លោកុ‌ប្បត្តិ 14

លោកអាប់រ៉ាមច្បាំងឈ្នះស្ដេចជាច្រើន

1 នៅគ្រានោះ ព្រះ‌បាទអាំរ៉ា‌ផែលជាស្ដេចស្រុកស៊ី‌ណើរ ព្រះ‌បាទអើយ៉ុកជាស្ដេចស្រុកអេ‌ឡា‌សារ ព្រះ‌បាទកេដូ‌ឡោមើរជាស្ដេចស្រុកអេឡាំ និងព្រះ‌បាទធីដាលជាស្ដេចស្រុកកូយីម

2 បាននាំគ្នាលើកទ័ពទៅច្បាំងនឹងព្រះ‌បាទបេរ៉ាជាស្ដេចក្រុងសូដុម ព្រះ‌បាទប៊ីសារជាស្ដេចក្រុងកូម៉ូ‌រ៉ា ព្រះ‌បាទស៊ីណាបជាស្ដេចក្រុងអាដ‌ម៉ា ព្រះ‌បាទសេមេ‌ប៊ើរជាស្ដេចក្រុងសេ‌បោម និងស្ដេចក្រុងបេឡា គឺក្រុងសូអារ។

3 ស្ដេចទាំងនេះបានមកបោះទ័ពជាមួយគ្នា នៅជ្រលងភ្នំស៊ីឌីម គឺនៅសមុទ្រប្រៃ។

4 ស្ដេចទាំងនេះនៅជារណបរបស់ព្រះ‌បាទកេដូ‌ឡោមើរ អស់រយៈពេលដប់‌ពីរឆ្នាំ ហើយនៅឆ្នាំទីដប់បីក៏នាំគ្នាបះ‌បោរឡើង។

5 ប៉ុន្តែ នៅឆ្នាំទីដប់‌បួន ព្រះ‌បាទកេដូ‌ឡោមើរ និងស្ដេចទាំងប៉ុន្មាន ដែលនៅជាមួយព្រះ‌អង្គ បានលើកគ្នាមកវាយជន‌ជាតិរេផែម នៅក្រុងអាសថា‌រ៉ូត-‌កើ‌ណែម ជន‌ជាតិស៊ូស៊ីម នៅក្រុងហាំ ជន‌ជាតិអេមីម នៅក្រុងគារយ៉ា‌ថែម

6 និងជន‌ជាតិហូរី នៅតំបន់ភ្នំសៀរ រហូតដល់ជួរភ្នំអែល‌បារ៉ាន ដែលនៅជិតវាលរហោ‌ស្ថាន។

7 បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-‌មីសផាត គឺក្រុងកាដេស គេវាយជន‌ជាតិអាម៉ា‌ឡេកនៅក្នុងស្រុកនោះទាំងមូល ព្រមទាំងជន‌ជាតិអាម៉ូរី ដែលរស់នៅស្រុកហាសា‌សូន-‌តាម៉ារ។

8 ពេលនោះ ស្ដេចក្រុងសូដុម ស្ដេចក្រុងកូម៉ូ‌រ៉ា ស្ដេចក្រុងអាដ‌ម៉ា ស្ដេចក្រុងសេ‌បោម និងស្ដេចក្រុងបេឡា គឺក្រុងសូអារ នាំគ្នាលើកទ័ពទៅតទល់នឹងស្ដេចទាំងនោះ នៅជ្រលងភ្នំស៊ីឌីម

9 គឺតទល់នឹងព្រះ‌បាទកេដូ‌ឡោមើរជាស្ដេចស្រុកអេឡាំ ព្រះ‌បាទធីដាលជាស្ដេចស្រុកកូយីម ព្រះ‌បាទអាំរ៉ា‌ផែលជាស្ដេចស្រុកស៊ី‌ណើរ និងព្រះ‌បាទអើរ‌យ៉ុកជាស្ដេចស្រុកអេ‌ឡា‌សារ គឺស្ដេចបួនអង្គតទល់នឹងស្ដេចប្រាំអង្គ។

10 នៅជ្រលងភ្នំស៊ីឌីម មានអណ្ដូងប្រេងជាច្រើន។ ស្ដេចក្រុងសូដុម និងស្ដេចក្រុងកូម៉ូ‌រ៉ា បានបាក់ទ័ព រត់ទៅធ្លាក់ក្នុងអណ្ដូងនោះ ហើយស្ដេចឯទៀតៗនាំគ្នារត់ទៅតាមភ្នំ។

11 រីឯស្ដេចដែលច្បាំងឈ្នះ បាននាំគ្នារឹបអូសយកទ្រព្យសម្បត្តិរបស់ក្រុងសូដុម និងក្រុងកូម៉ូ‌រ៉ា ព្រមទាំងស្បៀងអាហារទាំងប៉ុន្មាន រួចចាកចេញទៅ។

12 គេក៏នាំលោកឡុតជាក្មួយលោកអាប់រ៉ាម ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ទៅជាមួយដែរ។ លោកឡុតរស់នៅក្នុងក្រុងសូដុម។

13 មានម្នាក់ដែលរត់រួច បាននាំដំណឹងមកជម្រាបលោកអាប់រ៉ាម ជាជន‌ជាតិហេប្រឺ។ លោកអាប់រ៉ាមតាំងទីលំ‌នៅនៅតំបន់ដើមជ្រៃរបស់លោកតាម៉ាមរ៉េ។ លោកម៉ាមរ៉េជាជន‌ជាតិអាម៉ូរី ហើយត្រូវជាបង‌ប្អូនរបស់លោកអែស‌កុល និងលោកអាន់‌នើរ ដែលជាសម្ពន្ធ‌មិត្តរបស់លោកអាប់រ៉ាម។

14 កាលលោកអាប់រ៉ាមទទួលដំណឹងថា គេបានចាប់ក្មួយរបស់លោកយកទៅជាឈ្លើយសឹក លោកក៏ចែកអាវុធឲ្យអស់អ្នកដែលនៅជាមួយលោក ចំនួនបីរយដប់ប្រាំបីនាក់ ជាញាតិ‌សន្ដាននៅក្នុងក្រុមគ្រួសាររបស់លោក ហើយដេញតាមស្ដេចទាំងនោះហូតទៅដល់ក្រុងដាន់។

15 លោកបានចែកកង‌ទ័ពរបស់លោកជាក្រុមៗ រួចវាយស្ដេចទាំងនោះនៅពេលយប់។ លោកវាយឈ្នះស្ដេចទាំងនោះ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។

16 លោកយកទ្រព្យសម្បត្តិទាំងអស់មកវិញ ហើយក៏នាំលោកឡុតជាបង‌ប្អូនរបស់លោក ដោយមានទាំងទ្រព្យសម្បត្តិ ប្រពន្ធ និងក្រុមញាតិទាំងអស់មកជាមួយដែរ។

លោកអាប់រ៉ាម និងស្ដេចម៉ិល‌គីស្សា‌ដែក

17 ក្រោយពេលដែលលោកអាប់រ៉ាមត្រឡប់មកពីធ្វើសឹកឈ្នះស្ដេចកេដូ‌ឡោមើរ និងស្ដេចទាំងប៉ុន្មានដែលនៅជាមួយ ស្ដេចក្រុងសូដុមក៏ចេញមកទទួលលោកនៅជ្រលងភ្នំសាវេ គឺជ្រលងភ្នំហ្លួង។

18 ព្រះ‌បាទម៉ិល‌គីស្សា‌ដែកជាមហា‌ក្សត្រនៅក្រុងសាឡឹម បានឲ្យគេយកនំប៉័ង និងស្រាទំពាំង‌បាយជូរមកជូនលោកអាប់រ៉ាម។ ស្ដេចជាបូជា‌ចារ្យរបស់ព្រះដ៏ខ្ពង់‌ខ្ពស់បំផុត។

19 ស្ដេចបានឲ្យពរលោកអាប់រ៉ាមថា៖

«សូមព្រះដ៏ខ្ពង់‌ខ្ពស់បំផុត

ដែលបានបង្កើតផ្ទៃមេឃ និងផែនដី

ប្រទានពរដល់លោកអាប់រ៉ាម

20 សូមលើកតម្កើងព្រះដ៏ខ្ពង់‌ខ្ពស់បំផុត

ដែលបានប្រគល់ខ្មាំងសត្រូវទាំង‌ឡាយ

មកក្នុងកណ្ដាប់ដៃរបស់លោក!»។

លោកអាប់រ៉ាមបានយកអ្វីៗទាំងអស់ដែលលោករឹបអូសបាន មកថ្វាយព្រះ‌បាទម៉ិល‌គីស្សា‌ដែកមួយភាគដប់។

21 ស្ដេចក្រុងសូដុមមានរាជ‌ឱង្ការទៅកាន់លោកអាប់រ៉ាមថា៖ «សូមលោកប្រគល់ប្រជា‌ជនមកយើង ហើយទុកទ្រព្យសម្បត្តិសម្រាប់លោកទៅ»។

22 លោកអាប់រ៉ាមទូលស្ដេចសូដុមវិញថា៖ «ទូលបង្គំសូមយកព្រះ‌អម្ចាស់ជាព្រះដ៏ខ្ពង់‌ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ធ្វើជាសាក្សីថា

23 ទូលបង្គំមិនយកអ្វីៗដែលជាសម្បត្តិរបស់ព្រះ‌ករុណាសោះឡើយ សូម្បីតែអំបោះមួយសរសៃ ឬខ្សែស្បែកជើងមួយ ក៏ទូលបង្គំមិនយកដែរ កុំឲ្យព្រះ‌ករុណាមានរាជឱង្ការថា “យើងបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមាន”។

24 ទូលបង្គំមិនចង់បានអ្វីឡើយ គឺសុំតែម្ហូបអាហារសម្រាប់ពួកយុវជន ដែលមកច្បាំងជាមួយទូលបង្គំ និងសុំយកអ្វីៗជាចំណែករបស់អស់អ្នក ដែលមកជាមួយទូលបង្គំប៉ុណ្ណោះ គឺរបស់លោកអាន់‌នើរ លោកអេស‌កុល និងលោកម៉ាមរ៉េ។ អ្នកទាំងនោះនឹងយកអ្វីៗដែលជាចំណែករបស់ខ្លួន ដោយខ្លួនឯងផ្ទាល់»។