1 បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាអស់ពីចិត្ត ចង់តែឲ្យសាសន៍អ៊ីស្រាអែលបានទទួលការសង្គ្រោះ ហើយខ្ញុំក៏ទូលអង្វរព្រះជាម្ចាស់ឲ្យពួកគេដែរ។
2 ខ្ញុំហ៊ានធ្វើជាសាក្សីថា ពួកគេមានចិត្តខ្នះខ្នែងបម្រើព្រះជាម្ចាស់ខ្លាំងណាស់ តែគេបម្រើទាំងល្ងិតល្ងង់ ។
3 ដោយពួកគេពុំស្គាល់របៀបដែលព្រះជាម្ចាស់ប្រោសមនុស្សលោកឲ្យបានសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនបានសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលព្រះជាម្ចាស់ប្រោសមនុស្សឲ្យបានសុចរិតនេះទេ។
4 ក្រឹត្យវិន័យនាំមនុស្សឆ្ពោះទៅកាន់ព្រះគ្រិស្ដ ដើម្បីឲ្យអស់អ្នកដែលជឿបានសុចរិត។
ការសង្គ្រោះតាមរយៈជំនឿលើព្រះអម្ចាស់
5 លោកម៉ូសេបានសរសេរទុកអំពីសេចក្ដីសុចរិតដែលមកពីក្រឹត្យវិន័យ*ថា:«អ្នកណាប្រតិបត្តិតាមអ្វីៗដែលមានចែងទុកក្នុងក្រឹត្យវិន័យ អ្នកនោះនឹងមានជីវិតដោយសារអំពើទាំងនោះ»។
6 ចំពោះសេចក្ដីសុចរិតដែលមកពីជំនឿវិញ មានចែងថា«អ្នកមិនត្រូវសួរក្នុងចិត្តថា តើអ្នកណានឹងឡើងទៅស្ថានបរមសុខ?»គឺថា ដើម្បីនឹងនាំព្រះគ្រិស្ដចុះមក
7 «តើអ្នកណានឹងចុះទៅស្ថានក្រោម?»គឺថា ដើម្បីនាំព្រះគ្រិស្ដឡើងពីចំណោមមនុស្សស្លាប់មក
8 តែក្នុងគម្ពីរមានចែងដូចម្ដេច? គឺមានចែងថា«ព្រះបន្ទូលស្ថិតនៅក្បែរអ្នក នៅក្នុងមាត់អ្នក និងនៅក្នុងចិត្តអ្នកដែរ»។ ព្រះបន្ទូលនេះជាព្រះបន្ទូលស្ដីអំពីជំនឿដែលយើងប្រកាស។
9 ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្តអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន
10 ដ្បិតបើចិត្តយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ
11 ដូចមានថ្លែងទុកក្នុងគម្ពីរថា«អ្នកណាជឿលើព្រះអង្គ អ្នកនោះមុខជាមិនខកចិត្តឡើយ»។
12 ដូច្នេះ សាសន៍យូដា និងសាសន៍ក្រិក មិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានព្រះអម្ចាស់តែមួយដែលមានព្រះហឫទ័យទូលាយ ដល់អស់អ្នកអង្វររកព្រះអង្គ
13 ដ្បិត«អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ»។
14 ក៏ប៉ុន្តែ ឲ្យគេអង្វររកព្រះអង្គដូចម្ដេចកើត បើគេមិនជឿ? ឲ្យគេជឿលើព្រះអង្គដូចម្ដេចកើត បើគេមិនដែលឮព្រះអង្គមានព្រះបន្ទូល? ឲ្យគេឮដូចម្ដេចកើត បើគ្មាននរណាប្រកាស?
15 ឲ្យមានអ្នកប្រកាសដូចម្ដេចកើត បើគ្មាននរណាចាត់ឲ្យទៅប្រកាសផងនោះ? ដូចមានចែងទុកថា:
«មើល៍ អ្នកដែលធ្វើដំណើរនាំដំណឹងដ៏ល្អៗមក
ប្រសើររុងរឿងណាស់ហ្ន៎!»។
16 ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាទេដែលព្រមស្ដាប់តាមដំណឹងល្អ ដូចព្យាការី*អេសាយបានថ្លែងទុកមកថា:«បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដីដែលយើងនិយាយឲ្យស្ដាប់?»។
17 ដូច្នេះ ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់ រីឯសេចក្ដីដែលយើងបានស្ដាប់នោះកើតមកពីព្រះបន្ទូលរបស់ព្រះគ្រិស្ដ ។
18 ក៏ប៉ុន្តែ ខ្ញុំសូមសួរថា តើពួកគេមិនដែលបានឮទេឬ? ទេ ពួកគេប្រាកដជាបានឮហើយ!
«សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញ
លើផែនដីទាំងមូល
ហើយពាក្យសម្ដីរបស់គេបានឮខ្ចរខ្ចាយ
រហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក»។
19 ខ្ញុំសូមសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានយល់ទេឬ? លោកម៉ូសេបានថ្លែងមុនគេថា:
«យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែន
នឹងពួកអ្នកដែលមិនមែនជាប្រជាជាតិមួយ
ដ៏ពិតប្រាកដ
យើងនឹងធ្វើឲ្យអ្នករាល់គ្នាមានកំហឹង
នឹងជាតិសាសន៍មួយដ៏ល្ងីល្ងើ»។
20 រីឯព្យាការីអេសាយ លោកហ៊ាននិយាយលើសពីនេះទៅទៀតថា:
«អស់អ្នកដែលមិនស្វែងរកយើង
គេបានរកយើងឃើញ
ហើយអស់អ្នកដែលមិនសុំអ្វីពីយើង
យើងបានបង្ហាញខ្លួនឲ្យគេឃើញច្បាស់»។
21 ចំពោះជនជាតិអ៊ីស្រាអែលវិញ លោកបានថ្លែងថា:
«មួយថ្ងៃវាល់ល្ងាច យើងបានលូកដៃទៅរក
ប្រជារាស្ត្រដែលមិនស្ដាប់បង្គាប់
ហើយចេះតែប្រកែកជំទាស់»។
—https://d1b84921e69nmq.cloudfront.net/364/32k/ROM/10-b1b2916320cc8e95ccf1831a5074f9c4.mp3?version_id=85—