វិវរណៈ 12

ស្ត្រី និងនាគ

1 ពេលនោះ មានទីសម្គាល់មួយយ៉ាងធំលេចចេញមក នៅលើមេឃ គឺមានស្ត្រីមួយរូបស្លៀកពាក់ព្រះ‌អាទិត្យបិទ‌បាំងកាយ មានព្រះ‌ច័ន្ទនៅក្រោមជើង ព្រមទាំងមានពាក់ផ្កាយដប់‌ពីរជាមកុដនៅលើក្បាលផង។

2 ស្ត្រីនោះមានផ្ទៃពោះ ហើយកំពុងស្រែកឈឺចុកចាប់ ហៀបនឹងសម្រាលបុត្រ។

3 មានទីសម្គាល់មួយទៀត លេចចេញមកនៅលើមេឃដែរ គឺមាននាគមួយយ៉ាងធំ សម្បុរក្រហមឆ្អិន‌ឆ្អៅដូចភ្លើង។ នាគនោះមានក្បាលប្រាំ‌ពីរ និងមានស្នែងដប់ ហើយនៅលើក្បាលទាំងប្រាំ‌ពីររបស់វា មានមកុដប្រាំ‌ពីរដែរ។

4 កន្ទុយវាកៀរប្រមូលផ្កាយនៅលើមេឃមួយភាគបីទម្លាក់មកផែន‌ដី។ នាគមកពេននៅមុខស្ត្រីដែលហៀបនឹងសម្រាលបុត្រ ចាំត្របាក់លេបបុត្រ នៅពេលបុត្រនោះកើតមក។

5 នាងសម្រាលបានបុត្រមួយដែលត្រូវកាន់ដំបងដែក ដឹកនាំជាតិសាសន៍ទាំងអស់។ ក៏ប៉ុន្តែ ព្រះ‌ជាម្ចាស់បានឆក់យកបុត្រនោះឡើងទៅជាមួយព្រះ‌អង្គ គឺនៅជិតបល្ល័ង្ករបស់ព្រះ‌អង្គ។

6 រីឯស្ត្រីវិញ នាងរត់ភៀសខ្លួនទៅនៅវាលរហោ‌ស្ថានត្រង់កន្លែងដែលព្រះ‌ជាម្ចាស់បានរៀប‌ចំទុក ដើម្បីឲ្យគេទំនុកបម្រុងនាងក្នុងអំឡុងពេលមួយពាន់ពីររយហុក‌សិបថ្ងៃ។

7 ពេលនោះ ក៏មានចំបាំងផ្ទុះឡើង នៅលើមេឃ គឺមហាទេវតាមីកែល និងពួកទេវតារបស់លោកនាំគ្នាច្បាំងនឹងនាគ ហើយនាគរួមជាមួយពួកបរិវារវាក៏ច្បាំងតទល់វិញដែរ

8 ក៏ប៉ុន្តែ វាច្បាំងមិនឈ្នះ ហើយរកកន្លែងស្នាក់នៅលើមេឃមិនបានទៀតឡើយ។

9 នាគធំនោះក៏ត្រូវគេទម្លាក់ចុះមក គឺនាគធំហ្នឹងឯងជាពស់ពីបុរាណ ឈ្មោះមារ* ឬសាតាំង ដែលបាននាំមនុស្សនៅលើផែន‌ដីទាំងមូលឲ្យវង្វេង។ វាត្រូវគេទម្លាក់ចុះមកផែន‌ដី ហើយពួកបរិវារវាក៏ត្រូវគេទម្លាក់ចុះមកជាមួយដែរ។

10 ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលព្រះ‌ជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធា‌នុភាព និងព្រះ‌រាជ្យ*ព្រះ‌ជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះ‌គ្រិស្ដរបស់ព្រះ‌អង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបង‌ប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បង‌ប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះ‌ភ័ក្ត្រនៃព្រះរបស់យើង។

11 បង‌ប្អូនយើងបានឈ្នះវា ដោយ‌សារព្រះ‌លោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបង‌ប្អូនទាំងនោះបានស៊ូប្ដូរជីវិត ឥតស្ដាយសោះឡើយ។

12 ហេតុនេះ ស្ថានបរម‌សុខ* និងអស់អ្នកដែលរស់នៅក្នុងស្ថានបរម‌សុខអើយ ចូរមានអំណរសប្បាយឡើង! រីឯផែន‌ដី និងសមុទ្រវិញ អ្នកត្រូវវេទនាជាពុំ‌ខាន! ដ្បិតមារ*បានចុះទៅរកអ្នករាល់គ្នា ទាំងមានកំរោលចូលយ៉ាងខ្លាំងផង ព្រោះវាដឹងថា វានៅសល់ពេលតែបន្តិចប៉ុណ្ណោះ»។

13 កាលនាគឃើញថាខ្លួនត្រូវគេទម្លាក់ចុះមកលើផែន‌ដីដូច្នេះ វាក៏ដេញតាមស្ត្រីដែលបានសម្រាលបុត្រ។

14 នាងបានទទួលស្លាបទាំងពីររបស់ឥន្ទ្រីដ៏ធំនោះ ដើម្បីហោះទៅកាន់វាលរហោ‌ស្ថាន គឺនៅកន្លែងរបស់នាង។ នៅទីនោះ ព្រះ‌ជា‌ម្ចាស់នឹងទំនុកបម្រុងនាង ក្នុងរយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា ឲ្យឆ្ងាយពីមុខពស់។

15 ពស់បានព្រួសទឹកចេញពីមាត់វាដូចទឹកទន្លេ តាមពីក្រោយនាង ដើម្បីឲ្យទឹកហូរនាំយកនាងទៅ

16 ក៏ប៉ុន្តែ ព្រះ‌ធរណីបានជួយនាង ដោយស្រូបទឹកទន្លេដែលនាគបានព្រួសចេញពីមាត់វានោះអស់។

17 នាគក្ដៅក្រហាយនឹងស្ត្រីនោះយ៉ាងខ្លាំង វាក៏ចេញទៅធ្វើសឹកនឹងកូនចៅរបស់នាងដែលនៅសល់ គឺធ្វើសឹកនឹងអស់អ្នកដែលប្រតិបត្តិតាមបទ‌បញ្ជា*ទាំងប៉ុន្មានរបស់ព្រះ‌ជាម្ចាស់ និងអស់អ្នកដែលបានជឿសក្ខីភាពរបស់ព្រះ‌យេស៊ូ។

18 បន្ទាប់មក នាគក៏ទៅនៅតាមឆ្នេរខ្សាច់ នាមាត់សមុទ្រ។

—https://d1b84921e69nmq.cloudfront.net/364/32k/REV/12-aeafc1cc6703d91782fbd787d30d9970.mp3?version_id=85—