លោកុ‌ប្បត្តិ 16

កំណើតអ៊ីស្មា‌អែល

1 លោកស្រីសារ៉ាយ ជាភរិយារបស់លោកអាប់រ៉ាម ពុំបានបង្កើតកូនជូនលោកទេ។ គាត់មានស្រីបម្រើជាតិអេស៊ីបម្នាក់ ឈ្មោះនាងហាការ។

2 លោកស្រីសារ៉ាយជម្រាបលោកអាប់រ៉ាមថា៖ «ដោយព្រះ‌អម្ចាស់មិនប្រទានឲ្យខ្ញុំមានកូន ដូច្នេះ សូមលោកទៅយកស្រីបម្រើខ្ញុំទៅ ប្រហែលជាខ្ញុំនឹងបានកូនប្រុសមួយតាមរយៈនាង »។ លោកអាប់រ៉ាមក៏ស្ដាប់តាមពាក្យសម្ដីរបស់លោកស្រីសារ៉ាយ។

3 ពេលលោកស្រីសារ៉ាយជាភរិយាយកនាងហាការជន‌ជាតិអេស៊ីប ដែលជាស្រីបម្រើរបស់ខ្លួន មកប្រគល់ឲ្យលោកអាប់រ៉ាមជាស្វាមីធ្វើជាប្រពន្ធ លោកអាប់រ៉ាមរស់នៅក្នុងស្រុកកាណានបានដប់ឆ្នាំហើយ។

4 លោកបានយកនាងហាការ ហើយនាងក៏មានផ្ទៃពោះ។ ពេលនាងដឹងថាខ្លួនមានផ្ទៃពោះដូច្នេះ នាងក៏មានចិត្តមាក់‌ងាយម្ចាស់ស្រីរបស់ខ្លួន។

5 លោកស្រីសារ៉ាយពោលទៅកាន់លោកអាប់រ៉ាមថា៖ «ព្រោះតែលោកហ្នឹងហើយបានជាខ្ញុំត្រូវអាម៉ាស់! ខ្ញុំបានយកស្រីបម្រើរបស់ខ្ញុំ មកដាក់លើដើមទ្រូងរបស់លោក។ តាំងពីវាដឹងថាខ្លួនមានផ្ទៃពោះ វាបែរជាមើល‌ងាយខ្ញុំទៅវិញ។ សូមព្រះ‌អម្ចាស់ធ្វើជាចៅ‌ក្រមរវាងលោក និងខ្ញុំចុះ!»។

6 លោកអាប់រ៉ាមតបទៅលោកស្រីសារ៉ាយវិញថា៖ «អូនមានអំណាចលើស្រីបម្រើរបស់អូនស្រាប់ ដូច្នេះ បើអូនចង់ធ្វើអ្វីនាង ចូរធ្វើតាមតែអូនយល់ឃើញទៅចុះ»។

លោកស្រីសារ៉ាយក៏ធ្វើបាបនាងហាការ រហូតដល់នាងរត់ចេញឆ្ងាយពីគាត់បាត់ទៅ។

7 ទេវតា*របស់ព្រះ‌អម្ចាស់បានជួបនាង នៅក្បែរប្រភពទឹកមួយក្នុងវាលរហោ‌ស្ថាន តាមផ្លូវទៅស្រុកស៊ើរ។

8 ទេវតានោះពោលថា៖ «នាងហាការជាស្រីបម្រើរបស់នាងសារ៉ាយអើយ! តើនាងទៅណាមកណាហ្នឹង?»។ នាងតបថា៖ «នាងខ្ញុំបានរត់ចេញពីលោកស្រីសារ៉ាយ ជាម្ចាស់របស់នាងខ្ញុំ»។

9 ទេវតារបស់ព្រះ‌អម្ចាស់ពោលទៅនាងថា៖ «ចូរវិលត្រឡប់ទៅផ្ទះម្ចាស់របស់នាងវិញ ហើយស្ដាប់បង្គាប់គាត់ទៅ»។

10 ទេវតារបស់ព្រះ‌អម្ចាស់ពោលទៅកាន់នាងទៀតថា៖ «យើងនឹងធ្វើឲ្យពូជ‌ពង្សរបស់នាងកើនចំនួនច្រើនឡើងជាអនេក គ្មាននរណាអាចរាប់បានឡើយ ព្រោះពូជ‌ពង្សរបស់នាងនឹងមានច្រើនឥតគណនា»។

11 ទេវតារបស់ព្រះ‌អម្ចាស់ពោលទៅនាងថា៖ «ឥឡូវនេះ នាងមានផ្ទៃពោះហើយ។

នាងនឹងសម្រាលបានកូនប្រុសមួយ

នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីស្មា‌អែល

ដ្បិតព្រះ‌អម្ចាស់បានឮសម្រែករបស់នាង

នៅពេលដែលនាងរងទុក្ខវេទនា។

12 កូននេះប្រៀបបានទៅនឹងលាព្រៃ

វានឹងវាយមនុស្សទាំងអស់

ហើយមនុស្សទាំងអស់ក៏នឹងវាយវាវិញដែរ។

វានឹងរស់នៅដាច់ដោយឡែកពី

បង‌ប្អូនរបស់វា»។

13 នាងហាការបានថ្វាយព្រះ‌នាមព្រះ‌អម្ចាស់ដែលមានព្រះ‌បន្ទូលមកនាងថា “ព្រះ‌អង្គជាអែល‌រ៉ូអ៊ី” ដ្បិតនាងពោលថា «ព្រះ‌ជាម្ចាស់ទតឃើញខ្ញុំនៅទីនេះ មុនខ្ញុំបានឃើញព្រះ‌អង្គ»។

14 ហេតុនេះហើយបានជាគេដាក់ឈ្មោះអណ្ដូងទឹកនោះថា “អណ្ដូងឡាហាយ-‌រយ”។ អណ្ដូងនោះស្ថិតនៅចន្លោះភូមិកាដេស និងភូមិបារ៉ែដ។

15 នាងហាការសម្រាលបានកូនប្រុសមួយជូនលោកអាប់រ៉ាម ហើយលោកអាប់រ៉ាមដាក់ឈ្មោះកូនដែលនាងហាការបានបង្កើតជូនលោកនោះថា “អ៊ីស្មា‌អែល”។

16 នៅពេលដែលនាងហាការបង្កើតអ៊ីស្មា‌អែលជូនលោកនោះ លោកអាប់រ៉ាមមានអាយុប៉ែត‌សិបប្រាំមួយឆ្នាំហើយ។