រ៉ូម 4

លោកអប្រាហាំបានសុចរិតដោយ‌សារជំនឿ

1 ដូច្នេះ តើយើងគិតដូចម្ដេចចំពោះលោកអប្រាហាំដែលជាបុព្វបុរស*របស់យើងផ្នែកខាងសាច់ឈាម តើលោកបានទទួលអ្វីខ្លះ?

2 ប្រសិនបើលោកអប្រាហាំបានសុចរិត ដោយ‌សារការប្រព្រឹត្តអំពើល្អនោះ លោកអាចនឹងអួត‌អាងខ្លួនបានមែន។ ក៏ប៉ុន្តែ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជា‌ម្ចាស់ លោកពុំអាចអួត‌អាងបានទេ

3 ដ្បិតក្នុងគម្ពីរមានចែងថា «លោកអប្រាហាំជឿលើព្រះ‌ជា‌ម្ចាស់ ហើយព្រះ‌អង្គប្រោសលោកឲ្យបានសុចរិត ដោយយល់ដល់ជំនឿនេះ»។

4 ធម្មតា អ្នកណាធ្វើការអ្វីមួយ គេពុំចាត់ទុកប្រាក់ឈ្នួលរបស់គេថាជាអំណោយទេ គឺចាត់ទុកជាប្រាក់ដែលខ្លួនត្រូវតែបាន។

5 ចំពោះអ្នកដែលពុំបានប្រព្រឹត្តតាមវិន័យ តែមានជំនឿលើព្រះ‌ជា‌ម្ចាស់ដែលប្រោសមនុស្សមិនគោរពប្រណិ‌ប័តន៍ព្រះ‌អង្គឲ្យបានសុចរិត ទ្រង់នឹងប្រោសអ្នកនោះឲ្យបានសុចរិត ដោយយល់ដល់ជំនឿរបស់គេ។

6 ហេតុនេះហើយបានជាព្រះ‌បាទដាវីឌថ្លែងអំពីសុភមង្គល*របស់អ្នកដែលព្រះ‌ជា‌ម្ចាស់ប្រោសឲ្យបានសុចរិត ដោយមិនគិតដល់ការប្រព្រឹត្តអំពើល្អថា:

7 «អស់អ្នកដែលព្រះ‌ជា‌ម្ចាស់អត់‌ទោស

និងលុបបំបាត់អំពើបាបចោល

ពិតជាមានសុភមង្គលហើយ!

8 បុរសណាដែលព្រះ‌ជា‌ម្ចាស់មិនគិត‌គូរ

ពីបាបរបស់ខ្លួនទេ

បុរសនោះពិតជាមានសុភមង្គលហើយ!»។

9 តើមានតែសាសន៍យូដាទេឬ ដែលអាចទទួលសុភមង្គលនេះ ឬមួយសាសន៍ដទៃក៏អាចទទួលបានដែរ? យើងទើបនឹងនិយាយថា «ព្រះ‌អង្គប្រោសលោកអប្រាហាំឲ្យបានសុចរិត ដោយយល់ដល់ជំនឿរបស់លោក»។

10 តើព្រះ‌ជា‌ម្ចាស់ប្រោសលោកអប្រាហាំឲ្យបានសុចរិតនៅពេលណា? ក្រោយពេលលោកទទួលពិធីកាត់ស្បែក* ឬក៏មុននោះ? គឺនៅមុនពេលលោកទទួលពិធីកាត់ស្បែក មិនមែនក្រោយពេលកាត់ស្បែកហើយនោះទេ!។

11 លោកទទួលពិធីកាត់ស្បែកតាមក្រោយ ទុកជាសញ្ញាបញ្ជាក់ថា លោកបានសុចរិត ដោយ‌សារជំនឿដែលលោកមានកាលពីមិនទាន់កាត់ស្បែកនៅឡើយ។ ដូច្នេះ លោកបានទៅជាឪពុករបស់មនុស្សទាំងអស់ដែលមិនបានទទួលពិធីកាត់ស្បែកតែមានជំនឿ ហើយព្រះ‌ជា‌ម្ចាស់ប្រោសគេឲ្យបានសុចរិត។

12 លោកក៏ជាឪពុករបស់សាសន៍យូដាដែលកាត់ស្បែកដែរ ជាអ្នកដែលមិនត្រឹមតែបានទទួលពិធីកាត់ស្បែកប៉ុណ្ណោះទេ គឺថែមទាំងបានយកតម្រាប់តាមជំនឿរបស់លោកអប្រាហាំជាឪពុករបស់យើង នៅគ្រាដែលលោកមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយនោះផង។

លោកអប្រាហាំបានទទួលព្រះ‌បន្ទូលសន្យាដោយ‌សារជំនឿ

13 ព្រះ‌ជា‌ម្ចាស់មានព្រះ‌បន្ទូលសន្យាមកលោកអប្រាហាំ និងពូជ‌ពង្សរបស់លោកថា គេនឹងទទួលពិភពលោកទុកជាមត៌ក ដោយមិនគិតតាមក្រឹត្យ‌វិន័យទេ គឺគិតតាមសេចក្ដីសុចរិតដែលមកពីជំនឿវិញ។

14 ប្រសិនបើមនុស្សទទួលមត៌ក ដោយគោរពតាមក្រឹត្យ‌វិន័យនោះ បានសេចក្ដីថា ជំនឿគ្មានប្រយោជន៍អ្វីសោះ ហើយព្រះ‌បន្ទូលសន្យាក៏គ្មានតម្លៃអ្វីដែរ

15 ដ្បិតក្រឹត្យ‌វិន័យបង្កើតឲ្យមានព្រះ‌ពិរោធ តែទីណាគ្មានក្រឹត្យ‌វិន័យ នៅទីនោះក៏គ្មានបទល្មើសក្រឹត្យ‌វិន័យដែរ។

16 ដូច្នេះ ព្រោះតែជំនឿដែលស្របតាមព្រះ‌គុណ ព្រះ‌បន្ទូលសន្យាត្រូវបានប្រទានមកចំពោះពូជ‌ពង្សលោកអប្រាហាំទាំងមូល មិនត្រឹមតែអស់អ្នកដែលប្រតិបត្តិតាមក្រឹត្យ‌វិន័យប៉ុណ្ណោះទេ តែសម្រាប់អស់អ្នកដែលមានជំនឿដូចលោកអប្រាហាំ ជាឪពុករបស់យើងទាំងអស់គ្នាដែរ

17 ដូចមានចែងទុកមកថា«យើងបានតែង‌តាំងអ្នកឲ្យធ្វើជាឪពុករបស់ជាតិសាសន៍មួយចំនួនធំ»។ លោកជាឪពុករបស់យើងនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជា‌ម្ចាស់ ជាព្រះដែលលោកបានជឿ គឺព្រះ‌អង្គដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយត្រាស់ហៅអ្វីៗដែលគ្មានរូបរាងឲ្យកើតមាន។

18 ទោះបីគ្មានអ្វីជាទីសង្ឃឹមក៏ដោយ ក៏លោកអប្រាហាំនៅតែមានសង្ឃឹម និងមានជំនឿ ហើយលោកក៏បានទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន ស្របតាមព្រះ‌បន្ទូលដែលមានថ្លែងទុកមកថា«ពូជ‌ពង្សរបស់អ្នកនឹងមានច្រើនយ៉ាងនេះ»។

19 កាលណោះ លោកមានអាយុជិតមួយរយឆ្នាំហើយ ទោះបីលោកមើលមករូបកាយរបស់លោក ឃើញថាជិតស្លាប់ និងមើលទៅលោកយាយសារ៉ាឃើញថា ពុំអាចបង្កើតកូនបានសោះនោះក៏ដោយ ក៏ជំនឿរបស់លោកមិនអន់‌ថយដែរ។

20 លោកមិនបាត់ជំនឿ ហើយក៏មិនសង្ស័យនឹងព្រះ‌បន្ទូលសន្យារបស់ព្រះ‌ជា‌ម្ចាស់ឡើយ ផ្ទុយទៅវិញ ជំនឿរបស់លោកធ្វើឲ្យលោកមានកម្លាំងចិត្តនឹងលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌ជា‌ម្ចាស់

21 ព្រោះលោកជឿប្រាកដក្នុងចិត្តថា បើព្រះ‌ជា‌ម្ចាស់សន្យាធ្វើអ្វី ព្រះ‌អង្គពិតជាមានឫទ្ធា‌នុភាពនឹងសម្រេចតាមបានមិនខាន។

22 ហេតុនេះហើយបានជា «ព្រះ‌ជា‌ម្ចាស់ប្រោសលោកឲ្យបានសុចរិត»។

23 ក៏ប៉ុន្តែ សេចក្ដីដែលមានចែងថា«ព្រះ‌ជា‌ម្ចាស់ប្រោសឲ្យបានសុចរិត»នេះមិនមែនសំដៅតែលើលោកអប្រាហាំប៉ុណ្ណោះទេ

24 គឺសំដៅមកយើងដែលព្រះ‌ជា‌ម្ចាស់ប្រោសឲ្យបានសុចរិត ព្រោះយើងជឿលើព្រះ‌អង្គដែលបានប្រោសព្រះ‌យេស៊ូជា‌អម្ចាស់នៃយើង ឲ្យមានព្រះ‌ជន្មរស់ឡើងវិញនេះដែរ។

25 ព្រះ‌យេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុសរបស់យើង ហើយព្រះ‌ជា‌ម្ចាស់ប្រោសព្រះ‌អង្គឲ្យមានព្រះ‌ជន្មរស់ឡើងវិញ ដើម្បីឲ្យយើងបានសុចរិត។

—https://d1b84921e69nmq.cloudfront.net/364/32k/ROM/4-e9e42d14515658642c57a64b0dade38f.mp3?version_id=85—