វិវរណៈ 10

ទេវតាប្រគល់ក្រាំងមួយតូចឲ្យលោកយ៉ូហាន

1 ខ្ញុំឃើញទេវតា*ខ្លាំងពូកែមួយរូបទៀតចុះពីលើមេឃមក មានពពក*ព័ទ្ធជុំ‌វិញខ្លួន មានឆព្វណ្ណ‌រង្សីនៅលើក្បាល មុខលោកដូចព្រះ‌អាទិត្យ ហើយជើងលោកដូចសសរភ្លើង។

2 ដៃលោកកាន់ក្រាំងតូចមួយដែលបើកស្រាប់ លោកដាក់ជើងស្ដាំលើសមុទ្រ ជើងឆ្វេងលើដីគោក។

3 លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំងដូចសិង្ហគ្រហឹម ហើយពេលទេវតានោះបន្លឺសំឡេង ផ្គរទាំងប្រាំ‌ពីរក៏លាន់ឮឡើងដែរ។

4 ពេលផ្គរ‌លាន់ឮរួចហើយ ខ្ញុំហៀបនឹងសរសេរទុក ស្រាប់តែឮសំឡេងមួយពោលពីលើមេឃមកថា៖ «ចូរលាក់សេចក្ដីដែលផ្គរ‌លាន់ទាំងប្រាំ‌ពីរបានថ្លែងនោះឲ្យជិត កុំសរសេរទុកឡើយ»។

5 រីឯទេវតាដែលខ្ញុំបានឃើញឈរលើសមុទ្រ និងលើដីគោកនោះក៏លើកដៃស្ដាំឡើងទៅលើមេឃ

6 ហើយស្បថក្នុងព្រះ‌នាមព្រះ‌អង្គដែលមានព្រះ‌ជន្មគង់នៅអស់‌កល្បជាអង្វែងតរៀងទៅគឺព្រះ‌អង្គដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗដែលមាននៅលើមេឃ ផែន‌ដី និងអ្វីៗដែលមាននៅលើផែន‌ដី សមុទ្រ និងអ្វីៗដែលមាននៅក្នុងសមុទ្រ។ ទេវតានោះបានពោលយ៉ាងឱឡា‌រិកថា «គ្មានពន្យារពេលទៀតឡើយ

7 នៅគ្រាណាទេវតាទីប្រាំ‌ពីរបន្លឺសំឡេងឡើង គឺនៅពេលលោកចាប់ផ្ដើមផ្លុំត្រែ ព្រះ‌ជា‌ម្ចាស់នឹងសម្រេចតាមគម្រោង‌ការដ៏លាក់កំបាំងរបស់ព្រះ‌អង្គ ដូចទ្រង់បានប្រទានដំណឹង‌ល្អទុកជាមុន តាមរយៈពួកព្យាការី* ជាអ្នកបម្រើរបស់ព្រះ‌អង្គ»។

8 បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏ពោលមកកាន់ខ្ញុំម្ដងទៀតថា៖ «សូមអញ្ជើញទៅយកក្រាំងតូចបើកស្រាប់ ក្នុងដៃទេវតាដែលឈរលើសមុទ្រ និងលើដីគោកនោះមក»។

9 ខ្ញុំក៏ដើរទៅរកទេវតានោះ ទាំងសុំឲ្យលោកប្រគល់ក្រាំងតូចមកខ្ញុំ។ លោកពោលមកកាន់ខ្ញុំថា៖ «ចូរយកក្រាំងនេះ ហើយបរិភោគវាទៅ។ ក្រាំងនេះនឹងធ្វើឲ្យអ្នកឈឺពោះ តែកាលនៅក្នុងមាត់ វាផ្អែមដូចទឹកឃ្មុំ»។

10 ខ្ញុំក៏ទទួលយកក្រាំងតូចពីដៃទេវតាមកបរិភោគ នៅក្នុងមាត់ខ្ញុំ វាផ្អែមដូចទឹកឃ្មុំលុះបរិភោគរួចហើយ ខ្ញុំក៏ឈឺពោះ។

11 បន្ទាប់មក មានគេប្រាប់ខ្ញុំថា៖ «អ្នកត្រូវថ្លែងព្រះ‌បន្ទូលសាជាថ្មីទៀត អំពីប្រជា‌ជន អំពីជាតិសាសន៍ អំពីភាសានានា និងអំពីស្ដេចជាច្រើនផង»។

—https://d1b84921e69nmq.cloudfront.net/364/32k/REV/10-85b955a458e67cdaba9a006c0a214bf7.mp3?version_id=85—