លោកុ‌ប្បត្តិ 15

ព្រះ‌ជាម្ចាស់ចងសម្ពន្ធ‌មេត្រីជាមួយលោកអាប់រ៉ាម

1 ក្រោយហេតុ‌ការណ៍ទាំងនោះមក លោកអាប់រ៉ាមនិមិត្តឃើញព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ! យើងនឹងធ្វើជាខែលការពារអ្នក អ្នកនឹងទទួលរង្វាន់យ៉ាងធំ»។

2 លោកអាប់រ៉ាមទូលតបវិញថា៖ «បពិត្រព្រះ‌ជា‌អម្ចាស់ព្រះ‌អង្គប្រទានអ្វីមកទូលបង្គំក៏ឥតប្រយោជន៍ដែរ ព្រោះទូលបង្គំនឹងលាចាកលោកនេះទៅទាំងគ្មានកូន។ រីឯអ្នកដែលនឹងទទួលកេរ‌មត៌ករបស់ទូលបង្គំ គឺអេលា‌ស៊ើរជាអ្នកក្រុងដាម៉ាស់ឯណោះវិញ»។

3 លោកមានប្រសាសន៍ទៀតថា៖ «ព្រះ‌អង្គពុំបានប្រទានឲ្យទូលបង្គំមានកូនបន្តពូជសោះ គឺមានតែអ្នកបម្រើក្នុងក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះ ដែលនឹងទទួលកេរ‌មត៌កតពីទូលបង្គំ»។

4 ប៉ុន្តែព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកថា៖ «មិនមែនអ្នកបម្រើទេ គឺកូនដែលនឹងកើតចេញពីអ្នកវិញឯ‌ណោះ ជាអ្នកទទួលមត៌ក»។

5 ព្រះ‌អង្គនាំលោកចេញទៅក្រៅ ហើយមានព្រះ‌បន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ចំនួនផ្កាយមើល៍ តើអ្នកអាចរាប់អស់ទេ?»។ ព្រះ‌អង្គមានព្រះ‌បន្ទូលថែមទៀតថា៖ «ពូជ‌ពង្សរបស់អ្នកក៏នឹងមានចំនួនច្រើន ដូចផ្កាយទាំងនោះដែរ»។

6 លោកអាប់រ៉ាមជឿលើព្រះ‌អម្ចាស់ហើយដោយយល់ដល់ជំនឿនេះ ព្រះ‌អង្គប្រោសលោកឲ្យបានសុចរិត* ។

7 ព្រះ‌អង្គមានព្រះ‌បន្ទូលមកលោកទៀតថា៖ «យើងជាព្រះ‌អម្ចាស់ដែលបាននាំអ្នកចេញពីក្រុងអ៊ើរនៅស្រុកខាល់ដេមក ដើម្បីប្រគល់ស្រុកនេះឲ្យអ្នកទុកជាសម្បត្តិ»។

8 លោកអាប់រ៉ាមទូលព្រះ‌អង្គវិញថា៖ «បពិត្រព្រះ‌ជា‌អម្ចាស់តើធ្វើម្ដេចឲ្យដឹងថា ទូលបង្គំនឹងទទួលស្រុកនេះ?»

9 ព្រះ‌អង្គមានព្រះ‌បន្ទូលមកលោកថា៖ «ចូរយកគោញីជំទង់អាយុបីខួបមួយ ពពែញីអាយុបីខួបមួយ ពពែឈ្មោលអាយុបីខួបមួយ លលកមួយ និងព្រាបជំទើរមួយ មកឲ្យយើង»។

10 លោកក៏យកសត្វទាំងនោះមកពុះជាពីរ រួចដាក់ទន្ទឹមគ្នា តែលោកពុំបានពុះសត្វស្លាបជាពីរទេ។

11 ពេលនោះ មានត្មាតមកឆាបសាច់សត្វ តែលោកអាប់រ៉ាមបានដេញវា។

12 នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមលង់‌លក់ ហើយព្រឺខ្លាចជាខ្លាំង ព្រោះមានភាពងងឹតមកគ្របដណ្ដប់លើលោក។

13 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «តោងដឹងថា ពូជ‌ពង្សរបស់អ្នកនឹងទៅស្នាក់នៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុករបស់ខ្លួន គេនឹងធ្លាក់ខ្លួនទៅជាទាសករនៅក្នុងស្រុកនោះ ហើយអ្នកស្រុកនោះនឹងជិះ‌ជាន់គេ អស់រយៈពេលបួនរយឆ្នាំ ។

14 ប៉ុន្តែ យើងនឹងដាក់ទោសប្រជា‌ជាតិ ដែលយកពូជ‌ពង្សអ្នកធ្វើជាទាសករ។ បន្ទាប់មក គេនឹងចាកចេញទៅ ដោយនាំយកទ្រព្យសម្បត្តិជាច្រើនទៅជាមួយផង។

15 រីឯអ្នកវិញ អ្នកនឹងទៅជួប‌ជុំជាមួយបុព្វបុរសរបស់អ្នកដោយសុខ‌សាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកបានរស់យ៉ាងសុខក្សេម‌ក្សាន្ត អាយុយឺន‌យូរ។

16 នៅតំណទីបួន ទើបពូជ‌ពង្សរបស់អ្នកវិលត្រឡប់មកទីនេះវិញ ដ្បិតជន‌ជាតិអាម៉ូរីប្រព្រឹត្តបទល្មើសមិនទាន់ដល់កម្រិតនៅឡើយ»។

17 លុះថ្ងៃលិចផុតទៅ មេឃក៏ងងឹត។ ពេលនោះ ស្រាប់តែភ្លើងឆេះឡើង ព្រមទាំងមានអណ្ដាតភ្លើងឆេះឆាបតាមចន្លោះដុំសាច់សត្វ ដែលពុះជាពីរនោះផងដែរ។

18 នៅថ្ងៃនោះព្រះ‌អម្ចាស់បានចងសម្ពន្ធ‌មេត្រីជាមួយលោកអាប់រ៉ាម ដោយមានព្រះ‌បន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជ‌ពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំ ពោលគឺទន្លេអឺប្រាត

19 ពួក‌កែន ស្រុកកេនិ‌ស៊ីត ស្រុកកាត់‌ម៉ូនី

20 ស្រុកហេត ស្រុកពេរិ‌ស៊ីត ស្រុករេផែម

21 ស្រុកអាម៉ូរី ស្រុកកាណាន ស្រុកគើកា‌ស៊ី និងស្រុកយេប៊ូស»។