១ កូរិន‌ថូស 6

អំពីការប្ដឹងផ្ដល់គ្នាក្នុងចំណោមបង‌ប្អូន

1 ក្នុងចំណោមបង‌ប្អូន កាលណាម្នាក់ទាស់នឹងម្នាក់ទៀត ម្ដេចក៏ហ៊ានទៅរកចៅ‌ក្រមដែលមិនស្គាល់ព្រះ‌ជាម្ចាស់ឲ្យកាត់ក្ដី មិនទុកឲ្យប្រជា‌ជនដ៏‌វិសុទ្ធកាត់ក្ដីវិញ!

2 បង‌ប្អូនមិនជ្រាបទេឬថា ប្រជា‌ជនដ៏‌វិសុទ្ធ*នឹងវិនិច្ឆ័យទោសពិភពលោកនេះ! ប្រសិនបើបង‌ប្អូនវិនិច្ឆ័យទោសពិភពលោកដូច្នេះ ហេតុដូចម្ដេចបានជាបង‌ប្អូនថា ខ្លួនមិនសមនឹងអារកាត់រឿង‌រ៉ាវដ៏តូចបំផុតនេះ?

3 បង‌ប្អូនមិនជ្រាបទេឬ សូម្បីតែពួកទេវតា* ក៏យើងវិនិច្ឆ័យទោសទៅហើយ ចុះទំរាំបើរឿង‌រ៉ាវក្នុងជីវិតនេះវិញ ម្ដេចក៏យើងអារកាត់មិនកើត!

4 ពេលបង‌ប្អូនមានរឿងប្ដឹងផ្ដល់គ្នាអំពីបញ្ហាក្នុងជីវិតនេះ ម្ដេចក៏បង‌ប្អូនទៅរកពួកអ្នកដែលក្រុម‌ជំនុំមិនរាប់រក ឲ្យមកកាត់ក្ដីដូច្នេះ។

5 ខ្ញុំនិយាយនេះ ដើម្បីឲ្យបង‌ប្អូនអៀនខ្លួន។ ក្នុងចំណោមបង‌ប្អូន តើគ្មាននរណាមានប្រាជ្ញាអាចនឹងអារកាត់រឿង‌រ៉ាវដែលកើតឡើងរវាងបង‌ប្អូន សូម្បីតែម្នាក់ក៏គ្មានផងដែរឬ?

6 បង‌ប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយនៅមុខអ្នកមិនជឿថែមទៀតផង!

7 គ្រាន់តែបង‌ប្អូនប្ដឹងផ្ដល់គ្នាឯងនោះ ខុសទាំងស្រុងទៅហើយ។ ហេតុអ្វីបានជាបង‌ប្អូនមិនស៊ូ‌ទ្រាំនឹងអំពើអយុត្ដិ‌ធម៌? ហេតុអ្វីបានជាមិនព្រមឲ្យគេរឹបយកទ្រព្យរបស់បង‌ប្អូន?

8 ផ្ទុយទៅវិញ គឺបង‌ប្អូនទេតើដែលជាអ្នកប្រព្រឹត្តអំពើអយុត្ដិ‌ធម៌ ហើយរឹបយកទ្រព្យពីគេ ដែលសុទ្ធតែជាបង‌ប្អូនរបស់ខ្លួនថែមទៀត។

9 បង‌ប្អូនមិនជ្រាបទេឬថា អ្នកប្រព្រឹត្តអំពើទុច្ចរិត ពុំអាចទទួលព្រះ‌រាជ្យ*ព្រះ‌ជាម្ចាស់ទុកជាមត៌កបានឡើយ! សូមបង‌ប្អូនកុំយល់ច្រឡំឲ្យសោះ អស់អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ពួកថ្វាយ‌បង្គំព្រះ‌ក្លែង‌ក្លាយ ពួកមានសហាយ‌ស្មន់ ពួកជនពាលពួកអ្នករួមសង្វាសនឹងភេទដូចគ្នា

10 ពួកចោរប្លន់ ពួកលោភ‌លន់ចង់បានទ្រព្យគេ ពួកប្រមឹក ពួកជេរប្រមាថ ពួកប្លន់យកទ្រព្យគេ ពុំអាចទទួលព្រះ‌រាជ្យរបស់ព្រះ‌ជាម្ចាស់ទុកជាមត៌កបានឡើយ។

11 កាលពីដើម បង‌ប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់លាងសម្អាតបង‌ប្អូន ប្រោសប្រទានឲ្យបង‌ប្អូនបានវិសុទ្ធ ព្រមទាំងឲ្យបង‌ប្អូនបានសុចរិត* ក្នុងព្រះ‌នាមព្រះ‌អម្ចាស់យេស៊ូគ្រិស្ដ* តាមរយៈព្រះ‌វិញ្ញាណនៃព្រះ‌ជាម្ចាស់របស់យើងរួចស្រេចហើយ។

សិទ្ធិសេរី‌ភាពរបស់គ្រិស្ដ‌បរិស័ទ

12 ខ្ញុំមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ក៏ប៉ុន្តែ ការទាំងនោះមិនមែនសុទ្ធតែមានប្រយោជន៍ដល់ខ្ញុំទេ។ ខ្ញុំមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន តែខ្ញុំមិនបណ្ដោយឲ្យអ្វីមួយធ្វើជាចៅហ្វាយលើខ្ញុំបានឡើយ។

13 អ្នកខ្លះពោលថា «ចំណីអាហារសម្រាប់ចំអែតក្រពះ ហើយក្រពះសម្រាប់ទទួលចំណីអាហារ»។ ក៏ប៉ុន្តែ ព្រះ‌ជាម្ចាស់នឹងរំលាយ ទាំងចំណីអាហារ ទាំងក្រពះចោល។ រីឯរូបកាយវិញ ពុំមែនសម្រាប់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ទេ គឺសម្រាប់ថ្វាយទៅព្រះ‌អម្ចាស់ ហើយព្រះ‌អង្គក៏ជាម្ចាស់លើរូបកាយដែរ។

14 ព្រះ‌ជាម្ចាស់ដែលបានប្រោសព្រះ‌យេស៊ូ‌ជា‌អម្ចាស់ ឲ្យមានព្រះ‌ជន្មរស់ឡើងវិញ ព្រះ‌អង្គក៏នឹងប្រោសយើងឲ្យមានជីវិតរស់ឡើងវិញ ដោយ‌សារឫទ្ធា‌នុភាពរបស់ព្រះ‌អង្គដែរ។

15 បង‌ប្អូនមិនជ្រាបទេឬថា រូបកាយរបស់បង‌ប្អូនជាសរីរាង្គនៃព្រះ‌កាយព្រះ‌គ្រិស្ដ? ដូច្នេះ តើគប្បីឲ្យខ្ញុំយកសរីរាង្គព្រះ‌គ្រិស្ដ ទៅធ្វើជាសរីរាង្គរបស់ស្ត្រីពេស្យាឬ?

16 ទេ មិនបានជាដាច់ខាត! តើបង‌ប្អូនមិនជ្រាបទេឬថា អ្នកណារួមរ័កជាមួយស្ត្រីពេស្យា អ្នកនោះក៏រួមជារូបកាយតែមួយរបស់នាងដែរ ដ្បិតមានសេចក្ដីថ្លែងទុកក្នុងគម្ពីរថា«អ្នកទាំងពីរនឹងទៅជារូបកាយតែមួយ»។

17 រីឯអ្នកដែលរួមរស់ជាមួយព្រះ‌អម្ចាស់ ក៏មានវិញ្ញាណតែមួយរួមជាមួយព្រះ‌អង្គដែរ។

18 ចូរគេចឲ្យផុតពីអំពើប្រាសចាកសីលធម៌។ អំពើបាបឯទៀតៗដែលមនុស្សប្រព្រឹត្ត ជាអំពើបាបមិនធ្វើឲ្យរូបកាយសៅ‌ហ្មងទេ។ ប៉ុន្តែ អ្នកណាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ អ្នកនោះប្រព្រឹត្តអំពើបាប ដែលនាំឲ្យសៅ‌ហ្មងដល់រូបកាយរបស់ខ្លួន។

19 បង‌ប្អូនមិនជ្រាបទេឬថា រូបកាយរបស់បង‌ប្អូន ជាព្រះ‌វិហាររបស់ព្រះ‌វិញ្ញាណដ៏‌វិសុទ្ធដែលគង់នៅក្នុងបង‌ប្អូន ជាព្រះ‌វិញ្ញាណដែលបង‌ប្អូនបានទទួលពីព្រះ‌ជាម្ចាស់។ បង‌ប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ

20 ដ្បិតព្រះ‌អង្គបានបង់ថ្លៃយ៉ាងច្រើនលើស‌លប់ ដើម្បីលោះបង‌ប្អូន។ ហេតុនេះចូរប្រើរូបកាយរបស់បង‌ប្អូន ដើម្បីលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌ជាម្ចាស់ ។

—https://d1b84921e69nmq.cloudfront.net/364/32k/1CO/6-a110cbc793f4d0f2c2f1442523f5c433.mp3?version_id=85—