក ព្រះ‌យេស៊ូយាងចុះឡើងកាត់ស្រុកកាលី‌ឡេ ដ្បិតព្រះ‌អង្គមិនសព្វព្រះ‌ហឫទ័យយាងទៅស្រុកយូដាឡើយ ព្រោះជន‌ជាតិយូដារកធ្វើគុតព្រះ‌អង្គ។

2 ពេលនោះ ជិតដល់ថ្ងៃបុណ្យមួយរបស់ជន‌ជាតិយូដា ឈ្មោះបុណ្យបារាំ*។

3 បង‌ប្អូនព្រះ‌យេស៊ូទូលព្រះ‌អង្គថា៖ «សូមបងចាកចេញពីទីនេះទៅស្រុកយូដាទៅ ដើម្បីឲ្យសិស្សរបស់បងឃើញកិច្ចការដែលបងធ្វើ។

4 អ្នកដែលចង់ឲ្យគេស្គាល់ខ្លួនមិនធ្វើការអ្វីដោយលាក់កំបាំងឡើយ។ បើបងធ្វើការអស្ចារ្យយ៉ាងនេះ ត្រូវបង្ហាញឲ្យមនុស្សលោកឃើញផង»។

5 បង‌ប្អូនរបស់ព្រះ‌យេស៊ូពុំជឿលើព្រះ‌អង្គទេ។

6 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «ពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយទេ។ រីឯប្អូនៗវិញ ចង់ធ្វើអ្វីពេលណាក៏បាន។

7 មនុស្សលោកមិនអាចស្អប់ប្អូនៗបានឡើយ ប៉ុន្តែ គេស្អប់បង ព្រោះបងបានបញ្ជាក់ប្រាប់ថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។

8 ចូរប្អូនៗឡើងទៅចូលរួមក្នុងពិធីបុណ្យទៅ បងមិនឡើងទៅទេ ព្រោះពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយ»។

9 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលដូច្នោះហើយ ព្រះ‌អង្គក៏គង់នៅក្នុងស្រុកកាលី‌ឡេតទៅទៀត។

ព្រះ‌យេស៊ូនៅក្រុងយេរូ‌សាឡឹមក្នុងឱកាសពិធីបុណ្យ

10 កាលប្អូនៗរបស់ព្រះ‌យេស៊ូធ្វើដំណើរទៅចូលរួមពិធីបុណ្យផុតអស់ទៅ ព្រះ‌អង្គក៏យាងឡើងទៅដែរ ប៉ុន្តែ ទ្រង់យាងទៅស្ងាត់ៗ មិនឲ្យនរណាឃើញឡើយ។

11 ក្នុងឱកាសបុណ្យនោះ ជន‌ជាតិយូដាតាមរកព្រះ‌យេស៊ូ គេសួរគ្នាថា៖ «តើលោកនៅឯណា?»។

12 បណ្ដា‌ជនខ្សឹប‌ខ្សៀវគ្នាជាច្រើនស្ដីអំពីព្រះ‌អង្គ ខ្លះថា«លោកនោះជាមនុស្សល្អ» ខ្លះទៀតថា «ទេ អ្នកនោះជាអ្នកបញ្ឆោតបណ្ដា‌ជន»។

13 ប៉ុន្តែ គ្មាននរណាហ៊ាននិយាយអំពីព្រះ‌អង្គដោយចំហឡើយ ព្រោះគេខ្លាចសាសន៍យូដា។

14 លុះដល់ពាក់កណ្ដាលពិធីបុណ្យ ព្រះ‌យេស៊ូយាងឡើងទៅព្រះ‌វិហារ* ហើយបង្រៀនបណ្ដា‌ជន។

15 ជន‌ជាតិយូដាងឿង‌ឆ្ងល់ជាខ្លាំង គេពោលថា៖ «អ្នកនេះមិនបានរៀនសូត្រអ្វីសោះ ចុះម្ដេចបានជាគាត់ចេះដឹងជ្រៅជ្រះដូច្នេះ?»។

16 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលឆ្លើយថា៖ «សេចក្ដីដែលខ្ញុំបង្រៀនមិនមែនចេញពីខ្ញុំទេ គឺចេញពីព្រះ‌ជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក។

17 អ្នកដែលចង់ធ្វើតាមព្រះ‌ហឫទ័យរបស់ព្រះ‌ជាម្ចាស់មុខជាដឹងថា សេចក្ដីដែលខ្ញុំបង្រៀននេះមកពីព្រះ‌អង្គ ឬមកពីខ្ញុំផ្ទាល់មិនខាន។

18 អ្នកណានិយាយដោយសំអាងលើខ្លួនផ្ទាល់ អ្នកនោះរកកិត្តិយសឡសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ រីឯអ្នកដែលរកតែសិរី‌រុងរឿង របស់ព្រះ‌អង្គដែលចាត់ខ្លួនឲ្យមក និយាយតែសេចក្ដីពិតឥតកុហកឡើយ។

19 លោកម៉ូសេប្រគល់ក្រឹត្យ‌វិន័យទុកឲ្យអ្នករាល់គ្នារួចស្រេចហើយ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ប្រតិបត្តិតាមក្រឹត្យ‌វិន័យនោះទេ។ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ?»។

20 បណ្ដា‌ជនតបទៅព្រះ‌អង្គថា៖ «លោកពិតជាមានអារក្សចូលហើយបានជានិយាយដូច្នេះ តើនរណារកសម្លាប់លោក?»។

21 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «ខ្ញុំបានធ្វើកិច្ចការតែមួយ ហើយអ្នកទាំងអស់គ្នាបែរជាងឿង‌ឆ្ងល់ទៅវិញ។

22 លោកម៉ូសេ*បានបង្គាប់អ្នករាល់គ្នាឲ្យធ្វើពិធីកាត់ស្បែក* (តាមពិត គឺបុព្វបុរស*របស់អ្នករាល់គ្នាឯ‌ណោះ ជាអ្នកបង្គាប់ឲ្យធ្វើពិធីនេះ មិនមែនលោកម៉ូសេទេ) ហើយអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ*។

23 បើអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ តែឥតបំពានលើវិន័យរបស់លោកម៉ូសេទេនោះ ចុះហេតុដូចម្ដេចបានជាអ្នករាល់គ្នាខឹងខ្ញុំ ដែលបានប្រោសមនុស្សមួយទាំងមូលឲ្យបានជា នៅថ្ងៃសប្ប័ទដូច្នេះ?

24 កុំនាំគ្នាវិនិច្ឆ័យ ដោយគ្រាន់តែឃើញផ្នែកខាងក្រៅនោះឡើយ ចូរវិនិច្ឆ័យឲ្យបានត្រឹមត្រូវវិញ»។

ព្រះ‌យេស៊ូជាព្រះ‌គ្រិស្ដមែនឬ

25 មានអ្នកក្រុងយេរូ‌សាឡឹមខ្លះពោលថា៖ «លោកនេះហើយដែលគេរកសម្លាប់

26 ឥឡូវនេះ លោកនិយាយដោយចេញមុខ ចុះម្ដេចបានជាគ្មាននរណាថាអ្វីលោកដូច្នេះ? អ្នកដឹកនាំរបស់យើងប្រហែលទទួលស្គាល់ថា លោកពិតជាព្រះ‌គ្រិស្ដ*ទេដឹង

27 ប៉ុន្តែ ពេលព្រះ‌គ្រិស្ដយាងមក គ្មាននរណាដឹងថាទ្រង់យាងមកពីណាទេ។ រីឯលោកនេះវិញ យើងដឹងហើយថាគាត់មកពីណា»។

28 ពេលនោះ ព្រះ‌យេស៊ូបង្រៀនបណ្ដា‌ជនក្នុងព្រះ‌វិហារ* ព្រះ‌អង្គបន្លឺព្រះ‌សូរសៀងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាទៀត!។ ក៏ប៉ុន្តែ ខ្ញុំមិនមែនមកក្នុងនាមខ្ញុំឡើយ ព្រះ‌អង្គដែលចាត់ខ្ញុំឲ្យមក ទ្រង់សម្តែងសេចក្ដីពិត តែអ្នករាល់គ្នាមិនស្គាល់ព្រះ‌អង្គទេ។

29 រីឯខ្ញុំវិញ ខ្ញុំស្គាល់ព្រះ‌អង្គ ព្រោះខ្ញុំចេញមកពីព្រះ‌អង្គ ហើយទ្រង់បានចាត់ខ្ញុំឲ្យមក»។

30 ពេលនោះ ពួកគេរកចាប់ព្រះ‌យេស៊ូ ប៉ុន្តែ គ្មាននរណាហ៊ានលូកដៃចាប់ព្រះ‌អង្គទេ ព្រោះពេលកំណត់របស់ព្រះ‌អង្គ ពុំទាន់បានមកដល់នៅឡើយ។

31 ក្នុងចំណោមបណ្ដា‌ជន មានមនុស្សជាច្រើនបានជឿលើព្រះ‌យេស៊ូ គេពោលថា៖ «ពេលព្រះ‌គ្រិស្ដយាងមក តើព្រះ‌អង្គនឹងសម្តែងទីសម្គាល់ច្រើនជាងលោកនេះឬ?»។

គេចាត់កងរក្សាព្រះ‌វិហារឲ្យមកចាប់ព្រះ‌យេស៊ូ

32 ពួកខាងគណៈផារីស៊ី*បានដឹងសេចក្ដីទាំងអស់ដែលបណ្ដា‌ជនខ្សឹបខ្សៀវគ្នាអំពីព្រះ‌យេស៊ូ។ ពេលនោះ ពួកនាយកបូជា‌ចារ្យ* និងពួកខាងគណៈ‌ផារីស៊ី ក៏ចាត់កងរក្សាព្រះ‌វិហារ*ឲ្យមកចាប់ព្រះ‌អង្គ។

33 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងទៅឯព្រះ‌អង្គដែលបានចាត់ខ្ញុំឲ្យមកនោះវិញហើយ។

34 អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែង ដែលខ្ញុំនៅនោះបានឡើយ»។

35 ជន‌ជាតិយូដាសួរគ្នាថា៖ «តើគាត់បម្រុងទៅណា បានជាយើងពុំអាចនឹងរកគាត់ឃើញដូច្នេះ? តើគាត់គិតទៅនៅជាមួយជន‌ជាតិយូដា ដែលខ្ចាត់‌ខ្ចាយក្នុងចំណោមជន‌ជាតិក្រិក ហើយបង្រៀនពួកក្រិកឬ?

36 គាត់មានប្រសាសន៍ថា “អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំនៅនោះបានឡើយ” តើមានន័យដូចម្ដេច?»។

ទន្លេដែលមានទឹកផ្ដល់ជីវិត

37 នៅថ្ងៃបញ្ចប់ពិធីបុណ្យជាថ្ងៃឱឡា‌រិកបំផុត ព្រះ‌យេស៊ូឈរនៅមុខបណ្ដា‌ជន បន្លឺព្រះ‌សូរសៀងយ៉ាងខ្លាំងថា៖ «អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ។

38 អ្នកណាជឿលើខ្ញុំ នឹងមានទន្លេបង្ហូរទឹកផ្ដល់ជីវិតចេញពីអ្នកនោះមក ដូចមានចែងទុកក្នុងគម្ពីរមកស្រាប់»។

39 ព្រះ‌អង្គមានព្រះ‌បន្ទូលដូច្នេះសំដៅទៅលើព្រះ‌វិញ្ញាណ ដែលអស់អ្នកជឿលើព្រះ‌អង្គនឹងត្រូវទទួល ដ្បិតពេលនោះ ព្រះ‌ជាម្ចាស់ពុំទាន់បានប្រទានព្រះ‌វិញ្ញាណមកទេ ពី‌ព្រោះព្រះ‌យេស៊ូពុំទាន់សម្តែងសិរី‌រុងរឿង នៅឡើយ។

បណ្ដា‌ជនខ្វែងគំនិតគ្នាអំពីព្រះ‌យេស៊ូ

40 ក្រោយពីបានឮព្រះ‌បន្ទូលរបស់ព្រះ‌អង្គហើយ ក្នុងចំណោមបណ្ដា‌ជន មានអ្នកខ្លះពោលថា៖ «លោកនេះពិតជាព្យាការី*ដែលយើងរង់‌ចាំនោះមែន!» ។

41 អ្នកខ្លះទៀតពោលថា៖ «លោកនេះជាព្រះ‌គ្រិស្ដ*»។ ប៉ុន្តែ មានអ្នកផ្សេងទៀតពោលជំទាស់ថា៖ «ព្រះ‌គ្រិស្ដមិនមែនមកពីស្រុកកាលី‌ឡេទេ

42 ដ្បិតមានចែងទុកក្នុងគម្ពីរថា“ព្រះ‌គ្រិស្ដជាព្រះ‌រាជ‌វង្សរបស់ព្រះ‌បាទដាវីឌ ហើយព្រះ‌អង្គនឹងយាងមកពីភូមិបេថ្លេ‌ហិម ជាភូមិកំណើតរបស់ព្រះ‌បាទដាវីឌ”»។

43 បណ្ដា‌ជនក៏បាក់បែកគ្នា ព្រោះតែព្រះ‌អង្គ។

44 ក្នុងចំណោមបណ្ដា‌ជន មានអ្នកខ្លះចង់ចាប់ព្រះ‌អង្គ ប៉ុន្តែ គ្មាននរណាហ៊ានចាប់ព្រះ‌អង្គឡើយ។

ពួកអ្នកធំមិនជឿលើព្រះ‌អង្គ

45 កងរក្សាព្រះ‌វិហារ*វិលទៅជួបពួកនាយកបូជា‌ចារ្យ* និងពួកខាងគណៈផារីស៊ី*វិញ លោកទាំងនោះសួរពួកគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនចាប់គាត់នាំយកមក?»។

46 កងរក្សាព្រះ‌វិហារឆ្លើយថា៖ «ពុំដែលមាននរណានិយាយដូចលោកនោះឡើយ»។

47 ពួកខាងគណៈផារីស៊ីពោលទៅគេវិញថា៖ «អ្នករាល់គ្នាចាញ់បោកអ្នកនោះដែរឬ!

48 ក្នុងចំណោមអ្នកដឹកនាំ និងក្នុងចំណោមពួកខាងគណៈផារីស៊ី គ្មាននរណាជឿលើអ្នកនោះសោះ

49 មានតែបណ្ដា‌ជនដែលមិនស្គាល់ក្រឹត្យ‌វិន័យទេ ដែលជឿ។ ពួកនោះសុទ្ធតែត្រូវបណ្ដា‌សា!»។

50 ក្នុងចំណោមពួកខាងគណៈផារីស៊ី មានបុរសម្នាក់ឈ្មោះ នីកូ‌ដេម ជាអ្នកដែលបានទៅគាល់ព្រះ‌យេស៊ូកាលពីមុន មានប្រសាសន៍ថា៖

51 «តាមច្បាប់របស់យើង យើងមិនអាចដាក់ទោសនរណាម្នាក់បានឡើយ ដរាបណាមិនទាន់បានឮពាក្យរបស់គេ ហើយមិនបានដឹងអំពីកិច្ចការដែលគេបានប្រព្រឹត្តសិនទេនោះ»។

52 ពួកគេតបទៅលោកវិញថា៖ «តើលោកជាពួកកាលី‌ឡេដែរឬ? សុំលោកពិចារណាមើល៍ ពុំដែលមានព្យាការីណាម្នាក់កើតពីស្រុកកាលី‌ឡេឡើយ»។

[

53 បន្ទាប់មក ម្នាក់ៗក៏វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។

—https://d1b84921e69nmq.cloudfront.net/364/32k/JHN/7-dafa5ca4e44a5aa21ca81b34ed803bac.mp3?version_id=85—