1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងធ្វើឲ្យអ្នកបានដូចជាព្រះ នៅចំពោះមុខស្ដេចផារ៉ោន រីឯអើរ៉ុន ជាបងរបស់អ្នក នឹងប្រៀបដូចជាព្យាការីរបស់អ្នក។
2 អ្នកនឹងប្រាប់អើរ៉ុននូវសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នក ហើយគាត់នាំយកសេចក្ដីទាំងនោះទៅប្រាប់ស្ដេចផារ៉ោន ដើម្បីស្ដេចអនុញ្ញាតឲ្យកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
3 រីឯយើងវិញ យើងនឹងធ្វើឲ្យស្ដេចផារ៉ោនមានចិត្តរឹងរូស យើងនឹងបង្ហាញឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ដ៏អស្ចារ្យជាច្រើននៅស្រុកអេស៊ីប។
4 ស្ដេចផារ៉ោននឹងមិនស្ដាប់អ្នកទាំងពីរទេ។ យើងនឹងវាយប្រហារស្រុកអេស៊ីប យើងនឹងដាក់ទោសគេយ៉ាងធ្ងន់ៗ ហើយនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ពមួយ។
5 ពេលណាយើងវាយប្រហារស្រុកអេស៊ីប ហើយនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកនោះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។
6 លោកម៉ូសេ និងលោកអើរ៉ុនធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់សព្វគ្រប់ទាំងអស់។
7 នៅពេលលោកទាំងពីរទៅគាល់ព្រះចៅផារ៉ោននោះ លោកម៉ូសេមានអាយុប៉ែតសិបឆ្នាំ លោកអើរ៉ុនមានអាយុប៉ែតសិបបីឆ្នាំ។
ព្រះចៅផារ៉ោនមិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន
8 ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេ និងលោកអើរ៉ុនថា៖
9 «ប្រសិនបើស្ដេចផារ៉ោនទាមទារឲ្យអ្នកសម្តែងបាដិហារិយ៍នោះ ត្រូវប្រាប់អើរ៉ុនថា “ចូរយកដំបងរបស់បង បោះទៅខាងមុខស្ដេចផារ៉ោន” ដំបងនោះនឹងក្លាយទៅជាពស់»។
10 លោកម៉ូសេ និងលោកអើរ៉ុនក៏ទៅគាល់ព្រះចៅផារ៉ោន ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់មកពួកលោក។ លោកអើរ៉ុនបោះដំបងនៅមុខព្រះចៅផារ៉ោន និងពួកមន្ត្រី ហើយដំបងក៏ក្លាយទៅជាពស់។
11 ប៉ុន្តែ ព្រះចៅផារ៉ោនហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់របស់ស្រុកអេស៊ីបមក ហើយពួកគេក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។
12 ពួកគេម្នាក់ៗបោះដំបងរបស់ខ្លួន ហើយដំបងទាំងនោះក្លាយជាពស់ ប៉ុន្តែ ដំបងរបស់លោកអើរ៉ុនបានលេបដំបងរបស់ពួកគេអស់។
13 ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យរឹងចចេស ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់ គឺស្ដេចមិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុនទេ។
គ្រោះកាចទីមួយ: ទឹកក្លាយជាឈាម
14 បន្ទាប់មកព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ស្ដេចផារ៉ោនមានះណាស់ ហើយមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។
15 ដូច្នេះ ព្រឹកឡើង ចូរអ្នកទៅជួបស្ដេចផារ៉ោន នៅពេលស្ដេចចុះទៅមាត់ទន្លេនីល។ ចូរកាន់ដំបងដែលបានក្លាយជាពស់នោះទៅជាមួយផង។
16 ចូរប្រាប់ស្ដេចផារ៉ោនថា:ព្រះអម្ចាស់ជាព្រះនៃជនជាតិហេប្រឺ ចាត់ទូលបង្គំឲ្យមកទូលព្រះករុណាថា “ចូរបើកឲ្យប្រជារាស្ដ្ររបស់យើងចេញទៅគោរពបម្រើយើង នៅវាលរហោស្ថាន!” ប៉ុន្តែ រហូតមកដល់ពេលនេះ ព្រះករុណាមិនព្រមស្ដាប់ទេ។
17 ហេតុនេះព្រះអម្ចាស់មានព្រះបន្ទូលថា “ម្ដងនេះ អ្នកនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន”។ “ទូលបង្គំនឹងយកដំបងដែលទូលបង្គំកាន់វាយទឹកទន្លេនីល ហើយទឹកនេះនឹងក្លាយទៅជាឈាម។
18 ត្រីទាំងអស់នៅក្នុងទន្លេនីលនឹងត្រូវវិនាស ទឹកទន្លេនឹងធុំក្លិនស្អុយ ជនជាតិអេស៊ីបមិនអាចផឹកទឹកនេះបានទៀតឡើយ”»។
19 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅនេះ៖ «ចូរប្រាប់អើរ៉ុនថា: សូមបងយកដំបងរបស់បង ហើយលើកដៃវាយទឹករបស់ស្រុកអេស៊ីប គឺទន្លេ ព្រែក បឹង ត្រពាំង ដើម្បីឲ្យទឹកទាំងនោះក្លាយទៅជាឈាម។ ឈាមនឹងមានពាសពេញក្នុងស្រុកអេស៊ីប សូម្បីតែនៅក្នុងធុង និងក្នុងពាងក៏មានឈាមដែរ»។
20 លោកម៉ូសេ និងលោកអើរ៉ុន ធ្វើតាមបញ្ជារបស់ព្រះអម្ចាស់គឺលោកអើរ៉ុនលើកដំបងវាយទឹកទន្លេនីល នៅចំពោះព្រះភ័ក្ត្ររបស់ព្រះចៅផារ៉ោន និងនៅចំពោះមុខនាម៉ឺនសព្វមុខមន្ត្រី ហើយទឹកទន្លេនីលទាំងប៉ុន្មានក៏ក្លាយទៅជាឈាម។
21 ត្រីទាំងប៉ុន្មាននៅក្នុងទន្លេនីលត្រូវវិនាសអស់ ទឹកទន្លេធុំក្លិនស្អុយ ហើយជនជាតិអេស៊ីបមិនអាចផឹកទឹកបានឡើយ ក្នុងស្រុកទាំងមូលមានសុទ្ធតែឈាម។
22 ប៉ុន្តែ គ្រូធ្មប់ជាតិអេស៊ីបក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។ ហេតុនេះ ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យរឹងចចេស មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។
23 ព្រះចៅផារ៉ោនត្រឡប់ចូលទៅក្នុងវាំងវិញ ដោយមិនយកព្រះហឫទ័យទុកដាក់នឹងការទាំងនោះឡើយ។
24 ប្រជាជនអេស៊ីបទាំងអស់នាំគ្នាជីកអណ្ដូងនៅតាមមាត់ទន្លេនីល ដើម្បីយកទឹកស្អាត ព្រោះគេមិនអាចផឹកទឹកទន្លេនីលបានទេ។