និក្ខមនំ 13

ក្រឹត្យ‌វិន័យផ្សេងទៀតដែលទាក់ទងនឹងបុណ្យចម្លង

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖

2 «ត្រូវញែកកូនច្បងទាំងអស់ ទោះបីមនុស្ស ឬសត្វក្ដី ទុកជាសក្ការៈសម្រាប់យើង។ កូនដំបូងទាំងអស់នៃជន‌ជាតិអ៊ីស្រា‌អែលជាកម្មសិទ្ធិរបស់យើង»។

3 លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជា‌ជនថា៖ «ចូរអ្នករាល់គ្នានឹកចាំពីថ្ងៃនេះ គឺថ្ងៃដែលអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នាជាប់ជាទាសករ។ព្រះ‌អម្ចាស់បានប្រើឫទ្ធិ‌បារមីដ៏ខ្លាំងពូកែរបស់ព្រះ‌អង្គ នាំអ្នករាល់គ្នាចេញពីស្រុកនោះមក។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបរិភោគនំប៉័ងមានមេទេ។

4 ថ្ងៃនេះ នៅក្នុងខែចេត្រ អ្នករាល់គ្នាចេញដំណើរ។

5 ពេលព្រះ‌អម្ចាស់នាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់ជន‌ជាតិកាណាន ជន‌ជាតិហេត ជន‌ជាតិអាម៉ូរី ជន‌ជាតិហេវី និងជន‌ជាតិយេប៊ូស ជាទឹកដីដ៏សម្បូណ៌សប្បាយ ដែលព្រះ‌អង្គសន្យាជាមួយពួកបុព្វបុរសថា នឹងប្រទានឲ្យអ្នករាល់គ្នា នោះត្រូវនាំគ្នាគោរពបម្រើព្រះ‌អម្ចាស់ដោយធ្វើពិធីបុណ្យចម្លងក្នុងខែនេះ។

6 ក្នុងអំឡុងពេលប្រាំ‌ពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ ហើយនៅថ្ងៃទីប្រាំ‌ពីរ ចូរធ្វើពិធីបុណ្យមួយថ្វាយព្រះ‌អម្ចាស់។

7 ក្នុងអំឡុងពេលប្រាំ‌ពីរថ្ងៃនោះ ត្រូវបរិភោគតែនំប៉័ងឥតមេ មិនត្រូវឲ្យមាននំប៉័ងមានមេស្ថិតនៅក្នុងផ្ទះរបស់អ្នក ហើយក៏មិនត្រូវមានមេនំប៉័ងនៅលើទឹកដីរបស់អ្នកដែរ។

8 នៅថ្ងៃបុណ្យនោះ អ្នករាល់គ្នាត្រូវរៀបរាប់ប្រាប់កូនចៅរបស់អ្នករាល់គ្នាថា: “ពួកយើងធ្វើបុណ្យនេះ ដ្បិតព្រះ‌អម្ចាស់បានជួយពួកយើងឲ្យចាកចេញពីស្រុកអេស៊ីប”។

9 ពិធីបុណ្យនេះជាសេចក្ដីរំឭកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដើម្បីឲ្យអ្នករាល់គ្នាចងចាំ ហើយប្រកាសក្រឹត្យ‌វិន័យរបស់ព្រះ‌អម្ចាស់ដ្បិតព្រះ‌អង្គបានប្រើឫទ្ធិ‌បារមីដ៏ខ្លាំងពូកែ នាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។

10 ដូច្នេះ រៀងរាល់ឆ្នាំ ពេលដល់ថ្ងៃកំណត់ អ្នករាល់គ្នាត្រូវធ្វើតាមច្បាប់នេះ។

11 ពេលព្រះ‌អម្ចាស់នាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់ជន‌ជាតិកាណាន ជាទឹកដីដែលព្រះ‌អង្គប្រគល់ឲ្យអ្នករាល់គ្នា ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អង្គបានសន្យាជាមួយអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នានោះ

12 អ្នករាល់គ្នាត្រូវថ្វាយកូនប្រុសច្បង និងកូនឈ្មោលដំបូងរបស់ហ្វូងសត្វទៅព្រះ‌អម្ចាស់ដ្បិតកូនច្បងទាំងអស់ជាកម្មសិទ្ធិរបស់ព្រះ‌អម្ចាស់។

13 ចំណែកឯកូនដំបូងរបស់សត្វលា នោះអ្នករាល់គ្នាត្រូវយកកូនចៀមមកថ្វាយជំនួសវិញ។ ប្រសិនបើអ្នករាល់គ្នាមិនលោះវាទេ ត្រូវវាយបំបាក់កកូនលានោះ។ អ្នករាល់គ្នាក៏ត្រូវលោះកូនប្រុសច្បងរបស់អ្នករាល់គ្នាដែរ។

14 នៅពេលអនាគត ប្រសិនបើកូនចៅរបស់អ្នករាល់គ្នាសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ? ត្រូវឆ្លើយថា:ព្រះ‌អម្ចាស់បានប្រើឫទ្ធិ‌បារមីដ៏ខ្លាំងពូកែនាំពួកយើងចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកយើងជាប់ជាទាសករ។

15 ពេលនោះ ស្ដេចផារ៉ោនមិនព្រមអនុញ្ញាតឲ្យពួកយើងចេញមកទេ។ ដូច្នេះព្រះ‌អម្ចាស់បានប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប គឺទាំងកូនច្បងរបស់មនុស្ស ទាំងកូនដំបូងរបស់សត្វ។ ហេតុនេះហើយបានជាពួកយើងយកកូនឈ្មោលដំបូងទាំងអស់របស់សត្វបូជាថ្វាយព្រះ‌អម្ចាស់តែពួកយើងលោះកូនប្រុសច្បងរបស់ពួកយើងវិញ។

16 យញ្ញ‌បូជានេះជាសេចក្ដីរំឭកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដ្បិតព្រះ‌អម្ចាស់បានប្រើឫទ្ធិ‌បារមីដ៏ខ្លាំងពូកែ នាំពួកយើងចេញពីស្រុកអេស៊ីប»។

ព្រះ‌ជាម្ចាស់ដឹកនាំប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ

17 ពេលព្រះចៅផារ៉ោនបើកឲ្យប្រជា‌ជនអ៊ីស្រា‌អែលចាកចេញទៅនោះ ព្រះ‌ជាម្ចាស់ពុំបាននាំពួកគេតាមផ្លូវទៅស្រុកភីលីស្ទីនទេ ទោះបីផ្លូវនោះជាផ្លូវជិតក៏ដោយ ដ្បិតព្រះ‌អង្គនឹកគិតថា ប្រសិនបើប្រជា‌ជនជួបប្រទះនឹងសង្គ្រាម ពួកគេអាចដូរគំនិត ហើយចង់ត្រឡប់ទៅស្រុកអេស៊ីបវិញ។

18 ហេតុនេះ ព្រះ‌អង្គនាំពួកគេទៅតាមផ្លូវវាង ឆ្លងកាត់វាលរហោ‌ស្ថានឆ្ពោះទៅសមុទ្រកក់។ ជន‌ជាតិអ៊ីស្រា‌អែលចាកចេញពីស្រុកអេស៊ីប ទាំងនាំរបស់របរគ្រប់យ៉ាងទៅជាមួយផង។

19 លោកម៉ូសេបានយកធាតុរបស់លោកយ៉ូសែបទៅជាមួយលោកដែរ ដ្បិតលោកយ៉ូសែបបានប្រាប់កូនចៅអ៊ីស្រា‌អែលថា «ព្រះ‌ជាម្ចាស់ប្រាកដជាមកជួយអ្នករាល់គ្នាមិនខាន ដូច្នេះ សុំស្បថនឹងខ្ញុំថា ពេលណាអ្នករាល់គ្នាចាកចេញពីទីនេះទៅ សុំយកធាតុរបស់ខ្ញុំចេញទៅជាមួយផង»។

20 ជន‌ជាតិអ៊ីស្រា‌អែលចេញដំណើរពីក្រុងសិកូត ទៅបោះជំរំត្រង់អេថាម ដែលស្ថិតនៅជាយវាលរហោ‌ស្ថាន។

21 នៅពេលថ្ងៃព្រះ‌អម្ចាស់នាំមុខពួកគេដោយដុំពពក* នៅពេលយប់ ព្រះ‌អង្គនាំមុខពួកគេដោយដុំភ្លើង ដែលបំភ្លឺផ្លូវពួកគេ។ ដូច្នេះ ពួកគេអាចធ្វើដំណើរទាំងថ្ងៃ ទាំងយប់។

22 នៅពេលថ្ងៃ ដុំពពកមិនដែលឃ្លាតពីមុខប្រជា‌ជនឡើយ ហើយនៅពេលយប់ ដុំភ្លើងស្ថិតនៅមុខពួកគេជា‌និច្ច។