យ៉ូហាន 9

ព្រះ‌យេស៊ូប្រោសមនុស្សខ្វាក់ពីកំណើតម្នាក់ឲ្យជា

1 ព្រះ‌យេស៊ូយាងតាមផ្លូវ ទ្រង់ទតឃើញមនុស្សម្នាក់ខ្វាក់តាំងពីកំណើត។

2 ពួកសិស្សទូលសួរព្រះ‌អង្គថា៖ «ព្រះ‌គ្រូ បុរសនេះកើតមកខ្វាក់ដូច្នេះ តើបណ្ដាលមកពីបាបរបស់នរណា? បាបរបស់គាត់ផ្ទាល់ ឬបាបរបស់ឪពុកម្ដាយគាត់?»។

3 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលតបថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្ដាយគាត់ ឬបាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះ ដើម្បីឲ្យព្រះ‌ជាម្ចាស់បង្ហាញកិច្ចការរបស់ព្រះ‌អង្គនៅក្នុងគាត់។

4 យើងត្រូវធ្វើកិច្ចការរបស់ព្រះ‌អង្គដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការបានឡើយ។

5 ពេលខ្ញុំស្ថិតនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។

6 កាលព្រះ‌អង្គមានព្រះ‌បន្ទូលដូច្នេះហើយ ព្រះ‌អង្គស្ដោះទឹកព្រះ‌ឱស្ឋទៅលើដី ធ្វើភក់លាបភ្នែកមនុស្សខ្វាក់នោះ

7 រួចទ្រង់មានព្រះ‌បន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោម ចុះ»(ពាក្យ“ស៊ីឡោម”នេះមានន័យថា អ្នកដែលគេចាត់ឲ្យទៅ)។ គាត់ក៏ចេញទៅលុបមុខ ពេលត្រឡប់មកវិញ គាត់មើលឃើញ។

8 អ្នកជិតខាង និងអស់អ្នកដែលធ្លាប់ឃើញគាត់សុំទានកាលពីមុន នាំគ្នាពោលថា៖ «បុរសនេះជាអ្នកដែលតែងអង្គុយសុំទានទេតើ!»។

9 អ្នកខ្លះពោលថា៖ «គាត់មែន!»។ ខ្លះទៀតថា៖ «មិនមែនទេ អ្នកនេះមានមុខដូចគាត់!»។ រីឯបុរសនោះវិញ គាត់ពោលថា៖ «គឺខ្ញុំហ្នឹងហើយ!»។

10 គេក៏នាំគ្នាសួរគាត់ថា៖ «ម្ដេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?»។

11 គាត់ឆ្លើយថា៖ «មានលោកម្នាក់ឈ្មោះយេស៊ូ បានធ្វើភក់យកមកលាបភ្នែកខ្ញុំ ហើយប្រាប់ខ្ញុំថា “សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ!” ខ្ញុំក៏ទៅលុបមុខ ហើយខ្ញុំមើលឃើញ»។

12 គេសួរគាត់ថា៖ «លោកនោះនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»។

ពួកផារីស៊ីសួរចម្លើយអ្នកខ្វាក់ពីមុន

13 គេនាំអ្នកដែលខ្វាក់ពីមុននោះ ទៅជួបពួកខាងគណៈផារីស៊ី*។

14 ថ្ងៃដែលព្រះ‌យេស៊ូធ្វើភក់ និងប្រោសអ្នកខ្វាក់ឲ្យបានភ្លឺនោះជាថ្ងៃសប្ប័ទ

15 ហេតុនេះហើយបានជាពួកខាងគណៈផារីស៊ីនាំគ្នាសួរម្ដងទៀតអំពីហេតុ‌ការណ៍ដែលធ្វើឲ្យភ្នែកគាត់ភ្លឺ។ គាត់ឆ្លើយថា៖ «លោកបានយកភក់ដាក់ពីលើភ្នែកខ្ញុំ ខ្ញុំទៅលុបមុខ ហើយក៏មើលឃើញ»។

16 ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីព្រះ‌ជាម្ចាស់ទេ ដ្បិតគាត់ពុំគោរពក្រឹត្យ‌វិន័យ*សម្រាប់ថ្ងៃឈប់សម្រាក»។ ខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសម្គាល់ដូចម្ដេចបាន?»ពួកគេក៏បាក់បែកគ្នា។

17 គេសួរអ្នកដែលខ្វាក់ពីមុននោះម្ដងទៀតថា៖ «ចុះអ្នកវិញ តើអ្នកថា លោកដែលធ្វើឲ្យអ្នកបានភ្លឺនោះជានរណា?»។ គាត់ឆ្លើយថា៖ «លោកពិតជាព្យាការី*មែន!»។

18 ប៉ុន្តែ ជន‌ជាតិយូដានៅតែមិនជឿថា កាលពីមុនបុរសនេះខ្វាក់ ហើយឥឡូវបានមើលឃើញនោះឡើយ ទាល់តែហៅឪពុកម្ដាយគាត់មកសួរសិន។

19 គេសួរទៅឪពុកម្ដាយគាត់ថា៖ «អ្នកនេះពិតជាកូនរបស់អ្នកដែលអ្នកថាខ្វាក់ពីកំណើតមែនឬ ចុះឥឡូវម្ដេចក៏ភ្នែកគាត់ភ្លឺ?»។

20 ឪពុកម្ដាយគាត់ឆ្លើយថា៖ «យើងខ្ញុំដឹងថាវាពិតជាកូនរបស់យើងខ្ញុំមែន ហើយកើតមកខ្វាក់!។

21 ត្រង់ឯភ្នែកវាបានភ្លឺដោយហេតុយ៉ាងណាៗនោះ យើងខ្ញុំមិនដឹងទេ ហើយនរណាបានធ្វើឲ្យភ្នែកវាភ្លឺនោះ ក៏យើងមិនដឹងដែរ!។ សូមអស់លោកសួរវាទៅ វាធំហើយ វាឆ្លើយខ្លួនឯងបាន»។

22 ឪពុកម្ដាយគាត់និយាយដូច្នេះមកពីខ្លាចជន‌ជាតិយូដា ព្រោះជន‌ជាតិយូដារួមគំនិតគ្នា បណ្ដេញអស់អ្នកដែលទទួលស្គាល់ថាព្រះ‌យេស៊ូជាព្រះ‌គ្រិស្ដ* ចេញពីសាលាប្រជុំ*របស់គេ។

23 ហេតុនេះហើយបានជាគាត់ពោលថា “វាធំហើយ សូមសួរវាទៅ!”។

24 ពួកខាងគណៈផារីស៊ី*បានហៅបុរស ដែលខ្វាក់ពីមុននោះ មកសួរជាលើកទីពីរ។ គេពោលទៅគាត់ថា៖ «ត្រូវនិយាយការពិតនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់! យើងដឹងថា អ្នកនោះពិតជាមនុស្សបាបមែន!»។

25 បុរសនោះតបថា៖ «លោកនោះជាមនុស្សបាប ឬយ៉ាងណានោះ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម្យ៉ាង គឺពីមុនខ្ញុំខ្វាក់ ឥឡូវនេះ ខ្ញុំមើលឃើញ»។

26 ពួកគេសួរគាត់ថា៖ «តើអ្នកនោះបានធ្វើអ្វីដល់អ្នក? គាត់បានធ្វើឲ្យភ្នែកអ្នកភ្លឺ ដោយវិធីណា?»។

27 គាត់ឆ្លើយទៅគេវិញថា៖ «ខ្ញុំបានជម្រាបអស់លោករួចមកហើយ តែអស់លោកពុំស្ដាប់ខ្ញុំទេ។ ហេតុដូចម្ដេចបានជាអស់លោកចង់ឲ្យខ្ញុំនិយាយម្ដងទៀតដូច្នេះ? អស់លោកប្រហែលចង់ធ្វើជាសិស្សរបស់លោកនោះដែរហើយមើលទៅ!»។

28 ពួកខាងគណៈផារីស៊ីក៏ជេរប្រមាថគាត់ថា៖ «ឯងទេតើជាសិស្សរបស់គាត់! រីឯយើងវិញ យើងជាសិស្សរបស់លោកម៉ូសេ!។

29 យើងដឹងថាព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេមែន។ រីឯអ្នកនោះវិញ យើងមិនដឹងថាគាត់មកពីណាទេ!»។

30 បុរសនោះនិយាយតបទៅគេថា៖ «លោកនោះបានធ្វើឲ្យភ្នែកខ្ញុំភ្លឺ តែអស់លោកមិនដឹងថា គាត់មកពីណាដូច្នេះ គួរឲ្យឆ្ងល់ណាស់។

31 យើងដឹងស្រាប់ហើយថា ព្រះ‌ជាម្ចាស់មិនស្ដាប់ពាក្យរបស់មនុស្សបាបទេ ព្រះ‌អង្គស្ដាប់តែពាក្យរបស់អ្នកគោរពប្រណិ‌ប័តន៍ព្រះ‌អង្គ និងប្រព្រឹត្តតាមព្រះ‌ហឫទ័យព្រះ‌អង្គប៉ុណ្ណោះ។

32 តាំងពីដើមរៀងមក យើងមិនដែលឮថា មាននរណាធ្វើឲ្យភ្នែកមនុស្សខ្វាក់ពីកំណើតបានភ្លឺនោះឡើយ។

33 ប្រសិនបើលោកនោះមិនមកពីព្រះ‌ជាម្ចាស់ទេ លោកមិនអាចធ្វើការអ្វីបានទាល់តែសោះ»។

34 ពួកគេនាំគ្នាពោលទៅគាត់ថា៖ «ឯងជាមនុស្សជាប់បាបពេញខ្លួន តាំងពីកំណើតមក ហើយឯងហ៊ានប្រដៅយើងទៀត!»។ គេក៏បណ្ដេញគាត់ចេញទៅខាងក្រៅ។

35 ព្រះ‌យេស៊ូជ្រាបថា គេបានបណ្ដេញគាត់ កាលព្រះ‌អង្គជួបគាត់ ទ្រង់មានព្រះ‌បន្ទូលសួរថា៖ «តើអ្នកជឿលើបុត្រមនុស្ស*ឬទេ?»។

36 គាត់ទូលព្រះ‌អង្គថា៖ «លោកម្ចាស់អើយ តើនរណាជាបុត្រមនុស្ស សូមប្រាប់ខ្ញុំឲ្យដឹងផង ដើម្បីឲ្យខ្ញុំជឿលើព្រះ‌អង្គ»។

37 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគាត់ថា៖ «អ្នកឃើញលោកស្រាប់ គឺអ្នកដែលកំពុងតែនិយាយជាមួយអ្នកហ្នឹងហើយជាបុត្រមនុស្ស»។

38 គាត់ទូលព្រះ‌យេស៊ូថា៖ «បពិត្រព្រះ‌អម្ចាស់! ទូលបង្គំជឿលើព្រះ‌អង្គហើយ»។ គាត់ក៏ក្រាបថ្វាយ‌បង្គំព្រះ‌អង្គ។

39 បន្ទាប់មក ព្រះ‌យេស៊ូមានព្រះ‌បន្ទូលថា៖ «ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីវិនិច្ឆ័យចិត្តមនុស្ស គឺឲ្យមនុស្សខ្វាក់មើលឃើញ ហើយឲ្យមនុស្សមើលឃើញ ត្រឡប់ទៅជាខ្វាក់វិញ»។

40 ពួកខាងគណៈផារីស៊ីខ្លះដែលនៅទីនោះជាមួយព្រះ‌អង្គ បានឮដូច្នេះ ក៏ទូលព្រះ‌អង្គថា៖ «លោកប្រហែលជាចង់ថា យើងខ្ញុំនេះ ជាមនុស្សខ្វាក់ដែរហើយមើលទៅ!»។

41 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលឆ្លើយទៅគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាខ្វាក់មែន អ្នករាល់គ្នាគ្មានបាបទេ។ ផ្ទុយទៅវិញ មកពីអ្នករាល់គ្នាថាខ្លួនមើលឃើញដូច្នេះហើយ បានជាអ្នករាល់គ្នានៅតែជាប់បាបរហូត»។

—https://d1b84921e69nmq.cloudfront.net/364/32k/JHN/9-ad5176a3b6e7f0cd7b6971f774ccc2c0.mp3?version_id=85—