រ៉ូម 6

ព្រះ‌គុណនាំឲ្យអ្នកជឿរួចពីចំណងអំពើបាប

1 ដូច្នេះ យើងត្រូវគិតដូចម្ដេច? តើយើងត្រូវប្រព្រឹត្តអំពើបាបតទៅមុខទៀត ដើម្បីឲ្យព្រះ‌គុណរឹតតែមានចម្រើនឡើង?

2 ទេ មិនកើតទេ! យើងទាំងអស់គ្នាដែលបានរួចផុតពីអំណាចបាប ហើយ តើឲ្យយើងនៅតែប្រព្រឹត្តអំពើបាបតទៅទៀតដូចម្ដេចកើត!

3 តើបង‌ប្អូនមិនជ្រាបទេឬ យើងទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក* ដើម្បីរួមជាមួយព្រះ‌គ្រិស្ដ‌យេស៊ូនោះ គឺយើងបានជ្រមុជរួមជាមួយព្រះ‌អង្គដែលសោយទិវង្គត។

4 ហេតុនេះ ដោយពិធីជ្រមុជទឹក ដើម្បីរួមស្លាប់ជាមួយព្រះ‌អង្គ យើងដូចជាបានចូលទៅក្នុងផ្នូររួមជាមួយព្រះ‌អង្គដែរ។ ដូច្នេះ ព្រះ‌គ្រិស្ដមានព្រះ‌ជន្មរស់ឡើងវិញ ដោយ‌សារសិរី‌រុងរឿង របស់ព្រះ‌បិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ។

5 ប្រសិនបើយើងបានរួមស្លាប់ជាមួយព្រះ‌អង្គដែលសោយទិវង្គត យើងក៏នឹងបានរួមជាមួយព្រះ‌អង្គដែលមានព្រះ‌ជន្មរស់ឡើងវិញដែរ។

6 យើងដឹងថា ចរិតចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះ‌អង្គរួចហើយ ដើម្បីឲ្យខ្លួនយើង ដែលជាប់បាបនេះត្រូវវិនាសសាប‌សូន្យ កុំឲ្យយើងធ្វើជាខ្ញុំបម្រើរបស់បាបតទៅទៀត

7 ដ្បិតអ្នកដែលស្លាប់មិនទាក់ទាមនឹងបាបទៀតទេ។

8 ដូច្នេះ ប្រសិនបើយើងរួមស្លាប់ជាមួយព្រះ‌គ្រិស្ដ យើងក៏ជឿថា យើងនឹងមានជីវិតរួមជាមួយព្រះ‌អង្គដែរ

9 ព្រោះយើងដឹងថា ព្រះ‌គ្រិស្ដដែលរស់ឡើងវិញនោះ ទ្រង់លែងសោយទិវង្គតហើយ មច្ចុរាជគ្មានអំណាចលើព្រះ‌អង្គទៀតទេ

10 ដ្បិតព្រះ‌អង្គបានសោយទិវង្គតនោះ គឺសោយទិវង្គតឲ្យបានរួចផុតពីអំណាចបាប ម្ដងជាសូរេច។ ឥឡូវនេះ ព្រះ‌អង្គមានព្រះ‌ជន្មរស់នោះ គឺរស់សម្រាប់ព្រះ‌ជា‌ម្ចាស់។

11 រីឯបង‌ប្អូនវិញក៏ដូច្នោះដែរ ចូរចាត់ទុកថាខ្លួនបានស្លាប់ រួចផុតពីអំណាចបាប ហើយបង‌ប្អូនមានជីវិតរស់សម្រាប់ព្រះ‌ជា‌ម្ចាស់ ដោយរួមជាមួយព្រះ‌គ្រិស្ដ‌យេស៊ូ។

12 ដូច្នេះ មិនត្រូវទុកឲ្យបាបសោយរាជ្យលើខ្លួនបង‌ប្អូនដែលតែងតែស្លាប់ ដើម្បីស្ដាប់តាមតណ្ហាលោភ‌លន់របស់ខ្លួននោះឡើយ

13 ហើយក៏មិនត្រូវប្រគល់សរី‌រាង្គ‌កាយរបស់បង‌ប្អូនឲ្យទៅបម្រើបាប និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើទុច្ចរិតដែរ គឺត្រូវថ្វាយខ្លួនទៅព្រះ‌ជា‌ម្ចាស់ ដូចមនុស្សដែលបានរស់ឡើងវិញ ហើយប្រគល់សរី‌រាង្គ‌កាយរបស់បង‌ប្អូនទៅបម្រើព្រះ‌ជា‌ម្ចាស់ និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើសុចរិត។

14 បាបនឹងលែងត្រួត‌ត្រាលើបង‌ប្អូនទៀតហើយ ព្រោះបង‌ប្អូនមិនស្ថិតនៅក្រោមអំណាចរបស់ក្រឹត្យ‌វិន័យទេ គឺស្ថិតនៅក្រោមព្រះ‌គុណវិញ។

គ្រិស្ដ‌បរិស័ទជាអ្នកបម្រើរបស់សេចក្ដីសុចរិត

15 បើដូច្នេះ ដោយយើងមិនស្ថិតនៅក្រោមអំណាចនៃក្រឹត្យ‌វិន័យ* តែស្ថិតនៅក្រោមព្រះ‌គុណ តើយើងត្រូវតែប្រព្រឹត្តអំពើបាបឬ? ទេ មិនកើតទេ!

16 បង‌ប្អូនមិនដឹងទេឬ បើបង‌ប្អូនប្រគល់ខ្លួនទៅបម្រើ និងស្ដាប់បង្គាប់ម្ចាស់ណា បង‌ប្អូននឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នកដែលបង‌ប្អូនស្ដាប់បង្គាប់នោះ ឬមួយបង‌ប្អូននឹងទៅជាខ្ញុំបម្រើរបស់បាប ដែលនាំឲ្យបង‌ប្អូនស្លាប់ ឬមួយបង‌ប្អូនស្ដាប់បង្គាប់ព្រះ‌ជា‌ម្ចាស់ដែលនាំឲ្យបង‌ប្អូនបានសុចរិត ។

17 សូមអរព្រះ‌គុណព្រះ‌ជា‌ម្ចាស់! ពីដើមបង‌ប្អូនជាខ្ញុំបម្រើរបស់បាបមែន តែដោយបង‌ប្អូនបានស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ត តាមគោល‌ការណ៍នៃសេចក្ដីបង្រៀនដែលបង‌ប្អូនបានទទួល

18 បង‌ប្អូនក៏បានរួចពីអំណាចបាប មកបម្រើសេចក្ដីសុចរិតវិញ។

19 ខ្ញុំសូមនិយាយតាមរបៀបមនុស្សលោកទៅចុះ ព្រោះបង‌ប្អូនជាមនុស្សទន់ខ្សោយ។ ពីដើម បង‌ប្អូនបានប្រគល់សរី‌រាង្គ‌កាយរបស់បង‌ប្អូន ឲ្យធ្វើជាខ្ញុំបម្រើនៃអំពើសៅ‌ហ្មង និងអំពើទុយ៌ស ដែលនាំឲ្យប្រឆាំងនឹងព្រះ‌ជា‌ម្ចាស់យ៉ាងណា ឥឡូវនេះ ចូរបង‌ប្អូនប្រគល់សរី‌រាង្គ‌កាយរបស់បង‌ប្អូន ធ្វើជាខ្ញុំបម្រើនៃសេចក្ដីសុចរិតដើម្បីឲ្យបង‌ប្អូនបានវិសុទ្ធ*យ៉ាងនោះដែរ។

20 កាលបង‌ប្អូននៅជាខ្ញុំបម្រើរបស់បាបនៅឡើយ បង‌ប្អូនគ្មានជាប់ទាក់ទាមអ្វីនឹងសេចក្ដីសុចរិតទេ។

21 កាលណោះបង‌ប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឲ្យបង‌ប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឲ្យបង‌ប្អូនស្លាប់!

22 តែឥឡូវនេះ បង‌ប្អូនរួចពីអំណាចបាប មកបម្រើព្រះ‌ជា‌ម្ចាស់វិញ។ បង‌ប្អូនបានផលដែលធ្វើឲ្យបង‌ប្អូនទៅជាវិសុទ្ធ* ដើម្បីឲ្យមានជីវិតអស់‌កល្បជា‌និច្ច

23 ដ្បិតលទ្ធ‌ផល នៃបាប គឺសេចក្ដីស្លាប់ រីឯព្រះ‌អំណោយទានរបស់ព្រះ‌ជា‌ម្ចាស់វិញ គឺជីវិតអស់‌កល្បជា‌និច្ចរួមជាមួយព្រះ‌គ្រិស្ដ‌យេស៊ូ ជាព្រះ‌អម្ចាស់នៃយើង។

—https://d1b84921e69nmq.cloudfront.net/364/32k/ROM/6-48aef016198fcc1d948f445c5d767750.mp3?version_id=85—