និក្ខមនំ 9

គ្រោះកាចទីប្រាំ: ជំងឺអាសន្ន‌រោគ

1 បន្ទាប់មកព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ហើយប្រាប់ដូចតទៅ:ព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិហេប្រឺមានព្រះ‌បន្ទូលថា “ចូរបើកឲ្យប្រជា‌រាស្ដ្ររបស់យើង ចេញទៅគោរពបម្រើយើង”។

2 ប្រសិនបើព្រះ‌ករុណាបដិសេធបើកឲ្យពួកគេទៅ ប្រសិនបើព្រះ‌ករុណានៅតែឃាត់ពួកគេ

3 នោះព្រះ‌អម្ចាស់នឹងប្រើបារមីរបស់ព្រះ‌អង្គ ប្រហារហ្វូងសត្វរបស់ព្រះ‌ករុណា នៅតាមស្រុកស្រែ គឺហ្វូងសេះ ហ្វូងលា ហ្វូងអូដ្ឋ ហ្វូងគោ និងហ្វូងចៀម ឲ្យកើតជំងឺអាសន្ន‌រោគយ៉ាងធ្ងន់‌ធ្ងរ។

4 ប៉ុន្តែព្រះ‌អម្ចាស់មិនប្រហារហ្វូងសត្វរបស់ជន‌ជាតិអ៊ីស្រា‌អែល ឲ្យវិនាស ដូចហ្វូងសត្វរបស់ជន‌ជាតិអេស៊ីបទេ»។

5 ព្រះ‌អម្ចាស់កំណត់ពេលវេលា ដោយមានព្រះ‌បន្ទូលថា ស្អែកព្រះ‌អង្គនឹងធ្វើការនេះនៅស្រុកអេស៊ីប។

6 នៅថ្ងៃបន្ទាប់ព្រះ‌អម្ចាស់បានប្រហារហ្វូងសត្វទាំងប៉ុន្មាននៅស្រុកអេស៊ីបឲ្យវិនាស ប៉ុន្តែ គ្មានសត្វណាមួយរបស់ជន‌ជាតិអ៊ីស្រា‌អែលត្រូវវិនាសឡើយ។

7 ព្រះចៅផារ៉ោនបានចាត់គេឲ្យទៅស៊ើប‌សួរ ហើយស្ដេចជ្រាបថាគ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់ជន‌ជាតិអ៊ីស្រា‌អែល ត្រូវវិនាសឡើយ។ ទោះជាយ៉ាងនេះក្ដី ព្រះចៅផារ៉ោននៅតែមានព្រះ‌ហឫទ័យមានះ មិនព្រមអនុ‌ញ្ញាតឲ្យជន‌ជាតិអ៊ីស្រា‌អែលចេញទៅទេ។

គ្រោះកាចទីប្រាំមួយ: ជំងឺបូស

8 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ចូរយកដៃក្ដាប់ផេះពីចង្ក្រាន ហើយឲ្យម៉ូសេបាចឡើងទៅលើ នៅចំពោះមុខស្ដេចផារ៉ោន

9 ផេះនោះនឹងធ្លាក់មកជាធូលីនៅពាស‌ពេញស្រុកអេស៊ីប។ ពេលនោះ ទាំងមនុស្ស ទាំងសត្វ នៅស្រុកអេស៊ីបនឹងកើតបូស ក្លាយជាដំបៅងាទៀតផង»។

10 លោកម៉ូសេ និងលោកអើរ៉ុនក៏យកផេះពីចង្ក្រាន ហើយនាំគ្នាទៅគាល់ព្រះចៅផារ៉ោន។ លោកម៉ូសេបាចផេះទៅលើ បណ្ដាលឲ្យមនុស្ស និងសត្វកើតបូស មានដំបៅងាពេញខ្លួន។

11 ពួកគ្រូធ្មប់ពុំអាចមកជួបលោកម៉ូសេបានទេ ព្រោះពួកគេកើតបូសពេញខ្លួន ដូចជន‌ជាតិអេស៊ីបទាំងអស់ដែរ។

12 ប៉ុន្តែព្រះ‌អម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោនមានព្រះ‌ហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះ‌អម្ចាស់មានព្រះ‌បន្ទូលទុកស្រាប់។

គ្រោះកាចទីប្រាំ‌ពីរ: ព្រឹល

13 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «ព្រឹកស្អែក ចូរក្រោកពីព្រលឹមទៅជួបស្ដេចផារ៉ោន ប្រាប់ថា:ព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិហេប្រឺ មានព្រះ‌បន្ទូលដូចតទៅ “ចូរបើកឲ្យប្រជា‌រាស្ត្ររបស់យើង ចេញទៅគោរពបម្រើយើង។

14 លើកនេះ យើងប្រើគ្រោះកាចគ្រប់បែបយ៉ាងប្រហារអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជា‌រាស្ត្ររបស់អ្នក ដើម្បីឲ្យអ្នកទទួលស្គាល់ថា គ្មាននរណាម្នាក់នៅលើផែនដីអាចប្រៀបផ្ទឹមនឹងយើងឡើយ។

15 ប្រសិនបើយើងមិនអាណិតអ្នកទេ ម៉្លេះសមយើងប្រើជំងឺអាសន្ន‌រោគប្រហារអ្នក និងប្រជា‌រាស្ត្ររបស់អ្នក ឲ្យវិនាសសូន្យពីផែនដីបាត់ទៅហើយ។

16 យើងទុកជីវិតអ្នក ដើម្បីឲ្យអ្នកឃើញឫទ្ធិបារមីរបស់យើង ហើយឲ្យកេរ្តិ៍ឈ្មោះរបស់យើងល្បីសុស‌សាយពាស‌ពេញផែនដី។

17 អ្នកបានជំទាស់នឹងប្រជា‌រាស្ត្ររបស់យើង ដោយមិនបើកឲ្យគេចេញទៅទេ។

18 ដូច្នេះ ថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងធ្វើឲ្យមានព្រឹលធ្លាក់មកយ៉ាងខ្លាំង គឺតាំងពីស្រុកអេស៊ីបកកើតរហូតមកទល់សព្វថ្ងៃ គេមិនដែលជួបប្រទះបែបនេះទេ។

19 ឥឡូវនេះ ចូរប្រាប់គេឲ្យប្រមូលហ្វូងសត្វ និងអ្វីៗទាំងប៉ុន្មានដែលអ្នកមាននៅតាមវាល យកទៅទុក។ ប្រសិនបើមនុស្ស ឬសត្វដែលនៅតាមវាលគ្មានជម្រកទេ ពេលព្រឹលធ្លាក់ ពួកគេមុខជាវិនាសមិនខាន”»។

20 នាម៉ឺនមន្ត្រីមួយចំនួន ដែលកោតខ្លាចព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ក៏នាំអ្នកបម្រើ និងហ្វូងសត្វរបស់ខ្លួនចូលក្នុងជម្រក។

21 រីឯអស់អ្នកដែលមិនយកចិត្តទុកដាក់ចំពោះព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ទេ ក៏ទុកអ្នកបម្រើ និងហ្វូងសត្វរបស់ខ្លួននៅតាមវាល។

22 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានព្រឹលធ្លាក់លើមនុស្ស លើសត្វ និងលើតិណជាតិទាំងអស់ក្នុងស្រុកអេស៊ីបទាំងមូល»។

23 លោកម៉ូសេលើកដំបងតម្រង់ទៅលើមេឃព្រះ‌អម្ចាស់ធ្វើឲ្យមានផ្គរ‌លាន់ និងព្រឹល ហើយមានរន្ទះបាញ់មកលើផែនដី។ព្រះ‌អម្ចាស់ក៏បង្អុរព្រឹលឲ្យធ្លាក់មកលើស្រុកអេស៊ីប។

24 ពេលនោះ មានព្រឹលធ្លាក់មកយ៉ាងខ្លាំង លាយឡំនឹងរន្ទះយ៉ាងសាហាវ ក្នុងស្រុកអេស៊ីបទាំងមូល គឺតាំងពីប្រជា‌ជាតិអេស៊ីបកកើតមក មិនដែលមានដូច្នេះទេ។

25 នៅពាស‌ពេញស្រុកអេស៊ីបទាំងមូល មានព្រឹលធ្លាក់មកលើមនុស្ស និងសត្វនៅតាមវាល បំផ្លាញតិណជាតិ និងបំបាក់ដើមឈើទៀតផង។

26 មានតែស្រុកកូសែនជាកន្លែងដែលជន‌ជាតិអ៊ីស្រា‌អែលរស់នៅប៉ុណ្ណោះ ទើបគ្មានធ្លាក់ព្រឹល។

27 ព្រះចៅផារ៉ោនក៏កោះហៅលោកម៉ូសេ និងលោកអើរ៉ុន ហើយមានរាជ‌ឱង្ការថា៖ «លើកនេះ យើងបានប្រព្រឹត្តអំពើបាបមែន មានតែព្រះ‌អម្ចាស់ទេដែលសុចរិត រីឯយើង និងប្រជា‌រាស្ដ្ររបស់យើងជាមនុស្សអាក្រក់។

28 ចូរអង្វរព្រះ‌អម្ចាស់សូមកុំឲ្យមានផ្គរ និងព្រឹលតទៅទៀត។ យើងអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅហើយ គ្មាននរណាឃាត់ឃាំងអ្នករាល់គ្នាទៀតទេ»។

29 លោកម៉ូសេតបវិញថា៖ «ពេលទូលបង្គំចាកចេញពីទីក្រុង ទូលបង្គំនឹងលើកដៃប្រណម្យ ទូល‌អង្វរព្រះ‌អម្ចាស់នោះផ្គរ‌លាន់ និងព្រឹលមុខជាស្ងប់បាត់អស់ ហើយព្រះ‌ករុណានឹងទទួលស្គាល់ថា ផែនដីជារបស់ព្រះ‌អម្ចាស់។

30 ប៉ុន្តែ ទូលបង្គំដឹងថាព្រះ‌ករុណា ព្រមទាំងនាម៉ឺនមន្ត្រី មិនទាន់កោតខ្លាចព្រះ‌អម្ចាស់នៅឡើយ»។

31 ពេលនោះ ដើមធ្មៃកំពុងចេញផ្កា និងស្រូវស្រាលកំពុងដាក់គ្រាប់

32 រីឯស្រូវសាលី និងស្រូវធ្ងន់មិនត្រូវខូចខាតឡើយ ព្រោះមិនទាន់ចេញកួរ។

33 បន្ទាប់មក លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន រួចចេញទៅក្រៅទីក្រុង។ លោកលើកដៃប្រណម្យ ទូល‌អង្វរព្រះ‌អម្ចាស់ផ្គរលែងលាន់ឮ ព្រឹលឈប់ធ្លាក់ ហើយភ្លៀងក៏លែងបង្អុរមកលើផែនដីទៀត។

34 ពេលព្រះចៅផារ៉ោនឃើញភ្លៀង និងព្រឹលឈប់ធ្លាក់ ហើយផ្គរស្ងប់ស្ងាត់ទៅវិញដូច្នេះ ស្ដេចក៏ប្រព្រឹត្តអំពើបាបជាថ្មីទៀត គឺទាំងស្ដេច ទាំងនាម៉ឺនមន្ត្រីនៅតែមានះដដែល។

35 ព្រះចៅផារ៉ោនមានព្រះ‌ហឫទ័យមានះ មិនអនុ‌ញ្ញាតឲ្យជន‌ជាតិអ៊ីស្រា‌អែលចេញទៅ ដូចព្រះ‌អម្ចាស់មានព្រះ‌បន្ទូលតាមរយៈលោកម៉ូសេ។