រ៉ូម 13

ការស្ដាប់បង្គាប់អាជ្ញា‌ធរ

1 មនុស្សគ្រប់រូបត្រូវស្ដាប់បង្គាប់អាជ្ញា‌ធរ ដ្បិតអំណាចទាំង‌ឡាយសុទ្ធតែមកពីព្រះ‌ជា‌ម្ចាស់ គឺព្រះ‌អង្គបានតែង‌តាំងឲ្យមានអំណាចទាំងនោះឡើង។

2 ដូច្នេះ អ្នកដែលប្រឆាំងនឹងអាជ្ញា‌ធរ ក៏ដូចជាប្រឆាំងនឹងរបៀបរៀបរយ ដែលព្រះ‌ជា‌ម្ចាស់បានចាត់ចែងនោះដែរ ហើយអ្នកដែលប្រឆាំង មុខជាធ្វើឲ្យខ្លួនមានទោសមិនខាន។

3 អ្នកប្រព្រឹត្តអំពើល្អមិនខ្លាចអ្នកគ្រប់‌គ្រងស្រុកឡើយ មានតែអ្នកប្រព្រឹត្តអំពើអាក្រក់ប៉ុណ្ណោះដែលខ្លាច។ បើអ្នកមិនចង់ខ្លាចអាជ្ញា‌ធរទេ ចូរប្រព្រឹត្តអំពើល្អទៅ នោះអាជ្ញា‌ធរនឹងសរសើរអ្នកជាមិនខាន

4 ដ្បិតលោកទាំងនោះជាអ្នកបម្រើព្រះ‌ជា‌ម្ចាស់ ដើម្បីជំរុញអ្នកឲ្យប្រព្រឹត្តល្អ។ ផ្ទុយទៅវិញ បើអ្នកប្រព្រឹត្តអំពើអាក្រក់ ចូរខ្លាចទៅ ដ្បិតអាជ្ញា‌ធរមិនមែនកាន់អំណាច ជាអាសាឥតការទេ គឺគេជាអ្នកបម្រើព្រះ‌ជា‌ម្ចាស់ ដើម្បីធ្វើទណ្ឌ‌កម្ម ដាក់ទោស អ្នកដែលប្រព្រឹត្តអំពើអាក្រក់។

5 ដូច្នេះ ត្រូវស្ដាប់បង្គាប់អាជ្ញា‌ធរ មិនមែនដោយខ្លាចទទួលទណ្ឌ‌កម្មប៉ុណ្ណោះទេ គឺធ្វើដោយមានមន‌សិការ ផង។

6 ហេតុនេះហើយបានជាបង‌ប្អូនត្រូវតែបង់ពន្ធដារ ដ្បិតលោកទាំងនោះទទួលមុខ‌ងារពីព្រះ‌ជា‌ម្ចាស់ ដើម្បីបំពេញកិច្ចការនេះយ៉ាងហ្មត់‌ចត់។

7 ត្រូវជូនលោកទាំងនោះ នូវអ្វីដែលបង‌ប្អូនត្រូវជូន គឺបង់អាករទៅលោកណា ដែលបង‌ប្អូនត្រូវបង់ បង់ពន្ធទៅលោកណា ដែលបង‌ប្អូនត្រូវបង់ពន្ធ កោតខ្លាចលោកណា ដែលបង‌ប្អូនត្រូវកោតខ្លាច គោរពលោកណា ដែលបង‌ប្អូនត្រូវគោរព។

ការស្រឡាញ់គ្នាទៅវិញទៅមក

8 មិនត្រូវជំពាក់អ្វីនរណា ក្រៅពីជំពាក់សេចក្ដីស្រឡាញ់គ្នាទៅវិញទៅមកនោះឡើយ ដ្បិតអ្នកណាស្រឡាញ់អ្នកដទៃ អ្នកនោះប្រតិបត្តិតាមក្រឹត្យ‌វិន័យ*ពេញលក្ខណៈ

9 ព្រោះមានសេចក្ដីចែងទុកមកថា«កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យ‌សម្បត្តិគេ កុំមានចិត្តលោភ‌លន់»ព្រមទាំងមានបទ‌បញ្ជាឯទៀតដែលសរុបមកក្នុងពាក្យតែមួយនេះថា:«ចូរស្រឡាញ់បង‌ប្អូនឯទៀតៗ ឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។

10 អ្នកមានចិត្តស្រឡាញ់មិនដែលប្រព្រឹត្តអាក្រក់ចំពោះបង‌ប្អូនឯទៀតៗឡើយ ដ្បិតសេចក្ដីស្រឡាញ់ធ្វើឲ្យក្រឹត្យ‌វិន័យបានពេញលក្ខណៈ។

ការរៀបចំខ្លួនរង់‌ចាំទទួលព្រះ‌អម្ចាស់

11 បង‌ប្អូនជ្រាបហើយថា យើងកំពុងតែរស់នៅក្នុងគ្រាណា គឺដល់ពេលយើងត្រូវក្រោកពីដេក ដ្បិតឥឡូវនេះ ការសង្គ្រោះខិតមកជិតយើងជាងកាលយើងទើបនឹងជឿ។

12 យប់ជិតផុតហើយ ហើយថ្ងៃ ក៏ជិតដល់ដែរ ដូច្នេះ យើងត្រូវលះ‌បង់អំពើនៃសេចក្ដីងងឹត ចោលទៅ ហើយប្រដាប់ខ្លួនដោយគ្រឿងសស្ត្រា‌វុធនៃពន្លឺវិញ។

13 ត្រូវរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅក្នុងពេលថ្ងៃ គឺមិនស៊ីផឹកស្រវឹង មិនប្រព្រឹត្តកាមតណ្ហាក្រៅតម្រា មិនប្រាសចាកសីលធម៌ មិនឈ្លោះប្រកែក និងមិនច្រណែន‌ឈ្នានីសគ្នា។

14 ផ្ទុយទៅវិញត្រូវប្រដាប់ខ្លួន ដោយព្រះ‌អម្ចាស់យេស៊ូគ្រិស្ដ ហើយកុំបណ្ដោយខ្លួនឲ្យខ្វល់ខ្វាយ តាមការលោភ‌លន់របស់និស្ស័យមនុស្សនោះឡើយ។

—https://d1b84921e69nmq.cloudfront.net/364/32k/ROM/13-62eb1536b268bd82e806147ee8f6d159.mp3?version_id=85—